នៅគ្រានោះ ព្រះយេហូវ៉ាទ្រង់នឹងយកដាវមុតក្លាដ៏ធំ ហើយមានកំឡាំងរបស់ទ្រង់ទៅធ្វើទោសដល់សត្វសំបើម ជានាគដែលរត់ពួន គឺសត្វសំបើម ជានាគក្ងិចក្ងក់នោះឯង ហើយទ្រង់នឹងសំឡាប់សត្វសំបើមដែលនៅក្នុងសមុទ្រនោះ។ នៅគ្រានោះ នឹងមានចំការ សំរាប់ធ្វើស្រាទំពាំងបាយជូរ ចូរច្រៀងជូនថា អញនេះ គឺព្រះយេហូវ៉ា ជាអ្នកថែរក្សា អញនឹងស្រោចទឹកជានិច្ច ហើយនឹងថែមើលទាំងយប់ទាំងថ្ងៃ ក្រែងអ្នកណាធ្វើឲ្យអន្តរាយ អញមិនចេះឃោរឃៅទេ តែបើមានអញ្ចាញនឹងបន្លាមកច្បាំងនឹងអញ នោះអញនឹងដើរជាន់លើវា ហើយនឹងដុតបញ្ឆេះវាអស់រលីង បើពុំនោះ ឲ្យគេមកពឹងពាក់កំឡាំងអញវិញ ដើម្បីឲ្យបានជាមេត្រីនឹងអញ ចូរឲ្យគេជាមេត្រីនឹងអញចុះ នៅគ្រាខាងមុខ នោះពួកយ៉ាកុបនឹងចាក់ឫសទៅ ពួកអ៊ីស្រាអែលនឹងពន្លកចេញឡើង ហើយគេនឹងបង្កើតផលផ្សាយទៅពេញលើផែនដី។ តើទ្រង់បានវាយគេ ដូចជាវាយសាសន៍១ដែលបានវាយគេដែរឬ តើគេបានត្រូវប្រហារបង់ ដូចជាការប្រហារដល់ពួកអ្នកដែលទ្រង់បានប្រហារនោះឬអី គឺទ្រង់បានធ្វើទោសដល់គេតាមព្រះហឫទ័យសន្តោសវិញ ដោយបណ្តេញគេទៅ គឺទ្រង់បានផាត់គេចេញ ដោយខ្យល់គំហុករបស់ទ្រង់ នៅថ្ងៃដែលខ្យល់ពីទិសខាងកើតបក់មក ដូច្នេះ អំពើទុច្ចរិតរបស់ពួកយ៉ាកុបនឹងបានជំរះដោយការនោះឯង ហើយនេះជាផលដែលកើតពីការដោះបាបគេចេញ គឺទ្រង់នឹងធ្វើឲ្យថ្មទាំងប៉ុន្មាននៃអាសនាបានដូចជាដីសដែលត្រូវកិនកំទេច ដើម្បីឲ្យរូបព្រះទាំងប៉ុន្មាន នឹងរូបព្រះអាទិត្យ បានងើបឡើងវិញមិនរួចជាដរាប ដ្បិតទីក្រុងមានបន្ទាយបានចោលស្ងាត់ទៅ គឺជាទីលំនៅដែលគេលែងនៅ ព្រមទាំងបោះបង់ចោលហើយ ប្រៀបដូចជាទីរហោស្ថាន នៅទីនោះកូនគោនឹងរកស៊ីហើយដេកនៅ វានឹងស៊ីមែកខ្ចីដែលនៅទីនោះ កាលណាមែកស្វិតក្រៀមទៅហើយ នោះនឹងត្រូវកាច់ចេញ ហើយពួកស្រីៗនឹងមកដុតចោល ពីព្រោះជនជាតិនេះឥតមានយោបល់ ហេតុដូច្នេះ ព្រះដែលបានបង្កើតគេ ទ្រង់នឹងមិនប្រណីដល់គេឡើយ ព្រះដែលបានសូនគេឡើង ទ្រង់នឹងមិនផ្តល់ព្រះគុណដល់គេសោះ។ នៅគ្រានោះ ឱពួកកូនចៅអ៊ីស្រាអែលអើយ ព្រះយេហូវ៉ាទ្រង់នឹងវាយជំរុះផលគេ ចាប់តាំងពីទឹកទន្លេរហូតដល់ស្ទឹងស្រុកអេស៊ីព្ទ គ្រានោះឯងរាល់គ្នានឹងបានរួមមូលគ្នាមកម្នាក់ម្តងម្នាក់ម្តង ហើយនៅគ្រានោះ នឹងឮសូរត្រែធំផ្លុំឡើង នោះពួកអ្នកនៅក្នុងស្រុកអាសស៊ើរ ដែលហៀបនឹងវិនាសបាត់ នឹងពួកអ្នកដែលត្រូវបំបរបង់ចេញទៅឯស្រុកអេស៊ីព្ទ គេនឹងវិលមកថ្វាយបង្គំព្រះយេហូវ៉ា នៅលើភ្នំបរិសុទ្ធ ត្រង់ក្រុងយេរូសាឡិម។
អាន អេសាយ 27
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 27:1-13
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