អេសាយ 4:2-6

អេសាយ 4:2-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​គ្រា​នោះ ខ្នែង​របស់​ព្រះ‌យេហូវ៉ា​នឹង​ល្អ​ប្រពៃ ហើយ​រុងរឿង ឯ​ផល​កើត​ពី​ដី​នឹង​បាន​ប្រសើរ ហើយ​ជា​លម្អ​ដល់​សំណល់​ពួក​សាសន៍​អ៊ីស្រា‌អែល​ដែល​បាន​រួច។ សម័យ​នោះ អ្នក​ណា​ដែល​សល់​នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន ជា​អ្នក​ដែល​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​នៅ​ឡើយ នោះ​នឹង​បាន​ហៅ​ជា​អ្នក​បរិសុទ្ធ គឺ​មនុស្ស​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ដែល​មាន​ឈ្មោះ​កត់​ទុក​ក្នុង​ពួក​មនុស្ស​រស់​ទាំង​អស់។ ក្នុង​កាល​ដែល​ព្រះ‌អម្ចាស់​បាន​លាង​ជម្រះ​គ្រឿង​លាមក​របស់​ពួក​ស្រីៗ​ក្រុង​ស៊ីយ៉ូន​ចេញ ហើយ​បាន​ចម្រាញ់​សម្អាត​ឈាម​នៃ​ក្រុង​យេរូ‌សាឡិម​ពី​កណ្ដាល​ទី​ក្រុង ដោយ​អំណាច​នៃ​សេចក្ដី​យុត្តិ‌ធម៌ និង​អំណាច​នៃ​ភ្លើង​ឆេះ​បន្សុស។ ព្រះ‌យេហូវ៉ា​នឹង​បង្កើត​ឲ្យ​មាន​ពពក និង​ផ្សែង​នៅ​វេលា​ថ្ងៃ ហើយ​ភ្លើង​ដ៏​ឆេះ​បំភ្លឺ​នៅ​វេលា​យប់ គ្រប​បាំង​ពី​លើ​ភ្នំ​ស៊ីយ៉ូន​ទាំង​មូល ហើយ​ពី​លើ​ទី​ប្រជុំ​ទាំង​ប៉ុន្មាន​របស់​គេ សិរីរុងរឿង​របស់​ព្រះ​នឹង​គ្របបាំង​ទី​គួរ​គោរព​ទាំង​អស់។ នឹង​មាន​រោង​បារាំ សម្រាប់​ជា​ម្លប់​បាំង​កម្ដៅ​នៅ​ពេល​ថ្ងៃ និង​សម្រាប់​ជា​ទី​ជ្រក ហើយ​ជា​ទី​បាំង​ខ្លួន​ឲ្យ​រួច​ពី​ព្យុះ និង​ភ្លៀង​ផង។

ចែក​រំលែក
អាន អេសាយ 4

អេសាយ 4:2-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ពន្លក​មួយ​លូត​ចេញ​មក ពន្លក​នេះ​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែល​នៅ​សល់​ពី​ស្លាប់ ឲ្យ​មាន​កិត្តិយស និង​សិរី‌រុងរឿង ហើយ​ដី​នឹង​បង្កើត​ភោគ​ផល​ដែល​នាំ​ឲ្យ​ពួក​គេ​មាន​មោទន‌ភាព និង​មាន​កេរ្តិ៍​ឈ្មោះ​ល្បី‌ល្បាញ។ ពេល​នោះ អ្នក​នៅ​ក្រុង​ស៊ីយ៉ូន​ដែល​សល់​ពី​ស្លាប់ អ្នក​ក្រុង​យេរូ‌សាឡឹម​ដែល​បាន​រួច​ជីវិត នឹង​មាន​ឈ្មោះ​ថា «ជន​ដ៏វិសុទ្ធ»។ ព្រះ‌អម្ចាស់​កត់​ឈ្មោះ​អ្នក​ទាំង​នោះ ដើម្បី​ឲ្យ​គេ​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម។ ព្រះ‌អម្ចាស់​នឹង​ផ្លុំ​ខ្យល់​មក​ដូច​ភ្លើង ដើម្បី​វិនិច្ឆ័យ និង​ជម្រះ​អ្នក​ក្រុង​ស៊ីយ៉ូន ឲ្យ​បាន​រួច​ផុត​ពី​អំពើ​សៅហ្មង។ ព្រះអង្គ​ក៏​លាង​ឈាម​ដែល​គេ​បាន​បង្ហូរ នៅ​ក្រុង​យេរូ‌សាឡឹម​ដែរ។ បន្ទាប់​មក ព្រះ‌អម្ចាស់​នឹង​បង្កើត​ដុំ​ពពក និង​ផ្សែង នៅ​ពេល​ថ្ងៃ ហើយ​ពន្លឺ​ដ៏​ចិញ្ចែង‌ចិញ្ចាច ដូច​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ នៅ​ពេល​យប់ ឲ្យ​មក​ស្ថិត​លើ​ភ្នំ​ស៊ីយ៉ូន​ទាំង​មូល និង​លើ​អង្គ​ប្រជុំ​នានា ក្នុង​ពេល​គេ​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ។ សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​នឹង​គ្រប​បាំង​ការពារ​អ្វីៗ​ទាំង​អស់។ សិរី‌រុងរឿង​នោះ​គ្រប​បាំង​ភ្នំ​ស៊ីយ៉ូន ប្រៀប​ដូច​ជា​ស្វេតច្ឆត្រ​ផ្ដល់​ម្លប់​ដ៏​ត្រជាក់‌ត្រជុំ​នៅ​ពេល​ថ្ងៃ​ក្ដៅ ហើយ​ក៏​ជា​ជម្រក នៅ​ពេល​ព្យុះ​សង្ឃរា និង​ពេល​ភ្លៀង​ផង​ដែរ។

