អេសាយ 3

3
1ដ្បិត​មើល៍! ព្រះ‌អម្ចាស់
គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ
ព្រះ‌អង្គ​ដក​យក​ទី​ពឹង​ចេញ​ពី​ក្រុង​យេរូ‌សាឡិម
និង​ស្រុក​យូដា ព្រម​ទាំង​ទី​ពឹង​ជា​ស្បៀង​អាហារ
និង​ទឹក​ផឹក​អស់​រលីង​ទៅ
2ទាំង​មនុស្ស​ខ្លាំង​ពូកែ និង​មនុស្ស​ថ្នឹក​ចម្បាំង
ទាំង​ចៅ‌ក្រម និង​ហោរា
ទាំង​គ្រូ​ទាយ និង​អ្នក​ចាស់​ទុំ
3ទាំង​មេ​ត្រួត​លើ​ហាសិប​នាក់
និង​មនុស្ស​ដែល​មាន​សក្តិ‌យស
ទាំង​អ្នក​ប្រឹក្សា និង​ជាង​ប៉ិន‌ប្រសប់
ហើយ​អ្នក​មាន​វោហារ​យ៉ាង​ចំណាន​ដែរ។
4យើង​នឹង​តាំង​ពួក​ក្មេងៗ​ឲ្យ​ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​គេ
ហើយ​នឹង​មាន​កូន​តូចៗ​ត្រួត‌ត្រា​លើ​គេ​វិញ។
5បណ្ដា‌ជន​ទាំង‌ឡាយ​នឹង​ត្រូវ​សង្កត់‌សង្កិន
គឺ​អ្នក​មួយ​នឹង​សង្កត់‌សង្កិន​មួយ​ទៀត
ព្រម​ទាំង​អ្នក​ជិត​ខាង​ខ្លួន​ផង
ពួក​ក្មេងៗ​នឹង​ប្រព្រឹត្ត​ព្រហើន
ចំពោះ​ចាស់​ព្រឹទ្ធា‌ចារ្យ
ហើយ​មនុស្ស​ថ្នាក់​ទាប
នៅ​ចំពោះ​មនុស្ស​ថ្នាក់​ខ្ពស់​ដែរ។
6កាល​ណា​មនុស្ស​ម្នាក់​នឹង​យក​បង‌ប្អូន
ពី​ក្នុង​គ្រួ​របស់​ឪពុក​ខ្លួន​មក​និយាយ​ថា៖
អ្នក​ឯង​មាន​សម្លៀក​បំពាក់
សូម​អ្នក​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង​ទៅ
សូម​ឲ្យ​ស្រុក​ខ្ទេច‌ខ្ទី​នេះ
នៅ​ក្រោម​អំណាច​អ្នក​ចុះ។
7នៅ​គ្រា​នោះ គេ​នឹង​ប្រកែក​ថា៖
ខ្ញុំ​មិន​ចង់​ធ្វើ​ជា​អ្នក​មើល​ឲ្យ​ជា​ទេ
ពី​ព្រោះ​នៅ​ផ្ទះ​ខ្ញុំ​គ្មាន​អាហារ
ឬ​សម្លៀក‌បំពាក់​អ្វី​ឡើយ
អ្នក​រាល់​គ្នា​មិន​ត្រូវ​តាំង​ខ្ញុំ​ឡើង
ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង​លើ​បណ្ដា‌ជន​ទេ។
8ដ្បិត​ក្រុង​យេរូ‌សាឡិម​ខ្ទេច‌ខ្ទី​ហើយ
ស្រុក​យូដា​ក៏​បាន​ដួល​ដែរ ដោយ​ព្រោះ​អណ្ដាត
និង​អំពើ​របស់​គេ​ដែលប្រឆាំងនឹង​ព្រះ​យេហូវ៉ា
គឺ​បន្ថោក​ដល់​សិរី​រុងរឿង​របស់​ព្រះ‌អង្គ។
9ទឹក​មុខ​គេ​តែង​ធ្វើ​បន្ទាល់​ទាស់​នឹង​គេ
ក៏​បើក​បង្ហាញ​អំពើ​បាប​របស់​គេ
ដូច​ជា​ក្រុង​សូដុម គេ​មិន​ខំ​បិទ​បាំង​ទេ។
វេទនា​ដល់​ព្រលឹង​គេ ពី​ព្រោះ​គេ​បាន​ប្រព្រឹត្ត
អំពើ​អាក្រក់​ដល់​ខ្លួន​គេ​ហើយ។
10ចូរ​ថ្លែង​ប្រាប់​ថា មនុស្ស​សុចរិត
នឹង​បាន​សេចក្ដី​សុខ
ដ្បិត​គេ​នឹង​ទទួល​ផល​នៃ​ការ​ដែល​គេ​ប្រព្រឹត្ត។
11វេទនា​ដល់​មនុស្ស​អាក្រក់​គេ
នឹង​ត្រូវ​សេចក្ដី​ទុក្ខ​ព្រួយ
ដ្បិត​ការ​ដែល​ដៃ​គេ​បាន​ធ្វើ​នោះ
នឹង​បាន​សង​ដល់​គេ​វិញ។
12ឯ​ប្រជា‌រាស្ត្រ​របស់​យើង
គឺ​ជា​កូន​ក្មេង​ដែល​សង្កត់‌សង្កិន​គេ
ហើយ​ជា​ស្រីៗ​ដែល​មាន​អំណាច​លើ​គេ​ដែរ
ឱ​ប្រជា‌រាស្ត្រ​របស់​យើង​អើយ
ពួក​អ្នក​ដែល​នាំ​មុខ​អ្នក
គេ​នាំ​ឲ្យ​វង្វេង ក៏​បំផ្លាញ​ផ្លូវ​ដែល​អ្នក​ដើរ​ដែរ។
13ព្រះ‌យេហូវ៉ា​កំពុង​ឈរ ដើម្បី​តវ៉ា
ព្រះ‌អង្គ​ឈរ​ដើម្បី​ជំនុំ‌ជម្រះ​ជន​ជាតិ​ទាំង‌ឡាយ។
14ព្រះ‌យេហូវ៉ា​នឹង​ចោទ​ប្រកាន់
ពួក​ចាស់​ទុំ​របស់​រាស្ត្រ និង​ពួក​ចៅ‌ហ្វាយ​ថា៖
គឺ​អ្នក​រាល់​គ្នា​ហើយ
ដែល​បាន​ស៊ី​បង្ហិន​ចម្ការ​ទំពាំង‌បាយ‌ជូរ
ឯទ្រព្យ​សម្បត្តិ​ដែល​រឹប‌យក​ពី​ពួក​អ្នក​ទាល់​ក្រ
នោះ​សុទ្ធ​តែ​នៅ​ក្នុង​ផ្ទះ​អ្នក​ទាំង​អស់។
15ព្រះ‌អម្ចាស់ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ
ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​ថា
ហេតុ​អ្វី​អ្នក​រាល់​គ្នាធ្វើ​ទុក្ខ​ប្រជា‌រាស្ត្រ​របស់​យើង
ហើយ​បង្អាប់​ពួក​មនុស្ស​ទាល់​ក្រ​ដូច្នេះ?
16ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា
ដោយ​ព្រោះ​ពួក​កូន​ស្រី​ក្រុង​ស៊ីយ៉ូន​មាន​ឫក​ខ្ពស់
មាន​ដំណើរ​ងើប‌ងើយ ផាត់​រង្វង់​ភ្នែក
ដើរ​កាច់​រាង ហើយ​ដើរ​ឲ្យ​គេឮ​សូរ​កណ្ដឹង​កង​ជើង។
17ហេតុ​នេះ ព្រះ‌អម្ចាស់​នឹង​វាយ​ក្រយៅ​ក្បាល
ពួក​កូន​ស្រី​ក្រុង​ស៊ីយ៉ូន​ឲ្យ​កើត​កម
ហើយ​ព្រះ‌យេហូវ៉ា​នឹង​សម្រាត​កេរ‌ខ្មាស​គេ។
18នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​នឹង​ដក​សេចក្ដី​លម្អ​នៃ​កង​ជើង សំណាញ់​សក់ កង​ក 19ទំហូ កង​ដៃ ស្បៃ 20ក្បាំង​សក់ ខ្សែ​ចង្ក្រង់ ខ្សែ​ក្រវាត់ ក្លងហិត គាថា 21ចិញ្ចៀន និង​ចិញ្ចៀន​តែង​ច្រមុះ 22សម្លៀក‌បំពាក់​សម្រាប់​បុណ្យ កន្សែង​ទទូរ ផាហ៊ុម កាបូប​យួរ 23កញ្ចក់ អាវ​សារូ មួក និង​ក្រមា​របស់​គេ។
24នឹង​មាន​ក្លិន​ស្អុយ​ជំនួស​ក្រអូប
ខ្សែ​ចងជំនួស​ខ្សែ​ក្រវាត់
ក្បាល​តម្ពែកជំនួស​សក់​សំអាង
សំពត់​ធ្មៃ​ជំនួស​សំពត់​ល្បើក
ស្នាម​អាម៉ាស់ជំនួស​រូប​សម្ផស្ស។
25ពួក​ប្រុសៗ​របស់​អ្នក​នឹង​ដួល​ដោយ​មុខ​ដាវ
ហើយ​មនុស្ស​ខ្លាំង​ពូកែ​របស់​អ្នក
នឹង​ស្លាប់​ក្នុង​ចម្បាំង។
26អស់​ទាំង​ទ្វារ​ក្រុង​នឹង​មាន​ការ​ខ្សឹក‌ខ្សួល
ហើយ​សោយ‌សោក
នាង​នឹង​ត្រូវ​ចោល​នៅ​តែ​ឯង
ហើយ​អង្គុយ​នៅ​ដី។

ទើបបានជ្រើសរើសហើយ៖

អេសាយ 3: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល