ពួក​ចៅ‌ហ្វាយ 2

2
កូន​ចៅ​អ៊ីស្រា‌អែល​មិន​ស្ដាប់​បង្គាប់​ព្រះ
1នៅ​គ្រា​នោះ ទេវតា​របស់​ព្រះ‌យេហូវ៉ា​បាន​ឡើង​ពី​គីល‌កាល​ទៅ​បូគីម ហើយ​ពោល​ថា៖ «យើង​បាន​យក​អ្នក​រាល់​គ្នា​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ហើយ​បាន​នាំ​ចូល​មក​ក្នុង​ស្រុក​ដែល​យើង​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា។ យើង​បាន​ប្រាប់​ថា "យើង​នឹង​មិន​ក្បត់​សេចក្ដី​សញ្ញា​របស់​យើង​ចំពោះ​អ្នក​រាល់​គ្នា​ឡើយ ។ 2រី​ឯ​អ្នក​រាល់​គ្នាវិញ មិន​ត្រូវ​តាំង​សញ្ញា​នឹង​ពួក​អ្នក​ស្រុក​នេះ​ឡើយ គឺ​ត្រូវ​រំលំ​អស់​ទាំង​អាសនា​របស់​គេ​ចេញ" ។ ប៉ុន្ដែ អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​បង្គាប់​យើង​សោះ។ ហេតុ​អ្វី​បាន​ជាអ្នក​រាល់​គ្នា​ប្រព្រឹត្ត​ដូច្នេះ? 3ដូច្នេះ យើងសុំ​ប្រាប់​ឥឡូវ​នេះ​ថា យើង​មិន​បណ្តេញ​គេ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​ឡើយ គឺ​គេ​នឹង​ក្លាយ​ជា​បន្លា​ចាក់​នៅ​ចំហៀង​អ្នក​រាល់​គ្នា​វិញ ហើយ​ព្រះ​ទាំង​ប៉ុន្មាន​របស់​គេ នឹង​បាន​ជា​អន្ទាក់​ដល់​អ្នក​រាល់​គ្នា»។ 4កាល​ទេវតា​របស់​ព្រះ‌យេហូវ៉ា​បាន​ប្រាប់​សេចក្ដី​ទាំង​នេះ ដល់​អស់​ទាំង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​រួច​ហើយ គេ​ក៏​នាំ​គ្នា​ទ្រហោ​យំ។ 5ដូច្នេះ គេ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា បូគីម រួច​គេ​នាំ​គ្នា​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ។
មរណ‌ភាព​របស់​លោក​យ៉ូស្វេ
6កាល​លោក​យ៉ូស្វេ​បាន​ឲ្យ​ប្រជាជន​ចេញ​ទៅ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ទៅ​ចាប់​យកទឹក​ដី​ជា​មត៌ក​របស់​គេ​រៀង​ខ្លួន។ 7ប្រជាជន​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា នៅ​អស់​មួយ​ជីវិត​របស់​លោក​យ៉ូស្វេ និង​អស់​មួយ​ជីវិត​របស់​ពួក​ចាស់​ទុំ ដែល​រស់​នៅ​ក្រោយ​លោក​យ៉ូស្វេ​ដែរ ជា​ពួក​អ្នក​ដែល​បាន​ឃើញ​គ្រប់​ទាំងកិច្ច​ការ​ធំៗ ដែល​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ដល់​ពួក​អ៊ីស្រា‌អែល។ 8លោក​យ៉ូស្វេ​ជា​កូន​របស់​លោក​នុន ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា