យេរេ‌មា 33:14-26

យេរេ‌មា 33:14-26 ពគប

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មើល នឹង​មាន​គ្រា​មក​ដល់ ដែល​អញ​នឹង​សំរេច​តាម​ពាក្យ​ល្អ ដែល​អញ​បាន​និយាយ​ពី​ដំណើរ​ពួក​វង្ស​អ៊ីស្រាអែល នឹង​ពួក​វង្ស​យូដា នៅ​គ្រា​នោះ គឺ​នៅ​ជាន់​នោះ​ឯង អញ​នឹង​ធ្វើ​ឲ្យ​មាន​លំពង់​ដ៏​សុចរិត​ពន្លក​ឡើង​ដល់​ដាវីឌ លំពង់​នោះ​ទ្រង់​នឹង​សំរេច​សេចក្ដី​យុត្តិ‌ធម៌ នឹង​សេចក្ដី​សុចរិត​នៅ​ក្នុង​ស្រុក នៅ​គ្រា​នោះ ពួក​យូដា​នឹង​បាន​សង្គ្រោះ ហើយ​ក្រុង​យេរូ‌សាឡិម​នឹង​នៅ​ដោយ​សុខ‌សាន្ត ឯ​លំពង់​នោះ គេ​នឹង​ហៅ​ថា «ព្រះ‌យេហូវ៉ា​ដ៏​ជា​សេចក្ដី​សុចរិត​នៃ​យើង​រាល់​គ្នា» ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ដាវីឌ​នឹង​មិន​ដែល​អាក់‌ខាន​មាន​មនុស្ស សំរាប់​អង្គុយ​លើ​បល្ល័ង្ក​របស់​ពូជ‌ពង្ស​នៃ​អ៊ីស្រាអែល​ឡើយ ហើយ​ពួក​សង្ឃ នឹង​ពួក​លេវី ក៏​មិន​ដែល​អាក់‌ខាន​មាន​មនុស្ស នៅ​ចំពោះ​អញ​សំរាប់​ថ្វាយ​ដង្វាយ​ដុត ដង្វាយ​ម្សៅ ហើយ​នឹង​យញ្ញ‌បូជា​ជាប់​នៅ​ជានិច្ច​ដែរ។ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​យេរេមា​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ បើ​សិន​ជា​ឯង​រាល់​គ្នា​អាច​នឹង​ផ្តាច់​សេចក្ដី​សញ្ញា​របស់​អញ ពី​ដំណើរ​ថ្ងៃ នឹង​យប់ ដើម្បី​មិន​ឲ្យ​មាន​ថ្ងៃឬ​យប់​តាម​ធម្មតា​បាន នោះ​សេចក្ដី​សញ្ញា​ដែល​អញ​បាន​តាំង​នឹង​ដាវីឌ ជា​អ្នក​បំរើ​អញ​ក៏​នឹង​ផ្តាច់​ទៅ​បាន​ដែរ ដើម្បី​មិន​ឲ្យ​ដាវីឌ​មាន​កូន​ចៅ​ណា​មួយ​សោយ‌រាជ្យ នៅ​លើ​បល្ល័ង្ក​របស់​លោក ព្រម​ទាំង​សេចក្ដី​សញ្ញា​ដែល​តាំង​នឹង​ពួក​លេវី​ដ៏​ជា​សង្ឃ ជា​ពួក​អ្នក​ដែល​ទទួល​ការ‌ងារ​របស់​អញ​ផង ហើយ​ដូច​ជា​ពុំ​អាច​នឹង​រាប់​ពួក​ពល‌បរិវារ​នៅ​លើ​មេឃ ឬ​វាល់​ខ្សាច់​នៅ​សមុទ្រ​ជា​យ៉ាង​ណា នោះ​អញ​នឹង​ចំរើន​ពូជ​ដាវីឌ ជា​អ្នក​បំរើ​អញ នឹង​ពួក​លេវី ជា​ពួក​អ្នក​ទទួល​ការ‌ងារ​របស់​អញ​ឲ្យ​មាន​ច្រើន​ឡើង​យ៉ាង​នោះ​ដែរ។ រួច​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​យេរេមា​ថា ឯង​មិន​បាន​ពិចារណា​សេចក្ដី​ដែល​ជន‌ជាតិ​ទាំង​នេះ​ពោល​ថា គ្រួ​ទាំង​២​ដែល​ព្រះ‌យេហូវ៉ា​បាន​រើស​តាំង នោះ​ទ្រង់​បាន​បោះ‌បង់​ចោល​វិញ ទេ​ឬ​អី គឺ​យ៉ាង​នោះ​ដែល​គេ​មើល‌ងាយ​ដល់​រាស្ត្រ​អញ ដោយ​បំណង​នឹង​ឲ្យ​គេ​លែង​ធ្វើ​ជា​នគរ​នៅ​មុខ​ខ្លួន​ត​ទៅ ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា បើ​សិន​ជា​សេចក្ដី​សញ្ញា​ពី​ដំណើរ​ថ្ងៃហើយ​នឹង​យប់ មិន​ស្ថិត‌ស្ថេរ​នៅ បើ​អញ​មិន​បាន​តាំង​អស់​ទាំង​របៀប​នៃ​ផ្ទៃ​មេឃ នឹង​ផែនដី​ទេ នោះ​អញ​នឹង​បោះ‌បង់​ចោល​ពូជ‌ពង្ស​យ៉ាកុប នឹង​ដាវីឌ ជា​អ្នក​បំរើ​របស់​អញ​បាន​ដែរ ដើម្បី​មិន​ឲ្យ​ពូជ​លោក​ណា​មួយ​បាន​តាំង​ឡើង​ជា​អ្នក​គ្រប់‌គ្រង លើ​ពូជ​នៃ​អ័ប្រា‌ហាំ អ៊ីសាក នឹង​យ៉ាកុប​ឡើយ ដ្បិត​អញ​នឹង​នាំ​ពួក​គេ ដែល​ជាប់​ជា​ឈ្លើយ ឲ្យ​បាន​មក​វិញ ហើយ​នឹង​អាណិត​មេត្តា​ដល់​គេ​ផង។

អាន យេរេ‌មា 33