អេសាយ 5:1-7

អេសាយ 5:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ខ្ញុំ​សូម​ច្រៀង​បទ​ថ្វាយ​ស្ងួន​សម្លាញ់​របស់​ខ្ញុំ គឺ​ជា​បទ​ចម្រៀង ច្រៀង​ពី​ស្ងួន​សម្លាញ់​ខ្ញុំ អំពី​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​ទ្រង់​ថា ស្ងួន​សម្លាញ់​ខ្ញុំ​មាន​ចម្ការ​ទំពាំង‌បាយ‌ជូរ នៅ​លើ​ភ្នំ ដែល​មាន​ជី​ជាតិ។ ទ្រង់​ក៏​កាប់​គាស់​ដី ហើយ​រើស​យក​ដុំ​ថ្ម​ចេញ រួច​ទ្រង់​ដាំ​ទំពាំង‌បាយ‌ជូរ​យ៉ាង​ល្អ​បំផុត ក៏​សង់​ប៉ម​មួយ​នៅចំ​កណ្ដាល ហើយ​ធ្វើ​ធុង​ឃ្នាប​គាប​ផ្លែ​ផង ក្រោយ​នោះ ទ្រង់​ប្រាថ្នា​ចង់​ឲ្យ​ទំពាំង‌បាយ‌ជូរ កើត​ផល តែ​បាន​កើត​ផល​ក្លាយ​ជា ទំពាំង‌បាយ‌ជូរ​ព្រៃ​ទៅ​វិញ។ ឥឡូវ​នេះ ឱ​ពួក​ក្រុង​យេរូ‌សាឡិម និង​ជន​ជាតិ​យូដា​អើយ សូម​វិនិច្ឆ័យ​រឿង​របស់​ខ្ញុំ និង​ចម្ការ​ទំពាំង‌បាយ‌ជូរ​នេះ។ តើ​គួរ​ឲ្យ​យើង​ធ្វើ​អ្វី​ទៀត​ដល់​ចម្ការ ទំពាំង‌បាយ‌ជូរ​របស់​យើង ដែល​យើង​លះ‌បង់​មិន​បាន​ធ្វើ​នោះ ដូច្នេះ កាល​យើង​ប្រាថ្នា​ឲ្យ​កើត​មាន​ផល​ល្អ ម្តេច​ក៏​ក្លាយ​ទៅ​ជា​មាន​ផ្លែ​ទំពាំង‌បាយ‌ជូរ​ព្រៃ​វិញ? ឥឡូវ​នេះ យើង​នឹង​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​ដឹង​ថា យើង​នឹង​ធ្វើ​អ្វី​ដល់​ចម្ការ​ទំពាំង‌បាយ‌ជូរ របស់​យើង​នោះ គឺ​យើង​នឹង​រើ​របង​ចេញ នោះ​សត្វ​នឹង​ចូល​ស៊ី​បំផ្លាញ យើង​នឹង​រំលំ​កំផែង​ចេញ នោះ​ចម្ការ​នឹង​ត្រូវ​ជាន់​ឈ្លី​ទៅ។ យើង​នឹង​បំផ្លាញ​អស់​រលីង នឹង​គ្មាន​អ្នក​ណា​កាត់​លួស ឬ​ជ្រួយ​ដី​ទៀត​ឡើយ គឺ​នឹង​កើត​មាន​អញ្ចាញ ហើយ​នឹង​បន្លា​ដុះ​ឡើង​វិញ ហើយ​យើង​នឹង​បង្គាប់​ដល់​មេឃ ហាម​មិន​ឲ្យ​ធ្លាក់​ភ្លៀង​មក​លើ​ចម្ការ​នោះ​ត​ទៅ ពី​ព្រោះ​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ នោះ​គឺ​ជា​ពូជ‌ពង្ស​របស់​អ៊ីស្រា‌អែល និង​ពួក​យូដា ជា​ដំណាំ​ដែល​គាប់​ដល់ ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ប្រាថ្នា​ចង់​បាន​សេចក្ដី​យុត្តិ‌ធម៌ តែ​មើល៍! បាន​តែ​ការ​កម្ចាយ​ឈាម ក៏​ប្រាថ្នា​ចង់​បាន​សេចក្ដី​សុចរិត​ដែរ តែ​បាន​សម្រែក​គ្រលួច​វិញ។

ចែក​រំលែក
អាន អេសាយ 5

អេសាយ 5:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​សូម​ច្រៀង​បទ​មួយ ក្នុង​នាម​មិត្ត​របស់​ខ្ញុំ ជា​បទ​ចម្រៀង​ស្ដី​អំពី​មិត្ត​សម្លាញ់​របស់​ខ្ញុំ និង​ចម្ការ​ទំពាំង‌បាយជូរ​របស់​គាត់។ មិត្ត​សម្លាញ់​របស់​ខ្ញុំ​មាន ចម្ការ​ទំពាំង‌បាយជូរ​មួយ នៅ​លើ​ជម្រាល​ភ្នំ​ដែល​មាន​ជីជាតិ​ល្អ គាត់​បាន​កាប់​គាស់​ដី រើស​ដុំ​ថ្ម​ចេញ ហើយ​ដាំ​ទំពាំង‌បាយជូរ​ពូជ​ល្អ​បំផុត។ គាត់​បាន​សង់​ខ្ទម និង​ជីក​កន្លែង​បញ្ជាន់​ផ្លែ នៅ​កណ្ដាល​ចម្ការ​នោះ គាត់​នឹក​សង្ឃឹម​ថា​នឹង​បាន​ផ្លែ​ល្អ តែ​ចម្ការ​នោះ បែរ​ជា​បង្កើត​សុទ្ធ​តែ​ផ្លែ​មិន​ល្អ​ទៅ​វិញ។ មិត្ត​របស់​ខ្ញុំ​ក៏​ពោល​ឡើង​ថា៖ អ្នក​ក្រុង​យេរូ‌សាឡឹម និង​អ្នក​ស្រុក​យូដា​អើយ សូម​ជួយ​វិនិច្ឆ័យ​រឿង​ខ្ញុំ និង​ចម្ការ​ទំពាំង‌បាយជូរ​របស់​ខ្ញុំ​ផង។ ខ្ញុំ​បាន​ធ្វើ​ការ​សព្វ​គ្រប់​ទាំង​អស់​ចំពោះ​ចម្ការ នេះ​ហើយ តើ​នៅ​ខ្វះ​អ្វី​ទៀត? ខ្ញុំ​នឹក​សង្ឃឹម​ថា​នឹង​បាន​ផ្លែ​ទំពាំង‌បាយជូរ​ល្អ តែ​ហេតុ​ដូច​ម្ដេច​បាន​ជា​ចម្ការ​ខ្ញុំ បង្កើត​សុទ្ធ​តែ ផ្លែ​មិន​ល្អ​ទៅ​វិញ​ដូច្នេះ? ឥឡូវ​នេះ ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​ដឹង អំពី​ការ​ដែល​ខ្ញុំ​បម្រុង​នឹង​ធ្វើ​ទៅ​លើ​ចម្ការ​នេះ គឺ​ខ្ញុំ​នឹង​រើ​របង​ចេញ ឲ្យ​សត្វ​ចូល​ស៊ី​បំផ្លាញ ខ្ញុំ​នឹង​ទម្លុះ​ជញ្ជាំង ឲ្យ​គេ​ចូល​ជាន់​ឈ្លី។ ខ្ញុំ​បំផ្លាញ​វា​ឲ្យ​ដូច​ចម្ការ​ដែល គេ​បោះ​បង់​ចោល គ្មាន​អ្នក​ណា​លួស​មែក គ្មាន​អ្នក​ណា​ជ្រួយ​ដី​ទៀត​ឡើយ គឺ​មាន​តែ​រពាក់ បន្លា​ដុះ​ពាស‌ពេញ ខ្ញុំ​នឹង​ហាម​ពពក​មិន​ឲ្យ​បង្អុរ​ភ្លៀង មក​លើ​ចម្ការ​នេះ​ត​ទៅ​ទៀត​ឡើយ។ ចម្ការ​ទំពាំង‌បាយជូរ​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល គឺ​ប្រជា‌ជាតិ​អ៊ីស្រា‌អែល ដើម​ទំពាំង‌បាយជូរ​ដែល​ព្រះអង្គ​ស្រឡាញ់ គឺ​ប្រជា‌ជន​យូដា។ ព្រះអង្គ​នឹក​សង្ឃឹម​ថា​ពួក​គេ​នឹង ប្រព្រឹត្ត​អំពើ​យុត្តិធម៌ តែ​ពួក​គេ​បែរ​ជា​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ព្រះអង្គ​នឹក​សង្ឃឹម​ថា​ពួក​គេ​នឹង ប្រព្រឹត្ត​អំពើ​សុចរិត តែ​ព្រះអង្គ​បែរ​ឮ​ស្នូរ​សម្រែក របស់​អ្នក​ដែល​ត្រូវ​គេ​ជិះ‌ជាន់​ទៅ​វិញ។

