អេសាយ 2:1-22

អេសាយ 2:1-22 គកស១៦

នេះ​ជា​សេចក្ដី​ដែល​ហោរា​អេសាយ ជា​កូន​អ័ម៉ូស បាន​ឃើញ​ពី​ដំណើរ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម។ ថ្ងៃ​ក្រោយ ភ្នំ​នៃ​ដំណាក់​របស់​ព្រះ‌‌យេហូវ៉ា នឹង​តាំង​ឡើង ខ្ពស់​លើស​ជាង​អស់​ទាំង​ភ្នំ​ធំៗ ហើយ​បាន​តម្កើង​ឡើង ប្រសើរ​ជាង​អស់​ទាំង​ភ្នំ​តូចៗ អស់​ទាំង​សាសន៍​នឹង​ចូល​ហូរ‌ហែ​ទៅ​ក្នុង​ទី​នោះ។ ឯ​ប្រជា‌ជាតិ​ជា​ច្រើន នឹង​ឡើង​ទៅ ដោយ​ពោល​ថា៖ ចូរ​យើង​ឡើង​ទៅ​ឯ​ភ្នំ​ព្រះ‌យេហូវ៉ា ដល់​ព្រះ‌វិហារ​នៃ​ព្រះ​របស់​ពួក​យ៉ាកុប ព្រះ‌អង្គ​នឹង​បង្រៀន​យើង​ពី​ផ្លូវ​របស់​ព្រះ‌អង្គ នោះ​យើង​នឹង​ដើរ​តាម​ផ្លូវ​ទាំង​នោះ។ ដ្បិត​ក្រឹត្យ‌វិន័យ​ចេញ​ពី​ក្រុង​ស៊ីយ៉ូន​ទៅ ហើយ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ដែរ។ ព្រះ‌អង្គ​នឹង​វិនិច្ឆ័យ​រវាង​អស់​ទាំង​នគរ ហើយ​នឹង​សម្រេច​រឿង​ដល់​សាសន៍​ជា​ច្រើន នោះ​គេ​នឹង​យក​ដាវ​របស់​ខ្លួន​ដំ​ធ្វើ​ជា​ផាល‌នង្គ័ល ហើយ​លំពែង​គេ​ធ្វើ​ជា​ដង្កាវ​វិញ នគរ​មួយ​នឹង​មិន​លើក​ដាវ​ទាស់ នឹង​នគរ​មួយ​ទៀត​ឡើយ ក៏​មិន​ហាត់​រៀន​ធ្វើ​សឹក​សង្គ្រាម​ទៀត​ដែរ ឱ​ពួក​វង្ស​យ៉ាកុប​អើយ ចូរ​មក យើង​ដើរ​ក្នុង​ពន្លឺ​របស់​ព្រះ‌យេហូវ៉ា។ ហេតុ​នេះ​បាន​ជា​ព្រះ‌អង្គ​បោះ‌បង់​ចោល ពួក​វង្ស​យ៉ាកុប​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ គឺ​ពី​ព្រោះ​មាន​គ្រូ​មន្ត​អាគម ពី​ស្រុក​ខាង​កើត បាន​ចូល​មក​ពេញ​ទី​ហើយ គេ​ធ្វើ​ជា​គ្រូ​អាប​ធ្មប់​ដូច​ជា​សាសន៍​ភីលី‌ស្ទីន ក៏​ចង​សម្ពន្ធ‌មិត្ត​នឹង​ពួក​សាសន៍​ដទៃ។ ស្រុក​បាន​បរិបូរ​ដោយ​មាស និង​ប្រាក់ ឯ​ទ្រព្យ‌សម្បត្តិ នោះ​រាប់​មិន​អស់​ឡើយ ក៏​មាន​សេះ​ពេញ​ស្រុក ហើយ​រទេះ​ចម្បាំង​ក៏​រាប់​មិន​អស់​ដែរ។ ស្រុក​បាន​ពេញ​ដោយ​រូប​ព្រះ គេ​ថ្វាយ​បង្គំ​ចំពោះ​ស្នាដៃ​របស់​ខ្លួន គឺ​ជា​របស់​ដែល​ម្រាម​ដៃ​គេ​បាន​ធ្វើ។ មនុស្ស​ធម្មតា​បាន​ឱន​ចុះ ឯ​ពួក​អ្នក​ធំ​បាន​បន្ទាប​ខ្លួន​ហើយ កុំ​អត់​ទោស​ដល់​គេ​ឡើយ។ ចូរ​ឲ្យ​ចូល​ទៅ​ក្នុង​រូង​ថ្ម ហើយ​ពួន​ខ្លួន​នៅ​ក្នុង​ធូលី​ដី​ចុះ ដើម្បី​ឲ្យ​បាន​រួច​ពី​សេចក្ដី​ស្ញែង‌ខ្លាច​នៃ​ព្រះ‌យេហូវ៉ា ហើយ​ពី​សិរី‌ល្អ​នៃ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ។ ឫក​ខ្ពស់​របស់​មនុស្ស​នឹង​ត្រូវ​បន្ទាប​ចុះ ហើយ​ចិត្ត​ឆ្មើង‌ឆ្មៃ​របស់​មនុស្ស នឹង​ត្រូវ​បង្ឱន​ទាប​វិញ នៅ​គ្រា​នោះ​មាន​តែ​ព្រះ‌យេហូវ៉ា មួយ​អង្គ​ប៉ុណ្ណោះ​ទេ ដែល​នឹង​បាន​តម្កើង​ឡើង។ ដ្បិត​នឹង​មាន​ថ្ងៃ​មួយ​របស់​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ មក​លើ​មនុស្ស​ឫក​ខ្ពស់ និង​មនុស្ស​មាន​ចិត្ត​ឆ្មើង‌ឆ្មៃ លើ​អស់អ្នក​ដែល​ត្រូវ​បាន​គេ​លើក​តម្កើង ឲ្យ​បន្ទាប​ចុះ​វិញ គឺ​មក​លើ​អស់​ទាំង​ដើម​តា‌ត្រៅ​នៅ​ភ្នំ​ល្បាណូន ដែល​ខ្ពស់ ហើយ​តម្កើង​ឡើង និង​លើ​គ្រប់​ទាំង​ដើម​ម៉ៃសាក់ នៅ​ស្រុក​បាសាន​ដែរ។ មក​លើ​អស់​ទាំង​ភ្នំ​ខ្ពស់ និង​ភ្នំ​តូចៗ​ដែល​បាន​តម្កើង​ឡើង មក​លើ​អស់​ទាំង​ប៉ម​យ៉ាង​ខ្ពស់ និង​កំផែង​មាន​គ្រឿង​ចម្បាំង លើ​អស់​ទាំង​នាវា​ស្រុក​តើស៊ីស និង​មក​លើ​អស់​ទាំង​សំពៅ​ដែល​ល្អ​ប្រណីត។ នោះ​សណ្ឋាន​ខ្ពស់​របស់​មនុស្ស នឹង​ត្រូវ​បង្ឱន​ទាប ឯ​សេចក្ដី​ឆ្មើង‌ឆ្មៃ​របស់​មនុស្ស ក៏​នឹង​ត្រូវ​បន្ទាប​ចុះ នៅ​គ្រា​នោះ នឹង​មាន​តែ​ព្រះ‌យេហូវ៉ា មួយ​អង្គ​ប៉ុណ្ណោះ​ទេ ដែល​នឹង​បាន​តម្កើង​ឡើង។ អស់​ទាំង​រូប​ព្រះ​នឹង​សាប‌សូន្យ​បាត់​អស់​រលីង។ ឯ​មនុស្ស នឹង​ចូល​ទៅ​ក្នុង​រអាង​ថ្ម ហើយ​ក្នុង​រូង​ដី ដើម្បី​ឲ្យ​បាន​រួច ពី​សេចក្ដី​ស្ញែង‌ខ្លាច​នៃ​ព្រះ‌យេហូវ៉ា និង​ពី​សិរី‌ល្អ​នៃ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ គឺ​ក្នុង​កាល​ដែល​ព្រះ‌អង្គ​ក្រោក​ឡើង​អង្រួន​ផែនដី ដោយ​ឫទ្ធិ​យ៉ាង​អស្ចារ្យ។ នៅ​គ្រា​នោះ មនុស្ស​នឹង​បោះ​ចោល​រូប​ព្រះ របស់​ខ្លួន​ដែល​ធ្វើ​ពី​មាស ហើយ​ពី​ប្រាក់ ជា​របស់​ដែល​គេ​បាន​ធ្វើ​សម្រាប់​នឹង​ថ្វាយ​បង្គំ ទៅ​ឲ្យ​កណ្តុរ និង​ប្រចៀវ។ ដើម្បី​ចូល​ទៅ​ក្នុង​រអាង​ថ្ម ហើយ​ក្នុង​ក្រហែង​ថ្ម​រខិញ‌រខុញ ឲ្យ​បាន​រួច​ពី​សេចក្ដី​ស្ញែង‌ខ្លាច​នៃ​ព្រះ‌យេហូវ៉ា និង​សិរី‌ល្អ​នៃ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ ក្នុង​កាល​ដែល​ព្រះ‌អង្គ​ក្រោក​ឡើង​អង្រួន​ផែនដី ដោយ​ឫទ្ធិ​យ៉ាង​អស្ចារ្យ។ ចូរ​ឈប់​ទុក​ចិត្ត​ដល់​មនុស្ស ដែល​មាន​តែ​ដង្ហើម​ចេញ​ចូល​តាម​រន្ធ​ច្រមុះ​ទៅ ដ្បិត​តើ​គេ​មាន​តម្លៃប៉ុណ្ណា​ទៅ?

អាន អេសាយ 2