អេសាយ 7

7
1រីឯ​នៅ​ក្នុង​រាជ្យ​ស្តេច​អេហាស បុត្រ​យ៉ូថាម ដែល​ជា​បុត្រ​អ៊ូសៀស​ស្តេច​ស្រុក​យូដា នោះ​រេស៊ីន ជា​ស្តេច​ស្រុក​ស៊ីរី ហើយ​ពេកា ជា​បុត្រ​រេម៉ាលា ស្តេច​ស្រុក​អ៊ីស្រាអែល គេ​លើក​ទ័ព​ឡើង ទៅ​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម តែ​ឈ្នះ​យក​មិន​បាន​ទេ 2គ្រា​នោះ មាន​ដំណឹង​មក​ដល់​ពួក​វង្ស​ដាវីឌ​ថា សាសន៍​ស៊ីរី​បាន​ចូល​ដៃ​នឹង​ពួក​អេប្រា‌អិម​ហើយ ដូច្នេះ ស្តេច​ទ្រង់​មាន​ព្រះ‌ទ័យ​ចំប្រប់ ព្រម​ទាំង​ចិត្ត​របស់​ពួក​រាស្ត្រ​ទ្រង់​ផង ប្រៀប​ដូច​ជា​ដើម​ឈើ​នៅ​ព្រៃ​ដែល​ត្រូវ​ខ្យល់​បក់។
3ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ទៅ​អេសាយ​ថា ចូរ​ឯង នឹង​ស្អា-យ៉ាស៊ូប ជា​កូន​ឯង ចេញ​ទៅ​ជួប​នឹង​អេហាស​ត្រង់​ចុង​ប្រឡាយ​បង្ហូរ​ទឹក​មក​ដល់​ស្រះ​ខាង​លើ តាម​ផ្លូវ​ទៅ​ឯ​ទី​វាល​ជាង​ប្រមោក 4ហើយ​ទូល​ថា ចូរ​រវាំង​ខ្លួន ហើយ​សង្រួម​ចិត្ត កុំ​ឲ្យ​ភ័យ​ឲ្យ​សោះ ក៏​កុំ​ឲ្យ​រា‌ថយ ដោយ​ព្រោះ​កន្ទុយ​ឧស​ទាំង​២​ដែល​ហុយ​ផ្សែង​នោះ​ឡើយ គឺ​ដោយ​ព្រោះ​សេចក្ដី​កំហឹង​ដ៏​សហ័ស​របស់​រេស៊ីន នឹង​សាសន៍​ស៊ីរី ហើយ​របស់​កូន​រេម៉ាលា​នោះ​ដែរ 5ពី​ព្រោះ​សាសន៍​ស៊ីរី នឹង​ពួក​អេប្រា‌អិម ព្រម​ទាំង​កូន​រេម៉ាលា​បាន​គិត​សំរេច​នឹង​ធ្វើ​អាក្រក់​ដល់​ឯង ដោយ​ពាក្យ​ថា 6ចូរ​យើង​ឡើង​ទៅ​ច្បាំង​នឹង​ស្រុក​យូដា យើង​នឹង​ធ្វើ​ឲ្យ​គេ​មាន​សេចក្ដី​វេទនា ព្រម​ទាំង​ទំលាយ​ឲ្យ​មាន​ផ្លូវ​ចូល​បាន រួច​យើង​នឹង​តាំង​ស្តេច​១​ឡើង​នៅ​ក្នុង​ស្រុក​គេ គឺ​ជា​កូន​របស់​តាបបៀល 7ឯ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ការ​នោះ​មិន​បាន​ទេ គេ​នឹង​ធ្វើ​មិន​កើត​ឡើយ 8ដ្បិត​ក្បាល​របស់​ស្រុក​ស៊ីរី គឺ​ក្រុង​ដាម៉ាស ហើយ​ក្បាល​របស់​ក្រុង​ដាម៉ាស គឺ​រេស៊ីន​នេះ​ហើយ ក្នុង​រវាង​៦៥​ឆ្នាំ នោះ​ពួក​អេប្រា‌អិម​នឹង​ត្រូវ​បែក‌ខ្ញែក​រតាត់‌រតាយ​អស់​ទៅ លែង​បាន​ពូជ‌ពង្ស​ត​ទៅ​ទៀត 9ឯ​ក្បាល​របស់​ពួក​អេប្រា‌អិម គឺ​ក្រុង​សាម៉ារី ហើយ​ក្បាល​របស់​ក្រុង​សាម៉ារី គឺ​ជា​កូន​រេម៉ាលា​នេះ​ហើយ បើ‌សិន​ជា​ឯង​មិន​ព្រម​ជឿ​ទេ នោះ​ប្រាកដ​ជា​ឯង​មិន​បាន​តាំង​នៅ​ជាប់​ឡើយ។
10ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​អេហាស​ថា 11ចូរ​ឯង​សូម​ទី​សំគាល់​១​ពី​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ចុះ ចូរ​សូម ទោះ​បើ​នៅ​ក្នុង​ទី​ជំរៅ ឬ​នៅ​ទី​ខ្ពស់​ខាង​លើ​ក្តី 12តែ​អេហាស​តប​ថា យើង​មិន​ព្រម​សូម​ទេ ក៏​មិន​ព្រម​ល្បង‌ល​ព្រះ‌យេហូវ៉ា​ឡើយ 13ដូច្នេះ អេសាយ​ទូល​ថា ឱ​ពូជ‌ពង្ស​របស់​ដាវីឌ​អើយ ចូរ​ស្តាប់​ឥឡូវ​ចុះ ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​រំខាន​ចិត្ត​មនុស្ស នោះ​តើ​ជា​ការ​តូច​ឬ​អី បាន​ជា​ចង់​រំខាន​ដល់​ព្រះ‌ហឫទ័យ​នៃ​ព្រះ​របស់​ទូលបង្គំ​ទៀត​ផង 14ដូច្នេះ​ព្រះ‌អម្ចាស់​ទ្រង់​នឹង​ប្រទាន​ទី​សំគាល់​១​មក​អ្នក​រាល់​គ្នា ដោយ​ព្រះ‌អង្គ​ទ្រង់ មើល នាង​ព្រហ្មចារី​នឹង​មាន​គភ៌ ប្រសូត​បាន​បុត្រា​១ ហើយ​នឹង​ឲ្យ​ព្រះ‌នាម​ថា អេម៉ា‌ញូ‌អែល 15បុត្រ​នោះ​នឹង​បរិភោគ​ខ្លាញ់​ទឹក​ដោះ ហើយ​នឹង​ទឹក​ឃ្មុំ ដរាប​ដល់​ចេះ​បដិសេធ​ចោល​របស់​អាក្រក់ ហើយ​រើស​យក​របស់​ល្អ​វិញ 16ដ្បិត​មុន​ដែល​បុត្រ​នោះ​ចេះ​បដិសេធ​ចោល​របស់​អាក្រក់ ហើយ​រើស​យក​របស់​ល្អ នោះ​ស្រុក​របស់​ស្តេច​ទាំង​២ ដែល​ឯង​ខ្ពើម​នោះ នឹង​ត្រូវ​ចោល​ស្ងាត់​ទៅ 17ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​នាំ​ហេតុ​ការ​១ មក​លើ​ឯង លើ​រាស្ត្រ​ឯង ហើយ​លើ​ពួក​វង្ស​របស់​ឪពុក​ឯង គឺ​ជា​ស្តេច​ស្រុក​អាសស៊ើរ ជា​ការ​ដែល​មិន​បាន​កើត​មាន ចាប់​តាំង​ពី​គ្រា​ដែល​អេប្រា‌អិម​បែក​ចេញ​ពី​ពួក​យូដា​មក។
18នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​នឹង​ហួច​ហៅ​រុយ ដែល​នៅ​ទី​ឆ្ងាយ​បំផុត​នៃ​ទន្លេ​ស្រុក​អេស៊ីព្ទ ព្រម​ទាំង​ឃ្មុំ​ដែល​នៅ​ស្រុក​អាសស៊ើរ​ផង 19នោះ​វា​នឹង​នាំ​គ្នា​មក​ទំ​នៅ​ក្នុង​ច្រក​ភ្នំ​ដែល​ត្រូវ​ចោល​ស្ងាត់ នៅ​ក្នុង​ក្រហែង​ថ្ម នៅ​លើ​គ្រប់​ទាំង​របង​បន្លា ហើយ​នៅ​អស់​ទាំង​វាល​ស្មៅ​ផង។
20នៅ​គ្រា​នោះ ព្រះ‌អម្ចាស់ ទ្រង់​នឹង​កោរ​សក់​ក្បាល នឹង​រោម​ជើង​ផង ដោយ​កាំបិត​ដែល​បាន​ជួល​ពី​ទី​នៅ​ត្រើយ​ខាង​នាយ​ទន្លេ គឺ​ដោយ​ស្តេច​នៃ​ស្រុក​អាសស៊ើរ ហើយ​កាំបិត​នោះ​នឹង​រំលាង​ទាំង​ពុក‌ចង្កា​ផង។
21នៅ​គ្រា​នោះ មនុស្ស​ម្នាក់​នឹង​ចិញ្ចឹម​គោ​ញី​១ នឹង​ចៀម​២ 22ហើយ​ដោយ​ព្រោះ​សត្វ​ទាំង​នោះ​មាន​ទឹក​ដោះ​ជា​បរិបូរ បាន​ជា​អ្នក​នោះ​នឹង​បរិភោគ​ខ្លាញ់​ទឹក​ដោះ ដ្បិត​ពួក​អ្នក​ដែល​នៅ​សល់​ក្នុង​ស្រុក​គេ នឹង​បាន​ខ្លាញ់​ទឹក​ដោះ នឹង​ទឹក​ឃ្មុំ​បរិភោគ​គ្រប់​គ្នា។
23ហើយ​នៅ​គ្រា​នោះ គ្រប់​ទី​កន្លែង​ណា ដែល​ពី​ដើម​មាន​ចំការ​ទំពាំង‌បាយ‌ជូរ​ចំនួន​១​ពាន់​ដើម មាន​ដំឡៃ​ជា​ប្រាក់​១​ពាន់​រៀល នោះ​នឹង​បាន​ជា​ទី​សំរាប់​អញ្ចាញ នឹង​បន្លា​វិញ 24ឯ​អ្នក​ណា​ដែល​ចូល​ទៅ​ក្នុង​ទី​នោះ នឹង​ត្រូវ​កាន់​ព្រួញ នឹង​ធ្នូ​ផង ដ្បិត​ស្រុក​ទាំង​មូល​នឹង​ដុះ សុទ្ធ​តែ​អញ្ចាញ នឹង​បន្លា 25ឯង​ក៏​នឹង​មិន​ឡើង​ទៅ​លើ​ទី​ទួល​ដែល​ពី​ដើម​មាន​គេ​កាប់​គាស់​ដោយ​ចប​ដែរ ដោយ​ខ្លាច​អញ្ចាញ នឹង​បន្លា ទី​នោះ​នឹង​បាន​សំរាប់​ជា​ទី​លែង​ហ្វូង​គោ ហើយ​សំរាប់​ឲ្យ​ហ្វូង​ចៀម​ញាំ‌ញី​ទៅ​ប៉ុណ្ណោះ។

ទើបបានជ្រើសរើសហើយ៖

អេសាយ 7: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល