អេសាយ 27:1-13

អេសាយ 27:1-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​នឹង​យក​ដាវ​មុត​ក្លា​ដ៏​ធំ ហើយ​មាន​កម្លាំង​របស់​ព្រះ‌អង្គ​ទៅ​ធ្វើ​ទោស​ដល់​សត្វ​សម្បើម ជា​នាគ​ដែល​រត់​ពួន គឺ​សត្វ​សម្បើម ជា​នាគ​ក្ងិច‌ក្ងក់​នោះ​ឯង ហើយ​ព្រះ‌អង្គ​នឹង​សម្លាប់​សត្វ​សម្បើម​ដែល​នៅ​ក្នុង​សមុទ្រ​នោះ។ នៅ​គ្រា​នោះ នឹង​មាន​ចម្ការ​សម្រាប់​ធ្វើ​ស្រា​ទំពាំង‌បាយ‌ជូរ ចូរ​ច្រៀង​ថា៖ យើង​នេះ គឺ​ព្រះ‌យេហូវ៉ា ជា​អ្នក​ថែ​រក្សា យើង​នឹង​ស្រោច​ទឹក​ជា‌និច្ច ហើយ​មើល​ថែ​ទាំង​យប់​ទាំង​ថ្ងៃ ក្រែង​អ្នក​ណា​ធ្វើ​ឲ្យ​អន្តរាយ យើង​មិន​ចេះ​ឃោរ‌ឃៅ​ទេ តែ​បើ​មាន​អញ្ចាញ និង​បន្លា​ដុះ​នៅ​ក្នុង​នោះ យើង​នឹង​ដើរ​ជាន់​លើ​វា ហើយ​នឹង​ដុត​បំផ្លាញ​វាឲ្យ​អស់។ បើ​ពុំ​នោះ ឲ្យ​គេ​មក​ពឹង‌ពាក់​កម្លាំង​យើង​វិញ ដើម្បី​ឲ្យ​បាន​ជា​មេត្រី​នឹងយើង ចូរ​ឲ្យ​គេ​ជា​មេត្រី​នឹង​យើង​ចុះ។ នៅ​គ្រា​ខាង​មុខ ពួក​យ៉ាកុប​នឹង​ចាក់​ឫស ពួក​អ៊ីស្រា‌អែល​នឹង​ដុះ​ពន្លក​ចេញ​មក ហើយ​បង្កើត​ផលពាស​ពេញ​លើ​ផែនដី​ទាំង​មូល។ តើ​ព្រះ‌អង្គ​បាន​វាយ​គេ ដូច​ព្រះ‌អង្គ​បាន​វាយអស់​អ្នក​ដែល​បាន​វាយ​គេ​ដែរ​ឬ​ទេ? តើ​គេ​ត្រូវ​ប្រហារ ដូច​ជា​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ប្រហារ​ឬ​ទេ? ព្រះ‌អង្គ​បាន​បណ្តេញ​គេ ព្រះ​អង្គ​បាន​និរទេស​គេ ដោយ​ព្រះ‌ហឫ‌ទ័យ​សន្តោស គឺ​ព្រះ‌អង្គ​បាន​ផាត់​គេ​ចេញ ដោយ​ខ្យល់​គំហុក​របស់​ព្រះ‌អង្គ នៅ​ថ្ងៃ​ដែល​ខ្យល់​ពី​ទិស​ខាង​កើត​បក់​មក។ ដូច្នេះ អំពើ​ទុច្ចរិត​របស់​ពួក​យ៉ាកុប នឹង​ត្រូវ​បាន​លើក​លែង​ដោយ​ការ​នេះ​ឯង ហើយ​នេះ​ជា​ផល​ដែល​កើត​ពី ការ​ដកយក​អំពើ​បាប​របស់​គេ​ចេញ គឺ​ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​ថ្ម​ទាំង​ប៉ុន្មាន​នៃ​អាស‌នា បាន​ដូច​ជា​ថ្ម​កំបោរ​ដែល​គេ​កិន​កម្ទេច ដើម្បី​កុំ​ឲ្យ​នៅ​មាន​បង្គោល​សក្ការៈ និង​រូប​ព្រះអាទិត្យ​ទៀត​ឡើយ។ ដ្បិត​ទី​ក្រុង​មាន​បន្ទាយ​បាន​ចោល​ស្ងាត់​ទៅ គឺ​ជា​ទី​លំនៅ​ដែល​គេ​លែង​នៅ ព្រម​ទាំង​បោះ‌បង់​ចោល​ហើយ ប្រៀប​ដូច​ជា​ទី​រហោ‌ស្ថាន នៅ​ទី​នោះ​កូន​គោ​នឹង​រក​ស៊ី ហើយ​ដេក​នៅ វា​នឹង​ស៊ី​មែក​ខ្ចី​ដែល​នៅ​ទី​នោះ។ កាល​ណា​មែក​ស្វិត​ក្រៀម​ទៅ​ហើយ នោះ​នឹង​ត្រូវ​កាច់​ចេញ ហើយ​ពួក​ស្រីៗ​នឹង​មក​ដុត​ចោល ពី​ព្រោះ​ជន​ជាតិ​នេះ​ឥត​មាន​យោបល់ ហេតុ​ដូច្នេះ ព្រះ​ដែល​បាន​បង្កើត​គេ ព្រះ‌អង្គ​នឹង​មិន​ប្រណី​ដល់​គេ​ឡើយ ព្រះ​ដែល​បាន​សូន​គេ​ឡើង ព្រះ‌អង្គ​នឹង​មិន​ផ្តល់​ព្រះ‌គុណ​ដល់​គេ​សោះ។ នៅ​គ្រា​នោះ ឱ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​អើយ ព្រះ‌យេហូវ៉ា​នឹង​វាយ​ជម្រុះ​ផល​គេ ចាប់​តាំង​ពី​ទឹក​ទន្លេ​រហូត​ដល់​ស្ទឹង​ស្រុក​អេស៊ីព្ទ គ្រា​នោះ អ្នក​រាល់​គ្នា​នឹង​បាន​រួម​មូល​គ្នា​មក​ម្នាក់​ម្តង​ៗ ហើយ​នៅ​គ្រា​នោះ នឹង​ឮ​សូរ​ត្រែ​ធំ​ផ្លុំ​ឡើង នោះ​ពួក​អ្នក​នៅ​ក្នុង​ស្រុក​អាស‌ស៊ើរ ដែល​ហៀប​នឹង​វិនាស​បាត់ និង​ពួក​អ្នក​ដែល​ត្រូវ​បំបរ‌បង់​ចេញ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ គេ​នឹង​វិល​មក​ថ្វាយ​បង្គំ​ព្រះ‌យេហូវ៉ា នៅ​លើ​ភ្នំ​បរិសុទ្ធ ត្រង់​ក្រុង​យេរូ‌សាឡិម។

ចែក​រំលែក
អាន អេសាយ 27

អេសាយ 27:1-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​នឹង​ប្រើ​ព្រះ‌ខ័ន​ដ៏​ធំ ហើយ​មុត និង​ប្រកប​ដោយ​មហិទ្ធិ‌ឫទ្ធិ ដើម្បី​ដាក់​ទោស​អារក្ស​ទឹក គឺ​ពស់​ដ៏​កំសាក ហើយ​មាន​កល‌ល្បិច ព្រះអង្គ​នឹង​សម្លាប់​សត្វ​នាគ​ដ៏​សម្បើម​ដែល​ស្ថិត​នៅ​ក្នុង​សមុទ្រ ។ នៅ​ថ្ងៃ​នោះ ចូរ​នាំ​គ្នា​បន្លឺ​សំឡេង​ច្រៀង សរសើរ​ចម្ការ​ទំពាំង‌បាយជូរ ដែល​ផ្ដល់​ស្រា​ដ៏​មាន​រស‌ជាតិ​ឆ្ងាញ់​ពិសា។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ យើង​ថែ‌រក្សា​ចម្ការ​ទំពាំង‌បាយជូរ យើង​ស្រោច​ទឹក​វា ត្រូវ​តាម​ពេល​កំណត់។ យើង​យាម​ចម្ការ​នេះ​ទាំង​ថ្ងៃ​ទាំង​យប់ ក្រែង​លោ​មាន​នរណា​លួច​ចូល​មក​បំផ្លាញ។ យើង​មិន​ខឹង‌សម្បារ​នឹង​វា​ទៀត​ទេ ប៉ុន្តែ ប្រសិន​បើ​យើង​ឃើញ បន្លា ឬ​អញ្ចាញ​ដុះ​នៅ​ក្នុង​នោះ យើង​នឹង​កាប់​ឆ្ការ​វា ព្រម​ទាំង​ដុត​កម្ទេច​ចោល​ទៀត​ផង។ បើ​គេ​ចូល​មក​ជ្រក​កោន​នឹង​យើង ហើយ​ចុះ​ចូល​សុំ​សេចក្ដី​សុខ‌សាន្ត​ពី​យើង នោះ​យើង​នឹង​ផ្ដល់​សេចក្ដី​សុខ‌សាន្ត​ឲ្យ​គេ។ នៅ​អនាគត​កាល ពូជ‌ពង្ស​របស់​លោក​យ៉ាកុប នឹង​ចាក់​ឫស ពូជ‌ពង្ស​របស់​លោក​អ៊ីស្រា‌អែល នឹង​មាន​ពន្លក​ដុះ​ចេញ​មក រួច​មាន​ផ្កា មាន​ផ្លែ​ពាស‌ពេញ​លើ​ផែនដី។ តើ​ព្រះ‌អម្ចាស់​បាន​វាយ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ដូច​ព្រះអង្គ​វាយ​អស់​អ្នក ដែល​បាន​វាយ​ពួក​គេ​ឬ​ទេ? តើ​ព្រះអង្គ​ប្រហារ​ជីវិត​ពួក​គេ ដូច​ព្រះអង្គ​ប្រហារ​ជីវិត​អស់​អ្នក ដែល​បាន​សម្លាប់​ពួក​គេ​ឬ​ទេ? ទេ! ព្រះ‌អម្ចាស់​ដាក់​ទោស​ប្រជា‌រាស្ត្រ របស់​ព្រះអង្គ ដោយ​និរទេស​ពួក​គេ គឺ​ព្រះអង្គ​បាន​បណ្ដេញ​ពួក​គេ ដោយ‌សារ​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង ពី​បូព៌ា​ប្រទេស។ ដោយ​ព្រះ‌អម្ចាស់​លើក‌លែង​ទោស​ឲ្យ កូន​ចៅ​របស់​លោក​យ៉ាកុប​រួច​ពី​បាប ពួក​គេ​នឹង​កម្ទេច​ថ្ម​អាសនៈ របស់​ព្រះ​ក្លែង‌ក្លាយ​ឲ្យ​ខ្ទេច ដូច​ថ្ម​កំបោរ​ដែល​គេ​កម្ទេច​ឲ្យ​ទៅ​ជា​ធូលី​ដី ព្រម​ទាំង​ផ្ដួល​រំលំ​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា និង​កន្លែង​ថ្វាយ​សក្ការ‌បូជា​ដល់​ព្រះ​ទាំង​នោះ។ ទីក្រុង​ដែល​មាន​កំពែង​ដ៏​រឹង‌មាំ នឹង​លែង​មាន​មនុស្ស​នៅ​ទៀត​ហើយ គឺ​ក្រុង​នោះ​ត្រូវ​គេ​បោះ​បង់​ចោល​ឲ្យ​នៅ ស្ងាត់​ជ្រងំ ក្លាយ​ទៅ​ជា​វាល​ស្មៅ សម្រាប់​គោ​មក​ដេក ហើយ​ស៊ី​ស្លឹក​ឈើ​តាម​គុម្ពោត​នៅ​ទី​នោះ។ ពេល​មែក​ឈើ​ងាប់ វា​បាក់​ធ្លាក់​ពី​ដើម ស្រីៗ​មក​ប្រមូល​យក​ទៅ​ដុត។ ប្រជា‌ជន​នេះ​មិន​ដឹង​ខុស​ត្រូវ​អ្វី​សោះ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អាទិករ​របស់​ពួក​គេ លែង​អាណិត​មេត្តា​ពួក​គេ ព្រះ​ដែល​បាន​បង្កើត​ពួក​គេ​មក លែង​អត់‌ឱន​ដល់​ពួក​គេ​ទៀត​ហើយ។ នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​នឹង​បោក​បែន​ស្រូវ ចាប់​ពី​ទន្លេ​អឺប្រាត រហូត​ដល់​ទឹក​ជ្រោះ​ស្រុក​អេស៊ីប ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ នៅ​ពេល​នោះ ព្រះអង្គ​នឹង​ប្រមូល អ្នក​រាល់​គ្នា​ម្ដង​មួយៗ។ នៅ​ថ្ងៃ​នោះ គេ​នឹង​ផ្លុំ​ត្រែ​ធំ ប្រជា‌ជន​ដែល​ខ្ចាត់​ព្រាត់​នៅ​ស្រុក​អាស្ស៊ីរី ប្រជា‌ជន​ដែល​បែក‌ខ្ញែក​នៅ​ស្រុក​អេស៊ីប នឹង​នាំ​គ្នា​វិល​ត្រឡប់​មក​វិញ គេ​នឹង​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ នៅ​លើ​ភ្នំ​ដ៏វិសុទ្ធ គឺ​នៅ​ក្រុង​យេរូ‌សាឡឹម។

ចែក​រំលែក
អាន អេសាយ 27

អេសាយ 27:1-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​យក​ដាវ​មុត​ក្លា​ដ៏​ធំ ហើយ​មាន​កំឡាំង​របស់​ទ្រង់​ទៅ​ធ្វើ​ទោស​ដល់​សត្វ​សំបើម ជា​នាគ​ដែល​រត់​ពួន គឺ​សត្វ​សំបើម ជា​នាគ​ក្ងិច‌ក្ងក់​នោះ​ឯង ហើយ​ទ្រង់​នឹង​សំឡាប់​សត្វ​សំបើម​ដែល​នៅ​ក្នុង​សមុទ្រ​នោះ។ នៅ​គ្រា​នោះ នឹង​មាន​ចំការ សំរាប់​ធ្វើ​ស្រា​ទំពាំង‌បាយ‌ជូរ ចូរ​ច្រៀង​ជូន​ថា អញ​នេះ គឺ​ព្រះ‌យេហូវ៉ា ជា​អ្នក​ថែ​រក្សា អញ​នឹង​ស្រោច​ទឹក​ជានិច្ច ហើយ​នឹង​ថែ​មើល​ទាំង​យប់​ទាំង​ថ្ងៃ ក្រែង​អ្នក​ណា​ធ្វើ​ឲ្យ​អន្តរាយ អញ​មិន​ចេះ​ឃោរ‌ឃៅ​ទេ តែ​បើ​មាន​អញ្ចាញនឹង​បន្លា​មក​ច្បាំង​នឹង​អញ នោះ​អញ​នឹង​ដើរ​ជាន់​លើ​វា ហើយ​នឹង​ដុត​បញ្ឆេះ​វា​អស់​រលីង បើ​ពុំ​នោះ ឲ្យ​គេ​មក​ពឹង‌ពាក់​កំឡាំង​អញ​វិញ ដើម្បី​ឲ្យ​បាន​ជា​មេត្រី​នឹង​អញ ចូរ​ឲ្យ​គេ​ជា​មេត្រី​នឹង​អញ​ចុះ នៅ​គ្រា​ខាង​មុខ នោះ​ពួក​យ៉ាកុប​នឹង​ចាក់​ឫស​ទៅ ពួក​អ៊ីស្រាអែល​នឹង​ពន្លក​ចេញ​ឡើង ហើយ​គេ​នឹង​បង្កើត​ផល​ផ្សាយ​ទៅ​ពេញ​លើ​ផែនដី។ តើ​ទ្រង់​បាន​វាយ​គេ ដូច​ជា​វាយ​សាសន៍១​ដែល​បាន​វាយ​គេ​ដែរ​ឬ តើ​គេ​បាន​ត្រូវ​ប្រហារ​បង់ ដូច​ជា​ការ​ប្រហារ​ដល់​ពួក​អ្នក​ដែល​ទ្រង់​បាន​ប្រហារ​នោះ​ឬ​អី គឺ​ទ្រង់​បាន​ធ្វើ​ទោស​ដល់​គេ​តាម​ព្រះ‌ហឫទ័យ​សន្តោស​វិញ ដោយ​បណ្តេញ​គេ​ទៅ គឺ​ទ្រង់​បាន​ផាត់​គេ​ចេញ ដោយ​ខ្យល់​គំហុក​របស់​ទ្រង់ នៅ​ថ្ងៃ​ដែល​ខ្យល់​ពី​ទិស​ខាង​កើត​បក់​មក ដូច្នេះ អំពើ​ទុច្ចរិត​របស់​ពួក​យ៉ាកុប​នឹង​បាន​ជំរះ​ដោយ​ការ​នោះ​ឯង ហើយ​នេះ​ជា​ផល​ដែល​កើត​ពី​ការ​ដោះ​បាប​គេ​ចេញ គឺ​ទ្រង់​នឹង​ធ្វើ​ឲ្យ​ថ្ម​ទាំង​ប៉ុន្មាន​នៃ​អាសនា​បាន​ដូច​ជា​ដី​ស​ដែល​ត្រូវ​កិន​កំទេច ដើម្បី​ឲ្យ​រូប​ព្រះ​ទាំង​ប៉ុន្មាន នឹង​រូប​ព្រះ‌អាទិត្យ បាន​ងើប​ឡើង​វិញ​មិន​រួច​ជា​ដរាប ដ្បិត​ទី​ក្រុង​មាន​បន្ទាយ​បាន​ចោល​ស្ងាត់​ទៅ គឺ​ជា​ទី​លំនៅ​ដែល​គេ​លែង​នៅ ព្រម​ទាំង​បោះ‌បង់​ចោល​ហើយ ប្រៀប​ដូច​ជា​ទី​រហោ‌ស្ថាន នៅ​ទី​នោះកូន​គោ​នឹង​រក​ស៊ីហើយ​ដេក​នៅ វា​នឹង​ស៊ី​មែក​ខ្ចី​ដែល​នៅ​ទី​នោះ កាល​ណា​មែក​ស្វិត​ក្រៀម​ទៅ​ហើយ នោះ​នឹង​ត្រូវ​កាច់​ចេញ ហើយ​ពួក​ស្រីៗ​នឹង​មក​ដុត​ចោល ពី​ព្រោះ​ជន‌ជាតិ​នេះ​ឥត​មាន​យោបល់ ហេតុ​ដូច្នេះ ព្រះ​ដែល​បាន​បង្កើត​គេ ទ្រង់​នឹង​មិន​ប្រណី​ដល់​គេ​ឡើយ ព្រះ​ដែល​បាន​សូន​គេ​ឡើង ទ្រង់​នឹង​មិន​ផ្តល់​ព្រះ‌គុណ​ដល់​គេ​សោះ។ នៅ​គ្រា​នោះ ឱ​ពួក​កូន​ចៅ​អ៊ីស្រាអែល​អើយ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​វាយ​ជំរុះ​ផល​គេ ចាប់​តាំង​ពី​ទឹក​ទន្លេ​រហូត​ដល់​ស្ទឹង​ស្រុក​អេស៊ីព្ទ គ្រា​នោះឯង​រាល់​គ្នា​នឹង​បាន​រួម​មូល​គ្នា​មក​ម្នាក់​ម្តង​ម្នាក់​ម្តង ហើយ​នៅ​គ្រា​នោះ នឹង​ឮ​សូរ​ត្រែ​ធំ​ផ្លុំ​ឡើង នោះ​ពួក​អ្នក​នៅ​ក្នុង​ស្រុក​អាសស៊ើរ ដែល​ហៀប​នឹង​វិនាស​បាត់ នឹង​ពួក​អ្នក​ដែល​ត្រូវ​បំបរ‌បង់​ចេញ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ គេ​នឹង​វិល​មក​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា នៅ​លើ​ភ្នំ​បរិសុទ្ធ ត្រង់​ក្រុង​យេរូ‌សាឡិម។

ចែក​រំលែក
អាន អេសាយ 27