ចែក​រំលែក
អាន អេសាយ 4

អេសាយ 4:2-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​គ្រា​នោះ ខ្នែង​របស់​ព្រះ‌យេហូវ៉ា នឹង​បាន​ជា​ល្អ​ប្រពៃ ហើយ​រុងរឿង ឯ​ផល​កើត​ពី​ដី នឹង​បាន​ជា​ប្រសើរ ហើយ​ជា​លំអ ដល់​សំណល់​ពួក​សាសន៍​អ៊ីស្រាអែល ដែល​បាន​រួច សម័យ​នោះ អ្នក​ណា​ដែល​សល់​នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន ជា​អ្នក​ដែល​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​នៅ​ឡើយ នោះ​នឹង​បាន​ហៅ​ជា​អ្នក​បរិសុទ្ធ គឺ​គ្រប់​ទាំង​មនុស្ស​ក្នុង​ក្រុង​យេរូ‌សាឡិម ដែល​មាន​ឈ្មោះ​កត់​ទុក​ក្នុង​ពួក​មនុស្ស​រស់ ក្នុង​កាល​ដែល​ព្រះ‌អម្ចាស់​ទ្រង់​បាន​លាង​ជំរះ​គ្រឿង​លាមក​របស់​ពួក​ស្រីៗ​ក្រុង​ស៊ីយ៉ូន​ចេញ ហើយ​បាន​ចំរាញ់​សំអាត​ឈាម​នៃ​ក្រុង​យេរូ‌សាឡិម​ពី​កណ្តាល​ទី​ក្រុង​ទៅ ដោយ​អំណាច​នៃ​សេចក្ដី​យុត្តិ‌ធម៌ នឹង​អំណាច​នៃ​ភ្លើង​ឆេះ​បន្សុស ព្រះ‌យេហូវ៉ា ទ្រង់​នឹង​បង្កើត​ឲ្យ​មាន​ពពក នឹង​ផ្សែង​នៅ​វេលា​ថ្ងៃ ហើយ​ភ្លើង​ដ៏​ឆេះ​បំភ្លឺ​នៅ​វេលា​យប់ ពី​លើ​ទី​លំនៅ​ទាំង​មូល​នៅ​ភ្នំ​ស៊ីយ៉ូន ហើយ​ពី​លើ​ទី​ប្រជុំ​ទាំង​ប៉ុន្មាន​របស់​គេ ដ្បិត​គ្រប់​ទាំង​ទី​គួរ​គោរព នឹង​មាន​គំរប​គ្រប​បាំង​ទាំង​អស់ ហើយ​នឹង​មាន​រោង​បារាំ សំរាប់​ជា​ម្លប់​បាំង​កំដៅ​នៅ​ពេល​ថ្ងៃ នឹង​សំរាប់​ជា​ទី​ជ្រក ហើយ​ជា​ទី​បាំង​ខ្លួន​ឲ្យ​រួច​ពី​ព្យុះនឹង​ភ្លៀង​ផង។

ចែក​រំលែក
អាន អេសាយ 4