យេរេមា 33:14-26

យេរេមា 33:14-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​គ្រា​ខាង​មុខ យើង​នឹង​សម្រេច​តាម​ពាក្យ​ដែល​យើង​បាន​សន្យា​ជា​មួយ​ប្រជា‌ជន​អ៊ីស្រា‌អែល និង​ប្រជា‌ជន​យូដា។ នៅ​គ្រា​នោះ យើង​នឹង​ធ្វើ​ឲ្យ​មាន​ស្ដេច​មួយ​អង្គ ​ដ៏​សុចរិត កើត​ចេញ​ពី​ពូជ‌ពង្ស​របស់​ដាវីឌ។ ស្ដេច​នោះ​នឹង​គ្រប់‌គ្រង​ស្រុក​ដោយ​សុចរិត និង​យុត្តិធម៌។ នៅ​គ្រា​នោះ ជន‌ជាតិ​យូដា​នឹង​ទទួល​ការ​សង្គ្រោះ ក្រុង​យេរូ‌សាឡឹម​នឹង​មាន​សន្តិ‌សុខ។ គេ​នឹង​ដាក់​ឈ្មោះ​ក្រុង​នោះ​ថា “ព្រះ‌អម្ចាស់​ជា​សេចក្ដី​សុចរិត​របស់​យើង”»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ដាវីឌ​នឹង​មិន​ខ្វះ​ពូជ‌ពង្ស​គ្រង​រាជ្យ​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល​ឡើយ។ ពួក​បូជា‌ចារ្យ និង​ពួក​លេវី ក៏​មិន​ខ្វះ​ពូជ‌ពង្ស​ឈរ​នៅ​ចំពោះ​មុខ​យើង ដើម្បី​ថ្វាយ​តង្វាយ​ដុត និង​ដុត​គ្រឿង​ក្រអូប​ជា​មួយ​តង្វាយ​ផ្សេងៗ ហើយ​ថ្វាយ​យញ្ញ‌បូជា​ជា​រៀង​រាល់​ថ្ងៃ​ដែរ»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមា ដូច​ត​ទៅ៖ «យើង​បាន​ធ្វើ​ឲ្យ​មាន​ថ្ងៃ មាន​យប់ តាម​កំណត់​ពេល​វេលា​របស់​វា ប្រសិន​បើ​អ្នក​រាល់​គ្នា​អាច​បញ្ឈប់​ចលនា​របស់​ថ្ងៃ និង​យប់​បាន យើង​ក៏​ផ្ដាច់​សម្ពន្ធ‌មេត្រី​ដែល​យើង​បាន​ចង​ជា​មួយ​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង​ដូច្នោះ​ដែរ គឺ​លែង​មាន​ពូជ‌ពង្ស​របស់​គេ​ស្នង​រាជ្យ ហើយ​ក៏​លែង​មាន​ពួក​បូជា‌ចារ្យ​លេវី​បំពេញ​មុខងារ​នៅ​ចំពោះ​មុខ​យើង​ទៀត​ដែរ។ ផ្ទុយ​ទៅ​វិញ យើង​នឹង​ឲ្យ​ពូជ‌ពង្ស​របស់​ដាវីឌ ជា​អ្នក​បម្រើ​យើង ព្រម​ទាំង​ពួក​បូជា‌ចារ្យ​លេវី ដែល​បំពេញ​មុខងារ​នៅ​ចំពោះ​មុខ​យើង កើន​ចំនួន​ច្រើន​ឥត​គណនា ដូច​ផ្កាយ​នៅ​លើ​មេឃ និង​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមា ដូច​ត​ទៅ៖ «តើ​អ្នក​ឮ​ពាក្យ​របស់​ប្រជា‌ជន​នេះ​ឬ​ទេ? ពួក​គេ​ពោល​ថា: “ព្រះ‌អម្ចាស់​បាន​បោះ​បង់​ចោល​អំបូរ​ទាំង​ពីរ​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស​នោះ​ហើយ”។ អ្នក​ណា​ពោល​ដូច្នេះ អ្នក​នោះ​មើល‌ងាយ​ប្រជា‌ជន​របស់​យើង ហើយ​លែង​រាប់​ពួក​គេ​ជា​ប្រជា‌ជាតិ​មួយ​ទៀត​ផង»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «យើង​បាន​ធ្វើ​ឲ្យ​មាន​ថ្ងៃ និង​យប់ តាម​ពេល​កំណត់ ហើយ​យើង​ក៏​បាន​ដាក់​ច្បាប់​ធម្ម‌ជាតិ​សម្រាប់​ផ្ទៃ​មេឃ និង​ផែនដី​ដែរ។ ដូច្នេះ តើ​ឲ្យ​យើង​បោះ​បង់​ចោល​ពូជ‌ពង្ស​របស់​យ៉ាកុប និង​ពូជ‌ពង្ស​របស់​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង ដូច​ម្ដេច​បាន? តើ​យើង​លែង​ជ្រើស​រើស​មេ​ដឹក​នាំ ពី​ក្នុង​ចំណោម​ពូជ‌ពង្ស​របស់​គេ ឲ្យ​គ្រប់‌គ្រង​លើ​ពូជ‌ពង្ស​អប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប​កើត​ឬ? ទេ! យើង​នឹង​ស្ដារ​ពួក​គេ​ឡើង​វិញ ព្រម​ទាំង​សម្តែង​ចិត្ត​អាណិត​អាសូរ​ពួក​គេ​ថែម​ទៀត​ផង»។

ចែក​រំលែក
អាន យេរេមា 33

យេរេមា 33:14-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ នឹង​មាន​គ្រា​មក​ដល់ ដែល​យើង​នឹង​សម្រេច​តាម​ពាក្យ​ល្អ ដែល​យើង​បាន​និយាយ​ពី​ដំណើរ​ពួក​វង្ស​អ៊ីស្រា‌អែល និង​ពួក​វង្ស​យូដា នៅ​គ្រា​នោះ គឺ​នៅ​ជាន់​នោះ យើង​នឹង​ធ្វើ​ឲ្យ​មាន​លំពង់​ដ៏​សុចរិត​ពន្លក​ឡើង​ដល់​ដាវីឌ លំពង់​នោះ ព្រះ‌អង្គ​នឹង​សម្រេច​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត​នៅ​ក្នុង​ស្រុក នៅ​គ្រា​នោះ ពួក​យូដា​នឹង​បាន​សង្គ្រោះ ហើយ​ក្រុង​យេរូ‌សាឡិម​នឹង​នៅ​ដោយ​សុខ‌សាន្ត លំពង់​នោះ គេ​នឹង​ហៅ​ថា «ព្រះ‌យេហូវ៉ា​ដ៏​ជា​សេចក្ដី​សុចរិត​នៃ​យើង​រាល់​គ្នា» ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ដាវីឌ​នឹង​មិន​ដែល​អាក់‌ខាន​មាន​មនុស្ស​សម្រាប់​អង្គុយ​លើ​បល្ល័ង្ក​របស់​ពូជ‌ពង្ស​នៃ​អ៊ីស្រា‌អែល​ឡើយ ហើយ​ពួក​សង្ឃ និង​ពួក​លេវី ក៏​មិន​ដែល​អាក់‌ខាន​មាន​មនុស្ស​នៅ​ចំពោះ​យើង​សម្រាប់​ថ្វាយ​តង្វាយ​ដុត តង្វាយ​ម្សៅ និង​យញ្ញ‌បូជា​ជាប់​នៅ​ជា‌និច្ច​ដែរ។ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​ហោរាយេរេមា​ថា៖ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ប្រសិន‌បើ​អ្នក​រាល់​គ្នា​អាច​នឹង​ផ្តាច់​សេចក្ដី​សញ្ញា​របស់​យើង ពី​ដំណើរ​ថ្ងៃ និង​យប់ ដើម្បី​មិន​ឲ្យ​មាន​ថ្ងៃ ឬ​យប់​តាម​ធម្មតា​បាន នោះ​សេចក្ដី​សញ្ញា​ដែល​យើង​បាន​តាំង​នឹង​ដាវីឌ ជា​អ្នក​បម្រើ​យើង ក៏​នឹង​ផ្តាច់​ទៅ​បាន​ដែរ។ ដើម្បី​មិន​ឲ្យ​ដាវីឌ​មាន​កូន​ចៅ​ណា​មួយ​សោយ‌រាជ្យ នៅ​លើ​បល្ល័ង្ក​របស់​លោក ព្រម​ទាំង​សេចក្ដី​សញ្ញា ដែល​តាំង​នឹង​ពួក​លេវី ជា​ពួក​អ្នក​ដែល​ទទួល​ការ‌ងារ​របស់​យើង​ដែរ ហើយ​ដូច​ជា​ពុំ​អាច​នឹង​រាប់​ពួក​ពល‌បរិវារ​នៅ​លើ​មេឃ ឬ​វាល់​ខ្សាច់​នៅ​សមុទ្រ​ជា​យ៉ាង​ណា នោះ​យើង​នឹង​ចម្រើន​ពូជ​ដាវីឌ ជា​អ្នក​បម្រើ​យើង និង​ពួក​លេវី ជា​ពួក​អ្នក​ទទួល​ការ‌ងារ​របស់​យើង​ឲ្យ​មាន​ច្រើន​ឡើង​យ៉ាង​នោះ​ដែរ។ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ហោរាយេរេមា​ថា៖ អ្នក​មិន​បាន​ពិចារណា​សេចក្ដី​ដែល​ជន​ជាតិ​ទាំង​នេះ​ពោល​ថា គ្រួ​ទាំង​ពីរ​ដែល​ព្រះ‌យេហូវ៉ា​បាន​រើស​តាំង​នោះ ព្រះ‌អង្គ​បាន​បោះ‌បង់​ចោល​វិញ​ទេ​ឬអី គឺ​យ៉ាង​នោះ​ដែល​គេ​មើល‌ងាយ​ដល់​ប្រជា‌រាស្ត្រ​យើង ដោយ​បំណង​នឹង​ឲ្យ​គេ​លែង​ធ្វើ​ជា​នគរ​នៅ​មុខ​ខ្លួន​តទៅ។ ដូច្នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ ប្រសិន‌បើ​សេចក្ដី​សញ្ញា​ពី​ដំណើរ​ថ្ងៃ និង​យប់ មិន​ស្ថិត‌ស្ថេរ​នៅ បើ​យើង​មិន​បាន​តាំង​អស់​ទាំង​របៀប​នៃ​ផ្ទៃ​មេឃ និង​ផែនដី​ទេ នោះ​យើង​នឹង​បោះ‌បង់​ពូជ‌ពង្ស​យ៉ាកុប និង​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង​បាន​ដែរ ដើម្បី​មិន​ឲ្យ​ពូជ​លោក​ណា​មួយ​បាន​តាំង​ឡើង​ជា​អ្នក​គ្រប់‌គ្រង លើ​ពូជ​នៃ​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប​ឡើយ ដ្បិត​យើង​នឹង​នាំ​ពួក​គេ ដែល​ជាប់​ជា​ឈ្លើយ ឲ្យ​បាន​មក​វិញ ហើយ​នឹង​អាណិត​មេត្តា​ដល់​គេ​ផង។

