យេរេមា 49:1-6
យេរេមា 49:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពីពួកកូនចៅអាំម៉ូន។ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «តើអ៊ីស្រាអែលគ្មានកូនប្រុសទេឬ? តើគ្មានអ្នកណានឹងគ្រងមត៌កទេឬ? ចុះហេតុអ្វីបានជាព្រះម៉ូឡុក បានគ្រងស្រុកកាឌជាមត៌ក ហើយពួកវាអាស្រ័យនៅក្នុងទីក្រុងនៃស្រុកនោះដូច្នេះ? ហេតុនេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «មើល៍ នឹងមានគ្រាមកដល់ ដែលយើងនឹងធ្វើឲ្យឮសម្រែកប្រាប់ពីចម្បាំង នៅក្រុងរ៉ាបាតរបស់ពួកកូនចៅអាំម៉ូន ហើយទីក្រុងនោះនឹងទៅជាគំនរបំណែកនៅស្ងាត់ច្រៀប ហើយតំបន់នៅជុំវិញទាំងប៉ុន្មាន នឹងត្រូវដុតចោល គ្រានោះ សាសន៍អ៊ីស្រាអែលនឹងបានមត៌ក ដែលពួកកូនចៅអាំម៉ូនបានយកជារបស់គេនោះមកវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ ឱហែសបូនអើយ ចូរទ្រហោយំចុះ ដ្បិតក្រុងអៃយត្រូវខូចអស់ហើយ ឱពួកកូនស្រីនៃក្រុងរ៉ាបាតអើយ ចូរស្រែកឡើង ចូរស្លៀកសំពត់ធ្មៃ ហើយទួញទំនួញចុះ ត្រូវរត់ទៅមកតាមរបង ដ្បិតព្រះម៉ូឡុកនឹងត្រូវចាប់យកទៅជាឈ្លើយ ព្រមទាំងពួកសង្ឃ និងពួកចៅហ្វាយទាំងប៉ុន្មាន។ ឱកូនស្រីដែលរាថយអើយ ជាអ្នកដែលទុកចិត្តនឹងទ្រព្យសម្បត្តិរបស់ខ្លួន ហើយពោលថា តើអ្នកណានឹងមកទាស់នឹងយើង? ហេតុអ្វីបានជាអ្នកអួតពីច្រកភ្នំរបស់អ្នក គឺជាច្រកភ្នំដែលមានទឹកហូរនោះ? ព្រះអម្ចាស់ ជាព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលថា៖ «យើងនឹងនាំសេចក្ដីស្ញែងខ្លាចមកលើអ្នក ពីគ្រប់ទាំងសាសន៍ដែលនៅជុំវិញអ្នក ហើយអ្នករាល់គ្នានឹងត្រូវបណ្តេញចេញ ទៅខាងមុខរៀងខ្លួន ឥតមានអ្នកណាប្រមូលផ្តុំពួកអ្នក ដែលរត់ទៅនោះឡើយ។ ប៉ុន្តែ នៅគ្រាក្រោយ យើងនឹងនាំពួកកូនចៅអាំម៉ូន ដែលជាឈ្លើយមកវិញ» នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
យេរេមា 49:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នេះជាព្រះបន្ទូលស្ដីអំពីជនជាតិអាំម៉ូន។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «តើអ៊ីស្រាអែលគ្មានកូនតពូជទេឬ? ហេតុអ្វីបានជាព្រះម៉ូឡុកមកកាន់កាប់ទឹកដី កាដដូច្នេះ? ហេតុអ្វីបានប្រជាជនរបស់ព្រះម៉ូឡុក មករស់នៅក្នុងក្រុងនានានៃស្រុកកាដ? ហេតុនេះ នៅគ្រាខាងមុខ យើងនឹងឲ្យសង្គ្រាមកើតមានដល់ ជនជាតិអាំម៉ូននៅក្រុងរ៉ាបាត់ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ក្រុងនោះនឹងក្លាយទៅជាទីស្មសាន ហើយក្រុងទាំងឡាយដែលនៅជុំវិញនឹងត្រូវ វិនាសដោយភ្លើង។ ពេលនោះ អ៊ីស្រាអែលនឹងយកទឹកដីដែល ជនជាតិអាំម៉ូនដណ្ដើមទៅនោះបានមកវិញ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ អ្នកក្រុងហេសបូនអើយ ចូរស្រែកយ៉ាងខ្លាំងទៅ ដ្បិតក្រុងអៃវិនាសសូន្យហើយ! អ្នកក្រុងទាំងឡាយដែលនៅជុំវិញរ៉ាបាតអើយ ចូរស្រែកទ្រហោយំ ចូរនាំគ្នាស្លៀកបាវកាន់ទុក្ខ ចូររត់ទៅរត់មក តាមបណ្ដោយកំពែងក្រុង ដ្បិតម៉ូឡុកជាព្រះរបស់អ្នករាល់គ្នា ត្រូវគេចាប់យកទៅជាឈ្លើយ ជាមួយពួកបូជាចារ្យ និងពួកមន្ត្រី។ ប្រជាជនដែលបះបោរអើយ ហេតុដូចម្ដេចបានជាអ្នកអួតខ្លួនអំពីជ្រលងភ្នំ របស់អ្នកដូច្នេះ? ជ្រលងភ្នំនេះជិតវិនាសអន្តរាយហើយ។ អ្នកទុកចិត្តលើទ្រព្យសម្បត្តិរបស់ខ្លួន ដោយពោលថា “តើនរណាហ៊ានមកវាយប្រហារខ្ញុំ?”។ យើងនឹងធ្វើឲ្យភយន្តរាយពីគ្រប់ទិសទី កើតមានដល់អ្នក - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់នៃ ពិភពទាំងមូល។ អ្នករាល់គ្នាត្រូវខ្ចាត់ខ្ចាយ ម្នាក់ៗរត់ប្រាសអាយុ គ្មាននរណាប្រមូលផ្ដុំអ្នករាល់គ្នាឡើងវិញទេ។ ប៉ុន្តែ ក្រោយមក យើងនឹងស្ដារស្រុកអាំម៉ូនឡើងវិញ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
យេរេមា 49:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពីពួកកូនចៅអាំម៉ូន។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា តើអ៊ីស្រាអែលគ្មានកូនប្រុសទេឬអី តើគ្មានអ្នកណានឹងគ្រងមរដកទេឬ ចុះហេតុអ្វីបានជាព្រះម៉ូឡុក បានគ្រងស្រុកកាឌជាមរដក ហើយពួកវានឹងអាស្រ័យនៅ ក្នុងទីក្រុងនៃស្រុកនោះដូច្នេះ ហេតុនេះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល នឹងមានគ្រាមកដល់ ដែលអញនឹងធ្វើឲ្យឮសំរែកប្រាប់ពីចំបាំង នៅក្រុងរ៉ាបាតរបស់ពួកកូនចៅអាំម៉ូន ហើយទីក្រុងនោះនឹងទៅជាគំនរបំណែកនៅស្ងាត់ច្រៀប ហើយតំបន់នៅជុំវិញទាំងប៉ុន្មាន នឹងត្រូវដុតចោលទៅ គ្រានោះសាសន៍អ៊ីស្រាអែលនឹងបានមរដក ដែលពួកកូនចៅអាំម៉ូនបានយកជារបស់ផងគេនោះមកវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ឱហែសបូនអើយ ចូរទ្រហោយំចុះ ដ្បិតក្រុងអៃយត្រូវខូចបង់ហើយ ឱពួកកូនស្រីនៃក្រុងរ៉ាបាតអើយ ចូរស្រែកឡើង ចូរស្លៀកសំពត់ធ្មៃ ហើយទួញទំនួញចុះ ត្រូវឲ្យរត់ទៅមកតាមរបង ដ្បិតព្រះម៉ូឡុកនឹងត្រូវចាប់យកទៅជាឈ្លើយ ព្រមទាំងពួកសង្ឃ នឹងពួកចៅហ្វាយវាទាំងប៉ុន្មានផង ឱកូនស្រីដែលរាថយអើយ ជាអ្នកដែលទុកចិត្តនឹងទ្រព្យសម្បត្តិរបស់ខ្លួន ហើយពោលថា តើអ្នកណានឹងមកទាស់នឹងអញ ហេតុអ្វីបានជាឯងអួតពីច្រកភ្នំរបស់ឯង គឺជាច្រកភ្នំដែលមានទឹកហូរនោះ ព្រះអម្ចាស់ ជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា មើល អញនឹងនាំសេចក្ដីស្ញែងខ្លាចមកលើឯង ពីគ្រប់ទាំងសាសន៍ដែលនៅជុំវិញឯង ហើយឯងរាល់គ្នានឹងត្រូវបណ្តេញចេញទៅខាងមុខរៀងខ្លួន ឥតមានអ្នកណានឹងប្រមូលផ្តុំពួកអ្នក ដែលរត់ទៅនោះឡើយ ប៉ុន្តែ ជាន់ក្រោយអញនឹងនាំពួកកូនចៅអាំម៉ូន ដែលជាឈ្លើយមកវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។