យ៉ូហាន 13
13
ព្រះយេស៊ូវលាងជើងពួកសិស្ស
1នៅមុនពិធីបុណ្យរំលង ព្រះយេស៊ូវជ្រាបថា ពេលកំណត់ដែលព្រះអង្គត្រូវចេញពីលោកនេះ ទៅឯព្រះវរបិតាវិញ បានមកដល់ហើយ ហើយដែលព្រះអង្គបានស្រឡាញ់សិស្សរបស់ព្រះអង្គនៅក្នុងពិភពលោកនេះ ព្រះអង្គក៏ស្រឡាញ់គេរហូតដល់ទីបំផុត។ 2កាលកំពុងទទួលទានអាហារពេលល្ងាចនោះ ហើយកាលអារក្សបាននាំចិត្តយូដាស-អ៊ីស្ការីយ៉ុត ជាកូនស៊ីម៉ូន ឲ្យនាំគេមកចាប់ព្រះអង្គ 3ព្រះយេស៊ូវជ្រាបថា ព្រះវរបិតាបានប្រគល់អ្វីៗទាំងអស់មកក្នុងព្រះហស្តព្រះអង្គ ហើយថា ព្រះអង្គមកពីព្រះ ក៏ត្រូវទៅឯព្រះវិញ 4ព្រះអង្គក្រោកឡើង ដោះព្រះពស្ត្រចេញ រួចយកក្រមាមកក្រវាត់អង្គ។ 5បន្ទាប់មក ព្រះអង្គចាក់ទឹកក្នុងចានក្លាំ រួចចាប់ផ្ដើមលាងជើងពួកសិស្ស ហើយយកក្រមាដែលព្រះអង្គក្រវាត់ចង្កេះមកជូត។ 6ពេលព្រះអង្គមកដល់ ស៊ីម៉ូន-ពេត្រុស គាត់ទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ តើព្រះអង្គលាងជើងឲ្យទូលបង្គំឬ?» 7ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «អ្វីៗដែលខ្ញុំធ្វើ អ្នកមិនយល់ទេនៅពេលនេះ តែថ្ងៃក្រោយអ្នកនឹងយល់»។ 8ពេត្រុសទូលព្រះអង្គថា៖ «ព្រះអង្គមិនត្រូវលាងជើងឲ្យទូលបង្គំឡើយ»។ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «បើខ្ញុំមិនលាងឲ្យអ្នក អ្នកគ្មានចំណែកជាមួយខ្ញុំទេ»។ 9ស៊ីម៉ូន-ពេត្រុសទូលព្រះអង្គថា៖ «ឱព្រះអម្ចាស់អើយ បើដូច្នេះ សូមកុំលាងត្រឹមតែជើងទូលបង្គំប៉ុណ្ណោះឡើយ សូមលាងដល់ទាំងដៃទាំងក្បាលផង»។ 10ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកដែលងូតទឹកហើយមិនបាច់លាងខ្លួនទេ ត្រូវការលាងតែជើងប៉ុណ្ណោះ ដ្បិតខ្លួនទាំងមូលស្អាតហើយ។ អ្នករាល់គ្នាស្អាតហើយ តែមិនមែនទាំងអស់គ្នាទេ»។ 11ព្រះអង្គជ្រាបថា អ្នកណាដែលនឹងនាំគ្នាមកចាប់ព្រះអង្គ ហេតុនេះហើយបានជាព្រះអង្គមានព្រះបន្ទូលថា៖ «អ្នករាល់គ្នាមិនមែនស្អាតទាំងអស់គ្នាទេ»។
12កាលព្រះអង្គលាងជើងគេរួចហើយ ព្រះអង្គពាក់ព្រះពស្ត្រឡើងវិញ ក៏គង់នៅតុ មានព្រះបន្ទូលទៅគេថា៖ «តើអ្នករាល់គ្នាយល់ពីអ្វីដែលខ្ញុំទើបនឹងធ្វើនេះឬទេ? 13អ្នករាល់គ្នាហៅខ្ញុំថា "លោកគ្រូ" និង "ព្រះអម្ចាស់" នោះត្រូវមែន ដ្បិតគឺខ្ញុំនេះហើយ។ 14ដូច្នេះ បើខ្ញុំជាព្រះអម្ចាស់ និងជាគ្រូ បានលាងជើងឲ្យអ្នករាល់គ្នាទៅហើយ អ្នករាល់គ្នាក៏ត្រូវលាងជើងឲ្យគ្នាទៅវិញទៅមកដែរ។ 15ដ្បិតខ្ញុំបានធ្វើជាគំរូដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាត្រាប់តាមគំរូដែលខ្ញុំបានធ្វើឲ្យនោះដែរ។ 16ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បាវបម្រើមិនធំជាងចៅហ្វាយទេ ហើយអ្នកដែលគេចាត់គេឲ្យទៅ ក៏មិនដែលធំជាងអ្នកដែលចាត់ខ្លួនឲ្យទៅនោះដែរ។ 17ប្រសិនបើអ្នករាល់គ្នាដឹងសេចក្ដីទាំងនេះ ហើយប្រព្រឹត្តតាម មានពរហើយ។ 18ខ្ញុំមិនមែននិយាយពីអ្នកទាំងអស់គ្នាទេ ខ្ញុំស្គាល់អ្នកដែលខ្ញុំបានជ្រើសរើស ប៉ុន្តែ ត្រូវតែបានសម្រេចតាមបទគម្ពីរដែលថា "អ្នកដែលបរិភោគនំបុ័ងជាមួយខ្ញុំ បានលើកកែងជើងទាស់នឹងខ្ញុំ" ។ 19ឥឡូវនេះ ខ្ញុំសូមប្រាប់អ្នករាល់គ្នា មុននឹងហេតុការណ៍នោះកើតឡើង ដើម្បីកាលណាហេតុការណ៍នោះកើតឡើង អ្នករាល់គ្នានឹងជឿថា គឺខ្ញុំនេះហើយ 20ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាទទួលអ្នកដែលខ្ញុំចាត់ឲ្យទៅ អ្នកនោះទទួលខ្ញុំ ហើយអ្នកណាដែលទទួលខ្ញុំ អ្នកនោះទទួលព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកនោះដែរ»។
ព្រះយេស៊ូវប្រកាសអំពីយូដាសក្បត់ព្រះអង្គ
(មថ ២៦.២០-២៥ មក ១៤.១៧-២១ លក ២២.២១-២៣)
21កាលព្រះយេស៊ូវមានព្រះបន្ទូលសេចក្ដីទាំងនេះហើយ ព្រះអង្គមានព្រះហឫទ័យតប់ប្រមល់ ហើយក៏ធ្វើបន្ទាល់ថា៖ «ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងពួកអ្នករាល់គ្នា មានម្នាក់នឹងនាំគេមកចាប់ខ្ញុំ»។ 22ពួកសិស្សក៏ងាកមើលគ្នាទៅវិញទៅមក មិនដឹងជាព្រះអង្គមានព្រះបន្ទូលពីអ្នកណា។ 23សិស្សម្នាក់ដែលព្រះយេស៊ូវស្រឡាញ់ អង្គុយនៅតុ ផ្អែកលើព្រះឱរាព្រះអង្គ 24ស៊ីម៉ូន-ពេត្រុសធ្វើសញ្ញាឲ្យអ្នកនោះសួរព្រះយេស៊ូវ ថាតើព្រះអង្គចង់មានព្រះបន្ទូលអំពីអ្នកណា។ 25អ្នកនោះក៏ទូលសួរព្រះយេស៊ូវ ទាំងទម្រេតលើព្រះឱរាព្រះអង្គថា៖ «ព្រះអម្ចាស់អើយ តើជាអ្នកណា?» 26ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «គឺជាអ្នកដែលខ្ញុំនឹងជ្រលក់ចំណិតនំបុ័ងហុចទៅឲ្យ»។ ដូច្នេះ ព្រះអង្គក៏ជ្រលក់នំបុ័ងមួយចំណិត ហុចទៅឲ្យយូដាស-អ៊ីស្ការីយ៉ុត ជាកូនស៊ីម៉ូន។ 27ក្រោយគាត់ទទួលចំណិតនោះហើយ អារក្សសាតាំងក៏ចូលគាត់។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «អ្វីដែលអ្នកបម្រុងនឹងធ្វើ ចូរធ្វើឲ្យឆាប់ៗទៅ!» 