ចែក​រំលែក
អាន យេរេមា 33

យេរេមា 33:14-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មើល នឹង​មាន​គ្រា​មក​ដល់ ដែល​អញ​នឹង​សំរេច​តាម​ពាក្យ​ល្អ ដែល​អញ​បាន​និយាយ​ពី​ដំណើរ​ពួក​វង្ស​អ៊ីស្រាអែល នឹង​ពួក​វង្ស​យូដា នៅ​គ្រា​នោះ គឺ​នៅ​ជាន់​នោះ​ឯង អញ​នឹង​ធ្វើ​ឲ្យ​មាន​លំពង់​ដ៏​សុចរិត​ពន្លក​ឡើង​ដល់​ដាវីឌ លំពង់​នោះ​ទ្រង់​នឹង​សំរេច​សេចក្ដី​យុត្តិ‌ធម៌ នឹង​សេចក្ដី​សុចរិត​នៅ​ក្នុង​ស្រុក នៅ​គ្រា​នោះ ពួក​យូដា​នឹង​បាន​សង្គ្រោះ ហើយ​ក្រុង​យេរូ‌សាឡិម​នឹង​នៅ​ដោយ​សុខ‌សាន្ត ឯ​លំពង់​នោះ គេ​នឹង​ហៅ​ថា «ព្រះ‌យេហូវ៉ា​ដ៏​ជា​សេចក្ដី​សុចរិត​នៃ​យើង​រាល់​គ្នា» ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ដាវីឌ​នឹង​មិន​ដែល​អាក់‌ខាន​មាន​មនុស្ស សំរាប់​អង្គុយ​លើ​បល្ល័ង្ក​របស់​ពូជ‌ពង្ស​នៃ​អ៊ីស្រាអែល​ឡើយ ហើយ​ពួក​សង្ឃ នឹង​ពួក​លេវី ក៏​មិន​ដែល​អាក់‌ខាន​មាន​មនុស្ស នៅ​ចំពោះ​អញ​សំរាប់​ថ្វាយ​ដង្វាយ​ដុត ដង្វាយ​ម្សៅ ហើយ​នឹង​យញ្ញ‌បូជា​ជាប់​នៅ​ជានិច្ច​ដែរ។ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​យេរេមា​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ បើ​សិន​ជា​ឯង​រាល់​គ្នា​អាច​នឹង​ផ្តាច់​សេចក្ដី​សញ្ញា​របស់​អញ ពី​ដំណើរ​ថ្ងៃ នឹង​យប់ ដើម្បី​មិន​ឲ្យ​មាន​ថ្ងៃឬ​យប់​តាម​ធម្មតា​បាន នោះ​សេចក្ដី​សញ្ញា​ដែល​អញ​បាន​តាំង​នឹង​ដាវីឌ ជា​អ្នក​បំរើ​អញ​ក៏​នឹង​ផ្តាច់​ទៅ​បាន​ដែរ ដើម្បី​មិន​ឲ្យ​ដាវីឌ​មាន​កូន​ចៅ​ណា​មួយ​សោយ‌រាជ្យ នៅ​លើ​បល្ល័ង្ក​របស់​លោក ព្រម​ទាំង​សេចក្ដី​សញ្ញា​ដែល​តាំង​នឹង​ពួក​លេវី​ដ៏​ជា​សង្ឃ ជា​ពួក​អ្នក​ដែល​ទទួល​ការ‌ងារ​របស់​អញ​ផង ហើយ​ដូច​ជា​ពុំ​អាច​នឹង​រាប់​ពួក​ពល‌បរិវារ​នៅ​លើ​មេឃ ឬ​វាល់​ខ្សាច់​នៅ​សមុទ្រ​ជា​យ៉ាង​ណា នោះ​អញ​នឹង​ចំរើន​ពូជ​ដាវីឌ ជា​អ្នក​បំរើ​អញ នឹង​ពួក​លេវី ជា​ពួក​អ្នក​ទទួល​ការ‌ងារ​របស់​អញ​ឲ្យ​មាន​ច្រើន​ឡើង​យ៉ាង​នោះ​ដែរ។ រួច​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​យេរេមា​ថា ឯង​មិន​បាន​ពិចារណា​សេចក្ដី​ដែល​ជន‌ជាតិ​ទាំង​នេះ​ពោល​ថា គ្រួ​ទាំង​២​ដែល​ព្រះ‌យេហូវ៉ា​បាន​រើស​តាំង នោះ​ទ្រង់​បាន​បោះ‌បង់​ចោល​វិញ ទេ​ឬ​អី គឺ​យ៉ាង​នោះ​ដែល​គេ​មើល‌ងាយ​ដល់​រាស្ត្រ​អញ ដោយ​បំណង​នឹង​ឲ្យ​គេ​លែង​ធ្វើ​ជា​នគរ​នៅ​មុខ​ខ្លួន​ត​ទៅ ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា បើ​សិន​ជា​សេចក្ដី​សញ្ញា​ពី​ដំណើរ​ថ្ងៃហើយ​នឹង​យប់ មិន​ស្ថិត‌ស្ថេរ​នៅ បើ​អញ​មិន​បាន​តាំង​អស់​ទាំង​របៀប​នៃ​ផ្ទៃ​មេឃ នឹង​ផែនដី​ទេ នោះ​អញ​នឹង​បោះ‌បង់​ចោល​ពូជ‌ពង្ស​យ៉ាកុប នឹង​ដាវីឌ ជា​អ្នក​បំរើ​របស់​អញ​បាន​ដែរ ដើម្បី​មិន​ឲ្យ​ពូជ​លោក​ណា​មួយ​បាន​តាំង​ឡើង​ជា​អ្នក​គ្រប់‌គ្រង លើ​ពូជ​នៃ​អ័ប្រា‌ហាំ អ៊ីសាក នឹង​យ៉ាកុប​ឡើយ ដ្បិត​អញ​នឹង​នាំ​ពួក​គេ ដែល​ជាប់​ជា​ឈ្លើយ ឲ្យ​បាន​មក​វិញ ហើយ​នឹង​អាណិត​មេត្តា​ដល់​គេ​ផង។

ចែក​រំលែក
អាន យេរេមា 33

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