អេសាយ 7:1-25

អេសាយ 7:1-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្នុង​រជ្ជកាល​ព្រះបាទ​អេហាស បុត្រ​យ៉ូថាម ដែល​ជា​បុត្រ​អ៊ូសៀស​ស្តេច​ស្រុក​យូដា នោះ​រេស៊ីន ជា​ស្តេច​ស្រុក​ស៊ីរី ហើយ​ពេកា ជា​បុត្រ​រេម៉ាលា ស្តេច​ស្រុក​អ៊ីស្រា‌អែល បាន​លើក​ទ័ព​ឡើងទៅ​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម ប៉ុន្តែ មិន​អាច​វាយ​សម្រុក​ចូល​បាន​ឡើយ។ គ្រា​នោះ មាន​ដំណឹង​មក​ដល់​ពួក​វង្ស​ដាវីឌ​ថា សាសន៍​ស៊ីរី​បាន​ចូល​ដៃ​នឹង​ពួក​អេប្រាអិម​ហើយ ដូច្នេះ ព្រះបាទ​អេហាស​ញ័រ​រន្ធត់ ព្រម​ទាំង​ចិត្ត​របស់​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ​ផង ប្រៀប​ដូច​ជា​ព្រៃ​ឈើ​រញ្ជួយ​ដោយ​ត្រូវ​ខ្យល់​បក់បោក។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​ហោរា​អេសាយ​ថា៖ «ចូរអ្នក និង​ស្អា-យ៉ាស៊ូប កូន​អ្នក ចេញ​ទៅ​ជួប​អេហាស​នៅ​ចុង​ប្រឡាយ​ទឹក ត្រង់​ស្រះ​ខាង​លើ តាម​ផ្លូវ​ទៅ​ចម្ការ​របស់​អ្នក​ប្រមោក ហើយ​ទូល​ថា ចូរ​រវាំង​ខ្លួន ហើយ​សង្រួម​ចិត្ត កុំ​ឲ្យ​ភ័យ​ឲ្យ​សោះ ក៏​កុំ​ឲ្យ​រា‌ថយ ដោយ​ព្រោះ​កន្ទុយ​ឧស​ទាំង​ពីរ​ដែល​ហុយ​ផ្សែង​នោះ​ឡើយ គឺ​ដោយ​ព្រោះ​សេចក្ដី​កំហឹង​ដ៏​សហ័ស​របស់​រេស៊ីន និង​សាសន៍​ស៊ីរី ហើយ​របស់​កូន​រេម៉ាលា​នោះ​ដែរ ពី​ព្រោះ​សាសន៍​ស៊ីរី និង​ពួក​អេប្រាអិម ព្រម​ទាំង​កូន​រេម៉ាលា​បាន​គិត​សម្រេច​នឹង​ធ្វើ​អាក្រក់​ដល់​អ្នក ដោយ​ពាក្យ​ថា "ចូរ​យើង​ឡើង​ទៅ​ច្បាំង​នឹង​ស្រុក​យូដា ធ្វើ​ឲ្យ​គេ​តក់​ស្លុត ហើយ​ដណ្ដើម​យក​ស្រុក​នោះ រួច​យើង​នឹង​តាំង​កូន​របស់​តាបៀល ជា​ស្តេច​នៅ​ស្រុក​នោះ"។ ឯ​ព្រះ‌អម្ចាស់‌យេហូវ៉ា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា "ការ​នោះ​មិន​បាន​ទេ គេ​នឹង​ធ្វើ​មិន​កើត​ឡើយ។ ដ្បិត​ក្បាល​របស់​ស្រុក​ស៊ីរី គឺ​ក្រុង​ដាម៉ាស ហើយ​ក្បាល​របស់​ក្រុង​ដាម៉ាស គឺ​រេស៊ីន​នេះ​ហើយ។ (ក្នុង​រវាង​ហុក​សិប​ប្រាំ​ឆ្នាំ នោះ​ពួក​អេប្រាអិម នឹង​ត្រូវ​បែក‌ខ្ញែក​រតាត់‌រតាយ​អស់​ទៅ លែង​បាន​ពូជ‌ពង្ស​ត​ទៅ​ទៀត)។ ឯ​ក្បាល​របស់​ពួក​អេប្រាអិម គឺ​ក្រុង​សាម៉ារី ហើយ​ក្បាល​របស់​ក្រុង​សាម៉ារី គឺ​ជា​កូន​រេម៉ាលា​នេះ​ហើយ ប្រសិន‌បើ​អ្នក​មិន​ព្រម​ជឿ​ទេ នោះ​ប្រាកដ​ជា​អ្នក​មិន​បាន​តាំង​នៅ​ជាប់​ឡើយ"»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​នឹង​អេហាស​ថា៖ «ចូរ​អ្នក​សូម​ទី​សម្គាល់​មួយ​ពី​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ចុះ ចូរ​សូម ទោះ​បើ​នៅ​ក្នុង​ទី​ជម្រៅ ឬ​នៅ​ទី​ខ្ពស់​ខាង​លើក្តី»។ ប៉ុន្តែ អេហាស​តប​ថា៖ «យើង​មិន​សូម​ទេ ក៏​មិន​ព្រម​ល្បង‌ល​ព្រះ‌យេហូវ៉ា​ឡើយ»។ ពេល​នោះ ហោរា​អេសាយ​ទូល​ថា៖ «ឱ​រាជវង្ស​របស់​ព្រះបាទ​ដាវីឌ​អើយ ចូរ​ស្តាប់​ឥឡូវ​ចុះ ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​រំខាន​ចិត្ត​មនុស្ស នោះ​តើ​ជា​ការ​តូច​ឬ បាន​ជា​ចង់​រំខាន​ដល់​ព្រះ‌ហឫ‌ទ័យ​នៃ​ព្រះ​របស់​ទូល‌បង្គំ​ទៀត? ដូច្នេះ ព្រះ‌អម្ចាស់​ផ្ទាល់​នឹង​ប្រទាន​ទី​សម្គាល់​មួយ​មក​អ្នក​រាល់​គ្នា ដោយ​ព្រះ‌អង្គ មើល៍! នាង​ព្រហ្ម‌ចារី នឹង​មាន​គភ៌​ប្រសូត​បាន​បុត្រា​មួយ ហើយ​នឹង​ឲ្យ​ព្រះ‌នាម​ថា អេម៉ា‌ញូអែល ។ បុត្រ​នោះ​នឹង​បរិ‌ភោគ​ខ្លាញ់​ទឹក​ដោះ និង​ទឹក​ឃ្មុំ ដរាប​ដល់​ចេះ​បដិសេធ​ចោល​របស់​អាក្រក់ ហើយ​រើស​យក​របស់​ល្អ​វិញ។ ដ្បិត​មុន​ដែល​បុត្រ​នោះ​ចេះ​បដិសេធ​ចោល​របស់​អាក្រក់ ហើយ​រើស​យក​របស់​ល្អ នោះ​ស្រុក​របស់​ស្តេច​ទាំង​ពីរ ដែល​អ្នក​ខ្ពើម​នោះ នឹង​ត្រូវ​ចោល​ស្ងាត់​ទៅ។ ព្រះ‌យេហូវ៉ា​នឹង​នាំ​ហេតុ‌ការណ៍​មួយ​មក​លើ​អ្នក លើ​ប្រជា‌រាស្ត្រ​អ្នក ហើយ​លើ​ពួក​វង្ស​របស់​ឪពុក​អ្នក គឺ​ជា​ស្តេច​ស្រុក​អាស‌ស៊ើរ ជា​ការ​ដែល​មិន​បាន​កើត​មាន ចាប់​តាំង​ពី​គ្រា​ដែល​អេប្រាអិម​បែក​ចេញ​ពី​ពួក​យូដា​មក។ នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​នឹង​ហួច​ហៅ​រុយ ដែល​នៅ​ទី​ឆ្ងាយ​បំផុត​នៃ​ទន្លេ​ស្រុក​អេស៊ីព្ទ ព្រម​ទាំង​ឃ្មុំ​ដែល​នៅ​ស្រុក​អាស‌ស៊ើរ​ផង។ នោះ​វា​នឹង​នាំ​គ្នា​មក​ទំ​នៅ​ក្នុង​ច្រក​ភ្នំ​ដែល​ត្រូវ​ចោល​ស្ងាត់ នៅ​ក្នុង​ក្រហែង​ថ្ម នៅ​លើ​គ្រប់​ទាំង​របង​បន្លា ហើយ​នៅ​អស់​ទាំង​វាល​ស្មៅ​ផង។ នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​នឹង​កោរ​សក់​ក្បាល និង​រោម​ជើង​ផង ដោយ​កាំបិត​ដែល​បាន​ជួល​ពី​ទី​នៅ​ត្រើយ​ខាង​នាយ​ទន្លេ គឺ​ដោយ​ស្តេច​នៃ​ស្រុក​អាស‌ស៊ើរ ហើយ​កាំបិត​នោះ​នឹង​រំលាង​ទាំង​ពុក‌ចង្កា​ផង។ នៅ​គ្រា​នោះ មនុស្ស​ម្នាក់​នឹង​ចិញ្ចឹម​គោ​ញី​មួយ និង​ចៀម​ពីរ ហើយ​ដោយ​ព្រោះ​សត្វ​ទាំង​នោះ​មាន​ទឹក​ដោះ​ជា​បរិបូរ បាន​ជា​អ្នក​នោះ​នឹង​បរិ‌ភោគ​ខ្លាញ់​ទឹក​ដោះ ដ្បិត​ពួក​អ្នក​ដែល​នៅ​សល់​ក្នុង​ស្រុក​គេ នឹង​បាន​ខ្លាញ់​ទឹក​ដោះ និង​ទឹក​ឃ្មុំ​បរិ‌ភោគ​គ្រប់​គ្នា។ ហើយ​នៅ​គ្រា​នោះ គ្រប់​ទី​កន្លែង​ណា ដែល​ពី​ដើម​មាន​ចម្ការ​ទំពាំង‌បាយ‌ជូរ​ចំនួន​មួយ​ពាន់​ដើម មាន​តម្លៃ​ជា​ប្រាក់​មួយ​ពាន់​រៀល នោះ​នឹង​បាន​ជា​ទី​សម្រាប់​អញ្ចាញ និង​បន្លា​វិញ ឯ​អ្នក​ណា​ដែល​ចូល​ទៅ​ក្នុង​ទី​នោះ នឹង​ត្រូវ​កាន់​ព្រួញ និង​ធ្នូ​ផង ដ្បិត​ស្រុក​ទាំង​មូល​នឹង​ដុះ​សុទ្ធ​តែ​អញ្ចាញ និង​បន្លា អ្នក​ក៏​នឹង​មិន​ឡើង​ទៅ​លើ​ទី​ទួល​ដែល​ពី​ដើម​មាន​គេ​កាប់​គាស់​ដោយ​ចប​ដែរ ដោយ​ខ្លាច​អញ្ចាញ និង​បន្លា ទី​នោះ​នឹង​បាន​សម្រាប់​ជា​ទី​លែង​ហ្វូង​គោ ហើយ​សម្រាប់​ឲ្យ​ហ្វូង​ចៀម​ញាំ‌ញី​ទៅ​ប៉ុណ្ណោះ»។

ចែក​រំលែក
អាន អេសាយ 7

អេសាយ 7:1-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​គ្រា​ដែល​ព្រះ‌បាទ​អេហាស ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូថាម ដែល​ត្រូវ​ជា​បុត្រ​របស់​ព្រះ‌បាទ​អ៊ូសៀស គ្រង​រាជ្យ​នៅ​ស្រុក​យូដា មាន​សង្គ្រាម​មួយ​ផ្ទុះ​ឡើង គឺ​ព្រះ‌បាទ​រេស៊ីន ជា​ស្ដេច​ស្រុក​ស៊ីរី បាន​ពួត‌ដៃ​ជា​មួយ​ព្រះ‌បាទ​ពេកា ជា​បុត្រ​របស់​ព្រះ‌បាទ​រេម៉ា‌លា និង​ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល លើក​ទ័ព​ទៅ​វាយ​យក​ក្រុង​យេរូ‌សាឡឹម ប៉ុន្តែ មិន​អាច​វាយ​សម្រុក​ចូល​បាន​ឡើយ ។ មាន​គេ​នាំ​ដំណឹង​មក​ទូល​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​ថា ជន‌ជាតិ​ស៊ីរី​បោះ​ទ័ព​នៅ​ស្រុក​អេប្រាអ៊ីម។ ដំណឹង​នេះ​ធ្វើ​ឲ្យ​ព្រះ‌បាទ​អេហាស និង​ប្រជា‌រាស្ត្រ​ញ័រ​រន្ធត់ ដូច​ព្រៃ​ឈើ​ត្រូវ​ខ្យល់​បក់​បោក។ ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អេសាយ​ថា៖ «ចូរ​នាំ​ស្អា-‌យ៉ាស៊ូប ជា​កូន​ប្រុស​របស់​អ្នក​ទៅ​ជួប​ស្ដេច​អេហាស នៅ​ក្បែរ​ស្រះ​ផ្នែក​ខាង​លើ ត្រង់​ក្បាល​ប្រឡាយ តាម​ផ្លូវ​ទៅ​ចម្ការ​របស់​អ្នក​ជ្រលក់​ល័ក្ខ។ ត្រូវ​ប្រាប់​ស្ដេច​ថា សូម​ព្រះ‌ករុណា​កុំ​ខ្វល់​ព្រះ‌ហឫទ័យ កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! សូម​កុំ​តក់‌ស្លុត នៅ​ចំពោះ​កំហឹង​របស់ ស្ដេច​រេស៊ីន និង​ពួក​ស៊ីរី ព្រម​ទាំង​ស្ដេច​ពេកា​ឲ្យ​សោះ។ ស្ដេច​ទាំង​ពីរ​នេះ​ប្រៀប​បាន​នឹង​កន្ទុយ​អុស ដែល​ហុយ​ផ្សែង ជិត​រលត់។ ស្ដេច​ស្រុក​ស៊ីរី​បាន​ពួត‌ដៃ​ជា​មួយ​ពួក​អេប្រាអ៊ីម និង​ស្ដេច​អ៊ីស្រា‌អែល ប្រឆាំង​ព្រះ‌រាជា ដោយ​ពោល​ថា: “យើង​លើក​គ្នា​ទៅ​ច្បាំង​នឹង​ស្រុក​យូដា យើង​បំភ័យ​គេ​ឲ្យ​តក់‌ស្លុត ហើយ​វាយ​លុក​ស្រុក​គេ រហូត​ដល់​គេ​ចុះ​ញ៉ម​នឹង​យើង បន្ទាប់​មក យើង​នឹង​លើក​កូន​របស់​តាប‌បៀល ឲ្យ​ឡើង​គ្រង​រាជ្យ​លើ​ស្រុក​នោះ”។ ប៉ុន្តែ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “ពួក​គេ​មិន​អាច​សម្រេច​ការ​ទាំង​នេះ​បាន​ទេ ការ​ទាំង​នេះ​ពុំ​អាច​កើត​ឡើង​បាន​ឡើយ។ ក្រុង​ដាម៉ាស​ជា​រាជ​ធានី ​របស់​ស្រុក​ស៊ីរី ស្ដេច​រេស៊ីន​ជា​ម្ចាស់​របស់​ក្រុង​ដាម៉ាស។ ក្នុង​រវាង​ហុក‌សិប​ប្រាំ​ឆ្នាំ​ទៀត អេប្រាអ៊ីម​នឹង​ត្រូវ​វិនាស​សូន្យ លែង​មាន​ឈ្មោះ​ថា​ប្រជា‌ជន​ទៀត​ហើយ។ ក្រុង​សាម៉ារី​ជា​រាជ​ធានី​របស់​ស្រុក​អេប្រាអ៊ីម ស្ដេច​ពេកា​ជា​ម្ចាស់​របស់​ក្រុង​សាម៉ារី។ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ផ្ញើ​ជីវិត​លើ​យើង យ៉ាង​ខ្ជាប់ខ្ជួន​ទេ​នោះ អ្នក​រាល់​គ្នា​មិន​អាច​នៅ​ស្ថិត‌ស្ថេរ យ៉ាង​ខ្ជាប់ខ្ជួន​បាន​ឡើយ”»។ ព្រះ‌អម្ចាស់​ចាត់​លោក​អេសាយ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​អេហាស​សា​ជា​ថ្មី​ថា៖ «ព្រះ​ករុណា​ត្រូវ​ទូល​សុំ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ព្រះ‌ករុណា សម្តែង​នូវ​ទី​សម្គាល់​មួយ ទោះ​បី​នៅ​លើ​ភ្នំ​ដ៏​ខ្ពស់​ក្ដី ឬ​ក្នុង​ទី​ដ៏​ជ្រៅ​ក្ដី ដើម្បី​បញ្ជាក់​ថា ព្រះអង្គ​ពិត​ជា​គង់​នៅ​ជា​មួយ​ព្រះ‌ករុណា»។ ព្រះ‌បាទ​អេហាស​មាន​រាជ‌ឱង្ការ​តប​មក​វិញ​ថា៖ «យើង​នឹង​មិន​ទូល​សូម​អ្វី​ជា​ដាច់​ខាត យើង​នឹង​មិន​ព្រម​ល្បង‌ល​ព្រះ‌អម្ចាស់​ឡើយ!»