ពួក​ចៅ‌ហ្វាយ 2:7-12

ពួក​ចៅ‌ហ្វាយ 2:7-12 គកស១៦

ប្រជាជន​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា នៅ​អស់​មួយ​ជីវិត​របស់​លោក​យ៉ូស្វេ និង​អស់​មួយ​ជីវិត​របស់​ពួក​ចាស់​ទុំ ដែល​រស់​នៅ​ក្រោយ​លោក​យ៉ូស្វេ​ដែរ ជា​ពួក​អ្នក​ដែល​បាន​ឃើញ​គ្រប់​ទាំងកិច្ច​ការ​ធំៗ ដែល​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ដល់​ពួក​អ៊ីស្រា‌អែល។ លោក​យ៉ូស្វេ​ជា​កូន​របស់​លោក​នុន ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា បាន​ស្លាប់​ក្នុង​ជន្មាយុ​មួយ​រយ​ដប់​ឆ្នាំ ។ គេ​បាន​បញ្ចុះ​សព​លោក​នៅ​ព្រំ​ដី ដែល​ជា​មត៌ក​របស់​លោក នៅ​ធីមណាត-ហេរេស ក្នុង​ស្រុក​ភ្នំ​អេប្រាអិម ខាង​ជើង​ភ្នំ​កាអាស។ មនុស្ស​នៅ​ជំនាន់​នោះ​ទាំង​អស់ក៏​បាន​មូល​ទៅ​ជួប​ជុំ​នឹង​បុព្វ‌បុរស​របស់​គេ​គ្រប់​គ្នា​ដែរ ហើយ​មនុស្ស​មួយ​ជំនាន់​ទៀត​កើត​មក​តាម​ក្រោយ។ គេ​មិន​បាន​ស្គាល់​ព្រះ‌យេហូវ៉ា​ទេ ក៏​មិន​បាន​ស្គាល់​កិច្ច​ការ​ដែល​ព្រះ‌អង្គ​បានធ្វើ​ដល់​ពួក​អ៊ីស្រា‌អែល​ដែរ។ គ្រា​នោះ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ហើយ​គេ​នាំ​គ្នា​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ‌បាល។ គេ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​គេ ដែល​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក។ គេ​បែរ​ទៅ​តាម​ព្រះ​ដទៃ ក្នុង​ពួក​ព្រះ​របស់​សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ‌វិញ​គេ ព្រម​ទាំង​ក្រាប​ថ្វាយ​បង្គំ​ដល់​ព្រះ​ទាំង​នោះ ហើយ​បាន​បណ្ដាល​ឲ្យ​ព្រះ‌យេហូវ៉ា​មាន​សេចក្ដី​ក្រោធ។