អេសាយ 58

58
របៀប​ថ្វាយ​បង្គំខុសឆ្គង និង​របៀប​ថ្វាយបង្គំត្រឹមត្រូវ
1ចូរ​ស្រែក​ឲ្យ​ពេញ​បំពង់​ក កុំ​សំចៃ​ឡើយ
ចូរ​បន្លឺ​សំឡេង​ឡើង​ដូច​ជា​ត្រែ
ហើយ​ប្រកាស​ប្រាប់​ដល់​ប្រជា‌រាស្ត្រ​របស់​យើង
ពី​អំពើ​រំលង​របស់​គេ
និង​ដល់​ពូជ‌ពង្ស​នៃ​យ៉ាកុប​ពី​អំពើ​បាប​របស់​គេ។
2រាល់​តែ​ថ្ងៃ​គេ​ស្វែង​រក​យើង​ជា‌និច្ច
ហើយ​ក៏​ពេញ​ចិត្ត​ចង់​ស្គាល់​អស់​ទាំង​ផ្លូវ​របស់​យើង
គេ​សូម​សេចក្ដី​វិនិច្ឆ័យ​ដ៏​សុចរិត​ពីយើង
ទុក​ដូច​ជា​សាសន៍​ណា​មួយ​ដែល​ប្រព្រឹត្ត​ដោយ​សុចរិត
ឥត​បោះ‌បង់​ចោល​សេចក្ដី​យុត្តិ‌ធម៌​របស់​ព្រះ​នៃ​គេ​ឡើយ
គេ​រីក‌រាយ​ចិត្ត​ដោយ​ចូល​ទៅ​ជិត​ព្រះ។
3គេ​ពោល​ថា យើង​ខ្ញុំ​បាន​តម​អត់
ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​មិន​ឃើញ​សោះ?
យើង​ខ្ញុំ​បាន​បញ្ឈឺ​ចិត្ត​ខ្លួន
ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​មិន​យក​ចិត្ត​ទុក​ដាក់​ដូច្នេះ?
នេះ​ព្រោះ​តែ​នៅ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​តម​អត់​នោះ
គឺ​អ្នក​ធ្វើ​ដើម្បី​ជា​ប្រយោជន៍​ដល់​ខ្លួន
ហើយ​ក៏​សង្កត់‌សង្កិន​ពួក​កម្មករ។
4មើល៍ អ្នក​រាល់​គ្នា​តម​អត់​ឲ្យ​តែ​បាន​រឿង​ជជែក
និង​ការ​ទាស់​ទែង​គ្នា
វាយ​ដំ​ដោយ​អំពើ​អាក្រក់​ប៉ុណ្ណោះ
ការ​ដែល​អ្នក​តម​អត់​នៅពេល​នេះ
គឺ​មិន​មាន​ប្រយោជន៍​ឲ្យ​សំឡេង​អ្នក
បាន​ឮ​ទៅ​ដល់​ស្ថាន​លើ​ឡើយ។
5តើ​ការ​តម​អត់ដែល​យើងពេញ​ចិត្ត
ជា​ថ្ងៃ​ដែល​មនុស្ស​បញ្ឈឺ​ចិត្ត​ខ្លួន​ឬ?
គឺ​គ្រាន់​តែ​ឱន​ក្បាល​ដូច​ជា​ដើម​បបុស
ហើយ​ក្រាល​សំពត់​ធ្មៃ និង​រោយ​ផេះ​នៅ​ក្រោម​ខ្លួន
តើ​ធ្វើ​បុណ្ណឹង​ល្មម​ឬ? នេះ​ឬ​ដែល​អ្នក​ហៅ​ថា ការ​តម​អត់
ជា​ថ្ងៃ​ដែល​គួរ​ឲ្យ​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ​នោះ?
6តើ​មិន​មែន​ជា​ការ​តម​អត់​យ៉ាង​នេះ​វិញ
ដែល​យើង​ពេញ​ចិត្ត​ទេ​ឬ គឺ​ឲ្យ​ដោះ​ច្រវាក់
ដែល​អ្នក​ដាក់​គេ​ដោយ​អំពើ​អាក្រក់
ឲ្យ​ស្រាយ​ចំណង​ដែល​អ្នក​បាន​ចង​គេ
ហើយ​ឲ្យ​អ្នក​ដែល​អ្នក​បាន​សង្កត់‌សង្កិន
បាន​រួច​ចេញ​ទទេ ព្រម​ទាំង​បំបាក់​គ្រប់​ទាំង​នឹម​ផង
7តើ​មិន​មែន​ជា​ការ​ចែក​អាហារ​ដល់​អ្នក​ស្រែក​ឃ្លាន
ហើយ​នាំ​មនុស្ស​ក្រ​ដែល​ត្រូវ​ដេញ​ពី​ផ្ទះ​គេ​មក​ឯ​ផ្ទះ​អ្នក​ទេ​ឬ?
ឬ​បើ​កាល​ណា​អ្នក​ឃើញ​មនុស្ស​ឥត​មាន​សម្លៀក‌បំពាក់
តើ​អ្នក​មិន​ឲ្យ​បិទ​បាំងទេឬ?
ឬឥត​ដែល​ពួន​ពី​សាច់‌ញាតិ​របស់​អ្នក​ទេ​ឬ?
8ពេល​នោះ ទើប​ពន្លឺ​របស់​អ្នក
នឹង​លេច​មក​ដូច​ជា​អរុណ​រស្មី
ហើយ​សេចក្ដី​សុខ​ស្រួល​របស់​អ្នក
នឹង​លេច​ឡើង​ជា​យ៉ាង​ឆាប់
ឯ​សេចក្ដី​សុចរិត​របស់​អ្នក នឹង​នាំ​មុខ​អ្នក
ហើយ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​នឹង​ការពារ​អ្នក។
9គ្រា​នេះ បើ​អ្នក​អំពាវ‌នាវ ព្រះ‌យេហូវ៉ា​នឹង​តប​ឆ្លើយ
បើ​អ្នក​ស្រែក​រក នោះ​ព្រះ‌អង្គ​នឹង​មាន​ព្រះ‌បន្ទូល​ថា
យើង​នៅ​ឯ​ណេះ​ហើយ
គឺ​បើ​អ្នក​ដក​នឹម​របស់​អ្នក​ចេញ
លែង​គំរាម​កំហែង ព្រម​ទាំងឈប់និយាយ​កាច​អាក្រក់
10ហើយ​បើ​អ្នក​ផ្តល់​សេចក្ដី​សប្បុរស
ដល់​មនុស្ស​ស្រេក​ឃ្លាន
ទាំង​ចម្អែត​ចិត្ត​នៃ​អ្នក​ដែល​មាន​ទុក្ខ​វេទនា
នោះ​ពន្លឺ​របស់​អ្នក​នឹង​ភ្លឺ​ឡើង​ក្នុង​ទី​ងងឹត
ហើយ​សេចក្ដី​ងងឹត​របស់​អ្នក​នឹង​បាន​ភ្លឺ
ដូច​ជា​វេលា​ថ្ងៃ​ត្រង់
11ព្រះ‌យេហូវ៉ា​នឹង​នាំ​ផ្លូវ​អ្នក​ជា‌និច្ច
ហើយ​ចម្អែត​ព្រលឹង​អ្នក​នៅ​ក្នុង​ទី​ហួត‌ហែង
ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​ឆ្អឹង​អ្នក​បាន​មាំ‌មួន
អ្នក​នឹង​បាន​ដូច​ជា​សួន‌ច្បារ​ដែល​គេ​ស្រោច​ទឹក
ហើយ​ដូច​ជា​ក្បាល​ទឹក​ដែល​មិន​ខាន​ហូរ​ឡើយ។
12ហើយ​ពួក​អ្នក​ដែល​នឹង​កើត​ពី​អ្នក​មក
គេ​នឹង​សង់​ទី​ចាស់​ដែល​ខូច‌បង់​ឡើង​ជា​ថ្មី
អ្នក​នឹង​សង់​ឡើង​លើ​ជើង​ជញ្ជាំង
ដែល​មាន​នៅ​តាំង​ពី​ច្រើន​តំណ​ត​មក​ហើយ
ក៏​នឹង​មាន​ឈ្មោះ​ថា ជា​អ្នក​ជួស‌ជុល​ទី​បាក់​បែក
គឺ​ជា​អ្នក​ដែល​រៀបចំ​ផ្លូវ​ទៅ​ឯ​ទី​លំនៅ​ឡើង​វិញ។
13បើ​អ្នក​ឃាត់​ជើង​អ្នក មិន​ឲ្យ​បែរ​ចេញ​ពី​ថ្ងៃសប្ប័ទ
គឺ​មិន​ឲ្យ​ធ្វើ​តាម​អំពើ​ចិត្ត​នៅ​ថ្ងៃ​បរិសុទ្ធ​របស់​យើង
បើ​អ្នក​រាប់​ថ្ងៃ​ឈប់​សម្រាក​ទុក​ជា​ទី​រីក‌រាយ​ចិត្ត
ហើយ​លើក​ថ្ងៃ​បរិសុទ្ធ​របស់​ព្រះ‌យេហូវ៉ា
ទុក​ជា​ថ្ងៃ​គួរ​គោរព
ព្រម​ទាំង​ប្រតិ‌បត្តិ​តាម ឥត​ធ្វើ​តាម​អំពើ​ចិត្ត​របស់​ខ្លួន
ឬ​ស្វែង​រក​អំណរ​ដល់​ខ្លួន​អ្នក ឬ​ពោល​តែ​ពាក្យ​របស់​ខ្លួន
14គ្រា​នោះ អ្នក​នឹង​បាន​ចិត្ត​រីក‌រាយ​ក្នុង​ព្រះ‌យេហូវ៉ា
ហើយ​យើង​នឹង​បញ្ជិះ​អ្នក​នៅ​លើ​ទី​ខ្ពស់​នៃ​ផែនដី
ហើយ​នឹង​ចិញ្ចឹម​អ្នក​ដោយ​មត៌ក​របស់​យ៉ាកុប
ជា​បុព្វ‌បុរស​អ្នក
ដ្បិត​ព្រះ‌ឧស្ឋ​នៃ​ព្រះ‌យេហូវ៉ា​បាន​ចេញ​វាចា​ហើយ។

ទើបបានជ្រើសរើសហើយ៖

អេសាយ 58: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