អេសាយ 3:1-26
អេសាយ 3:1-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតមើល៍! ព្រះអម្ចាស់ គឺព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គដកយកទីពឹងចេញពីក្រុងយេរូសាឡិម និងស្រុកយូដា ព្រមទាំងទីពឹងជាស្បៀងអាហារ និងទឹកផឹកអស់រលីងទៅ ទាំងមនុស្សខ្លាំងពូកែ និងមនុស្សថ្នឹកចម្បាំង ទាំងចៅក្រម និងហោរា ទាំងគ្រូទាយ និងអ្នកចាស់ទុំ ទាំងមេត្រួតលើហាសិបនាក់ និងមនុស្សដែលមានសក្តិយស ទាំងអ្នកប្រឹក្សា និងជាងប៉ិនប្រសប់ ហើយអ្នកមានវោហារយ៉ាងចំណានដែរ។ យើងនឹងតាំងពួកក្មេងៗឲ្យធ្វើជាចៅហ្វាយលើគេ ហើយនឹងមានកូនតូចៗត្រួតត្រាលើគេវិញ។ បណ្ដាជនទាំងឡាយនឹងត្រូវសង្កត់សង្កិន គឺអ្នកមួយនឹងសង្កត់សង្កិនមួយទៀត ព្រមទាំងអ្នកជិតខាងខ្លួនផង ពួកក្មេងៗនឹងប្រព្រឹត្តព្រហើន ចំពោះចាស់ព្រឹទ្ធាចារ្យ ហើយមនុស្សថ្នាក់ទាប នៅចំពោះមនុស្សថ្នាក់ខ្ពស់ដែរ។ កាលណាមនុស្សម្នាក់នឹងយកបងប្អូន ពីក្នុងគ្រួរបស់ឪពុកខ្លួនមកនិយាយថា៖ អ្នកឯងមានសម្លៀកបំពាក់ សូមអ្នកធ្វើជាអ្នកគ្រប់គ្រងទៅ សូមឲ្យស្រុកខ្ទេចខ្ទីនេះ នៅក្រោមអំណាចអ្នកចុះ។ នៅគ្រានោះ គេនឹងប្រកែកថា៖ ខ្ញុំមិនចង់ធ្វើជាអ្នកមើលឲ្យជាទេ ពីព្រោះនៅផ្ទះខ្ញុំគ្មានអាហារ ឬសម្លៀកបំពាក់អ្វីឡើយ អ្នករាល់គ្នាមិនត្រូវតាំងខ្ញុំឡើង ឲ្យធ្វើជាអ្នកគ្រប់គ្រងលើបណ្ដាជនទេ។ ដ្បិតក្រុងយេរូសាឡិមខ្ទេចខ្ទីហើយ ស្រុកយូដាក៏បានដួលដែរ ដោយព្រោះអណ្ដាត និងអំពើរបស់គេដែលប្រឆាំងនឹងព្រះយេហូវ៉ា គឺបន្ថោកដល់សិរីរុងរឿងរបស់ព្រះអង្គ។ ទឹកមុខគេតែងធ្វើបន្ទាល់ទាស់នឹងគេ ក៏បើកបង្ហាញអំពើបាបរបស់គេ ដូចជាក្រុងសូដុម គេមិនខំបិទបាំងទេ។ វេទនាដល់ព្រលឹងគេ ពីព្រោះគេបានប្រព្រឹត្ត អំពើអាក្រក់ដល់ខ្លួនគេហើយ។ ចូរថ្លែងប្រាប់ថា មនុស្សសុចរិត នឹងបានសេចក្ដីសុខ ដ្បិតគេនឹងទទួលផលនៃការដែលគេប្រព្រឹត្ត។ វេទនាដល់មនុស្សអាក្រក់គេ នឹងត្រូវសេចក្ដីទុក្ខព្រួយ ដ្បិតការដែលដៃគេបានធ្វើនោះ នឹងបានសងដល់គេវិញ។ ឯប្រជារាស្ត្ររបស់យើង គឺជាកូនក្មេងដែលសង្កត់សង្កិនគេ ហើយជាស្រីៗដែលមានអំណាចលើគេដែរ ឱប្រជារាស្ត្ររបស់យើងអើយ ពួកអ្នកដែលនាំមុខអ្នក គេនាំឲ្យវង្វេង ក៏បំផ្លាញផ្លូវដែលអ្នកដើរដែរ។ ព្រះយេហូវ៉ាកំពុងឈរ ដើម្បីតវ៉ា ព្រះអង្គឈរដើម្បីជំនុំជម្រះជនជាតិទាំងឡាយ។ ព្រះយេហូវ៉ានឹងចោទប្រកាន់ ពួកចាស់ទុំរបស់រាស្ត្រ និងពួកចៅហ្វាយថា៖ គឺអ្នករាល់គ្នាហើយ ដែលបានស៊ីបង្ហិនចម្ការទំពាំងបាយជូរ ឯទ្រព្យសម្បត្តិដែលរឹបយកពីពួកអ្នកទាល់ក្រ នោះសុទ្ធតែនៅក្នុងផ្ទះអ្នកទាំងអស់។ ព្រះអម្ចាស់ គឺព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលសួរថា ហេតុអ្វីអ្នករាល់គ្នាធ្វើទុក្ខប្រជារាស្ត្ររបស់យើង ហើយបង្អាប់ពួកមនុស្សទាល់ក្រដូច្នេះ? ព្រះយេហូវ៉ាមានព្រះបន្ទូលថា ដោយព្រោះពួកកូនស្រីក្រុងស៊ីយ៉ូនមានឫកខ្ពស់ មានដំណើរងើបងើយ ផាត់រង្វង់ភ្នែក ដើរកាច់រាង ហើយដើរឲ្យគេឮសូរកណ្ដឹងកងជើង។ ហេតុនេះ ព្រះអម្ចាស់នឹងវាយក្រយៅក្បាល ពួកកូនស្រីក្រុងស៊ីយ៉ូនឲ្យកើតកម ហើយព្រះយេហូវ៉ានឹងសម្រាតកេរខ្មាសគេ។ នៅគ្រានោះ ព្រះអម្ចាស់នឹងដកសេចក្ដីលម្អនៃកងជើង សំណាញ់សក់ កងក ទំហូ កងដៃ ស្បៃ ក្បាំងសក់ ខ្សែចង្ក្រង់ ខ្សែក្រវាត់ ក្លងហិត គាថា ចិញ្ចៀន និងចិញ្ចៀនតែងច្រមុះ សម្លៀកបំពាក់សម្រាប់បុណ្យ កន្សែងទទូរ ផាហ៊ុម កាបូបយួរ កញ្ចក់ អាវសារូ មួក និងក្រមារបស់គេ។ នឹងមានក្លិនស្អុយជំនួសក្រអូប ខ្សែចងជំនួសខ្សែក្រវាត់ ក្បាលតម្ពែកជំនួសសក់សំអាង សំពត់ធ្មៃជំនួសសំពត់ល្បើក ស្នាមអាម៉ាស់ជំនួសរូបសម្ផស្ស។ ពួកប្រុសៗរបស់អ្នកនឹងដួលដោយមុខដាវ ហើយមនុស្សខ្លាំងពូកែរបស់អ្នក នឹងស្លាប់ក្នុងចម្បាំង។ អស់ទាំងទ្វារក្រុងនឹងមានការខ្សឹកខ្សួល ហើយសោយសោក នាងនឹងត្រូវចោលនៅតែឯង ហើយអង្គុយនៅដី។
អេសាយ 3:1-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាអម្ចាស់នៃពិភពទាំងមូល នឹងដកអ្វីៗទាំងប៉ុន្មាន ដែលជាបង្អែករបស់ប្រជាជន ចេញពីក្រុងយេរូសាឡឹម និងស្រុកយូដា គឺលែងមានស្បៀងអាហារ និងប្រភពទឹក លែងមានវីរបុរស លែងមានអ្នកចម្បាំង លែងមានចៅក្រម លែងមានព្យាការី លែងមានហោរា លែងមានព្រឹទ្ធាចារ្យ លែងមានមេទ័ព លែងមានអ្នកធំ លែងមានទីប្រឹក្សា លែងមានជំនាញការ ហើយក៏លែងមានគ្រូពូកែខាងមន្តអាគមដែរ។ ពេលនោះ យើងនឹងឲ្យក្មេងក្មាងឡើងធ្វើ ជាមេដឹកនាំ ត្រួតត្រាលើពួកគេ តាមអំពើចិត្តរបស់ខ្លួន។ ក្នុងចំណោមប្រជាជន គេសង្កត់សង្កិនគ្នាទៅវិញទៅមក ម្នាក់ៗសង្កត់សង្កិនបងប្អូនរបស់ខ្លួន។ ក្មេងក្មាងប្រឆាំងនឹងចាស់ៗ មនុស្សពាលប្រឆាំងនឹងមនុស្សថ្លៃថ្នូរ។ ពេលនោះ នឹងមានមនុស្សម្នាក់ចាប់បង្ខំបងប្អូន ក្នុងអំបូររបស់ខ្លួន ដោយពោលថា: បងមានអាវធំ ដូច្នេះ សូមធ្វើជា មេដឹកនាំលើយើង ហើយត្រួតត្រាលើទឹកដី ដែលគ្មានសណ្ដាប់ធ្នាប់នេះទៅ! ប៉ុន្តែ នៅថ្ងៃនោះ អ្នកនោះតបទៅវិញថា: ខ្ញុំមិនមែនជាគ្រូពេទ្យទេ នៅក្នុងផ្ទះខ្ញុំក៏គ្មានអាហារ ឬអាវធំដែរ កុំតែងតាំងខ្ញុំជាមេដឹកនាំលើប្រជាជនអី! ពិតមែនហើយ យេរូសាឡឹមជាក្រុងដែល កំពុងតែរលំ ហើយយូដាជាស្រុកកំពុងតែហិនហោច ដ្បិតប្រជាជននាំគ្នាប្រឆាំងនឹងព្រះអម្ចាស់ ដើម្បីបន្ថោកសិរីរុងរឿងរបស់ព្រះអង្គ ដោយពាក្យសម្ដី និងដោយអំពើផ្សេងៗដែលពួកគេប្រព្រឹត្ត។ ឫកពារបស់ពួកគេសម្តែងឲ្យឃើញថា ពួកគេមានទោស ពួកគេប្រព្រឹត្តអំពើបាបដូចអ្នកក្រុងសូដុម គឺគេប្រព្រឹត្តដោយឥតអៀនខ្មាស ឥតលាក់លៀមសោះឡើយ។ ពួកគេត្រូវវេទនាជាមិនខាន ព្រោះគេបង្កទោសខ្លួនឯង! អ្នករាល់គ្នាអាចពោលថា: មនុស្សសុចរិតបានសុខដុមរមនា គេនឹងទទួលផលពីកិច្ចការដែលគេធ្វើ។ រីឯមនុស្សអាក្រក់នឹងត្រូវវេទនា គេមិនបានសុខទេ គេទទួលផលតាមអំពើដែលខ្លួនប្រព្រឹត្ត។ ព្រះអម្ចាស់មានព្រះបន្ទូលថា: ប្រជាជនរបស់យើងត្រូវក្មេងក្មាង ជិះជាន់សង្កត់សង្កិន ស្រីៗក៏នាំគ្នាត្រួតត្រាលើពួកគេដែរ។ ប្រជាជនរបស់យើងអើយ ពួកមេដឹកនាំរបស់អ្នករាល់គ្នា នាំអ្នករាល់គ្នាឲ្យវង្វេង ពួកគេនាំអ្នករាល់គ្នាឲ្យដើរខុសផ្លូវ។ ព្រះអម្ចាស់កំពុងតែប្រុងប្រៀបកាត់ក្ដី ព្រះអង្គក្រោកឡើងវិនិច្ឆ័យទោស ជាតិសាសន៍ទាំងឡាយ ។ ព្រះអម្ចាស់ចោទប្រកាន់ពួកព្រឹទ្ធាចារ្យ និងពួកមេដឹកនាំនៃប្រជារាស្ត្ររបស់ព្រះអង្គថា: “អ្នករាល់គ្នាបានបំផ្លាញចម្ការទំពាំងបាយជូរ! អ្នករាល់គ្នារឹបអូសយករបស់ទ្រព្យជនក្រីក្រ មកដាក់នៅក្នុងផ្ទះរបស់អ្នករាល់គ្នា! ហេតុអ្វីបានជាអ្នករាល់គ្នាជាន់ឈ្លី ប្រជារាស្ត្ររបស់យើង ហើយបង្អាប់កិត្តិយសជនក្រីក្រដូច្នេះ?”។ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់ នៃពិភពទាំងមូល។ ព្រះអម្ចាស់មានព្រះបន្ទូលថា: ពួកជំទាវនៅក្រុងស៊ីយ៉ូនអួតអាងណាស់ ពួកគេមានកិរិយាឆ្មើងឆ្មៃ និងវាយឫកខ្ពស់ ពួកគេដើរកាច់រាង ទាំងអង្រួនកងជើងឲ្យគេឮ។ ព្រះអម្ចាស់នឹងធ្វើឲ្យពួកជំទាវ នៅក្រុងស៊ីយ៉ូន កើតរមាស់ពេញក្បាល ហើយព្រះអម្ចាស់ធ្វើឲ្យក្បាលពួកគេ ទៅជាត្រងោល។ នៅគ្រានោះ ព្រះអម្ចាស់នឹងយកគ្រឿងអលង្ការទាំងប៉ុន្មានចេញពីស្ត្រីទាំងនោះ គឺព្រះអង្គដកក្រវិល ភ្នួងសក់ បន្តោងខ្សែក ទុំហូ ខ្សែដៃ ស្បៃបាំងមុខ ស្នៀតសក់ដែលមានដាំពេជ្រ កងជើង ខ្សែក្រវាត់ ប្រអប់ដាក់គ្រឿងក្រអូប ដន្លាប់ ចិញ្ចៀន ក្រវិល ច្រមុះ សម្លៀកបំពាក់ដ៏មានតម្លៃ អាវវែង អាវធំ កាបូប កញ្ចក់ ក្រណាត់ស្ដើង ឈ្នួតក្បាល និងស្បៃរុំខ្លួន។ ពេលនោះ ក្លិនអសោចនឹងជំនួសក្លិនទឹកអប់ ច្រវាក់នឹងជំនួសខ្សែក្រវាត់ ក្បាលត្រងោលនឹងជំនួសសក់ក្រងយ៉ាងស្អាត សម្លៀកបំពាក់កណ្ដាច់កណ្ដាចនឹងជំនួស សម្លៀកបំពាក់ដ៏ល្អប្រណីត សញ្ញាដែលគេដៅជាទាសករ នឹងជំនួសសម្ផស្សដ៏ស្អាត។ យេរូសាឡឹមអើយ ប្រុសៗរបស់អ្នក នឹងត្រូវស្លាប់ដោយមុខដាវ ទាហានដ៏ខ្លាំងពូកែរបស់អ្នករាល់គ្នា នឹងត្រូវស្លាប់ដោយសឹកសង្គ្រាម។ ក្រុងយេរូសាឡឹមទាំងមូលនឹងយំសោកសង្រេង កាន់ទុក្ខ ដូចស្ត្រីមេម៉ាយអង្គុយយំនៅលើដី ព្រោះបាត់បង់អ្វីៗទាំងអស់ដែលខ្លួនមាន។