បាន​ស្លាប់​ក្នុង​ជន្មាយុ​មួយ​រយ​ដប់​ឆ្នាំ ។ 9គេ​បាន​បញ្ចុះ​សព​លោក​នៅ​ព្រំ​ដី ដែល​ជា​មត៌ក​របស់​លោក នៅ​ធីមណាត-ហេរេស ក្នុង​ស្រុក​ភ្នំ​អេប្រាអិម ខាង​ជើង​ភ្នំ​កាអាស។ 10មនុស្ស​នៅ​ជំនាន់​នោះ​ទាំង​អស់ក៏​បាន​មូល​ទៅ​ជួប​ជុំ​នឹង​បុព្វ‌បុរស​របស់​គេ​គ្រប់​គ្នា​ដែរ ហើយ​មនុស្ស​មួយ​ជំនាន់​ទៀត​កើត​មក​តាម​ក្រោយ។ គេ​មិន​បាន​ស្គាល់​ព្រះ‌យេហូវ៉ា​ទេ ក៏​មិន​បាន​ស្គាល់​កិច្ច​ការ​ដែល​ព្រះ‌អង្គ​បានធ្វើ​ដល់​ពួក​អ៊ីស្រា‌អែល​ដែរ។
កូន​ចៅ​អ៊ីស្រា‌អែល​មិន​ស្មោះ​ត្រង់​ចំពោះ​ព្រះ
11គ្រា​នោះ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ហើយ​គេ​នាំ​គ្នា​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ‌បាល។ 12គេ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​គេ ដែល​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក។ គេ​បែរ​ទៅ​តាម​ព្រះ​ដទៃ ក្នុង​ពួក​ព្រះ​របស់​សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ‌វិញ​គេ ព្រម​ទាំង​ក្រាប​ថ្វាយ​បង្គំ​ដល់​ព្រះ​ទាំង​នោះ ហើយ​បាន​បណ្ដាល​ឲ្យ​ព្រះ‌យេហូវ៉ា​មាន​សេចក្ដី​ក្រោធ។ 13គេ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ហើយ​ទៅ​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ‌បាល និង​ព្រះ‌អាសថារ៉ូត​វិញ។ 14ដូច្នេះ សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​ក៏​ឆួល​ឡើង​ទាស់​នឹង​ពួក​អ៊ីស្រា‌អែល ហើយ​ព្រះ‌អង្គ​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​ចោរ​ព្រៃ ដែល​មក​ប្លន់​ទ្រព្យ​សម្បត្តិ​របស់​គេ ក៏​លក់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ខ្មាំង​សត្រូវ​ដែល​នៅ​ជុំ‌វិញ ធ្វើ​ឲ្យ​ពួក​គេ​មិន​អាច​ទប់​ទល់​នឹង​ខ្មាំង​សត្រូវ​បាន​ឡើយ។ 15ពេល​ណា​ដែល​គេ​ចេញ​ទៅ ព្រះ‌ហស្ត​របស់​ព្រះ‌យេហូវ៉ា​ចេះ​តែ​ទាស់​នឹង​គេ​ជា‌និច្ច ឲ្យ​គេ​ជួប​តែ​នឹង​សេចក្ដី​អាក្រក់ ដូច​ព្រះ‌យេហូវ៉ា​បាន​ព្រមាន​រួច​មក​ហើយ ហើយ​ក៏​ដូច​ព្រះ‌យេហូវ៉ា​បាន​ស្បថ​នឹង​គេ​ដែរ។ ដូច្នេះ គេ​មាន​សេចក្ដី​វេទនា​យ៉ាង​ខ្លាំង។
