យេរេមា 33:14-26

យេរេមា 33:14-26 គកស១៦

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ នឹង​មាន​គ្រា​មក​ដល់ ដែល​យើង​នឹង​សម្រេច​តាម​ពាក្យ​ល្អ ដែល​យើង​បាន​និយាយ​ពី​ដំណើរ​ពួក​វង្ស​អ៊ីស្រា‌អែល និង​ពួក​វង្ស​យូដា នៅ​គ្រា​នោះ គឺ​នៅ​ជាន់​នោះ យើង​នឹង​ធ្វើ​ឲ្យ​មាន​លំពង់​ដ៏​សុចរិត​ពន្លក​ឡើង​ដល់​ដាវីឌ លំពង់​នោះ ព្រះ‌អង្គ​នឹង​សម្រេច​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត​នៅ​ក្នុង​ស្រុក នៅ​គ្រា​នោះ ពួក​យូដា​នឹង​បាន​សង្គ្រោះ ហើយ​ក្រុង​យេរូ‌សាឡិម​នឹង​នៅ​ដោយ​សុខ‌សាន្ត លំពង់​នោះ គេ​នឹង​ហៅ​ថា «ព្រះ‌យេហូវ៉ា​ដ៏​ជា​សេចក្ដី​សុចរិត​នៃ​យើង​រាល់​គ្នា» ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ដាវីឌ​នឹង​មិន​ដែល​អាក់‌ខាន​មាន​មនុស្ស​សម្រាប់​អង្គុយ​លើ​បល្ល័ង្ក​របស់​ពូជ‌ពង្ស​នៃ​អ៊ីស្រា‌អែល​ឡើយ ហើយ​ពួក​សង្ឃ និង​ពួក​លេវី ក៏​មិន​ដែល​អាក់‌ខាន​មាន​មនុស្ស​នៅ​ចំពោះ​យើង​សម្រាប់​ថ្វាយ​តង្វាយ​ដុត តង្វាយ​ម្សៅ និង​យញ្ញ‌បូជា​ជាប់​នៅ​ជា‌និច្ច​ដែរ។ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​ហោរាយេរេមា​ថា៖ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ប្រសិន‌បើ​អ្នក​រាល់​គ្នា​អាច​នឹង​ផ្តាច់​សេចក្ដី​សញ្ញា​របស់​យើង ពី​ដំណើរ​ថ្ងៃ និង​យប់ ដើម្បី​មិន​ឲ្យ​មាន​ថ្ងៃ ឬ​យប់​តាម​ធម្មតា​បាន នោះ​សេចក្ដី​សញ្ញា​ដែល​យើង​បាន​តាំង​នឹង​ដាវីឌ ជា​អ្នក​បម្រើ​យើង ក៏​នឹង​ផ្តាច់​ទៅ​បាន​ដែរ។ ដើម្បី​មិន​ឲ្យ​ដាវីឌ​មាន​កូន​ចៅ​ណា​មួយ​សោយ‌រាជ្យ នៅ​លើ​បល្ល័ង្ក​របស់​លោក ព្រម​ទាំង​សេចក្ដី​សញ្ញា ដែល​តាំង​នឹង​ពួក​លេវី ជា​ពួក​អ្នក​ដែល​ទទួល​ការ‌ងារ​របស់​យើង​ដែរ ហើយ​ដូច​ជា​ពុំ​អាច​នឹង​រាប់​ពួក​ពល‌បរិវារ​នៅ​លើ​មេឃ ឬ​វាល់​ខ្សាច់​នៅ​សមុទ្រ​ជា​យ៉ាង​ណា នោះ​យើង​នឹង​ចម្រើន​ពូជ​ដាវីឌ ជា​អ្នក​បម្រើ​យើង និង​ពួក​លេវី ជា​ពួក​អ្នក​ទទួល​ការ‌ងារ​របស់​យើង​ឲ្យ​មាន​ច្រើន​ឡើង​យ៉ាង​នោះ​ដែរ។ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ហោរាយេរេមា​ថា៖ អ្នក​មិន​បាន​ពិចារណា​សេចក្ដី​ដែល​ជន​ជាតិ​ទាំង​នេះ​ពោល​ថា គ្រួ​ទាំង​ពីរ​ដែល​ព្រះ‌យេហូវ៉ា​បាន​រើស​តាំង​នោះ ព្រះ‌អង្គ​បាន​បោះ‌បង់​ចោល​វិញ​ទេ​ឬអី គឺ​យ៉ាង​នោះ​ដែល​គេ​មើល‌ងាយ​ដល់​ប្រជា‌រាស្ត្រ​យើង ដោយ​បំណង​នឹង​ឲ្យ​គេ​លែង​ធ្វើ​ជា​នគរ​នៅ​មុខ​ខ្លួន​តទៅ។ ដូច្នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ ប្រសិន‌បើ​សេចក្ដី​សញ្ញា​ពី​ដំណើរ​ថ្ងៃ និង​យប់ មិន​ស្ថិត‌ស្ថេរ​នៅ បើ​យើង​មិន​បាន​តាំង​អស់​ទាំង​របៀប​នៃ​ផ្ទៃ​មេឃ និង​ផែនដី​ទេ នោះ​យើង​នឹង​បោះ‌បង់​ពូជ‌ពង្ស​យ៉ាកុប និង​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង​បាន​ដែរ ដើម្បី​មិន​ឲ្យ​ពូជ​លោក​ណា​មួយ​បាន​តាំង​ឡើង​ជា​អ្នក​គ្រប់‌គ្រង លើ​ពូជ​នៃ​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប​ឡើយ ដ្បិត​យើង​នឹង​នាំ​ពួក​គេ ដែល​ជាប់​ជា​ឈ្លើយ ឲ្យ​បាន​មក​វិញ ហើយ​នឹង​អាណិត​មេត្តា​ដល់​គេ​ផង។

អាន យេរេមា 33

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