អេសាយ 5
5
ចម្រៀងអំពីចម្ការទំពាំងបាយជូរមិនបង្កើតផល
1ខ្ញុំសូមច្រៀងបទថ្វាយស្ងួនសម្លាញ់របស់ខ្ញុំ
គឺជាបទចម្រៀង ច្រៀងពីស្ងួនសម្លាញ់ខ្ញុំ
អំពីចម្ការទំពាំងបាយជូររបស់ទ្រង់ថា
ស្ងួនសម្លាញ់ខ្ញុំមានចម្ការទំពាំងបាយជូរ
នៅលើភ្នំ ដែលមានជីជាតិ។
2ទ្រង់ក៏កាប់គាស់ដី ហើយរើសយកដុំថ្មចេញ
រួចទ្រង់ដាំទំពាំងបាយជូរយ៉ាងល្អបំផុត
ក៏សង់ប៉មមួយនៅចំកណ្ដាល
ហើយធ្វើធុងឃ្នាបគាបផ្លែផង
ក្រោយនោះ ទ្រង់ប្រាថ្នាចង់ឲ្យទំពាំងបាយជូរ
កើតផល តែបានកើតផលក្លាយជា
ទំពាំងបាយជូរព្រៃទៅវិញ។
3ឥឡូវនេះ ឱពួកក្រុងយេរូសាឡិម
និងជនជាតិយូដាអើយ
សូមវិនិច្ឆ័យរឿងរបស់ខ្ញុំ
និងចម្ការទំពាំងបាយជូរនេះ។
4តើគួរឲ្យយើងធ្វើអ្វីទៀតដល់ចម្ការ
ទំពាំងបាយជូររបស់យើង
ដែលយើងលះបង់មិនបានធ្វើនោះ
ដូច្នេះ កាលយើងប្រាថ្នាឲ្យកើតមានផលល្អ
ម្តេចក៏ក្លាយទៅជាមានផ្លែទំពាំងបាយជូរព្រៃវិញ?
5ឥឡូវនេះ យើងនឹងប្រាប់អ្នករាល់គ្នាឲ្យដឹងថា
យើងនឹងធ្វើអ្វីដល់ចម្ការទំពាំងបាយជូរ
របស់យើងនោះ គឺយើងនឹងរើរបងចេញ
នោះសត្វនឹងចូលស៊ីបំផ្លាញ
យើងនឹងរំលំកំផែងចេញ
នោះចម្ការនឹងត្រូវជាន់ឈ្លីទៅ។
6យើងនឹងបំផ្លាញអស់រលីង
នឹងគ្មានអ្នកណាកាត់លួស
ឬជ្រួយដីទៀតឡើយ
គឺនឹងកើតមានអញ្ចាញ
ហើយនឹងបន្លាដុះឡើងវិញ
ហើយយើងនឹងបង្គាប់ដល់មេឃ
ហាមមិនឲ្យធ្លាក់ភ្លៀងមកលើចម្ការនោះតទៅ
7ពីព្រោះចម្ការទំពាំងបាយជូររបស់ព្រះយេហូវ៉ា
នៃពួកពលបរិវារ
នោះគឺជាពូជពង្សរបស់អ៊ីស្រាអែល
និងពួកយូដា ជាដំណាំដែលគាប់ដល់
ព្រះនេត្ររបស់ព្រះអង្គ
ហើយព្រះអង្គប្រាថ្នាចង់បានសេចក្ដីយុត្តិធម៌
តែមើល៍! បានតែការកម្ចាយឈាម
ក៏ប្រាថ្នាចង់បានសេចក្ដីសុចរិតដែរ
តែបានសម្រែកគ្រលួចវិញ។
ប្រកាសពីអំពើអយុត្តិធម៌របស់សង្គម
8វេទនាហើយ ពួកអ្នកដែលយកផ្ទះគេ
មកភ្ជាប់ធ្វើជាផ្ទះរបស់ខ្លួន
ហើយប្រមូលស្រែចម្ការតៗគ្នា
ឥតមានចន្លោះណាសោះ
នោះបណ្ដាលឲ្យអ្នករាល់គ្នា
រស់នៅតែឯងក្នុងស្រុកនោះ។
9ព្រះយេហូវ៉ានៃពួកពលបរិវារ
មានព្រះបន្ទូលដាក់ត្រចៀកខ្ញុំថា៖
ពិតប្រាកដជាផ្ទះជាច្រើននោះនឹងត្រូវចោលទទេ
គឺជាផ្ទះធំល្អ ឥតមានអ្នកណានៅឡើយ។