អេសាយ 3:1-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតមើល ព្រះអម្ចាស់ គឺព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់ដកយកទីពឹង ហើយនឹងបង្អែកចេញពីក្រុងយេរូសាឡិម នឹងស្រុកយូដា ព្រមទាំងទីពឹងជាស្បៀងអាហារ នឹងទឹកផឹកអស់រលីងទៅ អើ ទាំងមនុស្សខ្លាំងពូកែ នឹងមនុស្សថ្នឹកចំបាំង ទាំងចៅក្រម នឹងហោរា ទាំងគ្រូទាយ នឹងអ្នកចាស់ទុំ ទាំងមេត្រួតលើ៥០នាក់ នឹងមនុស្សដែលមានសក្តិយស ទាំងអ្នកប្រឹក្សា នឹងជាងប៉ិនប្រសប់ ហើយនឹងអ្នកមានវោហារយ៉ាងចំណានផង នោះអញនឹងតាំងពួកក្មេងៗឲ្យធ្វើជាចៅហ្វាយលើគេ ហើយនឹងមានកូនតូចៗត្រួតត្រាលើគេវិញ បណ្តាជនទាំងឡាយនឹងត្រូវសង្កត់សង្កិន គឺអ្នក១នឹងសង្កត់សង្កិន១ទៀត ព្រមទាំងអ្នកជិតខាងខ្លួនផង ពួកក្មេងៗនឹងប្រព្រឹត្តព្រហើនចំពោះចាស់ព្រឹទ្ធាចារ្យ ហើយមនុស្សជាន់ទាបនៅចំពោះមនុស្សជាន់ខ្ពស់ដែរ កាលណាមនុស្សម្នាក់នឹងយកបងប្អូនពីក្នុងគ្រួរបស់ឪពុកខ្លួនមកនិយាយថា អ្នកឯងមានសំលៀកបំពាក់ សូមអ្នកធ្វើជាអ្នកគ្រប់គ្រងទៅ សូមឲ្យស្រុកខ្ទេចខ្ទីនេះនៅក្រោមអំណាចអ្នកចុះ នៅគ្រានោះគេនឹងប្រកែកថា ខ្ញុំមិនចង់ធ្វើជាអ្នកមើលឲ្យជាទេ ពីព្រោះនៅផ្ទះខ្ញុំគ្មានអាហារ ឬសំលៀកបំពាក់អ្វីឡើយ អ្នករាល់គ្នាមិនត្រូវតាំងខ្ញុំឡើង ឲ្យធ្វើជាអ្នកគ្រប់គ្រងលើបណ្តាជនទេ ដ្បិតក្រុងយេរូសាឡិមខ្ទេចខ្ទីហើយ ស្រុកយូដាក៏បានដួលដែរ ដោយព្រោះអណ្តាតគេ ហើយនឹងអំពើរបស់គេ ដែលសុទ្ធតែបង្អុចបង្អាលដល់ព្រះនេត្រដ៏មានសិរីនៃព្រះយេហូវ៉ា ភាពនៃទឹកមុខគេតែងធ្វើបន្ទាល់ទាស់នឹងគេ ក៏បើកបង្ហាញអំពើបាបរបស់គេចេញ ដូចជាក្រុងសូដុំម គេមិនខំបិទបាំងទេ វេទនាដល់ព្រលឹងគេ ពីព្រោះគេបានប្រព្រឹត្តអំពើអាក្រក់ដល់ខ្លួនគេហើយ ចូរថ្លែងប្រាប់ថាមនុស្សសុចរិតនឹងបានសេចក្ដីសុខវិញ ដ្បិតគេនឹងទទួលផលនៃការដែលគេប្រព្រឹត្ត វេទនាដល់មនុស្សអាក្រក់ គេនឹងត្រូវសេចក្ដីទុក្ខព្រួយ ដ្បិតការដែលដៃគេបានធ្វើនោះនឹងបានសងដល់គេវិញ ឯរាស្ត្ររបស់អញ គឺជាកូនក្មេងដែលសង្កត់សង្កិនគេ ហើយគឺជាពួកស្រីៗដែលមានអំណាចត្រួតត្រាលើគេដែរ ឱរាស្ត្ររបស់អញអើយ ពួកអ្នកដែលនាំមុខឯង គេនាំឲ្យវង្វេង ក៏បំផ្លាញផ្លូវដែលឯងដើរដែរ។ ព្រះយេហូវ៉ាទ្រង់កំពុងឈរ ដើម្បីតវ៉ា ទ្រង់ឈរដើម្បីជំនុំជំរះជនជាតិទាំងឡាយ ព្រះយេហូវ៉ាទ្រង់នឹងកើតមានក្តីនឹងពួកចាស់ទុំនៃរាស្ត្រទ្រង់ ហើយនឹងពួកចៅហ្វាយថា គឺឯងរាល់គ្នាហើយ ដែលបានស៊ីបង្ហិនចំការទំពាំងបាយជូរ ឯរបឹបដែលរឹបជាន់យកពីពួកអ្នកទាល់ក្រ នោះសុទ្ធតែនៅក្នុងផ្ទះឯងទាំងអស់ ព្រះអម្ចាស់ គឺព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលសួរថា តើឯងរាល់គ្នាមានច្បាប់អីនឹងញាំញីរាស្ត្រអញ ហើយបុកបែនមុខរបស់មនុស្សទាល់ក្រដូច្នេះ។ មួយទៀត ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ដោយព្រោះពួកកូនស្រីក្រុងស៊ីយ៉ូនមានឫកខ្ពស់ មានដំណើរងើបងើយ ផាត់រង្វង់ភ្នែក ដើរយាងយាវ ហើយបំភ្លៃជើងឲ្យមានសូររ៉ូងរ៉ឺង ហេតុនេះព្រះអម្ចាស់ ទ្រង់នឹងវាយក្រយៅក្បាលនៃពួកកូនស្រីក្រុងស៊ីយ៉ូនឲ្យកើតកម ហើយព្រះយេហូវ៉ាទ្រង់នឹងសំរាតកេរខ្មាសគេ នៅគ្រានោះព្រះអម្ចាស់ទ្រង់នឹងដកសេចក្ដីលំអនៃកងជើង សំណាញ់សក់ កងក ទំហូ កងដៃ ស្បៃ ក្បាំងសក់ ខ្សែចង្ក្រង់ ខ្សែក្រវាត់ ក្លងហិត គាថា ចិញ្ចៀនត្បូងតែងច្រមុះ សំលៀកបំពាក់សំរាប់បុណ្យ កន្សែងទទូរ ផាហ៊ុម កាបូបយួរ កញ្ចក់ អាវសារូ មួក នឹងក្រមារបស់គេចេញ នោះនឹងមានក្លិនស្អុយជំនួសក្រអូប ខ្សែចង ជំនួសខ្សែក្រវាត់ ក្បាលទំពែក ជំនួសសក់សំអាង សំពត់ធ្មៃ ជំនួសសំពត់ល្បើក ស្នាមត្រា ជំនួសលំអខ្លួន ពួកប្រុសៗរបស់ឯងនឹងដួលដោយមុខដាវ ហើយមនុស្សខ្លាំងពូកែរបស់ឯងនឹងស្លាប់ក្នុងចំបាំង នោះអស់ទាំងទ្វារក្រុងនឹងមានការខ្សឹកខ្សួល ហើយសោយសោក ឯនាង នឹងត្រូវចោលនៅតែឯង ហើយអង្គុយនៅដី។