អេសាយ 58:1-4

អេសាយ 58:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​ស្រែក​ឲ្យ​ពេញ​បំពង់​ក កុំ​សំចៃ​ឡើយ ចូរ​បន្លឺ​សំឡេង​ឡើង​ដូច​ជា​ត្រែ ហើយ​ប្រកាស​ប្រាប់​ដល់​ប្រជា‌រាស្ត្រ​របស់​យើង ពី​អំពើ​រំលង​របស់​គេ និង​ដល់​ពូជ‌ពង្ស​នៃ​យ៉ាកុប​ពី​អំពើ​បាប​របស់​គេ។ រាល់​តែ​ថ្ងៃ​គេ​ស្វែង​រក​យើង​ជា‌និច្ច ហើយ​ក៏​ពេញ​ចិត្ត​ចង់​ស្គាល់​អស់​ទាំង​ផ្លូវ​របស់​យើង គេ​សូម​សេចក្ដី​វិនិច្ឆ័យ​ដ៏​សុចរិត​ពីយើង ទុក​ដូច​ជា​សាសន៍​ណា​មួយ​ដែល​ប្រព្រឹត្ត​ដោយ​សុចរិត ឥត​បោះ‌បង់​ចោល​សេចក្ដី​យុត្តិ‌ធម៌​របស់​ព្រះ​នៃ​គេ​ឡើយ គេ​រីក‌រាយ​ចិត្ត​ដោយ​ចូល​ទៅ​ជិត​ព្រះ។ គេ​ពោល​ថា យើង​ខ្ញុំ​បាន​តម​អត់ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​មិន​ឃើញ​សោះ? យើង​ខ្ញុំ​បាន​បញ្ឈឺ​ចិត្ត​ខ្លួន ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​មិន​យក​ចិត្ត​ទុក​ដាក់​ដូច្នេះ? នេះ​ព្រោះ​តែ​នៅ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​តម​អត់​នោះ គឺ​អ្នក​ធ្វើ​ដើម្បី​ជា​ប្រយោជន៍​ដល់​ខ្លួន ហើយ​ក៏​សង្កត់‌សង្កិន​ពួក​កម្មករ។ មើល៍ អ្នក​រាល់​គ្នា​តម​អត់​ឲ្យ​តែ​បាន​រឿង​ជជែក និង​ការ​ទាស់​ទែង​គ្នា វាយ​ដំ​ដោយ​អំពើ​អាក្រក់​ប៉ុណ្ណោះ ការ​ដែល​អ្នក​តម​អត់​នៅពេល​នេះ គឺ​មិន​មាន​ប្រយោជន៍​ឲ្យ​សំឡេង​អ្នក បាន​ឮ​ទៅ​ដល់​ស្ថាន​លើ​ឡើយ។

ចែក​រំលែក
អាន អេសាយ 58

អេសាយ 58:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ចូរ​ស្រែក​ឲ្យ​អស់​ទំហឹង កុំ​ញ‌ញើត​ឡើយ! ចូរ​បន្លឺ​សំឡេង​ឲ្យ​លាន់​រំពង​ដូច​ត្រែ ចូរ​ប្រាប់​ប្រជា‌ជន​របស់​យើង​ឲ្យ ស្គាល់​ការ​បះ‌បោរ​របស់​ខ្លួន ចូរ​ប្រាប់​កូន​ចៅ​លោក​យ៉ាកុប ឲ្យ​ស្គាល់​អំពើ​បាប​របស់​គេ​ផង! រៀង​រាល់​ថ្ងៃ គេ​សាក​សួរ ចង់​ស្គាល់​បំណង​របស់​យើង។ គេ​ធ្វើ​ហាក់​ដូច​ជា​ប្រជា‌ជាតិ​មួយ​ដែល ប្រព្រឹត្ត​អំពើ​សុចរិត ឥត​បោះ​បង់​ក្រឹត្យ‌វិន័យ​ព្រះ​របស់​ខ្លួន​ទេ។ គេ​ទាម‌ទារ​សុំ​ឲ្យ​យើង​វិនិច្ឆ័យ​ពួក​គេ តាម​យុត្តិធម៌ ព្រម​ទាំង​ចង់​ឲ្យ​យើង​ស្ថិត​នៅ​ជា​មួយ​គេ។ ពួក​គេ​តែង​ពោល​ថា “យើង​តម​អាហារ​បាន​ប្រយោជន៍​អ្វី បើ​ព្រះអង្គ​មិន​ទត​មើល​ផង​នោះ!។ យើង​បន្ទាប​ខ្លួន​បាន​ប្រយោជន៍​អ្វី បើ​ព្រះអង្គ​មិន​ចាប់​អារម្មណ៍​ផង​នោះ!”។ យើង​ប្រាប់​ពួក​គេ​ឲ្យ​ដឹង​វិញ​ថា «នៅ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​តម​អាហារ អ្នក​រាល់​គ្នា​តែងតែ​ឆ្លៀត​រក​ផល​ប្រយោជន៍ អ្នក​រាល់​គ្នា​វាយ​ធ្វើ​បាប​កម្មករ​ទាំង​អស់ របស់​ខ្លួន​ថែម​ទៀត​ផង។ អ្នក​រាល់​គ្នា​តម​អាហារ ទាំង​រក​រឿង ឈ្លោះ​ប្រកែក និង​វាយ​តប់​គ្នា​យ៉ាង​ឃោរ‌ឃៅ គឺ​អ្នក​រាល់​គ្នា​ពុំ​បាន​តម​អាហារ​ឲ្យ​ស្រប​តាម គោល‌ការណ៍​របស់​ថ្ងៃ​តម​អាហារ ដើម្បី​ឲ្យ​ពាក្យ​ទូល‌អង្វរ​របស់​អ្នក​រាល់​គ្នា លាន់​ឮ​ទៅ​ដល់​យើង​ឡើយ។

