អេសាយ 66:10-14

អេសាយ 66:10-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អស់​អ្នក​ដែល​ស្រឡាញ់​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​សប្បាយ​រួម​ជា​មួយ​ក្រុង​នេះ​ចុះ ចូរ​ត្រេក​អរ​រីក‌រាយ​យ៉ាង​ខ្លាំង! អស់​អ្នក​ដែល​កាន់​ទុក្ខ​អាណិត ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​សប្បាយ​រីក‌រាយ រួម​ជា​មួយ​ក្រុង​នេះ​ដែរ។ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ស្កប់​ចិត្ត​នឹង​ក្រុង​នេះ ដូច​កូន​ដែល​ម្ដាយ​ថ្នាក់‌ថ្នម​បំបៅ​ដែរ អ្នក​រាល់​គ្នា​នឹង​បាន​ថ្កុំ‌ថ្កើង​រុងរឿង ដោយ‌សារ​ក្រុង​នេះ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: យើង​នឹង​ឲ្យ​សេចក្ដី​សុខ‌សាន្ត ហូរ​មក​ក្រុង​នេះ ដូច​ទឹក​ទន្លេ យើង​នឹង​បង្ហូរ​ធន‌ធាន​ដ៏​រុងរឿង​របស់ ប្រជា‌ជាតិ​នានា​ចូល​មក​ក្នុង​ក្រុង​នេះ ដូច​ទឹក​ហូរ​ប្រៀប​មាត់​ច្រាំង។ យើង​នឹង​ថ្នាក់‌ថ្នម​អ្នក​រាល់​គ្នា​ដូច​ម្ដាយ​បំបៅ​កូន បី​វា និង​ថ្នាក់‌ថ្នម​វា​នៅ​លើ​ភ្លៅ។ ម្ដាយ​លួង‌លោម​កូន​យ៉ាង​ណា យើង​នឹង​លួង‌លោម​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ អ្នក​រាល់​គ្នា​នឹង​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម ដោយ​លែង​មាន​ទុក្ខ​ព្រួយ​ទៀត។ កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ក្រុង​យេរូ‌សាឡឹម បាន​សុខ‌សាន្ត​ដូច្នេះ អ្នក​រាល់​គ្នា​នឹង​មាន​ចិត្ត​សប្បាយ​រីក‌រាយ ហើយ​អ្នក​រាល់​គ្នា​នឹង​មាន​កម្លាំង​ឡើង​វិញ ដូច​ស្មៅ​លាស់​ស្រស់​បំព្រង។ ព្រះ‌អម្ចាស់​នឹង​សម្តែង​ព្រះ‌បារមី ឲ្យ​អ្នក​បម្រើ​របស់​ព្រះអង្គ​ឃើញ តែ​ព្រះអង្គ​សម្តែង​ព្រះ‌ពិរោធ​ទាស់​នឹង ខ្មាំង​សត្រូវ​របស់​ព្រះអង្គ។

