យ៉ូហាន 13:3-17

យ៉ូហាន 13:3-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេស៊ូវ​ជ្រាប​ថា ព្រះ‌វរបិតា​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​មក​ក្នុង​ព្រះ‌ហស្ត​ព្រះ‌អង្គ ហើយ​ថា ព្រះ‌អង្គ​មក​ពី​ព្រះ ក៏​ត្រូវ​ទៅ​ឯ​ព្រះ​វិញ ព្រះ‌អង្គ​ក្រោក​ឡើង ដោះ​ព្រះ‌ពស្ត្រ​ចេញ រួច​យក​ក្រមា​មក​ក្រវាត់​អង្គ។ បន្ទាប់​មក ព្រះ‌អង្គ​ចាក់​ទឹក​ក្នុង​ចាន​ក្លាំ រួច​ចាប់​ផ្ដើម​លាង​ជើង​ពួក​សិស្ស ហើយ​យក​ក្រមា​ដែល​ព្រះ‌អង្គ​ក្រវាត់​ចង្កេះ​មក​ជូត។ ពេល​ព្រះ‌អង្គ​មក​ដល់ ស៊ីម៉ូន-ពេត្រុស គាត់​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ តើ​ព្រះ‌អង្គ​លាង​ជើង​ឲ្យ​ទូល​បង្គំ​ឬ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «អ្វីៗ​ដែល​ខ្ញុំ​ធ្វើ អ្នក​មិន​យល់​ទេ​នៅ​ពេល​នេះ តែ​ថ្ងៃ​ក្រោយ​អ្នក​នឹង​យល់»។ ពេត្រុស​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អង្គ​មិន​ត្រូវ​លាង​ជើង​ឲ្យ​ទូល​បង្គំ​ឡើយ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​ខ្ញុំ​មិន​លាង​ឲ្យ​អ្នក អ្នក​គ្មាន​ចំណែក​ជា​មួយ​ខ្ញុំ​ទេ»។ ស៊ីម៉ូន-ពេត្រុស​ទូល​ព្រះ‌អង្គ​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ បើ​ដូច្នេះ សូម​កុំ​លាង​ត្រឹម​តែ​ជើង​ទូល​បង្គំ​ប៉ុណ្ណោះ​ឡើយ សូម​លាង​ដល់​ទាំង​ដៃ​ទាំង​ក្បាល​ផង»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អ្នក​ដែល​ងូត​ទឹក​ហើយមិន​បាច់​លាង​ខ្លួន​ទេ ត្រូវ​ការ​លាង​តែ​ជើង​ប៉ុណ្ណោះ ដ្បិត​ខ្លួន​ទាំង​មូល​ស្អាត​ហើយ។ អ្នក​រាល់​គ្នា​ស្អាត​ហើយ តែ​មិន​មែន​ទាំង​អស់​គ្នា​ទេ»។ ព្រះ‌អង្គ​ជ្រាប​ថា អ្នក​ណា​ដែល​នឹង​នាំ​គ្នា​មក​ចាប់​ព្រះ‌អង្គ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​មិន​មែន​ស្អាតទាំង​អស់​គ្នា​ទេ»។ កាល​ព្រះ‌អង្គ​លាង​ជើង​គេ​រួច​ហើយ ព្រះ‌អង្គ​ពាក់​ព្រះ‌ពស្ត្រ​ឡើង​វិញ ក៏​គង់​នៅ​តុ មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​យល់​ពី​អ្វី​ដែល​ខ្ញុំ​ទើប​នឹង​ធ្វើ​នេះ​ឬ​ទេ? អ្នក​រាល់​គ្នា​ហៅ​ខ្ញុំ​ថា "លោក​គ្រូ" និង "ព្រះ‌អម្ចាស់" នោះ​ត្រូវ​មែន ដ្បិត​គឺ​ខ្ញុំ​នេះ​ហើយ។ ដូច្នេះ បើ​ខ្ញុំ​ជា​ព្រះ‌អម្ចាស់ និង​ជា​គ្រូ បាន​លាង​ជើង​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ហើយ អ្នក​រាល់​គ្នា​ក៏​ត្រូវ​លាង​ជើង​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។ ដ្បិត​ខ្ញុំ​បាន​ធ្វើ​ជា​គំរូ​ដល់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ត្រាប់​តាម​គំរូ​ដែល​ខ្ញុំ​បាន​ធ្វើ​ឲ្យ​នោះ​ដែរ។ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បាវ​បម្រើ​មិន​ធំ​ជាង​ចៅ‌ហ្វាយ​ទេ ហើយ​អ្នកដែល​គេ​ចាត់​គេ​ឲ្យ​ទៅ ក៏​មិន​ដែល​ធំ​ជាង​អ្នក​ដែល​ចាត់​ខ្លួន​ឲ្យ​ទៅ​នោះ​ដែរ។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ដឹង​សេចក្ដី​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម មាន​ពរ​ហើយ។

ចែក​រំលែក
អាន យ៉ូហាន 13

យ៉ូហាន 13:3-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌យេស៊ូ​ជ្រាប​ថា ព្រះ‌បិតា​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​មក​ក្រោម​អំណាច​ព្រះអង្គ ហើយ​ជ្រាប​ថា ព្រះអង្គ​យាង​មក​ពី​ព្រះ‌ជាម្ចាស់ និង​យាង​ទៅ​ឯ​ព្រះ‌ជាម្ចាស់​វិញ។ ព្រះអង្គ​ក្រោក​ឡើង ដោះ​ព្រះ‌ពស្ដ្រ​ចេញ យក​ក្រមា​មក​ក្រវាត់​ចង្កេះ។ បន្ទាប់​មក ព្រះអង្គ​ចាក់​ទឹក​ក្នុង​ផើង​មួយ រួច​ចាប់​ផ្ដើម​លាង​ជើង​ពួក​សិស្ស ព្រម​ទាំង​យក​ក្រមា​ពី​ចង្កេះ​មក​ជូត​ផង។ ពេល​ព្រះអង្គ​ហៀប​នឹង​លាង​ជើង​ឲ្យ​លោក​ស៊ីម៉ូន​ពេត្រុស លោក​ទូល​ព្រះអង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ មិន​សម​នឹង​ព្រះអង្គ​លាង​ជើង​ឲ្យ​ទូលបង្គំ​សោះ!»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ពេល​នេះ អ្នក​មិន​ទាន់​ដឹង​ថា ខ្ញុំ​កំពុង​ធ្វើ​អ្វី​ឡើយ ថ្ងៃ​ក្រោយ អ្នក​មុខ​តែ​យល់​ជា​មិន​ខាន»។ លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «ទេ ព្រះអង្គ​មិន​ត្រូវ​លាង​ជើង​ទូលបង្គំ​ជា​ដាច់​ខាត!»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ប្រសិន​បើ​ខ្ញុំ​មិន​លាង​ជើង​អ្នក​ទេ នោះ​អ្នក​មិន​អាច​រួម​ជា​មួយ​ខ្ញុំ​ត​ទៅ​ទៀត​ឡើយ»។ លោក​ស៊ីម៉ូន​ក៏​ទូល​ព្រះអង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ បើ​ដូច្នេះ សូម​កុំ​លាង​តែ​ជើង​ប៉ុណ្ណោះ សូម​លាង​ទាំង​ដៃ ទាំង​ក្បាល​ផង»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «អ្នក​ដែល​បាន​ងូត​ទឹក​រួច មិន​បាច់​លាង​ខ្លួន​ទេ គឺ​លាង​តែ​ជើង ដ្បិត​ខ្លួន​គេ​ស្អាត​បរិសុទ្ធ*​ទាំង​មូល​ហើយ។ អ្នក​រាល់​គ្នា​បាន​ស្អាត​បរិសុទ្ធ តែ​មិន​មែន​គ្រប់​គ្នា​ទេ»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា “អ្នក​រាល់​គ្នា​មិន​មែន​បរិសុទ្ធ​គ្រប់​គ្នា”​ដូច្នេះ មក​ពី​ព្រះអង្គ​ជ្រាប​អំពី​អ្នក​ដែល​ហៀប​នឹង​នាំ​គេ​មក​ចាប់​ព្រះអង្គ។ កាល​ព្រះ‌យេស៊ូ​លាង​ជើង​ឲ្យ​គេ​រួច​ហើយ ព្រះអង្គ​ស្លៀក‌ពាក់​ឡើង​វិញ យាង​មក​តុ ទាំង​មាន​ព្រះ‌បន្ទូល​សួរ​ទៅ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​យល់​អំពី​កិច្ចការ ដែល​ខ្ញុំ​បាន​ធ្វើ​ចំពោះ​អ្នក​រាល់​គ្នា​នេះ​ឬ​ទេ? អ្នក​រាល់​គ្នា​ហៅ​ខ្ញុំ​ថា ព្រះ‌គ្រូ និង​ព្រះ‌អម្ចាស់ នោះ​ត្រូវ​មែន គឺ​ខ្ញុំ​ហ្នឹង​ហើយ!។ បើ​ខ្ញុំ​ជា​ព្រះ‌អម្ចាស់ និង​ជា​ព្រះ‌គ្រូ បាន​លាង​ជើង​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ហើយ អ្នក​រាល់​គ្នា​ក៏​ត្រូវ​តែ​លាង​ជើង​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។ ខ្ញុំ​បាន​ធ្វើ​ជា​គំរូ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត ដូច​ខ្ញុំ​បាន​ប្រព្រឹត្ត​ដល់​អ្នក​រាល់​គ្នា។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​បម្រើ​មិន​ដែល​ធំ​ជាង​ម្ចាស់​ឡើយ រីឯ​អ្នក​ដែល​គេ​ចាត់​ឲ្យ​ទៅ ក៏​មិន​ដែល​ធំ​ជាង​អ្នក​ចាត់​ខ្លួន​ឲ្យ​ទៅ​នោះ​ដែរ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​ដឹង​សេចក្ដី​នេះ​ហើយ​ប្រតិបត្តិ​តាម អ្នក​រាល់​គ្នា​មុខ​ជា​មាន​សុភមង្គល​មិន​ខាន។

