ពួក​ចៅ‌ហ្វាយ 1

1
ប្រជាជន​អ៊ីស្រា‌អែល​មិន​បាន​កាន់​កាប់​ទឹក​ដី​កាណាន​ទាំង​ស្រុង​ឡើយ
1ក្រោយ​ពី​លោក​យ៉ូស្វេ​បាន​ស្លាប់​ហើយ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទូល​សួរ​ព្រះ‌យេហូវ៉ា​ថា៖ «ក្នុងចំណោម​យើង​ខ្ញុំ តើ​អ្នក​ណា​ត្រូវ​ឡើង​ទៅ​ច្បាំង​នឹង​ពួក​សាសន៍​កាណាន​មុន​គេ?» 2ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ត្រូវ​ឲ្យ​ពួក​យូដា​ឡើង​ទៅ មើល៍ យើង​បាន​ប្រគល់​ស្រុក​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​គេ​ហើយ»។ 3ពួក​យូដា​ក៏​និយាយ​ទៅ​ពួក​ស៊ីម្មាន​ជា​បង​ប្អូន​ថា «សូម​ឡើង​ទៅ​ជាមួយ​យើង​ខ្ញុំ ទៅ​ឯ​ទឹក​ដី​ដែល​ជា​ចំណែក​របស់​យើង​ខ្ញុំ ដើម្បី​ច្បាំង​នឹង​សាសន៍​កាណាន។ បន្ទាប់​មក យើង​ខ្ញុំ​នឹង​ទៅ​ឯ​ទឹក​ដី​ដែល​ជា​ចំណែក​របស់​បង​ប្អូន ជា​មួយ​បង​ប្អូន​ដែរ»។ ដូច្នេះ ពួក​ស៊ីម្មាន​ក៏​ព្រម​ទៅ​ជា​មួយ។ 4បន្ទាប់​មក ពួក​យូដា​ក៏​ឡើង​ទៅ ហើយ​ព្រះ‌យេហូវ៉ា​ប្រគល់​ពួក​សាសន៍​កាណាន និង​សាសន៍​ពេរិស៊ីត មក​ក្នុង​កណ្ដាប់​ដៃ​របស់​គេ ហើយ​គេ​ប្រហារ​ពួក​សាសន៍​នោះ​អស់​មួយ​ម៉ឺន​នាក់ នៅ​ក្រុង​បេសេក។ 5គេបាន​ឃើញ​អ័ដូនី-បេសេក​នៅ​ក្រុង​បេសេក រួច​ច្បាំង​នឹង​លោក ព្រម​ទាំង​វាយ​សម្លាប់​ពួក​សាសន៍​កាណាន និង​សាសន៍​ពេរិស៊ីត​ផង។ 6ឯ​អ័ដូនី-បេសេក​បាន​រត់​ចេញ តែ​គេ​ដេញ​តាម ហើយ​ក៏​ចាប់​បាន រួច​កាត់​មេ​ដៃ និង​មេ​ជើង​របស់​លោក។ 7អ័ដូនី-បេសេក​ពោល​ថា៖ «ពី​មុន ខ្ញុំ​បាន​ឲ្យ​គេ​កាត់​មេ​ដៃ និង​មេ​ជើង​របស់​ស្តេច​ចិតសិប​អង្គ ដែល​ធ្លាប់​រើស​អាហារ​ក្រោម​តុ​ខ្ញុំ។ ឥឡូវ​នេះ ព្រះ​បាន​សង​ខ្ញុំ ដូច​ខ្ញុំ​បាន​ប្រព្រឹត្ត​នឹង​គេ​ហើយ»។ គេ​នាំ​លោក​ទៅ​ក្រុង​យេរូ‌សាឡិម ហើយ​លោក​ក៏​ស្លាប់​នៅ​ទី​នោះ។
8ពេល​នោះ ប្រជាជន​យូដា​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម ព្រម​ទាំង​ចាប់​យក​បាន រួច​ប្រហារ​គេ​ដោយ​មុខ​ដាវ ហើយ​ដុត​ទី​ក្រុងនោះ​ចោល។ 9ក្រោយ​មក ប្រជាជន​យូដា​ចុះ​ទៅ​ច្បាំង​នឹង​សាសន៍​កាណាន ដែលរស់​នៅ​ស្រុក​ភ្នំ នៅ​តំបន់​ណេកិប និង​នៅ​តំបន់​វាល​ទំនាប​ថែម​ទៀត។ 10ពួក​យូដា​ច្បាំង​នឹង​សាសន៍​កាណាន​ដែល​នៅ​ក្រុង​ហេប្រុន (រីឯ​ក្រុង​ហេប្រុន​នោះ​កាល​ពី​ដើម​ហៅ​ថា គារ‌យ៉ាត់-អើបា) ហើយ​គេ​សម្លាប់​ពួក​សេសាយ ពួក​អ័ហ៊ី‌ម៉ាន និង​ពួក​តាលម៉ាយ​ដែរ។