ចែក​រំលែក
អាន អេសាយ 66

អេសាយ 66:10-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ពួក​អ្នក​ដែល​ស្រឡាញ់​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​រីក‌រាយ​ជា‌មួយគ្នា ហើយ​មាន​អំណរ​ដោយ​ព្រោះ​ក្រុង​នេះ​ចុះ អស់​អ្នក​ដែល​យំ​ទួញ​នឹង​ទី​ក្រុង​អើយ ចូរ​រីក‌រាយជា​មួយ​ក្រុង​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​បៅ​ដោះ ជា​សេចក្ដី​កម្សាន្ត​ចិត្ត​របស់​វា​ឲ្យ​ឆ្អែត ហើយ​ឲ្យ​បាន​ជព្ជាក់​ទឹក​ដោះ​របស់​វា ព្រម​ទាំង​ចាប់​ចិត្ត​ចំពោះ​សិរី‌ល្អ​ដ៏​បរិបូរ​របស់​វា​ផង។ ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូចេ្នះ​ថា យើង​នឹង​ផ្សាយ​សេចក្ដី​សុខ ឲ្យ​ហូរ​ទៅ​ដល់​វា​ដូច​ជា​ទន្លេ ព្រម​ទាំង​សិរី‌ល្អ​របស់​អស់​ទាំង​សាសន៍ ដូច​ជា​ទឹក​ជ្រោះ​ដែល​ហូរ​លិច​ច្រាំង​ផង នោះ​អ្នក​រាល់​គ្នា​នឹង​ជព្ជាក់​បៅ វា​នឹង​ពរ​អ្នក ហើយ​ថ្នម​អ្នក​នៅ​លើ​ភ្លៅ។ យើង​នឹង​កម្សាន្ត​ចិត្ត​អ្នក ដូច​ជា​ម្តាយ​ដែល​លួង‌លោម​កូន នោះ​អ្នក​រាល់​គ្នា​នឹង​មាន​សេចក្ដី​កម្សាន្ត​ចិត្ត ចំពោះ​ក្រុង​យេរូ‌សាឡិម។ អ្នក​រាល់​គ្នា​នឹង​ឃើញ ហើយ​មាន​អំណរ​រីក‌រាយ​ក្នុង​ចិត្ត ឯ​អ្នក​រាល់​គ្នា​នឹង​បាន​ស្រស់​ដូច​ស្មៅ​ខ្ចី ហើយ​ព្រះ‌ហស្ត​របស់​ព្រះ‌យេហូវ៉ា​នឹង​សម្ដែង​ចេញ ដល់​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ហើយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ នឹង​សង្កត់​លើ​អស់​ទាំង​ខ្មាំង​សត្រូវ។

ចែក​រំលែក
អាន អេសាយ 66

អេសាយ 66:10-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ពួក​អ្នក​ដែល​ស្រឡាញ់​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​រីក‌រាយ​ឡើង​ជា​មួយ​នឹង​វា ហើយ​មាន​សេចក្ដី​អំណរ​ដោយ​ព្រោះ​វា​ចុះ អស់​អ្នក​ដែល​យំ​ទួញ​នឹង​ទី​ក្រុង​អើយ ចូរ​រីក‌រាយ​ឡើង​ដោយ​សេចក្ដី​អំណរ​ចំពោះ​វា​វិញ ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​បាន​បៅ​ដោះ ជា​សេចក្ដី​កំសាន្ត​ចិត្ត​របស់​វា​ឲ្យ​ឆ្អែត ហើយ​ឲ្យ​បាន​ជព្ជាក់​ទឹក​ដោះ​របស់​វា ព្រម​ទាំង​ចាប់​ចិត្ត​ចំពោះ​សិរី‌ល្អ​ដ៏​បរិបូរ​របស់​វា​ផង ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​ផ្សាយ​សេចក្ដី​សុខ ឲ្យ​ហូរ​ទៅ​ដល់​វា​ដូច​ជា​ទន្លេ ព្រម​ទាំង​សិរី‌ល្អ​របស់​អស់​ទាំង​សាសន៍ ដូច​ជា​ទឹក​ជ្រោះ​ដែល​ហូរ​លិច​ច្រាំង​ផង នោះ​ឯង​រាល់​គ្នា​នឹង​ជព្ជាក់​បៅ វា​នឹង​ពរ​ឯង ហើយ​ថ្នម​ឯង​នៅ​លើ​ភ្លៅ អញ​នឹង​កំសាន្ត​ចិត្ត​ឯង ដូច​ជា​ម្តាយ​ដែល​លួង‌លោម​កូន នោះ​ឯង​រាល់​គ្នា​នឹង​មាន​សេចក្ដី​កំសាន្ត​ចិត្ត​ចំពោះ​ក្រុង​យេរូ‌សាឡិម​ហើយ ឯង​រាល់​គ្នា​នឹង​ឃើញ ហើយ​នឹង​មាន​សេចក្ដី​អំណរ​រីក‌រាយ​ក្នុង​ចិត្ត ឯ​ឆ្អឹង​ឯង​រាល់​គ្នា នោះ​នឹង​បាន​ស្រស់​ដូច​ស្មៅ​ខ្ចី ហើយ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​នឹង​សំដែង​ចេញ ដល់​ពួក​អ្នក​បំរើ​របស់​ទ្រង់ ហើយ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់ នឹង​សង្កត់​លើ​អស់​ទាំង​ខ្មាំង​សត្រូវ​ផង។

ចែក​រំលែក
អាន អេសាយ 66