ចែក​រំលែក
អាន អេសាយ 5

អេសាយ 5:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខ្ញុំ​សូម​ច្រៀង​បទ​ថ្វាយ​ស្ងួន​សំឡាញ់​របស់​ខ្ញុំ គឺ​ជា​បទ​ចំរៀង ច្រៀង​ពី​ស្ងួន​សំឡាញ់​ខ្ញុំ ខាង​ឯ​ចំការ​ទំពាំង‌បាយ‌ជូរ​របស់​ទ្រង់​ថា- ស្ងួន​សំឡាញ់​ខ្ញុំ ទ្រង់​មាន​ចំការ​ទំពាំង‌បាយ‌ជូរ​នៅ​លើ​ភ្នំ ដែល​មាន​ជី​ជាតិ ទ្រង់​ក៏​កាប់​គាស់​ដី ហើយ​រើស​យក​ដុំ​ថ្ម​ចេញ រួច​ទ្រង់​ដាំ​ទំពាំង‌បាយ‌ជូរ​យ៉ាង​ល្អ​បំផុត ក៏​សង់​ប៉ម​១​នៅ​ជា​កណ្តាល ហើយ​ធ្វើ​ធុង​ឃ្នាប​គាប​ផ្លែ​ផង ក្រោយ​នោះ ទ្រង់​ប្រាថ្នា​ចង់​ឲ្យ​ទំពាំង‌បាយ‌ជូរ​នោះ​កើត​ផល តែ​បាន​កើត​ផល​ក្លាយ​ជា​ទំពាំង‌បាយ‌ជូរ​ព្រៃ​វិញ។ ឥឡូវ​នេះ ឱ​ពួក​ក្រុង​យេរូ‌សាឡិម នឹង​ជន‌ជាតិ​យូដា​អើយ សូម​វិនិច្ឆ័យ​រឿង​អញ​ដែល​កើត​ក្តី​នឹង​ចំការ​ទំពាំង‌បាយ‌ជូរ​របស់​អញ​នេះ​ចុះ តើ​គួរ​ឲ្យ​អញ​ធ្វើ​អ្វី​ទៀត​ដល់​ចំការ​ទំពាំង‌បាយ‌ជូរ​របស់​អញ ដែល​អញ​លះ‌បង់​មិន​បាន​ធ្វើ​នោះ ដូច្នេះ កាល​អញ​ប្រាថ្នា​ឲ្យ​កើត​មាន​ផល​ល្អ ម្តេច​ក៏​ក្លាយ​ទៅ​ជា​មាន​ផ្លែ​ទំពាំង‌បាយ‌ជូរ​ព្រៃ​វិញ ឥឡូវ​នេះ អញ​នឹង​ប្រាប់​ឲ្យ​ឯង​រាល់​គ្នា​ដឹង​ជា​អញ​នឹង​ធ្វើ​អ្វី​ដល់​ចំការ​ទំពាំង‌បាយ‌ជូរ​របស់​អញ​នោះ គឺ​អញ​នឹង​រើ​របង​ចេញ នោះ​សត្វ​នឹង​ចូល​ស៊ី​បំផ្លាញ អញ​នឹង​រំលំ​កំផែង​ចេញ នោះ​ចំការ​នឹង​ត្រូវ​ជាន់​ឈ្លី​ទៅ អញ​នឹង​បំផ្លាញ​អស់​រលីង នឹង​គ្មាន​អ្នក​ណា​កាត់​លួស ឬ​ជ្រួយ​ដី​ទៀត​ឡើយ គឺ​នឹង​កើត​មាន​អញ្ចាញ ហើយ​នឹង​បន្លា​ដុះ​ឡើង​វិញ ហើយ​អញ​នឹង​បង្គាប់​ដល់​មេឃ ហាម​មិន​ឲ្យ​ធ្លាក់​ភ្លៀង​មក​លើ​ចំការ​នោះ​ត​ទៅ ពី​ព្រោះ​ចំការ​ទំពាំង‌បាយ‌ជូរ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ នោះ​គឺ​ជា​ពូជ‌ពង្ស​របស់​អ៊ីស្រាអែល នឹង​ពួក​យូដា ជា​ដំណាំ​ដែល​គាប់​ដល់​ព្រះ‌នេត្រ​ទ្រង់ ហើយ​ទ្រង់​ប្រាថ្នា​ចង់​បាន​សេចក្ដី​យុត្តិ‌ធម៌ តែ​មើល បាន​តែ​ការ​កំចាយ​ឈាម​វិញ ក៏​ប្រាថ្នា​ចង់​បាន​សេចក្ដី​សុចរិត​ដែរ តែ​មើល​បាន​តែ​សំរែក​ក្រលួច​វិញ។

ចែក​រំលែក
អាន អេសាយ 5