10ដ្បិតចម្ការបីហិចតានឹងបានទឹកទំពាំងបាយជូរ
តែមួយបាថ ហើយពូជមួយហូមើរ
នឹងបានផលតែមួយអេផា ប៉ុណ្ណោះ។
11វេទនាដល់ពួកអ្នកដែលក្រោកឡើង
ពីព្រលឹមស្រាង ដើម្បីតែនឹងរកគ្រឿងស្រវឹង
ហើយអត់ងងុយដរាបដល់យប់ជ្រៅ
ទាល់តែឆេះរោលរាល
ដោយសារស្រាទំពាំងបាយជូរ។
12ជាពួកអ្នកដែលមានស៊ុង ពិណ ក្រាប់ ខ្លុយ
និងស្រាទំពាំងបាយជូរក្នុងការស៊ីលៀងរបស់គេ
តែគេមិនយកចិត្តទុកដាក់
ចំពោះស្នាដៃរបស់ព្រះយេហូវ៉ាទេ
ក៏មិនពិចារណាពីការដែលព្រះហស្ត
របស់ព្រះអង្គធ្វើដែរ។
13ហេតុនោះបានជាប្រជារាស្ត្ររបស់យើង
បានត្រូវចាប់ទៅជាឈ្លើយ
គឺដោយព្រោះគេខ្វះប្រាជ្ញា
ពួកអ្នករុងរឿងត្រូវអត់ឃ្លានរហិតរហៃទៅ
ហើយពួកបណ្ដាជនណែនណាន់
ក៏ខះកដោយស្រេកទឹក។
14ដូច្នេះ ស្ថានឃុំព្រលឹងមនុស្សស្លាប់
បានរីកធំឡើង
ព្រមទាំងហាមាត់យ៉ាងធំហួសប្រមាណ
ឯពួកអភិជន និងបណ្ដាជនច្រើនកុះករ
ពួកអ៊ឹកធឹក និងពួកអ្នកដែលរីករាយសប្បាយ
ក្នុងក្រុងយេរូសាឡិម នឹងចុះទៅស្ថាននោះ។
15មនុស្សជាន់ទាបត្រូវឱនចុះ
ហើយមនុស្សជាន់ខ្ពស់ក៏ត្រូវបន្ទាបដែរ
ឯភ្នែករបស់អ្នកមានឫកខ្ពស់នឹងត្រូវសំយុងជ្រប់។
16តែព្រះយេហូវ៉ានៃពួកពលបរិវារ
ព្រះអង្គបានតម្កើងឡើងដោយសេចក្ដីយុត្តិធម៌
គឺព្រះដ៏បរិសុទ្ធបានរាប់ជាបរិសុទ្ធ
ដោយសេចក្ដីសុចរិតវិញ។
17នៅគ្រានោះ កូនចៀមនឹងរកស៊ីនៅគ្រប់កន្លែង
ដូចជានៅវាលស្មៅរបស់វា
ឯមនុស្សដទៃគេនឹងត្របាក់លេបទ្រព្យសម្បត្តិ
បាក់បែករបស់ពួកអ្នកស្តុកស្តម្ភ។
18វេទនាដល់ពួកអ្នកដែលអូសទាញអំពើទុច្ចរិត
ដោយខ្សែជាសេចក្ដីភូតភរ
ហើយអំពើបាប ដោយខ្សែលាមរទេះ
19ជាពួកអ្នកដែលថា ចូរឲ្យព្រះអង្គប្រញាប់ឡើង
ឲ្យព្រះអង្គបង្ហើយការឲ្យឆាប់ចុះ
ដើម្បីឲ្យយើងបានឃើញនឹងភ្នែក
ចូរឲ្យគំនិតរបស់ព្រះដ៏បរិសុទ្ធ
នៃសាសន៍អ៊ីស្រាអែលចូលមកជិត
ហើយមកដល់ចុះ ឲ្យយើងបានស្គាល់ផង។
20វេទនាដល់ពួកអ្នក
ដែលរាប់សេចក្ដីអាក្រក់ថាជាល្អ
ហើយសេចក្ដីល្អថាជាអាក្រក់វិញ
ជាពួកអ្នកដែលយកសេចក្ដីងងឹតជាពន្លឺ
ហើយយកពន្លឺជាងងឹត
ក៏យកសេចក្ដីជូរចត់ជាផ្អែម
ហើយយកផ្អែមជាជូរចត់វិញ
21វេទនាដល់ពួកអ្នកដែលរាប់ខ្លួន ជាមានប្រាជ្ញា
ហើយស្មានថាខ្លួនគេមានគំនិតស្រួច
22វេទនាដល់ពួកអ្នកដែលប៉ិនប្រសប់
នឹងផឹកស្រាទំពាំងបាយជូរ
និងអ្នកដែលខ្លាំងពូកែក្នុងការលាយគ្រឿងស្រវឹង
23ជាពួកអ្នកដែលស៊ីសំណូក
ដើម្បីរាប់មនុស្សអាក្រក់ថាជាសុចរិតវិញ
ហើយដកសេចក្ដីសុចរិត
របស់មនុស្សសុចរិតចេញ។
ទំនាយអំពីពួកប្រទេសក្រៅមកលុកលុយ
24ហេតុដូច្នោះ បែបដូចជាអណ្ដាតភ្លើង
ឆេះបន្សុសជញ្ជ្រាំង
ហើយស្មៅក្រៀមស្រុតចុះក្នុងភ្លើងយ៉ាងណា
នោះឫសរបស់ពួកអ្នកទាំងនោះ
នឹងបានដូចជាអ្វីៗដែលពុករលួយ
ហើយផ្ការបស់គេនឹងហុយឡើង
ដូចជាធូលីយ៉ាងនោះដែរ
ដ្បិតគេបានលះចោលបញ្ញត្តិច្បាប់
របស់ព្រះយេហូវ៉ានៃពួកពលបរិវារ
ព្រមទាំងមើលងាយចំពោះព្រះបន្ទូល
របស់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលទៀត។
25ហេតុនោះ សេចក្ដីក្រោធរបស់ព្រះយេហូវ៉ា
បានឆេះឡើងទាស់នឹងប្រជារាស្ត្រនៃព្រះអង្គ
ហើយព្រះអង្គបានលូកព្រះហស្តមកវាយគេ
ឯភ្នំទាំងប៉ុន្មានក៏ញ័រ
ហើយខ្មោចគេបានត្រឡប់ដូចជាសំរាម
នៅកណ្ដាលផ្លូវទាំងប៉ុន្មាន
ទោះបើយ៉ាងនោះក៏ដោយ
គង់តែសេចក្ដីក្រោធរបស់ព្រះអង្គ
មិនទាន់បែរចេញទាំងអស់ទៅដែរ
គឺព្រះហស្តរបស់ព្រះអង្គចេះតែលូកមកទៀត។
26ព្រះអង្គនឹងលើកទង់ជ័យសម្រាប់ពួកសាសន៍
ដែលនៅទីឆ្ងាយ
ហើយហួចហៅឲ្យមកពីចុងផែនដី
នោះពួកខ្មាំងនឹងខំសង្វាតមកដោយប្រញាប់។
27ឥតមានអ្នកណាមួយអស់កម្លាំង
ឬចំពប់ជើងឡើយ
ឥតមានអ្នកណាមួយងុយងោក ឬដេកលក់
ក៏ឥតមានអ្នកណាមួយបន្ធូរខ្សែក្រវាត់
ឬស្រាយខ្សែស្បែកជើងដែរ។
28ជាពួកអ្នកដែលមានព្រួញមុតណាស់
ហើយធ្នូទាំងអស់ក៏ដំឡើងជាស្រេច
ឯក្រចកសេះនឹងបានរាប់ជាថ្មភ្លើង
ហើយកង់រទេះរបស់គេក៏ដូចជាខ្យល់កួច។
29សូរសន្ធឹករបស់ពួកនោះ
នឹងដូចជាសូរគ្រហឹមរបស់មេសិង្ហ
គេនឹងគ្រហឹមដូចជាកូនសិង្ហ
គេនឹងគ្រហឹម ហើយចាប់រំពាយកទៅ
ឥតមានអ្នកណាជួយឲ្យរួចបានឡើយ។
30នៅគ្រានោះ គេនឹងគ្រហឹមដាក់ពួកអ្នកទាំងនោះឲ្យឮ
ដូចជាសូរគ្រាំគ្រេងនៃសមុទ្រ
ហើយបើអ្នកណាមើលទៅក្នុងស្រុក
នោះនឹងឃើញមានតែងងឹត
និងសេចក្ដីវេទនាទទេ
ហើយពន្លឺដែលនៅលើមេឃ
នឹងងងឹតសូន្យទៅដែរ។
ទើបបានជ្រើសរើសហើយ៖
អេសាយ 5: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies