អេសាយ 27
27
1នៅគ្រានោះ ព្រះយេហូវ៉ាទ្រង់នឹងយកដាវមុតក្លាដ៏ធំ ហើយមានកំឡាំងរបស់ទ្រង់ទៅធ្វើទោសដល់សត្វសំបើម ជានាគដែលរត់ពួន គឺសត្វសំបើម ជានាគក្ងិចក្ងក់នោះឯង ហើយទ្រង់នឹងសំឡាប់សត្វសំបើមដែលនៅក្នុងសមុទ្រនោះ។
2នៅគ្រានោះ នឹងមានចំការ សំរាប់ធ្វើស្រាទំពាំងបាយជូរ ចូរច្រៀងជូនថា 3អញនេះ គឺព្រះយេហូវ៉ា ជាអ្នកថែរក្សា អញនឹងស្រោចទឹកជានិច្ច ហើយនឹងថែមើលទាំងយប់ទាំងថ្ងៃ ក្រែងអ្នកណាធ្វើឲ្យអន្តរាយ 4អញមិនចេះឃោរឃៅទេ តែបើមានអញ្ចាញនឹងបន្លាមកច្បាំងនឹងអញ នោះអញនឹងដើរជាន់លើវា ហើយនឹងដុតបញ្ឆេះវាអស់រលីង 5បើពុំនោះ ឲ្យគេមកពឹងពាក់កំឡាំងអញវិញ ដើម្បីឲ្យបានជាមេត្រីនឹងអញ ចូរឲ្យគេជាមេត្រីនឹងអញចុះ 6នៅគ្រាខាងមុខ នោះពួកយ៉ាកុបនឹងចាក់ឫសទៅ ពួកអ៊ីស្រាអែលនឹងពន្លកចេញឡើង ហើយគេនឹងបង្កើតផលផ្សាយទៅពេញលើផែនដី។
7តើទ្រង់បានវាយគេ ដូចជាវាយសាសន៍១ដែលបានវាយគេដែរឬ តើគេបានត្រូវប្រហារបង់ ដូចជាការប្រហារដល់ពួកអ្នកដែលទ្រង់បានប្រហារនោះឬអី 8គឺទ្រង់បានធ្វើទោសដល់គេតាមព្រះហឫទ័យសន្តោសវិញ ដោយបណ្តេញគេទៅ គឺទ្រង់បានផាត់គេចេញ ដោយខ្យល់គំហុករបស់ទ្រង់ នៅថ្ងៃដែលខ្យល់ពីទិសខាងកើតបក់មក 9ដូច្នេះ អំពើទុច្ចរិតរបស់ពួកយ៉ាកុបនឹងបានជំរះដោយការនោះឯង ហើយនេះជាផលដែលកើតពីការដោះបាបគេចេញ គឺទ្រង់នឹងធ្វើឲ្យថ្មទាំងប៉ុន្មាននៃអាសនាបានដូចជាដីសដែលត្រូវកិនកំទេច ដើម្បីឲ្យរូបព្រះទាំងប៉ុន្មាន នឹងរូបព្រះអាទិត្យ បានងើបឡើងវិញមិនរួចជាដរាប 10ដ្បិតទីក្រុងមានបន្ទាយបានចោលស្ងាត់ទៅ គឺជាទីលំនៅដែលគេលែងនៅ ព្រមទាំងបោះបង់ចោលហើយ ប្រៀបដូចជាទីរហោស្ថាន នៅទីនោះកូនគោនឹងរកស៊ីហើយដេកនៅ វានឹងស៊ីមែកខ្ចីដែលនៅទីនោះ 11កាលណាមែកស្វិតក្រៀមទៅហើយ នោះនឹងត្រូវកាច់ចេញ ហើយពួកស្រីៗនឹងមកដុតចោល ពីព្រោះជនជាតិនេះឥតមានយោបល់ ហេតុដូច្នេះ ព្រះដែលបានបង្កើតគេ ទ្រង់នឹងមិនប្រណីដល់គេឡើយ ព្រះដែលបានសូនគេឡើង ទ្រង់នឹងមិនផ្តល់ព្រះគុណដល់គេសោះ។
12នៅគ្រានោះ ឱពួកកូនចៅអ៊ីស្រាអែលអើយ ព្រះយេហូវ៉ាទ្រង់នឹងវាយជំរុះផលគេ ចាប់តាំងពីទឹកទន្លេរហូតដល់ស្ទឹងស្រុកអេស៊ីព្ទ គ្រានោះឯងរាល់គ្នានឹងបានរួមមូលគ្នាមកម្នាក់ម្តងម្នាក់ម្តង 13ហើយនៅគ្រានោះ នឹងឮសូរត្រែធំផ្លុំឡើង នោះពួកអ្នកនៅក្នុងស្រុកអាសស៊ើរ ដែលហៀបនឹងវិនាសបាត់ នឹងពួកអ្នកដែលត្រូវបំបរបង់ចេញទៅឯស្រុកអេស៊ីព្ទ គេនឹងវិលមកថ្វាយបង្គំព្រះយេហូវ៉ា នៅលើភ្នំបរិសុទ្ធ ត្រង់ក្រុងយេរូសាឡិម។
ទើបបានជ្រើសរើសហើយ៖
អេសាយ 27: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.