អេសាយ 2:1-22

អេសាយ 2:1-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នេះ​ជា​សេចក្ដី​ដែល​ហោរា​អេសាយ ជា​កូន​អ័ម៉ូស បាន​ឃើញ​ពី​ដំណើរ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម។ ថ្ងៃ​ក្រោយ ភ្នំ​នៃ​ដំណាក់​របស់​ព្រះ‌‌យេហូវ៉ា នឹង​តាំង​ឡើង ខ្ពស់​លើស​ជាង​អស់​ទាំង​ភ្នំ​ធំៗ ហើយ​បាន​តម្កើង​ឡើង ប្រសើរ​ជាង​អស់​ទាំង​ភ្នំ​តូចៗ អស់​ទាំង​សាសន៍​នឹង​ចូល​ហូរ‌ហែ​ទៅ​ក្នុង​ទី​នោះ។ ឯ​ប្រជា‌ជាតិ​ជា​ច្រើន នឹង​ឡើង​ទៅ ដោយ​ពោល​ថា៖ ចូរ​យើង​ឡើង​ទៅ​ឯ​ភ្នំ​ព្រះ‌យេហូវ៉ា ដល់​ព្រះ‌វិហារ​នៃ​ព្រះ​របស់​ពួក​យ៉ាកុប ព្រះ‌អង្គ​នឹង​បង្រៀន​យើង​ពី​ផ្លូវ​របស់​ព្រះ‌អង្គ នោះ​យើង​នឹង​ដើរ​តាម​ផ្លូវ​ទាំង​នោះ។ ដ្បិត​ក្រឹត្យ‌វិន័យ​ចេញ​ពី​ក្រុង​ស៊ីយ៉ូន​ទៅ ហើយ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ដែរ។ ព្រះ‌អង្គ​នឹង​វិនិច្ឆ័យ​រវាង​អស់​ទាំង​នគរ ហើយ​នឹង​សម្រេច​រឿង​ដល់​សាសន៍​ជា​ច្រើន នោះ​គេ​នឹង​យក​ដាវ​របស់​ខ្លួន​ដំ​ធ្វើ​ជា​ផាល‌នង្គ័ល ហើយ​លំពែង​គេ​ធ្វើ​ជា​ដង្កាវ​វិញ នគរ​មួយ​នឹង​មិន​លើក​ដាវ​ទាស់ នឹង​នគរ​មួយ​ទៀត​ឡើយ ក៏​មិន​ហាត់​រៀន​ធ្វើ​សឹក​សង្គ្រាម​ទៀត​ដែរ ឱ​ពួក​វង្ស​យ៉ាកុប​អើយ ចូរ​មក យើង​ដើរ​ក្នុង​ពន្លឺ​របស់​ព្រះ‌យេហូវ៉ា។ ហេតុ​នេះ​បាន​ជា​ព្រះ‌អង្គ​បោះ‌បង់​ចោល ពួក​វង្ស​យ៉ាកុប​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ គឺ​ពី​ព្រោះ​មាន​គ្រូ​មន្ត​អាគម ពី​ស្រុក​ខាង​កើត បាន​ចូល​មក​ពេញ​ទី​ហើយ គេ​ធ្វើ​ជា​គ្រូ​អាប​ធ្មប់​ដូច​ជា​សាសន៍​ភីលី‌ស្ទីន ក៏​ចង​សម្ពន្ធ‌មិត្ត​នឹង​ពួក​សាសន៍​ដទៃ។ ស្រុក​បាន​បរិបូរ​ដោយ​មាស និង​ប្រាក់ ឯ​ទ្រព្យ‌សម្បត្តិ នោះ​រាប់​មិន​អស់​ឡើយ ក៏​មាន​សេះ​ពេញ​ស្រុក ហើយ​រទេះ​ចម្បាំង​ក៏​រាប់​មិន​អស់​ដែរ។ ស្រុក​បាន​ពេញ​ដោយ​រូប​ព្រះ គេ​ថ្វាយ​បង្គំ​ចំពោះ​ស្នាដៃ​របស់​ខ្លួន គឺ​ជា​របស់​ដែល​ម្រាម​ដៃ​គេ​បាន​ធ្វើ។ មនុស្ស​ធម្មតា​បាន​ឱន​ចុះ ឯ​ពួក​អ្នក​ធំ​បាន​បន្ទាប​ខ្លួន​ហើយ កុំ​អត់​ទោស​ដល់​គេ​ឡើយ។ ចូរ​ឲ្យ​ចូល​ទៅ​ក្នុង​រូង​ថ្ម ហើយ​ពួន​ខ្លួន​នៅ​ក្នុង​ធូលី​ដី​ចុះ ដើម្បី​ឲ្យ​បាន​រួច​ពី​សេចក្ដី​ស្ញែង‌ខ្លាច​នៃ​ព្រះ‌យេហូវ៉ា ហើយ​ពី​សិរី‌ល្អ​នៃ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ។ ឫក​ខ្ពស់​របស់​មនុស្ស​នឹង​ត្រូវ​បន្ទាប​ចុះ ហើយ​ចិត្ត​ឆ្មើង‌ឆ្មៃ​របស់​មនុស្ស នឹង​ត្រូវ​បង្ឱន​ទាប​វិញ នៅ​គ្រា​នោះ​មាន​តែ​ព្រះ‌យេហូវ៉ា មួយ​អង្គ​ប៉ុណ្ណោះ​ទេ ដែល​នឹង​បាន​តម្កើង​ឡើង។ ដ្បិត​នឹង​មាន​ថ្ងៃ​មួយ​របស់​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ មក​លើ​មនុស្ស​ឫក​ខ្ពស់ និង​មនុស្ស​មាន​ចិត្ត​ឆ្មើង‌ឆ្មៃ លើ​អស់អ្នក​ដែល​ត្រូវ​បាន​គេ​លើក​តម្កើង ឲ្យ​បន្ទាប​ចុះ​វិញ គឺ​មក​លើ​អស់​ទាំង​ដើម​តា‌ត្រៅ​នៅ​ភ្នំ​ល្បាណូន ដែល​ខ្ពស់ ហើយ​តម្កើង​ឡើង និង​លើ​គ្រប់​ទាំង​ដើម​ម៉ៃសាក់ នៅ​ស្រុក​បាសាន​ដែរ។ មក​លើ​អស់​ទាំង​ភ្នំ​ខ្ពស់ និង​ភ្នំ​តូចៗ​ដែល​បាន​តម្កើង​ឡើង មក​លើ​អស់​ទាំង​ប៉ម​យ៉ាង​ខ្ពស់ និង​កំផែង​មាន​គ្រឿង​ចម្បាំង លើ​អស់​ទាំង​នាវា​ស្រុក​តើស៊ីស និង​មក​លើ​អស់​ទាំង​សំពៅ​ដែល​ល្អ​ប្រណីត។ នោះ​សណ្ឋាន​ខ្ពស់​របស់​មនុស្ស នឹង​ត្រូវ​បង្ឱន​ទាប ឯ​សេចក្ដី​ឆ្មើង‌ឆ្មៃ​របស់​មនុស្ស ក៏​នឹង​ត្រូវ​បន្ទាប​ចុះ នៅ​គ្រា​នោះ នឹង​មាន​តែ​ព្រះ‌យេហូវ៉ា មួយ​អង្គ​ប៉ុណ្ណោះ​ទេ ដែល​នឹង​បាន​តម្កើង​ឡើង។ អស់​ទាំង​រូប​ព្រះ​នឹង​សាប‌សូន្យ​បាត់​អស់​រលីង។ ឯ​មនុស្ស នឹង​ចូល​ទៅ​ក្នុង​រអាង​ថ្ម ហើយ​ក្នុង​រូង​ដី ដើម្បី​ឲ្យ​បាន​រួច ពី​សេចក្ដី​ស្ញែង‌ខ្លាច​នៃ​ព្រះ‌យេហូវ៉ា និង​ពី​សិរី‌ល្អ​នៃ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ គឺ​ក្នុង​កាល​ដែល​ព្រះ‌អង្គ​ក្រោក​ឡើង​អង្រួន​ផែនដី ដោយ​ឫទ្ធិ​យ៉ាង​អស្ចារ្យ។ នៅ​គ្រា​នោះ មនុស្ស​នឹង​បោះ​ចោល​រូប​ព្រះ របស់​ខ្លួន​ដែល​ធ្វើ​ពី​មាស ហើយ​ពី​ប្រាក់ ជា​របស់​ដែល​គេ​បាន​ធ្វើ​សម្រាប់​នឹង​ថ្វាយ​បង្គំ ទៅ​ឲ្យ​កណ្តុរ និង​ប្រចៀវ។ ដើម្បី​ចូល​ទៅ​ក្នុង​រអាង​ថ្ម ហើយ​ក្នុង​ក្រហែង​ថ្ម​រខិញ‌រខុញ ឲ្យ​បាន​រួច​ពី​សេចក្ដី​ស្ញែង‌ខ្លាច​នៃ​ព្រះ‌យេហូវ៉ា និង​សិរី‌ល្អ​នៃ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ ក្នុង​កាល​ដែល​ព្រះ‌អង្គ​ក្រោក​ឡើង​អង្រួន​ផែនដី ដោយ​ឫទ្ធិ​យ៉ាង​អស្ចារ្យ។ ចូរ​ឈប់​ទុក​ចិត្ត​ដល់​មនុស្ស ដែល​មាន​តែ​ដង្ហើម​ចេញ​ចូល​តាម​រន្ធ​ច្រមុះ​ទៅ ដ្បិត​តើ​គេ​មាន​តម្លៃប៉ុណ្ណា​ទៅ?

ចែក​រំលែក
អាន អេសាយ 2

អេសាយ 2:1-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្យាការី*​អេសាយ ជា​កូន​របស់​លោក​អម៉ូស បាន​ទទួល​ពី​ព្រះ‌អម្ចាស់ ស្ដី​អំពី​ព្រឹត្តិ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម: ថ្ងៃ​ក្រោយ ព្រះ‌អម្ចាស់​នឹង​លើក ភ្នំ​ដែល​មាន​ព្រះ‌ដំណាក់​របស់​ព្រះអង្គ ដាក់​នៅ​លើ​កំពូល​ភ្នំ​ទាំង‌ឡាយ ដើម្បី​ឲ្យ​ភ្នំ​នោះ​បាន​ខ្ពស់​ជាង​គេ ហើយ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នឹង​នាំ​គ្នា​ឡើង​ទៅ ជា​ហូរ‌ហែ។ ប្រជា‌ជន​ជា​ច្រើន​នឹង​ឡើង​ទៅ​ភ្នំ​នោះ ទាំង​ពោល​ថា «ចូរ​នាំ​គ្នា​មក! យើង​ឡើង​លើ​ភ្នំ​របស់​ព្រះ‌អម្ចាស់ យើង​ឡើង​ទៅ​ព្រះ‌ដំណាក់​នៃ​ព្រះ របស់​លោក​យ៉ាកុប។ ព្រះអង្គ​នឹង​បង្រៀន​យើង​អំពី មាគ៌ា​របស់​ព្រះអង្គ ហើយ​យើង​នឹង​ដើរ​តាម​មាគ៌ា​នេះ» ដ្បិត​ការ​ប្រៀន‌ប្រដៅ​ចេញ​មក​ពី​ក្រុង​ស៊ីយ៉ូន ហើយ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ក៏​ចេញ​មក​ពី​ក្រុង​យេរូ‌សាឡឹម​ដែរ។ ព្រះអង្គ​នឹង​ធ្វើ​ជា​ចៅ‌ក្រម​រវាង​ប្រជា‌ជាតិ​នានា ព្រះអង្គ​នឹង​សម្រុះ‌សម្រួល​ជាតិ​សាសន៍​ជា​ច្រើន ឲ្យ​ឈប់​ទាស់‌ទែង​គ្នា។ ពេល​នោះ ពួក​គេ​នឹង​យក​ដាវ​របស់​ខ្លួន មក​រំលាយ​ធ្វើ​ជា​ផាល​នង្គ័ល ហើយ​យក​លំពែង​មក​រំលាយ​ធ្វើ​ជា​កណ្ដៀវ។ ប្រជា‌ជាតិ​មួយ​ឈប់​ច្បាំង​នឹង ប្រជា‌ជាតិ​មួយ​ទៀត ហើយ​គេ​ក៏​លែង​ហាត់​រៀន​ធ្វើ​សង្គ្រាម​ដែរ។ កូន​ចៅ​របស់​លោក​យ៉ាកុប​អើយ ចូរ​នាំ​គ្នា​មក! យើង​ដើរ​ក្រោម​ពន្លឺ​របស់​ព្រះ‌អម្ចាស់! ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​បាន​បោះ​បង់​ចោល ពូជ‌ពង្ស​របស់​លោក​យ៉ាកុប​ដែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ព្រោះ​មាន​គ្រូ​មន្ត‌អាគម​ពី​ទិស​ខាង​កើត នៅ​ពេញ​ក្នុង​ស្រុក​របស់​គេ ពួក​គេ​មាន​គ្រូ​ទាយ​ច្រើន​ដូច​នៅ​ស្រុក​ភីលីស្ទីន ប្រជា‌ជន​របស់​ព្រះអង្គ​ចង​សម្ពន្ធ‌មិត្ត ជា​មួយ​ជន​បរទេស។ ស្រុក​របស់​គេ​ពោរ‌ពេញ​ទៅ​ដោយ មាស និង​ប្រាក់ ទ្រព្យ​សម្បត្តិ​របស់​គេ​មាន​ច្រើន​ឥត​គណនា ស្រុក​របស់​គេ​ពោរ‌ពេញ​ទៅ​ដោយ​សេះ រទេះ​ចម្បាំង​របស់​គេ​មាន​ច្រើន​ឥត​គណនា។ ស្រុក​របស់​គេ​ក៏​ពោរ‌ពេញ​ទៅ​ដោយ ព្រះ​ក្លែង‌ក្លាយ​ដែរ គេ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ស្នា‌ដៃ​របស់​ខ្លួន គេ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​អ្វីៗ ដែល​ដៃ​របស់​ខ្លួន​បាន​សូន​បង្កើត​មក។ មនុស្ស​លោក​ត្រូវ​អាប់​ឱន គេ​នឹង​ដួល​ផ្កាប់​មុខ​ដល់​ដី ព្រះអង្គ​មិន​អត់‌ទោស​ឲ្យ​គេ​ឡើយ។ ចូរ​នាំ​គ្នា​ចូល​មក​ពួន​នៅ​ក្នុង​ក្រហែង​ថ្ម​នេះ ចូរ​នាំ​គ្នា​លាក់​ខ្លួន​នៅ​ក្នុង​ដី ដើម្បី​គេច​ឲ្យ​ផុត​ពី​ព្រះ‌ពិរោធ​របស់​ព្រះ‌អម្ចាស់ ហើយ​គេច​ឲ្យ​ផុត​ពី​ភាព​ថ្កុំ‌ថ្កើង​នៃ សិរី‌រុងរឿង​របស់​ព្រះអង្គ។ ព្រះអង្គ​នឹង​បន្ទាប​មនុស្ស​មាន​ចិត្ត​ព្រហើន ព្រះអង្គ​នឹង​ពង្រាប​មនុស្ស​មាន​ចិត្ត​អួត‌អាង។ នៅ​ថ្ងៃ​នោះ មាន​តែ​ព្រះ‌អម្ចាស់​មួយ​អង្គ​ទេ ដែល​មនុស្ស​ត្រូវ​លើក​តម្កើង ដ្បិត​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល បាន​កំណត់​ថ្ងៃ​មួយ​ទុក សម្រាប់​ពង្រាប​មនុស្ស​ព្រហើន មនុស្ស​អួត‌អាង និង​មនុស្ស​វាយ​ឫក។ ព្រះអង្គ​ពង្រាប​ដើម​ឈើ​ដ៏​ខ្ពស់ៗ​ទាំង​ប៉ុន្មាន នៅ​ស្រុក​លីបង់ ពង្រាប​ដើម​ជ្រៃ​ទាំង‌ឡាយ​នៅ​ស្រុក​បាសាន។ ព្រះអង្គ​ពង្រាប​ភ្នំ​ធំៗ​ទាំង‌ឡាយ ពង្រាប​ភ្នំ​ដ៏​ខ្ពស់ៗ ពង្រាប​ប៉ម​ដ៏​ខ្ពស់ៗ ពង្រាប​កំពែង​ដ៏​រឹង‌មាំ​ទាំង​ប៉ុន្មាន។ ពង្រាប​សំពៅ​ទាំង​អស់​នៅ​ស្រុក​តើស៊ីស និង​ពង្រាប​នាវា​ដ៏​ល្អ​ប្រណីត។ ព្រះអង្គ​នឹង​បន្ទាប​មនុស្ស​ព្រហើន ព្រះអង្គ​នឹង​ពង្រាប​មនុស្ស​អួត‌អាង។ នៅ​ថ្ងៃ​នោះ មាន​តែ​ព្រះ‌អម្ចាស់​មួយ​អង្គ​ទេ ដែល​មនុស្ស​ត្រូវ​លើក​តម្កើង។ ព្រះ​ក្លែង‌ក្លាយ​ទាំង​ប៉ុន្មាន​នឹង​វិនាស​សូន្យ។ ពេល​នោះ គេ​នឹង​នាំ​គ្នា​ចូល​ទៅ​ពួន​នៅ​ក្នុង​រូង​ភ្នំ គេ​នឹង​លាក់​ខ្លួន​ក្នុង​រូង​ដែល​នៅ​ក្រោម​ដី ដើម្បី​គេច​ឲ្យ​ផុត​ពី​ព្រះ‌ពិរោធ​របស់​ព្រះ‌អម្ចាស់ ហើយ​គេច​ឲ្យ​ផុត​ពី​ភាព​ថ្កុំ‌ថ្កើង នៃ​សិរី‌រុងរឿង​របស់​ព្រះអង្គ នៅ​ពេល​ព្រះអង្គ​ក្រោក​ឡើង ធ្វើ​ឲ្យ​មាន​ការ​ភ័យ​តក់‌ស្លុត​នៅ​លើ​ផែនដី។ នៅ​ថ្ងៃ​នោះ មនុស្ស​លោក​នឹង​យក​ព្រះ​ក្លែង‌ក្លាយ ធ្វើ​អំពី​ប្រាក់ និង​មាស​ដែល​គេ​សិត​សម្រាប់​ថ្វាយ‌បង្គំ​បោះ​ទៅ​ឲ្យ​កណ្ដុរ និង​ប្រជៀវ។ គេ​នឹង​នាំ​គ្នា​ចូល​ទៅ​ពួន​ក្នុង​គុហា និង​ក្រហែង​ភ្នំ ដើម្បី​គេច​ឲ្យ​ផុត​ពី​ព្រះ‌ពិរោធ​របស់​ព្រះ‌អម្ចាស់ ហើយ​គេច​ឲ្យ​ផុត​ពី​ភាព​ដ៏​ថ្កុំ‌ថ្កើង​នៃ​សិរី‌រុងរឿង​របស់​ព្រះអង្គ នៅ​ពេល​ព្រះអង្គ​ក្រោក​ឡើង​ធ្វើ​ឲ្យ​មាន​ការ​ភ័យ​តក់‌ស្លុត​លើ​ផែនដី។ ចូរ​ឈប់​ពឹង​ផ្អែក​លើ​មនុស្ស​ទៀត​ទៅ ដ្បិត​ជីវិត​របស់​គេ​ប្រៀប​បាន​នឹង មួយ​ដង្ហើម​ប៉ុណ្ណោះ ហើយ​គេ​គ្មាន​តម្លៃ​អ្វី​ទេ!

ចែក​រំលែក
អាន អេសាយ 2

អេសាយ 2:1-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នេះ​ជា​សេចក្ដី​ដែល​អេសាយ ជា​កូន​អ័ម៉ូស បាន​ឃើញ​ពី​ដំណើរ​ស្រុក​យូដា នឹង​ក្រុង​យេរូ‌សាឡិម។ នៅ​ជាន់​ក្រោយ​បង្អស់ នោះ​ភ្នំ ជា​ទី​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នឹង​បាន​តាំង​ឡើង​ខ្ពស់​លើស​អស់​ទាំង​ភ្នំ​ធំៗ ហើយ​នឹង​បាន​ដំកើង​ឡើង​ជា​ប្រសើរ​ជាង​អស់​ទាំង​ភ្នំ​តូចៗ​ដែរ អស់​ទាំង​សាសន៍​នឹង​ចូល​ហូរ‌ហែ​ទៅ​ក្នុង​ទី​នោះ ឯ​ប្រជា‌ជាតិ​ជា​ច្រើន គេ​នឹង​ទៅ​ដោយ​ពោល​ថា ចូរ​យើង​ឡើង​ទៅ​ឯ​ភ្នំ​នៃ​ព្រះ‌យេហូវ៉ា ដល់​ព្រះ‌វិហារ​នៃ​ព្រះ​របស់​ពួក​យ៉ាកុប​ចុះ ទ្រង់​នឹង​បង្រៀន​យើង​ពី​ផ្លូវ​របស់​ទ្រង់ នោះ​យើង​នឹង​ដើរ​តាម​ផ្លូវ​ទាំង​នោះ ដ្បិត​ក្រឹត្យ‌វិន័យ​នឹង​ចេញ​ពី​ក្រុង​ស៊ីយ៉ូន​ទៅ ហើយ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ពី​ក្រុង​យេរូ‌សាឡិម​ដែរ ទ្រង់​នឹង​វិនិច្ឆ័យ​រវាង​អស់​ទាំង​នគរ ហើយ​នឹង​សំរេច​រឿង​ដល់​សាសន៍​ជា​ច្រើន នោះ​គេ​នឹង​យក​ដាវ​របស់​ខ្លួន​ដំ​ធ្វើ​ជា​ផាល‌នង្គ័ល ហើយ​លំពែង​គេ​ធ្វើ​ជា​ដង្កាវ​វិញ នគរ​១​នឹង​មិន​លើក​ដាវ​ទាស់​នឹង​នគរ​១​ទៀត​ឡើយ ក៏​មិន​ហាត់​រៀន​ធ្វើ​សឹក​សង្គ្រាម​ទៀត​ដែរ ឱ​ពួក​វង្ស​នៃ​យ៉ាកុប​អើយ ចូរ​មក យើង​ដើរ​ក្នុង​ពន្លឺ​នៃ​ព្រះ‌យេហូវ៉ា​ចុះ។ ហេតុ​នេះ​បាន​ជា​ទ្រង់​បោះ‌បង់​ចោល​ពួក​វង្ស​យ៉ាកុប​ជា​រាស្ត្រ​ទ្រង់​ចេញ គឺ​ពី​ព្រោះ​មាន​ទំនៀម‌ទំលាប់​ពី​ស្រុក​ខាង​កើត​បាន​ចូល​មក​ពេញ​ទី​ហើយ គេ​ធ្វើ​ជា​គ្រូ​អាប‌ធ្មប់​ដូច​ជា​សាសន៍​ភីលីស្ទីន ក៏​ចង​សម្ពន្ធ‌មិត្រ​នឹង​ពួក​សាសន៍​ដទៃ ស្រុក​បាន​បរិបូរ​ដោយ​មាសនឹង​ប្រាក់ ឯ​ទ្រព្យ​សម្បត្តិ នោះ​រាប់​មិន​អស់​ឡើយ ក៏​មាន​សេះ​ពេញ​ស្រុក ហើយ​រទេះ​ចំបាំង​ក៏​រាប់​មិន​អស់​ដែរ ស្រុក​បាន​ពេញ​ដោយ​រូប​ព្រះ គេ​ថ្វាយ‌បង្គំ​ចំពោះ​ស្នាដៃ​របស់​ខ្លួន គឺ​ជា​របស់​ដែល​ម្រាម​ដៃ​គេ​បាន​ធ្វើ មនុស្ស​ធម្មតា​បាន​ឱន​ចុះ ឯ​ពួក​អ្នក​ធំ​បាន​បន្ទាប​ខ្លួន​ហើយ ដូច្នេះ​សូម​កុំ​ឲ្យ​អត់​ទោស​ដល់​គេ​ឡើយ។ ចូរ​ឲ្យ​ចូល​ទៅ​ក្នុង​រូង​ថ្ម ហើយ​ពួន​ខ្លួន​នៅ​ក្នុង​ធូលី​ដី​ចុះ ដើម្បី​ឲ្យ​បាន​រួច​ពី​សេចក្ដី​ស្ញែង‌ខ្លាច​នៃ​ព្រះ‌យេហូវ៉ា ហើយ​ពី​សិរី‌ល្អ​នៃ​ឫទ្ធា‌នុភាព​របស់​ទ្រង់ ឫក​ខ្ពស់​របស់​មនុស្ស​នឹង​ត្រូវ​បន្ទាប​ចុះ ហើយ​ចិត្ត​ឆ្មើង‌ឆ្មៃ​របស់​មនុស្ស​នឹង​ត្រូវ​បង្អោន​ទាប​វិញ នៅ​គ្រា​នោះមាន​តែ​ព្រះ‌យេហូវ៉ា​១​អង្គ​ប៉ុណ្ណោះ​ទេ ដែល​នឹង​បាន​ដំកើង​ឡើង ដ្បិត​នឹង​មាន​ថ្ងៃ​១​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មក​លើ​គ្រប់​ទាំង​ឫក​ខ្ពស់ នឹង​ចិត្ត​ឆ្មើង‌ឆ្មៃ ព្រម​ទាំង​លើ​គ្រប់​ទាំង​អស់​ដែល​បាន​លើក​ឡើង​ផង ហើយ​នោះ​នឹង​ត្រូវ​បន្ទាប​ចុះ​វិញ គឺ​មក​លើ​អស់​ទាំង​ដើម​តាត្រៅ​នៅ​ភ្នំ​ល្បាណូន ដែល​ខ្ពស់ ហើយ​ដំកើង​ឡើង នឹង​លើ​គ្រប់​ទាំង​ដើម​ម៉ៃសាក់ នៅ​ស្រុក​បាសាន​ដែរ មក​លើ​អស់​ទាំង​ភ្នំ​ខ្ពស់ នឹង​ភ្នំ​តូចៗ​ដែល​បាន​ដំកើង​ឡើង មក​លើ​អស់​ទាំង​ប៉ម​យ៉ាង​ខ្ពស់ នឹង​កំផែង​មាន​គ្រឿង​ចំបាំង នឹង​លើ​អស់​ទាំង​នាវា​ស្រុក​តើស៊ីស ហើយ​លើ​អ្វីៗ​ទាំង​អស់​ដែល​គាប់​ដល់​ភ្នែក​ដែរ នោះ​សណ្ឋាន​ខ្ពស់​របស់​មនុស្ស នឹង​ត្រូវ​បង្អោន​ទាប ឯ​សេចក្ដី​ឆ្មើង‌ឆ្មៃ​របស់​មនុស្ស​ក៏​នឹង​ត្រូវ​បន្ទាប​ចុះ នៅ​គ្រា​នោះ នឹង​មាន​តែ​ព្រះ‌យេហូវ៉ា​១​អង្គ​ប៉ុណ្ណោះ​ទេ ដែល​នឹង​បាន​ដំកើង​ឡើង អស់​ទាំង​រូប​ព្រះ​នឹង​សាប‌សូន្យ​បាត់​ទៅ​អស់​រលីង ឯ​មនុស្ស​គេ នឹង​ចូល​ទៅ​ក្នុង​រអាង​ថ្ម ហើយ​ក្នុង​រូង​ដី ដើម្បី​ឲ្យ​បាន​រួច​ពី​សេចក្ដី​ស្ញែង‌ខ្លាច​នៃ​ព្រះ‌យេហូវ៉ា នឹង​ពី​សិរី‌ល្អ​នៃ​ឫទ្ធា‌នុភាព​របស់​ទ្រង់ គឺ​ក្នុង​កាល​ដែល​ទ្រង់​ក្រោក​ឡើង ដើម្បី​នឹង​អង្រួន​ផែនដី ដោយ​ឫទ្ធិ​យ៉ាង​អស្ចារ្យ នៅ​គ្រា​នោះ មនុស្ស​នឹង​បោះ​ចោល​រូប​ព្រះ​របស់​ខ្លួន​ដែល​ធ្វើ​ពី​មាស ហើយ​ពី​ប្រាក់ ជា​របស់​ដែល​គេ​បាន​ធ្វើ​សំរាប់​នឹង​ថ្វាយ‌បង្គំ ទៅ​ឲ្យ​កណ្តុរ ហើយ​នឹង​ប្រចៀវ ដើម្បី​នឹង​ចូល​ទៅ​ក្នុង​រអាង​ថ្ម ហើយ​ក្នុង​ក្រហែង​ថ្ម​រខិញ‌រខុញ ឲ្យ​បាន​រួច​ពី​សេចក្ដី​ស្ញែង‌ខ្លាច​នៃ​ព្រះ‌យេហូវ៉ា នឹង​សិរី‌ល្អ​នៃ​ឫទ្ធា‌នុភាព​របស់​ទ្រង់ ក្នុង​កាល​ដែល​ទ្រង់​ក្រោក​ឡើង​នឹង​អង្រួន​ផែនដី ដោយ​ឫទ្ធិ​យ៉ាង​អស្ចារ្យ ចូរ​លែង​ទុក​ចិត្ត​ដល់​មនុស្ស​ដែល​មាន​តែ​ដង្ហើម​ចេញ​ចូល​តាម​រន្ធ​ច្រមុះ​ទៅ ដ្បិត​តើ​នឹង​ពឹង​ដល់​គេ​ឯ​ណា​បាន។

ចែក​រំលែក
អាន អេសាយ 2