28ប៉ុន្តែ ពួកអ្នកដែលអង្គុយនៅតុ គ្មានអ្នកណាដឹងថា ហេតុអ្វីបានជាព្រះអង្គមានព្រះបន្ទូលទៅគាត់ដូច្នេះឡើយ។ 29ខ្លះស្មានថា ដោយព្រោះយូដាសកាន់ថង់ប្រាក់ ព្រះយេស៊ូវប្រាប់ឲ្យគាត់ទៅទិញរបស់របរសម្រាប់ពិធីបុណ្យ ឬឲ្យគាត់ទៅចែកទានអ្វីដល់អ្នកក្រីក្រ។ 30ដូច្នេះ ក្រោយពីបានទទួលចំណិតនំប៉័ងហើយ គាត់ក៏ចេញទៅភ្លាម ពេលនោះ យប់ហើយ។
ព្រះឱវាទថ្មី
31ពេលគាត់ចេញទៅក្រៅផុត ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ឥឡូវនេះ កូនមនុស្សបានតម្កើងឡើងហើយ ព្រះក៏បានតម្កើងឡើងក្នុងកូនមនុស្សដែរ 32ប្រសិនបើព្រះបានតម្កើងឡើងក្នុងកូនមនុស្ស នោះព្រះអង្គនឹងតម្កើងកូនមនុស្សឡើងក្នុងព្រះអង្គទ្រង់ដែរ ក៏នឹងតម្កើងកូនមនុស្សឡើងនៅពេលឆាប់ៗនេះ។ 33កូនរាល់គ្នាអើយ ខ្ញុំនៅជាមួយអ្នករាល់គ្នាតែបន្តិចទៀតទេ អ្នករាល់គ្នានឹងរកខ្ញុំ តែដូចជាខ្ញុំបានប្រាប់ដល់ពួកសាសន៍យូដារួចហើយ ខ្ញុំក៏ប្រាប់ដល់អ្នករាល់គ្នានៅឥឡូវនេះដែរថា កន្លែងដែលខ្ញុំទៅនោះ អ្នករាល់គ្នាពុំអាចនឹងទៅបានទេ។ 34ខ្ញុំឲ្យឱវាទមួយថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ 35មនុស្សទាំងអស់នឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារការនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក»។
ព្រះយេស៊ូវមានព្រះបន្ទូលអំពីលោកពេត្រុស បដិសេធមិនទទួលស្គាល់ព្រះអង្គ
(មថ ២៦.៣១-៣៥ មក ១៤.២៧-៣១ យហ ២២.៣១-៣៤)
36ស៊ីម៉ូន-ពេត្រុសទូលសួរព្រះអង្គថា៖ «ព្រះអម្ចាស់អើយ តើព្រះអង្គយាងទៅណា?» ព្រះយេស៊ូវឆ្លើយថា៖ «កន្លែងដែលខ្ញុំទៅ អ្នកមិនអាចទៅតាមនៅពេលនេះបានទេ តែអ្នកនឹងទៅបាននៅពេលក្រោយ»។ 37ពេត្រុសទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ហេតុអ្វីបានជាទូលបង្គំទៅតាមក្នុងពេលនេះពុំបាន ទូលបង្គំស៊ូប្តូរជីវិតជំនួសព្រះអង្គ»។ 38ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅគាត់ថា៖ «តើអ្នកនឹងប្តូរជីវិតជំនួសខ្ញុំឬ? ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា មុនមាន់រងាវ អ្នកនឹងប្រកែកបីដង ថាមិនស្គាល់ខ្ញុំ»។
ទើបបានជ្រើសរើសហើយ៖
យ៉ូហាន 13: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies