យ៉ូហាន 13:3-17

យ៉ូហាន 13:3-17 គកស១៦

ព្រះ‌យេស៊ូវ​ជ្រាប​ថា ព្រះ‌វរបិតា​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​មក​ក្នុង​ព្រះ‌ហស្ត​ព្រះ‌អង្គ ហើយ​ថា ព្រះ‌អង្គ​មក​ពី​ព្រះ ក៏​ត្រូវ​ទៅ​ឯ​ព្រះ​វិញ ព្រះ‌អង្គ​ក្រោក​ឡើង ដោះ​ព្រះ‌ពស្ត្រ​ចេញ រួច​យក​ក្រមា​មក​ក្រវាត់​អង្គ។ បន្ទាប់​មក ព្រះ‌អង្គ​ចាក់​ទឹក​ក្នុង​ចាន​ក្លាំ រួច​ចាប់​ផ្ដើម​លាង​ជើង​ពួក​សិស្ស ហើយ​យក​ក្រមា​ដែល​ព្រះ‌អង្គ​ក្រវាត់​ចង្កេះ​មក​ជូត។ ពេល​ព្រះ‌អង្គ​មក​ដល់ ស៊ីម៉ូន-ពេត្រុស គាត់​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ តើ​ព្រះ‌អង្គ​លាង​ជើង​ឲ្យ​ទូល​បង្គំ​ឬ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «អ្វីៗ​ដែល​ខ្ញុំ​ធ្វើ អ្នក​មិន​យល់​ទេ​នៅ​ពេល​នេះ តែ​ថ្ងៃ​ក្រោយ​អ្នក​នឹង​យល់»។ ពេត្រុស​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អង្គ​មិន​ត្រូវ​លាង​ជើង​ឲ្យ​ទូល​បង្គំ​ឡើយ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​ខ្ញុំ​មិន​លាង​ឲ្យ​អ្នក អ្នក​គ្មាន​ចំណែក​ជា​មួយ​ខ្ញុំ​ទេ»។ ស៊ីម៉ូន-ពេត្រុស​ទូល​ព្រះ‌អង្គ​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ បើ​ដូច្នេះ សូម​កុំ​លាង​ត្រឹម​តែ​ជើង​ទូល​បង្គំ​ប៉ុណ្ណោះ​ឡើយ សូម​លាង​ដល់​ទាំង​ដៃ​ទាំង​ក្បាល​ផង»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អ្នក​ដែល​ងូត​ទឹក​ហើយមិន​បាច់​លាង​ខ្លួន​ទេ ត្រូវ​ការ​លាង​តែ​ជើង​ប៉ុណ្ណោះ ដ្បិត​ខ្លួន​ទាំង​មូល​ស្អាត​ហើយ។ អ្នក​រាល់​គ្នា​ស្អាត​ហើយ តែ​មិន​មែន​ទាំង​អស់​គ្នា​ទេ»។ ព្រះ‌អង្គ​ជ្រាប​ថា អ្នក​ណា​ដែល​នឹង​នាំ​គ្នា​មក​ចាប់​ព្រះ‌អង្គ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​មិន​មែន​ស្អាតទាំង​អស់​គ្នា​ទេ»។ កាល​ព្រះ‌អង្គ​លាង​ជើង​គេ​រួច​ហើយ ព្រះ‌អង្គ​ពាក់​ព្រះ‌ពស្ត្រ​ឡើង​វិញ ក៏​គង់​នៅ​តុ មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​យល់​ពី​អ្វី​ដែល​ខ្ញុំ​ទើប​នឹង​ធ្វើ​នេះ​ឬ​ទេ? អ្នក​រាល់​គ្នា​ហៅ​ខ្ញុំ​ថា "លោក​គ្រូ" និង "ព្រះ‌អម្ចាស់" នោះ​ត្រូវ​មែន ដ្បិត​គឺ​ខ្ញុំ​នេះ​ហើយ។ ដូច្នេះ បើ​ខ្ញុំ​ជា​ព្រះ‌អម្ចាស់ និង​ជា​គ្រូ បាន​លាង​ជើង​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ហើយ អ្នក​រាល់​គ្នា​ក៏​ត្រូវ​លាង​ជើង​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។ ដ្បិត​ខ្ញុំ​បាន​ធ្វើ​ជា​គំរូ​ដល់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ត្រាប់​តាម​គំរូ​ដែល​ខ្ញុំ​បាន​ធ្វើ​ឲ្យ​នោះ​ដែរ។ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បាវ​បម្រើ​មិន​ធំ​ជាង​ចៅ‌ហ្វាយ​ទេ ហើយ​អ្នកដែល​គេ​ចាត់​គេ​ឲ្យ​ទៅ ក៏​មិន​ដែល​ធំ​ជាង​អ្នក​ដែល​ចាត់​ខ្លួន​ឲ្យ​ទៅ​នោះ​ដែរ។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ដឹង​សេចក្ដី​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម មាន​ពរ​ហើយ។

អាន យ៉ូហាន 13

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យ៉ូហាន 13:3-17