11ពីទី​នោះ គេ​ក៏​ទៅ​ច្បាំង​នឹង​ពួក​អ្នក​នៅ​ក្រុង​ដេបៀរ​ទៀត (រីឯ​ក្រុង​ដេបៀរ​នេះ ពី​ដើម​បាន​ហៅ​ថា គារយ៉ាត់-សេភើរ)។ 12គ្រា​នោះ លោក​កាលែប​មាន​ប្រសាសន៍​ថា៖ «បើ​អ្នក​ណា​វាយ​យក​ក្រុង​គារយ៉ាត់-សេភើរ​បាន ខ្ញុំ​នឹង​លើក​អាកសា កូន​ស្រី​របស់​ខ្ញុំ ឲ្យ​ធ្វើ​ជា​ប្រពន្ធ »។ 13ដូច្នេះ អូធ្នាល​ជា​កូន​កេណាស ដែល​ជា​ប្អូន​លោក​កាលែប បាន​ទៅ​វាយ​យក​បាន ហើយ​លោក​កាលែប​ក៏​លើក​នាង​អាកសា​ឲ្យ​ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​គាត់។ 14កាល​នាង​បាន​ទៅ​នៅ​ជាមួយ​ប្ដី​ហើយ នាង​ក៏​បបួល​ប្តី​ឲ្យ​សូម​ដី​ពី​ឪពុក។ កាល​លោត​ចុះ​ពី​លើខ្នង​លា​ដែល​នាង​ជិះ លោក​កា​លែប​សួរ​ថា៖ «តើ​កូន​មាន​ការ​អ្វី?» 15នាង​ឆ្លើយ​ថា៖ «សូម​លោក​ឪពុក​ចែក​ចំណែក​មួយ​មក​កូន​ផង ដ្បិត​លោក​ឪពុក​បាន​ឲ្យ​ដី​នៅ​តំបន់​ណេកិប​ដល់​កូន​ហើយ ដូច្នេះ សូម​ចែក​ឲ្យ​កូន​មានអណ្ដូង​ទឹក​ផង»។ លោក​កាលែប​ក៏​ចែក​អណ្ដូង​ទឹក​ខាង​លើ និង​ខាង​ក្រោម​ឲ្យ​នាង។
16ឯ​ពួក​សាសន៍​កែន គឺ​ជា​កូន​ចៅ​របស់​ឪពុក​ក្មេក​លោក​ម៉ូសេ បាន​ចាក​ចេញ​ពី​ក្រុង​ដើម​លម៉ើ ឡើង​ទៅ​ក្នុង​ទី​រហោ‌ស្ថាន​ស្រុក​យូដា ដែល​នៅ​តំបន់​ណេកិប ជិត​ស្រុក​អើរ៉ាត ជា​មួយ​ពួក​កូន​ចៅ​យូដា ហើយ​ក៏​តាំង​ទី​លំនៅ​នៅ​ជា​មួយ​ពួក​អ្នក​ស្រុក​នោះ។ 17ពួក​យូដា​ចេញ​ទៅ​ជា​មួយ​ពួក​ស៊ីម្មាន​ជា​បង​ប្អូន ហើយ​គេ​នាំ​គ្នា​វាយ​សម្លាប់​ពួក​សាសន៍​កាណាន​ដែល​នៅ​សេផាត ហើយ​បំផ្លាញ​ទី​ក្រុង​នោះ​អស់​រលីង​ទៅ។ ដូច្នេះ គេ​ក៏​ហៅ​ទី​ក្រុង​នោះ​ថា ហោម៉ា ។ 18ពួក​យូដា​ក៏​ចាប់​យក​ក្រុង​កាសា ព្រម​ទាំង​ទឹក​ដី​ដែល​នៅ​ជុំ​វិញ និង​អាស‌កា‌ឡូន ព្រម​ទាំង​ទឹក​ដី​ដែល​នៅ​ជុំ​វិញ និង​អេក្រុន ព្រម​ទាំង​ទឹក​ដី​ដែល​នៅ​ជុំ​វិញ។ 19ព្រះ‌យេហូវ៉ា​គង់​ជា​មួយ​ពួក​យូដា ហើយ​គេ​វាយ​យក​បាន​ស្រុក​ភ្នំ តែ​គេ​ពុំ​អាច​បណ្តេញ​ពួក​អ្នក​ដែល​រស់​នៅ​វាល​ច្រក​ភ្នំ​ចេញ​បាន​ទេ ព្រោះ​អ្នក​ទាំង​នោះ​មាន​រទេះ​ចម្បាំង​ដែល​ធ្វើ​ពី​ដែក។ 20គេ​ក៏​ឲ្យ​ក្រុង​ហេប្រុន​ដល់​លោក​កាលែប ដូច​លោក​ម៉ូសេ​បាន​បង្គាប់​មក ហើយ​លោក​ក៏​បណ្តេញ​ពួក​កូន​អ័ណាក់​ទាំង​បី​នាក់​ចេញ ពីក្រុង​នោះ។ 21រីឯ​ពួក​កូន​ចៅ​បេនយ៉ាមីន​វិញ គេ​មិន​បាន​បណ្តេញ​ពួក​សាសន៍​យេប៊ូស​ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ចេញ​ទេ។ ដូច្នេះ សាសន៍​យេប៊ូស​បានរស់​នៅ​ជា​មួយ​កូន​ចៅ​បេនយ៉ាមីន នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​រហូត​ដល់​សព្វ​ថ្ងៃ។
22ពូជ​ពង្ស​របស់​លោក​យ៉ូសែប ក៏​ឡើង​ទៅ​ទាស់​នឹង​ក្រុង​បេត-អែល ហើយ​ព្រះ‌យេហូវ៉ា​គង់​ជា​មួយ​ពួក​គេ។ 23ពួក​គេ​ចាត់​មនុស្ស​ឲ្យ​ទៅ​សង្កេត​មើល​ក្រុង​បេត-អែល (រីឯ​ទី​ក្រុង​នោះ​ពី​ដើម​ហៅ​ថា «លូស»)។ 24ពេល​ពួក​ឈ្លប​ឃើញ​បុរស​ម្នាក់​ចេញ​ពី​ទី​ក្រុង​មក គេ​ក៏​សួរ​ថា៖ «សូម​អ្នក​បង្ហាញ​ផ្លូវ​ដែល​ចូល​ទៅ​ក្នុង​ទី​ក្រុង​ផង យើង​នឹង​ប្រោស​ប្រណី​ដល់​អ្នក»។ 25បុរស​នោះ​ក៏​បង្ហាញ​ផ្លូវ​ដល់​គេ រួច​គេ​កាប់​សម្លាប់​ពួក​ក្រុង​នោះ​ដោយ​មុខ​ដាវ តែ​គេ​លែង​បុរស​នោះ ព្រម​ទាំង​គ្រួសារ​របស់​គាត់​ទាំង​មូល​ឲ្យ​ចាក​ចេញ​ដោយ​សុខ‌សាន្ត។ 26បុរស​នោះ​ក៏​ទៅ​សង់​ទី​ក្រុង​មួយ​នៅ​ស្រុក​សាសន៍​ហេត រួច​ដាក់​ឈ្មោះ​ក្រុង​នោះ​ថា «លូស»។ ឈ្មោះ​នោះ​ក៏​នៅ​រហូត​ដល់​សព្វ​ថ្ងៃ។
27ពួក​ម៉ាណា‌សេ​មិន​បាន​បណ្តេញ​ពួក​អ្នក​នៅ​ក្រុង​បេត-សៀន និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ពួក​ក្រុង​តា‌អា‌ណាក និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ពួក​ក្រុង​ដោរ និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ពួក​ក្រុង​យីបលាម និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ឬ​ពួក​ក្រុង​មេគី‌ដោ និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ​ចេញ​ទេ គឺ​ពួក​សាសន៍​កាណាន​នៅ​តែ​បន្ដ​រស់​នៅ​ក្នុង​ស្រុក​តទៅ​ទៀត។ 28កាល​សាសន៍​អ៊ីស្រា‌អែល​មាន​កម្លាំង​ឡើង គេ​បង្ខំ​ពួក​សាសន៍​កាណាន​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់ តែ​មិន​បាន​បណ្តេញ​ពួក​នោះ​ចេញ​ទាំង​អស់​ទេ។
