អេសាយ 2:1-5
អេសាយ 2:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នេះជាសេចក្ដីដែលហោរាអេសាយ ជាកូនអ័ម៉ូស បានឃើញពីដំណើរស្រុកយូដា និងក្រុងយេរូសាឡិម។ ថ្ងៃក្រោយ ភ្នំនៃដំណាក់របស់ព្រះយេហូវ៉ា នឹងតាំងឡើង ខ្ពស់លើសជាងអស់ទាំងភ្នំធំៗ ហើយបានតម្កើងឡើង ប្រសើរជាងអស់ទាំងភ្នំតូចៗ អស់ទាំងសាសន៍នឹងចូលហូរហែទៅក្នុងទីនោះ។ ឯប្រជាជាតិជាច្រើន នឹងឡើងទៅ ដោយពោលថា៖ ចូរយើងឡើងទៅឯភ្នំព្រះយេហូវ៉ា ដល់ព្រះវិហារនៃព្រះរបស់ពួកយ៉ាកុប ព្រះអង្គនឹងបង្រៀនយើងពីផ្លូវរបស់ព្រះអង្គ នោះយើងនឹងដើរតាមផ្លូវទាំងនោះ។ ដ្បិតក្រឹត្យវិន័យចេញពីក្រុងស៊ីយ៉ូនទៅ ហើយព្រះបន្ទូលរបស់ព្រះយេហូវ៉ា ចេញពីក្រុងយេរូសាឡិមដែរ។ ព្រះអង្គនឹងវិនិច្ឆ័យរវាងអស់ទាំងនគរ ហើយនឹងសម្រេចរឿងដល់សាសន៍ជាច្រើន នោះគេនឹងយកដាវរបស់ខ្លួនដំធ្វើជាផាលនង្គ័ល ហើយលំពែងគេធ្វើជាដង្កាវវិញ នគរមួយនឹងមិនលើកដាវទាស់ នឹងនគរមួយទៀតឡើយ ក៏មិនហាត់រៀនធ្វើសឹកសង្គ្រាមទៀតដែរ ឱពួកវង្សយ៉ាកុបអើយ ចូរមក យើងដើរក្នុងពន្លឺរបស់ព្រះយេហូវ៉ា។
អេសាយ 2:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នេះជាសេចក្ដីដែលអេសាយ ជាកូនអ័ម៉ូស បានឃើញពីដំណើរស្រុកយូដា នឹងក្រុងយេរូសាឡិម។ នៅជាន់ក្រោយបង្អស់ នោះភ្នំ ជាទីស្អាងព្រះវិហារនៃព្រះយេហូវ៉ា នឹងបានតាំងឡើងខ្ពស់លើសអស់ទាំងភ្នំធំៗ ហើយនឹងបានដំកើងឡើងជាប្រសើរជាងអស់ទាំងភ្នំតូចៗដែរ អស់ទាំងសាសន៍នឹងចូលហូរហែទៅក្នុងទីនោះ ឯប្រជាជាតិជាច្រើន គេនឹងទៅដោយពោលថា ចូរយើងឡើងទៅឯភ្នំនៃព្រះយេហូវ៉ា ដល់ព្រះវិហារនៃព្រះរបស់ពួកយ៉ាកុបចុះ ទ្រង់នឹងបង្រៀនយើងពីផ្លូវរបស់ទ្រង់ នោះយើងនឹងដើរតាមផ្លូវទាំងនោះ ដ្បិតក្រឹត្យវិន័យនឹងចេញពីក្រុងស៊ីយ៉ូនទៅ ហើយព្រះបន្ទូលនៃព្រះយេហូវ៉ាពីក្រុងយេរូសាឡិមដែរ ទ្រង់នឹងវិនិច្ឆ័យរវាងអស់ទាំងនគរ ហើយនឹងសំរេចរឿងដល់សាសន៍ជាច្រើន នោះគេនឹងយកដាវរបស់ខ្លួនដំធ្វើជាផាលនង្គ័ល ហើយលំពែងគេធ្វើជាដង្កាវវិញ នគរ១នឹងមិនលើកដាវទាស់នឹងនគរ១ទៀតឡើយ ក៏មិនហាត់រៀនធ្វើសឹកសង្គ្រាមទៀតដែរ ឱពួកវង្សនៃយ៉ាកុបអើយ ចូរមក យើងដើរក្នុងពន្លឺនៃព្រះយេហូវ៉ាចុះ។
អេសាយ 2:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នេះជាព្រះបន្ទូលដែលព្យាការី*អេសាយ ជាកូនរបស់លោកអម៉ូស បានទទួលពីព្រះអម្ចាស់ ស្ដីអំពីព្រឹត្តិការណ៍ដែលនឹងកើតមាននៅស្រុកយូដា និងក្រុងយេរូសាឡឹម: ថ្ងៃក្រោយ ព្រះអម្ចាស់នឹងលើក ភ្នំដែលមានព្រះដំណាក់របស់ព្រះអង្គ ដាក់នៅលើកំពូលភ្នំទាំងឡាយ ដើម្បីឲ្យភ្នំនោះបានខ្ពស់ជាងគេ ហើយប្រជាជាតិទាំងប៉ុន្មាននឹងនាំគ្នាឡើងទៅ ជាហូរហែ។ ប្រជាជនជាច្រើននឹងឡើងទៅភ្នំនោះ ទាំងពោលថា «ចូរនាំគ្នាមក! យើងឡើងលើភ្នំរបស់ព្រះអម្ចាស់ យើងឡើងទៅព្រះដំណាក់នៃព្រះ របស់លោកយ៉ាកុប។ ព្រះអង្គនឹងបង្រៀនយើងអំពី មាគ៌ារបស់ព្រះអង្គ ហើយយើងនឹងដើរតាមមាគ៌ានេះ» ដ្បិតការប្រៀនប្រដៅចេញមកពីក្រុងស៊ីយ៉ូន ហើយព្រះបន្ទូលរបស់ព្រះអម្ចាស់ ក៏ចេញមកពីក្រុងយេរូសាឡឹមដែរ។ ព្រះអង្គនឹងធ្វើជាចៅក្រមរវាងប្រជាជាតិនានា ព្រះអង្គនឹងសម្រុះសម្រួលជាតិសាសន៍ជាច្រើន ឲ្យឈប់ទាស់ទែងគ្នា។ ពេលនោះ ពួកគេនឹងយកដាវរបស់ខ្លួន មករំលាយធ្វើជាផាលនង្គ័ល ហើយយកលំពែងមករំលាយធ្វើជាកណ្ដៀវ។ ប្រជាជាតិមួយឈប់ច្បាំងនឹង ប្រជាជាតិមួយទៀត ហើយគេក៏លែងហាត់រៀនធ្វើសង្គ្រាមដែរ។ កូនចៅរបស់លោកយ៉ាកុបអើយ ចូរនាំគ្នាមក! យើងដើរក្រោមពន្លឺរបស់ព្រះអម្ចាស់!