។ ពេល​នោះ ព្យាការី​អេសាយ​ទូល​ព្រះ‌រាជា​ថា៖ «បពិត្រ​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ សូម​ទ្រង់​ព្រះ‌សណ្ដាប់​ទូលបង្គំ! ព្រះ‌ករុណា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​មនុស្ស ណាយ​ចិត្ត​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ធ្វើ​ឲ្យ​ព្រះ​របស់​ទូលបង្គំ ណាយ​ព្រះ‌ហឫទ័យ​ទៀត​ផង។ ហេតុ​នេះ ព្រះ‌អម្ចាស់​ផ្ទាល់​នឹង​ប្រទាន ទី​សម្គាល់​មួយ​ដល់​អ្នក​រាល់​គ្នា។ មើល៍! ស្ត្រី​ព្រហ្មចារី​នឹង​មាន​ផ្ទៃ​ពោះ នាង​នឹង​សម្រាល​បាន​បុត្រា​មួយ ហើយ​ថ្វាយ​ព្រះ‌នាម​ថា «អេម៉ា‌ញូអែល»។ បុត្រ​នោះ​នឹង​សោយ​តែ​ទឹក​ដោះ និង​ទឹក​ឃ្មុំ រហូត​ដល់​ពេល​ចេះ​បដិសេធ​អ្វីៗ​ដែល​អាក្រក់ ហើយ​ជ្រើស​យក​អ្វីៗ​ដែល​ល្អ​វិញ។ ប៉ុន្តែ មុន​ពេល​បុត្រ​នោះ ចេះ​បដិសេធ​អ្វីៗ​ដែល​អាក្រក់ ហើយ​ជ្រើស​យក​អ្វីៗ​ដែល​ល្អ ស្រុក​របស់​ស្ដេច​ទាំង​ពីរ​ដែល​បាន​មក បំភ័យ​ព្រះ‌ករុណា នឹង​ត្រូវ​គេ​បោះ​បង់​ចោល ឲ្យ​នៅ​ស្ងាត់​ជ្រងំ។ ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ព្រះ‌ករុណា ព្រម​ទាំង​ប្រជា‌រាស្ត្រ និង​ព្រះ‌រាជ‌វង្ស ជួប​ប្រទះ​នឹង​សភាព‌ការណ៍​ផ្សេងៗ ព្រោះ​តែ​ស្ដេច​របស់​ជន‌ជាតិ​អាស្ស៊ីរី គឺ​ចាប់​តាំង​ពី​ថ្ងៃ​ដែល​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម បាន​បែក​ចេញ​ពី​ប្រជា‌ជាតិ​យូដា​មក មិន​ដែល​មាន​សភាព‌ការណ៍​បែប​នេះ​ទេ។ នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​នឹង​ហៅ​ហ្វូង​រុយ ដែល​នៅ​ខាង​ចុង​ជ្រោយ​ទន្លេ​នីល និង​ហ្វូង​ឃ្មុំ​នៅ​ស្រុក​អាស្ស៊ីរី ឲ្យ​មក​ទំ​នៅ​តាម​ចំណោត​ភ្នំ តាម​ក្រហែង​ថ្ម​ទាំង‌ឡាយ ព្រម​ទាំង​នៅ​តាម​គុម្ពោត និង​នៅ​តាម​វាល​ស្មៅ​ទាំង​ប៉ុន្មាន​ដែរ។ នៅ​គ្រា​នោះព្រះ‌អម្ចាស់​នឹង​ជួល​កាំបិត​កោរ ពី​ខាង​នាយ​ទន្លេ​អឺប្រាត - គឺ​ស្ដេច​ស្រុក​អាស្ស៊ីរី - មក​កោរ​សក់ កោរ​រោម​ជើង និង​កោរ​ពុក​ចង្កា​របស់​ប្រជា‌ជាតិ​នេះ ។ នៅ​គ្រា​នោះ ម្នាក់ៗ​នឹង​ចិញ្ចឹម​មេ​គោ​មួយ និង​ពពែ​ញី​ពីរ​ក្បាល ហើយ​ដោយ‌សារ​សម្បូណ៌​ទឹក​ដោះ​ពេក ប្រជា‌ជន​នឹង​បរិភោគ​ខ្លាញ់​ទឹក​ដោះ ដ្បិត​ប្រជា‌ជន​ដែល​នៅ​សល់​ក្នុង​ស្រុក នឹង​នាំ​គ្នា​បរិភោគ​ខ្លាញ់​ទឹក​ដោះ និង​ទឹក​ឃ្មុំ។ នៅ​គ្រា​នោះ គ្រប់​ទី​កន្លែង​ដែល​មាន ទំពាំង‌បាយជូរ​មួយ​ពាន់​ដើម តម្លៃ​ជា​ប្រាក់​បី​រយ​តម្លឹង បែរ​ជា​ដុះ​សុទ្ធ​តែ​បន្លា និង​រពាក់។ ស្រុក​នោះ​នឹង​ក្លាយ​ទៅ​ជា​កន្លែង​បរ​បាញ់ ព្រោះ​មាន​សុទ្ធ​តែ​បន្លា និង​រពាក់។ ចំណែក​ឯ​នៅ​តាម​ភ្នំ ដែល​ពី​មុន​គេ​ធ្លាប់​តែ​កាប់​គាស់ បែរ​ជា​គ្មាន​នរណា​ហ៊ាន​ចូល​ទៅ​ទៀត​ទេ ព្រោះ​គេ​ខ្លាច​បន្លា និង​រពាក់ គេ​ទុក​ឲ្យ​គោ និង​ហ្វូង​ចៀម ទៅ​ស៊ី​ស្មៅ​នៅ​តាម​កន្លែង​នោះ»។

ចែក​រំលែក
អាន អេសាយ 7

អេសាយ 7:1-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​នៅ​ក្នុង​រាជ្យ​ស្តេច​អេហាស បុត្រ​យ៉ូថាម ដែល​ជា​បុត្រ​អ៊ូសៀស​ស្តេច​ស្រុក​យូដា នោះ​រេស៊ីន ជា​ស្តេច​ស្រុក​ស៊ីរី ហើយ​ពេកា ជា​បុត្រ​រេម៉ាលា ស្តេច​ស្រុក​អ៊ីស្រាអែល គេ​លើក​ទ័ព​ឡើង ទៅ​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម តែ​ឈ្នះ​យក​មិន​បាន​ទេ គ្រា​នោះ មាន​ដំណឹង​មក​ដល់​ពួក​វង្ស​ដាវីឌ​ថា សាសន៍​ស៊ីរី​បាន​ចូល​ដៃ​នឹង​ពួក​អេប្រា‌អិម​ហើយ ដូច្នេះ ស្តេច​ទ្រង់​មាន​ព្រះ‌ទ័យ​ចំប្រប់ ព្រម​ទាំង​ចិត្ត​របស់​ពួក​រាស្ត្រ​ទ្រង់​ផង ប្រៀប​ដូច​ជា​ដើម​ឈើ​នៅ​ព្រៃ​ដែល​ត្រូវ​ខ្យល់​បក់។ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ទៅ​អេសាយ​ថា ចូរ​ឯង នឹង​ស្អា-យ៉ាស៊ូប ជា​កូន​ឯង ចេញ​ទៅ​ជួប​នឹង​អេហាស​ត្រង់​ចុង​ប្រឡាយ​បង្ហូរ​ទឹក​មក​ដល់​ស្រះ​ខាង​លើ តាម​ផ្លូវ​ទៅ​ឯ​ទី​វាល​ជាង​ប្រមោក ហើយ​ទូល​ថា ចូរ​រវាំង​ខ្លួន ហើយ​សង្រួម​ចិត្ត កុំ​ឲ្យ​ភ័យ​ឲ្យ​សោះ ក៏​កុំ​ឲ្យ​រា‌ថយ ដោយ​ព្រោះ​កន្ទុយ​ឧស​ទាំង​២​ដែល​ហុយ​ផ្សែង​នោះ​ឡើយ គឺ​ដោយ​ព្រោះ​សេចក្ដី​កំហឹង​ដ៏​សហ័ស​របស់​រេស៊ីន នឹង​សាសន៍​ស៊ីរី ហើយ​របស់​កូន​រេម៉ាលា​នោះ​ដែរ ពី​ព្រោះ​សាសន៍​ស៊ីរី នឹង​ពួក​អេប្រា‌អិម ព្រម​ទាំង​កូន​រេម៉ាលា​បាន​គិត​សំរេច​នឹង​ធ្វើ​អាក្រក់​ដល់​ឯង ដោយ​ពាក្យ​ថា ចូរ​យើង​ឡើង​ទៅ​ច្បាំង​នឹង​ស្រុក​យូដា យើង​នឹង​ធ្វើ​ឲ្យ​គេ​មាន​សេចក្ដី​វេទនា ព្រម​ទាំង​ទំលាយ​ឲ្យ​មាន​ផ្លូវ​ចូល​បាន រួច​យើង​នឹង​តាំង​ស្តេច​១​ឡើង​នៅ​ក្នុង​ស្រុក​គេ គឺ​ជា​កូន​របស់​តាបបៀល ឯ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ការ​នោះ​មិន​បាន​ទេ គេ​នឹង​ធ្វើ​មិន​កើត​ឡើយ ដ្បិត​ក្បាល​របស់​ស្រុក​ស៊ីរី គឺ​ក្រុង​ដាម៉ាស ហើយ​ក្បាល​របស់​ក្រុង​ដាម៉ាស គឺ​រេស៊ីន​នេះ​ហើយ ក្នុង​រវាង​៦៥​ឆ្នាំ នោះ​ពួក​អេប្រា‌អិម​នឹង​ត្រូវ​បែក‌ខ្ញែក​រតាត់‌រតាយ​អស់​ទៅ លែង​បាន​ពូជ‌ពង្ស​ត​ទៅ​ទៀត ឯ​ក្បាល​របស់​ពួក​អេប្រា‌អិម គឺ​ក្រុង​សាម៉ារី ហើយ​ក្បាល​របស់​ក្រុង​សាម៉ារី គឺ​ជា​កូន​រេម៉ាលា​នេះ​ហើយ បើ‌សិន​ជា​ឯង​មិន​ព្រម​ជឿ​ទេ នោះ​ប្រាកដ​ជា​ឯង​មិន​បាន​តាំង​នៅ​ជាប់​ឡើយ។ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​អេហាស​ថា ចូរ​ឯង​សូម​ទី​សំគាល់​១​ពី​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ចុះ ចូរ​សូម ទោះ​បើ​នៅ​ក្នុង​ទី​ជំរៅ ឬ​នៅ​ទី​ខ្ពស់​ខាង​លើ​ក្តី តែ​អេហាស​តប​ថា យើង​មិន​ព្រម​សូម​ទេ ក៏​មិន​ព្រម​ល្បង‌ល​ព្រះ‌យេហូវ៉ា​ឡើយ ដូច្នេះ អេសាយ​ទូល​ថា ឱ​ពូជ‌ពង្ស​របស់​ដាវីឌ​អើយ ចូរ​ស្តាប់​ឥឡូវ​ចុះ ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​រំខាន​ចិត្ត​មនុស្ស នោះ​តើ​ជា​ការ​តូច​ឬ​អី បាន​ជា​ចង់​រំខាន​ដល់​ព្រះ‌ហឫទ័យ​នៃ​ព្រះ​របស់​ទូលបង្គំ​ទៀត​ផង ដូច្នេះ​ព្រះ‌អម្ចាស់​ទ្រង់​នឹង​ប្រទាន​ទី​សំគាល់​១​មក​អ្នក​រាល់​គ្នា ដោយ​ព្រះ‌អង្គ​ទ្រង់ មើល នាង​ព្រហ្មចារី​នឹង​មាន​គភ៌ ប្រសូត​បាន​បុត្រា​១ ហើយ​នឹង​ឲ្យ​ព្រះ‌នាម​ថា អេម៉ា‌ញូ‌អែល បុត្រ​នោះ​នឹង​បរិភោគ​ខ្លាញ់​ទឹក​ដោះ ហើយ​នឹង​ទឹក​ឃ្មុំ ដរាប​ដល់​ចេះ​បដិសេធ​ចោល​របស់​អាក្រក់ ហើយ​រើស​យក​របស់​ល្អ​វិញ ដ្បិត​មុន​ដែល​បុត្រ​នោះ​ចេះ​បដិសេធ​ចោល​របស់​អាក្រក់ ហើយ​រើស​យក​របស់​ល្អ នោះ​ស្រុក​របស់​ស្តេច​ទាំង​២ ដែល​ឯង​ខ្ពើម​នោះ នឹង​ត្រូវ​ចោល​ស្ងាត់​ទៅ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​នាំ​ហេតុ​ការ​១ មក​លើ​ឯង លើ​រាស្ត្រ​ឯង ហើយ​លើ​ពួក​វង្ស​របស់​ឪពុក​ឯង គឺ​ជា​ស្តេច​ស្រុក​អាសស៊ើរ ជា​ការ​ដែល​មិន​បាន​កើត​មាន ចាប់​តាំង​ពី​គ្រា​ដែល​អេប្រា‌អិម​បែក​ចេញ​ពី​ពួក​យូដា​មក។ នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​នឹង​ហួច​ហៅ​រុយ ដែល​នៅ​ទី​ឆ្ងាយ​បំផុត​នៃ​ទន្លេ​ស្រុក​អេស៊ីព្ទ ព្រម​ទាំង​ឃ្មុំ​ដែល​នៅ​ស្រុក​អាសស៊ើរ​ផង នោះ​វា​នឹង​នាំ​គ្នា​មក​ទំ​នៅ​ក្នុង​ច្រក​ភ្នំ​ដែល​ត្រូវ​ចោល​ស្ងាត់ នៅ​ក្នុង​ក្រហែង​ថ្ម នៅ​លើ​គ្រប់​ទាំង​របង​បន្លា ហើយ​នៅ​អស់​ទាំង​វាល​ស្មៅ​ផង។ នៅ​គ្រា​នោះ ព្រះ‌អម្ចាស់ ទ្រង់​នឹង​កោរ​សក់​ក្បាល នឹង​រោម​ជើង​ផង ដោយ​កាំបិត​ដែល​បាន​ជួល​ពី​ទី​នៅ​ត្រើយ​ខាង​នាយ​ទន្លេ គឺ​ដោយ​ស្តេច​នៃ​ស្រុក​អាសស៊ើរ ហើយ​កាំបិត​នោះ​នឹង​រំលាង​ទាំង​ពុក‌ចង្កា​ផង។ នៅ​គ្រា​នោះ មនុស្ស​ម្នាក់​នឹង​ចិញ្ចឹម​គោ​ញី​១ នឹង​ចៀម​២ ហើយ​ដោយ​ព្រោះ​សត្វ​ទាំង​នោះ​មាន​ទឹក​ដោះ​ជា​បរិបូរ បាន​ជា​អ្នក​នោះ​នឹង​បរិភោគ​ខ្លាញ់​ទឹក​ដោះ ដ្បិត​ពួក​អ្នក​ដែល​នៅ​សល់​ក្នុង​ស្រុក​គេ នឹង​បាន​ខ្លាញ់​ទឹក​ដោះ នឹង​ទឹក​ឃ្មុំ​បរិភោគ​គ្រប់​គ្នា។ ហើយ​នៅ​គ្រា​នោះ គ្រប់​ទី​កន្លែង​ណា ដែល​ពី​ដើម​មាន​ចំការ​ទំពាំង‌បាយ‌ជូរ​ចំនួន​១​ពាន់​ដើម មាន​ដំឡៃ​ជា​ប្រាក់​១​ពាន់​រៀល នោះ​នឹង​បាន​ជា​ទី​សំរាប់​អញ្ចាញ នឹង​បន្លា​វិញ ឯ​អ្នក​ណា​ដែល​ចូល​ទៅ​ក្នុង​ទី​នោះ នឹង​ត្រូវ​កាន់​ព្រួញ នឹង​ធ្នូ​ផង ដ្បិត​ស្រុក​ទាំង​មូល​នឹង​ដុះ សុទ្ធ​តែ​អញ្ចាញ នឹង​បន្លា ឯង​ក៏​នឹង​មិន​ឡើង​ទៅ​លើ​ទី​ទួល​ដែល​ពី​ដើម​មាន​គេ​កាប់​គាស់​ដោយ​ចប​ដែរ ដោយ​ខ្លាច​អញ្ចាញ នឹង​បន្លា ទី​នោះ​នឹង​បាន​សំរាប់​ជា​ទី​លែង​ហ្វូង​គោ ហើយ​សំរាប់​ឲ្យ​ហ្វូង​ចៀម​ញាំ‌ញី​ទៅ​ប៉ុណ្ណោះ។

ចែក​រំលែក
អាន អេសាយ 7