ចែក​រំលែក
អាន អេសាយ 58

អេសាយ 58:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​ស្រែក​ឲ្យ​ពេញ​បំពង់​ក កុំ​សំចៃ​ឡើយ ចូរ​បន្លឺ​សំឡេង​ឡើង​ដូច​ជា​ត្រែ ហើយ​ប្រកាស​ប្រាប់​ដល់​រាស្ត្រ​អញ​ពី​អំពើ​រំលង​របស់​គេ នឹង​ដល់​ពូជ‌ពង្ស​នៃ​យ៉ាកុប​ពី​អំពើ​បាប​របស់​គេ រាល់​តែ​ថ្ងៃ គេ​ស្វែង​រក​អញ​ជានិច្ច ហើយ​ក៏​ពេញ​ចិត្ត​ចង់​ស្គាល់​អស់​ទាំង​ផ្លូវ​របស់​អញ គេ​សូម​សេចក្ដី​វិនិច្ឆ័យ​ដ៏​សុចរិត​ពី​អញ ទុក​ដូច​ជា​សាសន៍​ណា​មួយ​ដែល​ប្រព្រឹត្ត​ដោយ​សុចរិត ឥត​បោះ‌បង់​ចោល​សេចក្ដី​យុត្តិ‌ធម៌​របស់​ព្រះ​នៃ​គេ​ឡើយ គេ​រីក‌រាយ​ចិត្ត​ដោយ​ចូល​ទៅ​ជិត​ព្រះ គេ​ពោល​ថា យើង​ខ្ញុំ​បាន​តម​អត់ ហេតុ​អ្វី​បាន​ជា​ទ្រង់​មិន​ឃើញ​សោះ យើង​ខ្ញុំ​បាន​បញ្ឈឺ​ចិត្ត​ខ្លួន ហេតុ​អ្វី​បាន​ជា​ទ្រង់​មិន​យក​ចិត្ត​ទុក​ដាក់​ដូច្នេះ នេះ​ពី​ព្រោះ​តែ​នៅ​ថ្ងៃ​ដែល​ឯង​រាល់​គ្នា​តម​អត់​នោះ គឺ​ឯង​ធ្វើ​ដើម្បី​ជា​ប្រយោជន៍​ដល់​ខ្លួន​វិញ ហើយ​ក៏​សង្កត់‌សង្កិន​ពួក​អ្នក​ដែល​ធ្វើ​ការ​ឈ្នួល​ផង មើល ឯង​រាល់​គ្នា​តម​អត់​ឲ្យ​តែ​បាន​រឿង​ជជែក នឹង​ការ​ទាស់‌ទែង​គ្នា ហើយ​វាយ‌ដំ​ដោយ​អំពើ​អាក្រក់​ប៉ុណ្ណោះ ការ​ដែល​ឯង​តម​អត់​នោះ គឺ​មិន​មែន​មាន​ប្រយោជន៍​ឲ្យ​សំឡេង​ឯង​បាន​ឮ​ទៅ​ដល់​ស្ថាន​លើ​ឡើយ

ចែក​រំលែក
អាន អេសាយ 58