29ឯ​ពួក​អេប្រាអិម​ក៏​មិន​បាន​បណ្តេញ​ពួក​សាសន៍​កាណាន​ដែល​នៅ​ក្រុង​កេស៊ើរ​ចេញ​ដែរ គឺ​ពួក​កាណាន​បាន​រស់​នៅ​ក្រុង​កេស៊ើរ ក្នុង​ចំណោម​ពួក​គេ​តទៅ​ទៀត។
30ពួក​សាប់‌យូឡូន​ក៏​មិន​បាន​បណ្តេញ​ពួក​អ្នក​ក្រុង​គីត្រុន ឬ​ពួក​អ្នក​ក្រុង​ណាហា‌ឡាល​ចេញ​ដែរ គឺ​ពួក​សាសន៍​កាណាន​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ ហើយ​ត្រូវ​បង្ខំ​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់។
31ពួក​អេស៊ើរ​មិន​បាន​បណ្តេញ​ពួក​អ្នក​នៅ​ក្រុង​អាកូរ ស៊ីដូន អាស់ឡាប់ អាក់ស៊ីប ហេលបា អាផែក ឬ​រេហុប​ចេញ​ទេ 32គឺ​ពួក​អេស៊ើរ​រស់​នៅ​ក្នុង​ចំណោម​សាសន៍​កាណាន ដែល​នៅ​ស្រុក​នោះ ដ្បិត​គេ​មិន​បាន​បណ្តេញ​សាសន៍ទាំង​នោះ​ចេញ​ទេ។
33ពួក​ណែប‌ថា‌លី​ក៏​មិន​បាន​បណ្តេញ​ពួក​អ្នក​ដែល​នៅ​ក្រុង​បេត-សេមែស ឬ​ពួក​ក្រុង​បេត-អា‌ណាត​ចេញ​ដែរ គឺ​គេ​រស់​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​កាណាន ដែល​នៅ​ស្រុក​នោះ។ ប៉ុន្តែ ពួក​អ្នក​នៅ​ក្រុង​បេត-សេមែស និង​បេត-អាណាត ត្រូវ​បង្ខំ​ឲ្យ​ធ្វើ​ការ​ជា​ទ​ម្ងន់​បម្រើ​ពួក​គេ។
34ពួក​សាសន៍​អាម៉ូរី​បាន​ជម្រុញ​ពួក​កូន​ចៅ​ដាន់​ឲ្យ​ទៅ​រស់​នៅ​ស្រុក​ភ្នំ គឺ​មិន​ព្រម​បើក​ឲ្យ​ពួក​គេ​ចុះ​មក​រស់​នៅ​វាល​ច្រក​ភ្នំ​ឡើយ។ 35ពួក​សាសន៍​អាម៉ូរី​បាន​តាំង​ចិត្ត​រស់​នៅ​ជាប់​ក្នុង​ស្រុក​ភ្នំ​ហេរេស នៅ​ក្រុង​អាយ៉ា‌ឡូន និង​ក្រុង​ស្អាល‌ប៊ីម ប៉ុន្តែ កាល​ពូជ​ពង្ស​របស់​លោក​យ៉ូសែប​មាន​កម្លាំង​ដៃ​ត្រួត​ត្រា​លើ​ពួក​គេ នោះ​គេ​ក៏​បង្ខំ​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់។ 36ព្រំ​ដែន​របស់​សាសន៍​អាម៉ូរី​លាត​សន្ធឹង​ចាប់​តាំង​ពី​ច្រក​ភ្នំ​ដែល​ឡើង​ទៅ​ឯ​ភ្នំ​អាក្រា‌ប៊ីម គឺ​ចាប់​ពី​ថ្ម​ដា​ឡើង​ទៅ។

ទើបបានជ្រើសរើសហើយ៖

ពួក​ចៅ‌ហ្វាយ 1: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល