ចៅហ្វាយ 2:7-12
ចៅហ្វាយ 2:7-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពួកគេគោរពបម្រើព្រះអម្ចាស់ ក្នុងអំឡុងពេលដែលលោកយ៉ូស្វេមានជីវិតនៅឡើយ។ ក្រោយលោកទទួលមរណភាពផុតទៅ គេនៅតែគោរពបម្រើព្រះអង្គតទៅទៀត ក្នុងអំឡុងពេលដែលពួកចាស់ទុំនៅរស់នៅឡើយដែរ គឺចាស់ទុំដែលបានឃើញការអស្ចារ្យដ៏ឧត្ដុង្គឧត្ដម ដែលព្រះអម្ចាស់បានធ្វើចំពោះជនជាតិអ៊ីស្រាអែល។ លោកយ៉ូស្វេដែលជាកូនរបស់លោកនូន និងជាអ្នកបម្រើរបស់ព្រះអម្ចាស់ បានទទួលមរណភាព ក្នុងជន្មាយុមួយរយដប់ឆ្នាំ ។ គេបានបញ្ចុះសពរបស់លោកនៅក្នុងទឹកដីដែលជាចំណែកមត៌ករបស់លោក នៅធីមណាត-ហេរេស ក្នុងតំបន់ភ្នំអេប្រាអ៊ីម ខាងជើងភ្នំអាកាស។ មនុស្សជំនាន់នោះក៏ទៅជួបជុំនឹងដូនតារបស់គេ ដែលចែកស្ថានទៅហើយ ហើយមានមនុស្សមួយជំនាន់ទៀតកើតមកតាមក្រោយ។ អ្នកទាំងនេះមិនបានស្គាល់ព្រះអម្ចាស់ ហើយក៏មិនស្គាល់ស្នាព្រះហស្ដ ដែលព្រះអង្គបានធ្វើចំពោះអ៊ីស្រាអែលដែរ។ ជនជាតិអ៊ីស្រាអែលប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដោយនាំគ្នាគោរពបម្រើព្រះបាល។ ពួកគេបានបោះបង់ចោលព្រះជាអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់គេ ដែលបាននាំគេចេញពីស្រុកអេស៊ីបមក។ គេបែរទៅគោរពព្រះផ្សេងៗទៀត ក្នុងចំណោមព្រះនានារបស់ប្រជាជនដែលរស់នៅជុំវិញពួកគេ។ ពួកគេក្រាបថ្វាយបង្គំព្រះទាំងនោះ ជាហេតុបណ្ដាលឲ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធ។
ចៅហ្វាយ 2:7-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប្រជាជនគោរពប្រតិបត្តិដល់ព្រះយេហូវ៉ា នៅអស់មួយជីវិតរបស់លោកយ៉ូស្វេ និងអស់មួយជីវិតរបស់ពួកចាស់ទុំ ដែលរស់នៅក្រោយលោកយ៉ូស្វេដែរ ជាពួកអ្នកដែលបានឃើញគ្រប់ទាំងកិច្ចការធំៗ ដែលព្រះយេហូវ៉ាបានធ្វើដល់ពួកអ៊ីស្រាអែល។ លោកយ៉ូស្វេជាកូនរបស់លោកនុន ជាអ្នកបម្រើរបស់ព្រះយេហូវ៉ា បានស្លាប់ក្នុងជន្មាយុមួយរយដប់ឆ្នាំ ។ គេបានបញ្ចុះសពលោកនៅព្រំដី ដែលជាមត៌ករបស់លោក នៅធីមណាត-ហេរេស ក្នុងស្រុកភ្នំអេប្រាអិម ខាងជើងភ្នំកាអាស។ មនុស្សនៅជំនាន់នោះទាំងអស់ក៏បានមូលទៅជួបជុំនឹងបុព្វបុរសរបស់គេគ្រប់គ្នាដែរ ហើយមនុស្សមួយជំនាន់ទៀតកើតមកតាមក្រោយ។ គេមិនបានស្គាល់ព្រះយេហូវ៉ាទេ ក៏មិនបានស្គាល់កិច្ចការដែលព្រះអង្គបានធ្វើដល់ពួកអ៊ីស្រាអែលដែរ។ គ្រានោះ ពួកកូនចៅអ៊ីស្រាអែលបានប្រព្រឹត្តអំពើអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ហើយគេនាំគ្នាគោរពប្រតិបត្តិតាមព្រះបាល។ គេបានបោះបង់ចោលព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសរបស់គេ ដែលបាននាំគេចេញពីស្រុកអេស៊ីព្ទមក។ គេបែរទៅតាមព្រះដទៃ ក្នុងពួកព្រះរបស់សាសន៍ទាំងប៉ុន្មានដែលនៅជុំវិញគេ ព្រមទាំងក្រាបថ្វាយបង្គំដល់ព្រះទាំងនោះ ហើយបានបណ្ដាលឲ្យព្រះយេហូវ៉ាមានសេចក្ដីក្រោធ។
ចៅហ្វាយ 2:7-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពួកបណ្តាជនក៏គោរពប្រតិបត្តិដល់ព្រះយេហូវ៉ា នៅគ្រប់១ជីវិតរបស់យ៉ូស្វេ នឹងពួកចាស់ទុំដែលរស់នៅក្រោយលោកដែរ ជាពួកអ្នកដែលបានឃើញគ្រប់ទាំងការដ៏ធំ ដែលព្រះយេហូវ៉ាបានសំរេចឲ្យពួកអ៊ីស្រាអែល យ៉ូស្វេ កូននុន ជាអ្នកបំរើនៃព្រះយេហូវ៉ា លោកក៏ស្លាប់ទៅ ក្នុងជំនាន់អាយុបាន១១០ឆ្នាំ រួចគេបញ្ចុះសពលោកត្រង់ព្រំដី ជាមរដករបស់លោកនៅធីម៉្នាត-ហេរេស ក្នុងស្រុកភ្នំអេប្រាអិម នាខាងជើងភ្នំកាអាសទៅ អស់ទាំងមនុស្សនៅដំណនោះក៏បានមូលទៅជួបជុំនឹងពួកឰយុកោគេគ្រប់គ្នាដែរ ហើយកើតមានមនុស្ស១ដំណទៀត ក្រោយមក ជាមនុស្សដែលមិនបានស្គាល់ព្រះយេហូវ៉ា ឬការដែលទ្រង់បានសំរេចដល់ពួកអ៊ីស្រាអែលទេ។ នោះពួកកូនចៅអ៊ីស្រាអែលក៏ធ្វើការដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ាវិញ គឺគេគោរពប្រតិបត្តិដល់អស់ទាំងរូបនៃព្រះបាល គេបានបោះបង់ចោលព្រះយេហូវ៉ាជាព្រះនៃពួកឰយុកោគេ ដែលទ្រង់បាននាំគេចេញពីស្រុកអេស៊ីព្ទមក បែរទៅតាមព្រះដទៃ ក្នុងពួកព្រះរបស់សាសន៍ទាំងប៉ុន្មាន ដែលនៅជុំវិញគេ ព្រមទាំងក្រាបថ្វាយបង្គំដល់ព្រះទាំងនោះផង ហើយបានបណ្តាលឲ្យព្រះយេហូវ៉ាមានសេចក្ដីខ្ញាល់