អេសាយ 3

3
អណា‌ធិបតេយ្យ​ក្នុង​រាជា‌ណាចក្រ​យូដា
1 ព្រះ‌ជា‌អម្ចាស់​នៃ​ពិភព​ទាំង​មូល
នឹង​ដក​អ្វីៗ​ទាំង​ប៉ុន្មាន
ដែល​ជា​បង្អែក​របស់​ប្រជា‌ជន
ចេញ​ពី​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដា
គឺ​លែង​មាន​ស្បៀង​អាហារ និង​ប្រភព​ទឹក
2លែង​មាន​វីរ‌បុរស លែង​មាន​អ្នក​ចម្បាំង
លែង​មាន​ចៅ‌ក្រម លែង​មាន​ព្យាការី
លែង​មាន​ហោរា លែង​មាន​ព្រឹទ្ធា‌ចារ្យ
3លែង​មាន​មេ‌ទ័ព លែង​មាន​អ្នក​ធំ
លែង​មាន​ទី​ប្រឹក្សា លែង​មាន​ជំនាញ​ការ
ហើយ​ក៏​លែង​មាន​គ្រូ​ពូកែ​ខាង​មន្ត‌អាគម​ដែរ។
4ពេល​នោះ យើង​នឹង​ឲ្យ​ក្មេង‌ក្មាង​ឡើង​ធ្វើ
ជា​មេ​ដឹក​នាំ ត្រួត‌ត្រា​លើ​ពួក​គេ
តាម​អំពើ​ចិត្ត​របស់​ខ្លួន។
5ក្នុង​ចំណោម​ប្រជា‌ជន
គេ​សង្កត់‌សង្កិន​គ្នា​ទៅ​វិញ​ទៅ​មក
ម្នាក់ៗ​សង្កត់‌សង្កិន​បងប្អូន​របស់​ខ្លួន។
ក្មេង‌ក្មាង​ប្រឆាំង​នឹង​ចាស់ៗ
មនុស្ស​ពាល​ប្រឆាំង​នឹង​មនុស្ស​ថ្លៃ‌ថ្នូរ។
6ពេល​នោះ នឹង​មាន​មនុស្ស​ម្នាក់​ចាប់​បង្ខំ​បងប្អូន
ក្នុង​អំបូរ​របស់​ខ្លួន ដោយ​ពោល​ថា:
បង​មាន​អាវ​ធំ ដូច្នេះ សូម​ធ្វើ​ជា
មេ​ដឹក​នាំ​លើ​យើង ហើយ​ត្រួត‌ត្រា​លើ​ទឹក​ដី
ដែល​គ្មាន​សណ្ដាប់‌ធ្នាប់​នេះ​ទៅ!
7ប៉ុន្តែ នៅ​ថ្ងៃ​នោះ អ្នក​នោះ​តប​ទៅ​វិញ​ថា:
ខ្ញុំ​មិន​មែន​ជា​គ្រូ​ពេទ្យ​ទេ
នៅ​ក្នុង​ផ្ទះ​ខ្ញុំ​ក៏​គ្មាន​អាហារ ឬ​អាវ​ធំ​ដែរ
កុំ​តែង‌តាំង​ខ្ញុំ​ជា​មេ​ដឹក​នាំ​លើ​ប្រជា‌ជន​អី!
8ពិត​មែន​ហើយ យេរូ‌សាឡឹម​ជា​ក្រុង​ដែល
កំពុង​តែ​រលំ
ហើយ​យូដា​ជា​ស្រុក​កំពុង​តែ​ហិន‌ហោច
ដ្បិត​ប្រជា‌ជន​នាំ​គ្នា​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់
ដើម្បី​បន្ថោក​សិរី‌រុងរឿង​របស់​ព្រះអង្គ
ដោយ​ពាក្យ​សម្ដី
និង​ដោយ​អំពើ​ផ្សេងៗ​ដែល​ពួក​គេ​ប្រព្រឹត្ត។
9ឫក‌ពា​របស់​ពួក​គេ​សម្តែង​ឲ្យ​ឃើញ​ថា
ពួក​គេ​មាន​ទោស
ពួក​គេ​ប្រព្រឹត្ត​អំពើ​បាប​ដូច​អ្នក​ក្រុង​សូដុម
គឺ​គេ​ប្រព្រឹត្ត​ដោយ​ឥត​អៀន​ខ្មាស
ឥត​លាក់‌លៀម​សោះ​ឡើយ។
ពួក​គេ​ត្រូវ​វេទនា​ជា​មិន​ខាន
ព្រោះ​គេ​បង្ក​ទោស​ខ្លួន​ឯង!
10អ្នក​រាល់​គ្នា​អាច​ពោល​ថា:
មនុស្ស​សុចរិត​បាន​សុខ‌ដុម‌រមនា
គេ​នឹង​ទទួល​ផល​ពី​កិច្ចការ​ដែល​គេ​ធ្វើ។
11រីឯ​មនុស្ស​អាក្រក់​នឹង​ត្រូវ​វេទនា
គេ​មិន​បាន​សុខ​ទេ
គេ​ទទួល​ផល​តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។
12 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:
ប្រជា‌ជន​របស់​យើង​ត្រូវ​ក្មេង‌ក្មាង
ជិះ‌ជាន់​សង្កត់‌សង្កិន
ស្រីៗ​ក៏​នាំ​គ្នា​ត្រួត‌ត្រា​លើ​ពួក​គេ​ដែរ។
ប្រជា‌ជន​របស់​យើង​អើយ
ពួក​មេ​ដឹក​នាំ​របស់​អ្នក​រាល់​គ្នា
នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង
ពួក​គេ​នាំ​អ្នក​រាល់​គ្នា​ឲ្យ​ដើរ​ខុស​ផ្លូវ។
13 ព្រះ‌អម្ចាស់​កំពុង​តែ​ប្រុង​ប្រៀប​កាត់​ក្ដី
ព្រះអង្គ​ក្រោក​ឡើង​វិនិច្ឆ័យ​ទោស
ជាតិ​សាសន៍​ទាំង‌ឡាយ ។
14 ព្រះ‌អម្ចាស់​ចោទ​ប្រកាន់​ពួក​ព្រឹទ្ធា‌ចារ្យ
និង​ពួក​មេ​ដឹក​នាំ​នៃ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ថា:
“អ្នក​រាល់​គ្នា​បាន​បំផ្លាញ​ចម្ការ​ទំពាំង‌បាយជូរ!
អ្នក​រាល់​គ្នា​រឹប​អូស​យក​របស់​ទ្រព្យ​ជន​ក្រីក្រ
មក​ដាក់​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​រាល់​គ្នា!
15ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ជាន់​ឈ្លី
ប្រជា‌រាស្ត្រ​របស់​យើង
ហើយ​បង្អាប់​កិត្តិយស​ជន​ក្រីក្រ​ដូច្នេះ?”។
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់
នៃ​ពិភព​ទាំង​មូល។
ព្រះ‌អម្ចាស់​បន្ទោស​ពួក​ជំទាវ​នៅ​ក្រុង​យេរូ‌សាឡឹម
16 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:
ពួក​ជំទាវ​នៅ​ក្រុង​ស៊ីយ៉ូន​អួត‌អាង​ណាស់
ពួក​គេ​មាន​កិរិយា​ឆ្មើង‌ឆ្មៃ និង​វាយ​ឫក​ខ្ពស់
ពួក​គេ​ដើរ​កាច់​រាង
ទាំង​អង្រួន​កង​ជើង​ឲ្យ​គេ​ឮ។
17 ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ពួក​ជំទាវ
នៅ​ក្រុង​ស៊ីយ៉ូន កើត​រមាស់​ពេញ​ក្បាល
ហើយ​ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ក្បាល​ពួក​គេ
ទៅ​ជា​ត្រងោល។
18នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​នឹង​យក​គ្រឿង​អលង្ការ​ទាំង​ប៉ុន្មាន​ចេញ​ពី​ស្ត្រី​ទាំង​នោះ គឺ​ព្រះអង្គ​ដក​ក្រវិល ភ្នួង‌សក់ បន្តោង​ខ្សែ​ក 19ទុំហូ ខ្សែ​ដៃ ស្បៃ​បាំង​មុខ 20ស្នៀត​សក់​ដែល​មាន​ដាំ​ពេជ្រ កង​ជើង ខ្សែ​ក្រវាត់ ប្រអប់​ដាក់​គ្រឿង​ក្រអូប ដន្លាប់ 21ចិញ្ចៀន ក្រវិល ច្រមុះ 22សម្លៀក‌បំពាក់​ដ៏​មាន​តម្លៃ អាវ​វែង អាវ​ធំ កាបូប 23កញ្ចក់ ក្រណាត់​ស្ដើង ឈ្នួត​ក្បាល និង​ស្បៃ​រុំ​ខ្លួន។
24ពេល​នោះ ក្លិន​អសោច​នឹង​ជំនួស​ក្លិន​ទឹក​អប់
ច្រវាក់​នឹង​ជំនួស​ខ្សែ​ក្រវាត់
ក្បាល​ត្រងោល​នឹង​ជំនួស​សក់​ក្រង​យ៉ាង​ស្អាត
សម្លៀក‌បំពាក់​កណ្ដាច់‌កណ្ដាច​នឹង​ជំនួស
សម្លៀក‌បំពាក់​ដ៏​ល្អ​ប្រណីត
សញ្ញា​ដែល​គេ​ដៅ​ជា​ទាសករ
នឹង​ជំនួស​សម្ផស្ស​ដ៏​ស្អាត។
25យេរូ‌សាឡឹម​អើយ ប្រុសៗ​របស់​អ្នក
នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ
ទាហាន​ដ៏​ខ្លាំង​ពូកែ​របស់​អ្នក​រាល់​គ្នា
នឹង​ត្រូវ​ស្លាប់​ដោយ​សឹក​សង្គ្រាម។
26ក្រុង​យេរូ‌សាឡឹម​ទាំង​មូល​នឹង​យំ​សោក​សង្រេង
កាន់​ទុក្ខ ដូច​ស្ត្រី​មេម៉ាយ​អង្គុយ​យំ​នៅ​លើ​ដី
ព្រោះ​បាត់​បង់​អ្វីៗ​ទាំង​អស់​ដែល​ខ្លួន​មាន។

ទើបបានជ្រើសរើសហើយ៖

អេសាយ 3: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល