អេសាយ 63:11-14
អេសាយ 63:11-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខណៈនោះ រាស្ត្រព្រះអង្គបាននឹកដល់គ្រាលោកម៉ូសេថា ព្រះអង្គដែលនាំគេឡើងពីសមុទ្រជាមួយគង្វាល នៃហ្វូងចៀមព្រះអង្គ តើព្រះអង្គនៅឯណា? ព្រះអង្គដែលដាក់ព្រះវិញ្ញាណបរិសុទ្ធ របស់ព្រះអង្គឲ្យសណ្ឋិតនៅនឹងគេ តើនៅឯណា? គឺព្រះអង្គដែលឲ្យព្រះពាហុរុងរឿងឧត្តម របស់ព្រះអង្គអមដៃស្តាំម៉ូសេទៅ ជាព្រះដែលញែកទឹកចេញពីគ្នានៅមុខគេ ដើម្បីធ្វើឲ្យព្រះអង្គមាននាមដ៏ស្ថិតស្ថេរនៅអស់កល្បតទៅនោះ ជាព្រះដែលនាំគេដើរកាត់ទីជម្រៅមិនឲ្យចំពប់ដួលឡើយ ដូចជានាំសេះដើរកាត់ទីរហោស្ថាន។ ព្រះវិញ្ញាណនៃព្រះយេហូវ៉ាបានឲ្យគេឈប់សម្រាក ដូចជាហ្វូងគោដែលចុះទៅក្នុងច្រកភ្នំ គឺយ៉ាងនោះដែលព្រះអង្គបាននាំប្រជារាស្ត្រព្រះអង្គ ដើម្បីធ្វើឲ្យព្រះនាមព្រះអង្គបានរុងរឿងឧត្តម។
អេសាយ 63:11-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ ប្រជារាស្ត្ររបស់ព្រះអង្គនឹកដល់ ជំនាន់លោកម៉ូសេ។ តើព្រះអង្គដែលបាននាំពួកគេឡើងពីសមុទ្រ ជាមួយមេដឹកនាំរបស់ពួកគេ ទ្រង់នៅឯណា? តើព្រះអង្គដែលប្រទានព្រះវិញ្ញាណដ៏វិសុទ្ធ ឲ្យគង់នៅជាមួយពួកគេ ទ្រង់នៅឯណា? ព្រះអង្គគង់នៅខាងស្ដាំលោកម៉ូសេ ហើយសម្តែងព្រះបារមីដ៏ថ្កុំថ្កើងរុងរឿង ញែកទឹកសមុទ្រនៅមុខប្រជារាស្ត្ររបស់ព្រះអង្គ ដើម្បីឲ្យព្រះនាមព្រះអង្គបានល្បីល្បាញ រហូតតរៀងទៅ។ ព្រះអង្គនាំពួកគេដើរកាត់បាតសមុទ្រ ដូចសេះបោលនៅវាលរហោស្ថាន គេមិនជំពប់ដួលឡើយ។ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់នាំពួកគេឆ្ពោះ ទៅកាន់ទីសម្រាក ដូចហ្វូងចៀមចុះទៅសម្រាក នៅតាមជ្រលងភ្នំដែរ។ ឱព្រះអម្ចាស់អើយ ព្រះអង្គដឹកនាំ ប្រជារាស្ត្ររបស់ព្រះអង្គបែបនេះ ដើម្បីឲ្យព្រះនាមព្រះអង្គបានល្បីល្បាញ ថ្កុំថ្កើងរុងរឿង។
អេសាយ 63:11-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខណៈនោះ រាស្ត្រទ្រង់បាននឹកដល់គ្រាជាន់មុន ហើយពីម៉ូសេដោយថា ព្រះអង្គដែលនាំគេឡើងពីសមុទ្រជាមួយនឹងអ្នកគង្វាលនៃហ្វូងចៀមទ្រង់ តើទ្រង់នៅឯណា ព្រះអង្គដែលដាក់ព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ឲ្យសណ្ឋិតនៅនឹងគេ នោះតើនៅឯណា គឺព្រះអង្គដែលឲ្យព្រះពាហុរុងរឿងឧត្តមរបស់ទ្រង់អមដៃស្តាំម៉ូសេទៅ ជាព្រះដែលញែកទឹកចេញពីគ្នានៅមុខគេ ដើម្បីនឹងធ្វើឲ្យទ្រង់មាននាមដ៏ស្ថិតស្ថេរនៅអស់កល្បតទៅនោះ ជាព្រះដែលនាំគេដើរកាត់ទីជំរៅមិនឲ្យចំពប់ដួលឡើយ ដូចជានាំសេះដើរកាត់ទីរហោស្ថាន ព្រះវិញ្ញាណនៃព្រះយេហូវ៉ាបានឲ្យគេឈប់សំរាក ដូចជាហ្វូងគោដែលចុះទៅក្នុងច្រកភ្នំ គឺយ៉ាងនោះដែលទ្រង់បាននាំរាស្ត្រទ្រង់ ដើម្បីនឹងធ្វើឲ្យព្រះនាមទ្រង់បានរុងរឿងឧត្តម។