ចែក​រំលែក
អាន យ៉ូហាន 13

យ៉ូហាន 13:3-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​ដោយ​ព្រោះ​ព្រះ‌យេស៊ូវ​បាន​ជ្រាប​ថា ព្រះវរ‌បិតា​បាន​ប្រគល់​ការ​ទាំង​អស់ មក​ក្នុង​ព្រះ‌ហស្ត​ទ្រង់ ហើយ​ថា ទ្រង់​មក​ពី​ព្រះ ក៏​ត្រូវ​ទៅ​ឯ​ព្រះ​វិញ បាន​ជា​ទ្រង់​ក្រោក​ពី​សោយ​ឡើង ដោះ​ព្រះ‌ពស្ត្រ​ពេញ រួច​យក​ក្រមា​មក​ក្រវាត់​អង្គ ក្រោយ​នោះ ទ្រង់​ចាក់​ទឹក​ក្នុង​ចាន​ក្លាំ ចាប់​តាំង​លាង​ជើង​ពួក​សិស្ស ហើយ​យក​ក្រមា​ដែល​ទ្រង់​ក្រវាត់​នោះ​មក​ជូត កាល​ទ្រង់​មក​ដល់​ស៊ីម៉ូន-ពេត្រុស នោះ​គាត់​ទូល​ថា ព្រះ‌អម្ចាស់​អើយ ទ្រង់​លាង​ជើង​ឲ្យ​ទូលបង្គំ​ឬ ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ថា ការ​ដែល​ខ្ញុំ​ធ្វើ នោះ​អ្នក​មិន​យល់​ក្នុង​ពេល​ឥឡូវ​នេះ​ទេ តែ​ទៅ​មុខ​ទើប​នឹង​បាន​យល់​វិញ ពេត្រុស​ទូល​ប្រកែក​ថា ទ្រង់​មិន​ត្រូវ​លាង​ជើង​ឲ្យ​ទូលបង្គំ​សោះ​ឡើយ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា បើ​ខ្ញុំ​មិន​លាង​ឲ្យ​អ្នក នោះ​អ្នក​គ្មាន​ចំណែក​ជា​មួយ​នឹង​ខ្ញុំ​ទេ ស៊ីម៉ូន-ពេត្រុស​ទូល​ទ្រង់​ថា ឱ​ព្រះ‌អម្ចាស់​អើយ បើ​ដូច្នោះ សូម​កុំ​លាង​ត្រឹម​តែ​ជើង​ទូលបង្គំ​ប៉ុណ្ណោះ​ឡើយ គឺ​សូម​លាង​ដល់​ទាំង​ដៃ​ទាំង​ក្បាល​ផង​ចុះ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គាត់​ថា អ្នក​ណា​ដែល​ងូត​ទឹក​ហើយ នោះ​ត្រូវ​ការ​លាង​តែ​ជើង​ប៉ុណ្ណោះ ឲ្យ​បាន​ស្អាត​ទាំង​អស់ ឯ​អ្នក​រាល់​គ្នា​ក៏​បាន​ស្អាត​ហើយ តែ​មិន​មែន​ទាំង​អស់​គ្នា​ទេ នេះ​ព្រោះ​ទ្រង់​ជ្រាប​នូវ​អ្នក​ណា​ដែល​នឹង​បញ្ជូន​ទ្រង់ ហេតុ​នោះ​បាន​ជា​ទ្រង់​មាន​បន្ទូល​ថា អ្នក​រាល់​គ្នា​មិន​មែន​ស្អាត​គ្រប់​គ្នា​ទេ។ កាល​ទ្រង់​បាន​លាង​ជើង​គេ​រួច ហើយ​បាន​ពាក់​ព្រះ‌ពស្ត្រ​ទ្រង់​វិញ នោះ​ក៏​គង់​នៅ​តុ មាន​បន្ទូល​ទៅ​គេ​ថា តើ​អ្នក​រាល់​គ្នា​យល់​ការ​ដែល​ខ្ញុំ​ទើប​នឹង​ធ្វើ​នេះ​ឬ​ទេ អ្នក​រាល់​គ្នា​ហៅ​ខ្ញុំ​ជា​លោក​គ្រូ ហើយ​ជា​ព្រះ‌អម្ចាស់ នោះ​ក៏​ត្រូវ​មែន ពី​ព្រោះ​គឺ​ខ្ញុំ​នេះ​ហើយ ដូច្នេះ បើ​ខ្ញុំ ដែល​ជា​ព្រះ‌អម្ចាស់ ហើយ​ជា​គ្រូ បាន​លាង​ជើង​ឲ្យ​អ្នក​រាល់​គ្នា នោះ​គួរ​តែ​ឲ្យ​អ្នក​រាល់​គ្នា​លាង​ជើង ដល់​គ្នា​នឹង​គ្នា​ដែរ ដ្បិត​ខ្ញុំ​បាន​ធ្វើ​ដំរាប់​ទុក​ឲ្យ​អ្នក​រាល់​គ្នា​ហើយ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ត្រាប់​តាម​ការ​ដែល​ខ្ញុំ​បាន​ធ្វើ​ឲ្យ​នោះ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បាវ​មិន​មែន​ធំ​ជាង​ចៅហ្វាយ​ទេ ហើយ​អ្នក​បំរើ​ក៏​មិន​ធំ​ជាង​អ្នក​ដែល​ប្រើ​ដែរ បើ​អ្នក​រាល់​គ្នា​ដឹង​សេចក្ដី​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម នោះ​មាន​ពរ​ហើយ

ចែក​រំលែក
អាន យ៉ូហាន 13

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