16គ្រា​នោះ ព្រះ‌យេហូវ៉ា​តាំង​ឲ្យ​មាន​ពួក​ចៅ‌ហ្វាយ​ឡើង ដើម្បី​សង្គ្រោះ​ពួក​គេឲ្យ​រួច​ពី​កណ្ដាប់​ដៃ​អស់​អ្នក​ដែល​បាន​ប្លន់​គេ។ 17ប៉ុន្តែ គេ​មិន​បាន​ស្តាប់​តាម​ពួក​ចៅ‌ហ្វាយ​របស់​គេ​ទេ ព្រោះ​គេ​បាន​ផិត​ទៅ​តាម​ព្រះ​ដទៃ ហើយ​ក្រាប​ថ្វាយ​បង្គំ​ព្រះ​ទាំង​នោះ​ទៀត​ផង។ គេឆាប់​នឹង​ងាក​ចេញ​ពី​ផ្លូវ​បុព្វ​បុរស​របស់​គេ គឺ​គេ​ពុំ​បាន​ប្រតិបត្តិ​តាម​បទ​បញ្ជា​របស់​ព្រះ‌យេហូវ៉ា ដូច​បុព្វ​បុរស​របស់​គេ​ទេ។ 18កាល​ណា​ព្រះ‌យេហូវ៉ា​បាន​តាំង​ឲ្យ​មាន​ពួក​ចៅ‌ហ្វាយ​ដល់​គេ ព្រះ‌យេហូវ៉ា​គង់​ជា​មួយ​ចៅ‌ហ្វាយ​នោះ ហើយ​ព្រះ‌អង្គ​សង្គ្រោះ​ពួក​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ នៅ​អស់​មួយ​ជីវិត​របស់​ចៅ‌ហ្វាយ​នោះ ដ្បិត​ព្រះ‌យេហូវ៉ា​អាណិត​អាសូរ​នៅ​ពេល​គេ​ស្រែក​ថ្ងូរ ព្រោះ​តែ​អស់​អ្នក​ដែល​សង្កត់‌សង្កិន ហើយ​ធ្វើ​បាប​ពួក​គេ។ 19ប៉ុន្ដែ ពេល​ណា​ចៅ‌ហ្វាយ​នោះ​ស្លាប់​ទៅ គេ​ក៏​ត្រឡប់​ទៅ​ជា​ប្រព្រឹត្ត​អំពើ​អាក្រក់ ជាង​បុព្វ‌បុរស​របស់​គេ​ទៅ​ទៀត ដោយ​ដើរ​តាម​ព្រះ​ដទៃ គោរព​ប្រតិ‌បត្តិ ហើយ​ក្រាប​ថ្វាយ​បង្គំ​ដល់​ព្រះ​ទាំង​នោះ។ គេ​មិន​បាន​លះបង់​ចោល​អំពើ​ដែល​គេ​ប្រព្រឹត្ត ឬ​ចរិត​រឹង​ចចេស​របស់​គេ​ឡើយ។ 20ដូច្នេះ សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ាបាន​ឆួល​ឡើង​ទាស់​នឹង​ពួក​អ៊ីស្រា‌អែល ហើយ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​ព្រោះ​ប្រជាជន​នេះ​បាន​ប្រព្រឹត្ត​រំលង​សេចក្ដី​សញ្ញា ដែល​យើង​បាន​តាំង​នឹង​បុព្វ‌បុរស​របស់​គេ ហើយ​មិន​បាន​ស្តាប់​តាម​សំឡេង​របស់​យើង 21នោះ​យើង​នឹង​លែង​បណ្តេញ​សាសន៍​ណា​មួយ ដែល​យ៉ូស្វេ​បាន​បន្សល់​ទុក ក្រោយ​ពេល​គាត់​ស្លាប់​ទៅ​នោះ ចេញ​ពី​មុខ​គេ​ឡើយ 22ដើម្បី​ឲ្យ​យើង​បាន​ល្បង​ល​អ៊ីស្រា‌អែល​មើល ថា​តើ​គេ​នឹង​ខំ​ប្រឹង​ដើរ​តាម​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា ដូច​បុព្វ‌បុរស​របស់​គេ​បាន​កាន់​តាម​ឬ​ទេ»។ 23ដូច្នេះ ព្រះ‌យេហូវ៉ា​បាន​ទុក​សាសន៍​ទាំង​នោះ ឥត​បណ្តេញ​គេ​ចេញ​យ៉ាង​រហ័ស​ទេ ហើយ​ព្រះ‌អង្គ​ក៏​មិន​បាន​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​លោក​យ៉ូស្វេ​ដែរ។

ទើបបានជ្រើសរើសហើយ៖

ពួក​ចៅ‌ហ្វាយ 2: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល