អេសាយ 1:1-17

អេសាយ 1:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្នុង​រជ្ជកាល​ព្រះ‌បាទ​អ៊ូសៀស ព្រះ‌បាទ​យ៉ូថាម ព្រះ‌បាទ​អេហាស និង​ព្រះ‌បាទ​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​លោក​អេសាយ ជា​កូន​របស់​លោក​អម៉ូស និមិត្ត​ឃើញ​ការ​អស្ចារ្យ​ស្ដី​អំពី​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម ដូច​ត​ទៅ: ផ្ទៃ​មេឃ​អើយ ចូរ​ស្ដាប់! ផែនដី​អើយ ចូរ​ផ្ទៀង​ត្រចៀក! ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ យើង​បាន​ចិញ្ចឹម​បី​បាច់​ថែ‌រក្សា​កូន យើង​បាន​អប់រំ​ពួក​វា តែ​ពួក​វា​បែរ​ជា​បះ‌បោរ​ប្រឆាំង​នឹង​យើង។ គោ​ស្គាល់​ម្ចាស់​វា រីឯ​លា​ក៏​ស្គាល់​ម្ចាស់​ដែល​ឲ្យ​ចំណី​វា​ដែរ តែ​ប្រជា‌ជន​អ៊ីស្រា‌អែល​មិន​ស្គាល់​អ្វី​ទាំង​អស់ ប្រជា‌ជន​របស់​យើង​មិន​ចេះ​ពិចារណា​សោះ! អ្នក​រាល់​គ្នា​ជា​ប្រជា‌ជាតិ​មាន​បាប ជា​ប្រជា‌ជន​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ជា​ពូជ​មនុស្ស​ខិល‌ខូច ជា​អំបូរ​ពុក​រលួយ អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន! អ្នក​រាល់​គ្នា​បាន​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ អ្នក​រាល់​គ្នា​បាន​មើល‌ងាយ ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​បែរ​ខ្នង​ដាក់​ព្រះអង្គ​ទៀត​ផង! យើង​មិន​ដឹង​ថា ត្រូវ​វាយ​ប្រដៅ​អ្នក​រាល់​គ្នា ត្រង់​កន្លែង​ណា​ទៀត​ទេ ព្រោះ​អ្នក​រាល់​គ្នា​នៅ​តែ​បះ‌បោរ ប្រឆាំង​នឹង​យើង​ជានិច្ច។ ក្បាល​របស់​អ្នក​រាល់​គ្នា​របួស​សព្វ​ទី​កន្លែង ចិត្ត​របស់​អ្នក​រាល់​គ្នា​ក៏​មាន​ជំងឺ​ដែរ។ តាំង​ពី​ក្បាល​រហូត​ដល់​ចុង​ជើង គ្មាន​អ្វី​នៅ​ល្អ​សោះ គឺ​មាន​សុទ្ធ​តែ​ដំបៅ ស្នាម​ជាំ និង​មុខ​របួស​ថ្មីៗ នៅ​គ្រប់​កន្លែង ដែល​គ្មាន​នរណា​លាង រុំ ឬ​លាប​ប្រេង ឲ្យ​ធូរ​ស្បើយ​ឡើយ។ ស្រុក​ទេស​របស់​អ្នក​រាល់​គ្នា​ត្រូវ​ហិន‌ហោច ក្រុង​របស់​អ្នក​រាល់​គ្នា​ត្រូវ​ភ្លើង​ឆេះ​អស់ ជន​បរទេស​ប្លន់​យក​ផល​ពី​ទឹក​ដី របស់​អ្នក​រាល់​គ្នា​នៅ​នឹង​មុខ ដូច​មាន​ខ្មាំង​មក​រាត‌ត្បាត ឥត​ទុក​អ្វី​ឲ្យ​នៅ​សល់​ឡើយ គឺ​នៅ​សល់​តែ​ក្រុង​ស៊ីយ៉ូន​ដែល​ប្រៀប​ដូច​ជា​ខ្ទម នៅ​ក្នុង​ចម្ការ​ទំពាំង‌បាយជូរ ឬ​ដូច​ខ្ទម​នៅ​ចម្ការ​ត្រសក់ ឬ​ដូច​ក្រុង​ដែល​ខ្មាំង​ឡោម‌ព័ទ្ធ។ ប្រសិន​បើ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល* មិន​បាន​ទុក​យើង​ឲ្យ​នៅ​សេស‌សល់ មួយ​ចំនួន​តូច​ទេ​នោះ យើង​មុខ​ជា​វិនាស​ដូច​អ្នក​ក្រុង​សូដុម យើង​នឹង​ប្រៀប​ដូច​ជា​អ្នក​ក្រុង​កូម៉ូរ៉ា។ អ្នក​រាល់​គ្នា​ជា​មេ​ដឹក​នាំ​ដ៏​អាក្រក់ ដូច​មេ​ដឹក​នាំ​ក្រុង​សូដុម​អើយ ចូរ​ស្ដាប់​ការ​ប្រៀន‌ប្រដៅ​របស់​ព្រះ‌អម្ចាស់! អ្នក​រាល់​គ្នា​ជា​ប្រជា‌ជន​ដ៏​អាក្រក់ ដូច​ប្រជា‌ជន​ក្រុង​កូម៉ូរ៉ា​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​ការ​ប្រៀន‌ប្រដៅ របស់​ព្រះ​នៃ​យើង! ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ យើង​មិន​រវី‌រវល់​នឹង​យញ្ញ‌បូជា ដ៏​ច្រើន​ឥត​គណនា​របស់​អ្នក​រាល់​គ្នា​ទេ យើង​ធុញ‌ទ្រាន់​នឹង​ពពែ​ឈ្មោល ព្រម​ទាំង​ខ្លាញ់​កូន​គោ ដែល​អ្នក​រាល់​គ្នា​ដុត​ទាំង​មូល​ថ្វាយ​យើង ហើយ​យើង​ក៏​មិន​ពេញ​ចិត្ត​នឹង​ឈាម​គោ ឈាម​ចៀម និង​ឈាម​ពពែ របស់​អ្នក​រាល់​គ្នា​ដែរ។ ពេល​អ្នក​រាល់​គ្នា​ចូល​មក​រក​យើង តើ​នរណា​ហៅ​អ្នក​រាល់​គ្នា​ឲ្យ​មក​ជាន់ ទី‌លាន​ដំណាក់​របស់​យើង​ដូច្នេះ? ចូរ​ឈប់​យក​តង្វាយ​ឥត​បាន​ការ​នេះ មក​ថ្វាយ​យើង​ទៅ! យើង​ខ្ពើម​ផ្សែង​តង្វាយ​របស់​អ្នក​រាល់​គ្នា​ណាស់ ហើយ​យើង​ក៏​ធុញ‌ទ្រាន់​នឹង​ពិធី​បុណ្យ​ផ្សេងៗ បុណ្យ​ចូល​ខែ​ថ្មី បុណ្យ​សប្ប័ទ* ឬ​ពិធី​ដ៏​ឱឡា‌រិក ដែល​រៀបចំ​ឡើង​ដោយ​ជន​ទុច្ចរិត​ដែរ។ យើង​ស្អប់​បុណ្យ​ចូល​ខែ​ថ្មី និង​ពិធី​បុណ្យ​ផ្សេងៗ របស់​អ្នក​រាល់​គ្នា​ណាស់ ពិធី​បុណ្យ​ទាំង​នេះ​ធ្វើ​ឲ្យ​យើង​ធុញ‌ទ្រាន់ ទ្រាំ​មិន​បាន។ កាល​ណា​អ្នក​រាល់​គ្នា​លើក​ដៃ​ប្រណម្យ យើង​ងាក​មុខ​ចេញ ទោះ​បី​អ្នក​រាល់​គ្នា​អធិស្ឋាន​ច្រើន​យ៉ាង​ណា​ក្ដី ក៏​យើង​មិន​ព្រម​ស្ដាប់​ដែរ ព្រោះ​ដៃ​អ្នក​រាល់​គ្នា​ប្រឡាក់​ដោយ​ឈាម។ ចូរ​លាង​សម្អាត និង​ជម្រះ​ខ្លួន ឲ្យ​បាន​ស្អាត​បរិសុទ្ធ! ចូរ​យក​អំពើ​ទុច្ចរិត​ចេញ​ពី​មុខ​យើង​ទៅ កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់​ទៀត​ឡើយ! ចូរ​រៀន​ធ្វើ​អំពើ​ល្អ! ចូរ​ស្វែង​រក​យុត្តិធម៌! ចូរ​ណែ‌នាំ​អ្នក​ដែល​សង្កត់‌សង្កិន​គេ ឲ្យ​ដើរ​តាម​មាគ៌ា​ដ៏​ត្រឹម​ត្រូវ! ចូរ​រក​យុត្តិធម៌​ឲ្យ​ក្មេង​កំព្រា ហើយ​ការពារ​ស្ត្រី​មេម៉ាយ!

ចែក​រំលែក
អាន អេសាយ 1

អេសាយ 1:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នេះ​ជា​និមិត្ត​ដែល​លោក​អេសាយ ជា​កូន​អ័ម៉ូស បាន​ឃើញ​ពី​ដំណើរ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម ក្នុង​រាជ្យ​អ៊ូសៀស យ៉ូថាម អេហាស និង​ហេ‌សេ‌គា ជា​ស្តេច​ស្រុក​យូដា។ ឱ​ស្ថាន​សួគ៌​អើយ ចូរ​ស្តាប់ ហើយ​ផែនដី​អើយ ចូរ​ផ្ទៀង​ត្រចៀក​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ហើយ​ថា៖ យើង​បាន​ចិញ្ចឹម​បី‌បាច់​រក្សា​កូន តែ​រាល់​គ្នា​បាន​បះ‌បោរ​នឹង​យើង​វិញ។ ឯ​គោ​វា​ស្គាល់​ម្ចាស់ ហើយ​លា​ក៏​ស្គាល់​ស្នូក​របស់​ម្ចាស់​វា​ដែរ ប៉ុន្តែ អ៊ីស្រាអែល​មិន​ស្គាល់​សោះ រាស្ត្រ​យើង​មិន​ពិចារ‌ណា​ទេ»។ ឱ​ហ្ន៎ ប្រទេស​ដ៏​មាន​បាប ជា​សាសន៍​ផ្ទុក​ដោយ​អំពើ​ទុច្ចរិត ជា​ពូជ​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ ជា​ពួក​កូន​ចៅ​ដែល​ប្រព្រឹត្ត​វៀច​កោង គេ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា គេ​បាន​ប្រមាថ​មើល‌ងាយ​ដល់​ព្រះ ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល គេ​បាន​ត្រូវ​ព្រាត់​ថយ​ទៅ​ក្រោយ។ ហេតុ​អ្វី​អ្នក​រាល់​គ្នា​ចង់​ត្រូវ​រំពាត់? ហេតុ​អ្វី​ចេះ​តែ​បះ‌បោរ​កាន់​តែ​ច្រើន​ឡើង​ដូច្នេះ? ក្បាល​របស់​អ្នក​រាល់​គ្នា​ក៏​ឈឺ ហើយ​គ្រប់គ្នា​មាន​ចិត្ត​ល្វើយ​ហើយ។ ចាប់​តាំង​ពី​បាត​ជើង​រហូត​ដល់​កំពូល​ក្បាល នោះ​ឥត​មាន​កន្លែង​ណា​មាំ‌មួន​ឡើយ គឺ​មាន​សុទ្ធ​តែ​របួស និង​ជាំ ហើយ​ស្នាម​រំពាត់​ថ្មី ឥត​បាន​បិទ​ភ្ជិត ឬ​រុំ ឬ​ចាក់​ប្រេង​ឲ្យ​ធូរ​ស្រាក​ទេ។ ស្រុក​របស់​អ្នក​រាល់​គ្នា​បាន​ចោល​ស្ងាត់​ហើយ ទី​ក្រុង​អ្នក​ក៏​ត្រូវ​ដុត​បំផ្លាញ​អស់​ទៅ ពួក​សាសន៍​ដទៃ​គេ​ត្របាក់​លេប​ដី​របស់​អ្នក នៅ​ចំពោះ​អ្នក​ផង ហើយ​ដី​នោះ​ត្រូវ​ចោល​ស្ងាត់ ដោយ​ពួក​សាសន៍​ដទៃ​បំផ្លាញ។ កូន​ស្រី​របស់​ក្រុង​ស៊ីយ៉ូន ត្រូវ​លះ​ចោល ដូច​ជា​បង្ហា​ដែល​នៅ​ចម្ការ​ទំពាំង‌បាយ‌ជូរ ដូច​ជា​ជំរំ​នៅ​ចម្ការ​ត្រសក់ ដូច​ជា​ទី​ក្រុង​ដែល​ត្រូវ​ខ្មាំង​ឡោម‌ព័ទ្ធ​ហើយ។ ប្រសិន‌បើ​ព្រះ‌យេហូវ៉ាជា​ព្រះ​នៃ​ពួក​ពល‌បរិវារ មិន​បាន​ទុក​ឲ្យ​យើង​មាន​សំណល់​បន្តិច‌បន្តួច នោះ​យើង​រាល់​គ្នា​នឹង​ដូច​ជា​ក្រុង​សូដុម ហើយ​ដូច​ក្រុង​កូម៉ូរ៉ា​ដែរ។ ឱ​ពួក​គ្រប់‌គ្រង​លើក្រុង​សូដុម​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ម្នាល​ពួក​ក្រុង​កូម៉ូរ៉ា​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ក្រឹត្យ‌វិន័យ របស់​ព្រះ​នៃ​យើង​រាល់​គ្នា​ចុះ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ យញ្ញ‌បូជា​យ៉ាង​ច្រើន​របស់​អ្នក​រាល់​គ្នា តើ​ជា​អ្វី​ដល់​យើង? យើង​ធុញ​ទ្រាន់​ចំពោះ​ចៀម​ឈ្មោល និង​ខ្លាញ់​សត្វ​បំប៉ន ដែល​អ្នក​ដុត​ថ្វាយ​ណាស់ យើង​ក៏​មិន​ចូល​ចិត្ត ចំពោះ​ឈាម​គោ​ឈ្មោល ឬ​កូន​ចៀម ឬ​ពពែ​នោះ​ទេ។ កាល​ណា​អ្នក​រាល់​គ្នា​ចូល​មក​ចំពោះ​យើង តើ​អ្នក​ណា​បាន​បង្គាប់​អ្នក​រាល់​គ្នា ឲ្យ​ចូល​មក​ជាន់​ទី‌លាន​របស់​យើង​ដូច្នេះ? កុំ​យក​តង្វាយ​ឥត​ប្រយោជន៍​មក​ទៀត​ឡើយ ឯ​កំញាន​ជា​របស់​ស្អប់​ខ្ពើម​ដល់​យើង ឯ​បុណ្យ​ចូល​ខែ និង​ថ្ងៃ​ឈប់​សម្រាក ព្រម​ទាំង​ការ​ប្រជុំ​ជំនុំ យើង​ទ្រាំ​មិន​បាន​ទេ សូម្បី​តែ​បុណ្យ​ប្រជុំ​ជំនុំ​មុត‌មាំ ក៏​ជា​អំពើ​ទុច្ចរិត​ដែរ។ ចិត្ត​យើង​ស្អប់​ចំពោះ​បុណ្យ​ចូល​ខែ និង​បុណ្យ​មាន​កំណត់​ទាំង​ប៉ុន្មាន របស់​អ្នក​រាល់​គ្នា​ណាស់ ពិធី​ទាំង​នោះ​ជា​បន្ទុក​សង្កត់​លើ​យើង​ជា​ខ្លាំង យើង​ក៏​នឿយ​ណាយ ដោយ​ទ្រាំ​ចំពោះ​ការ​ទាំង​នោះ។ កាល​ណា​អ្នក​រាល់​គ្នា​ប្រទូល​ដៃ​ឡើង នោះ​យើង​នឹង​បែរ​ភ្នែក​ចេញ​ពី​អ្នក បើ​កាល​ណា​អ្នក​អធិ‌ស្ឋាន​ជា​ច្រើន នោះ​យើង​នឹង​មិន​ស្តាប់​ឡើយ ដ្បិត​ដៃ​អ្នក​រាល់​គ្នា​ប្រឡាក់​ពេញ​ដោយ​ឈាម។ ចូរ​លាង​ចេញ ចូរ​ជម្រះ​ខ្លួន​ឲ្យ​ស្អាត​ចុះ ចូរ​បំបាត់​អំពើ​អាក្រក់​ដែល​អ្នក​រាល់​គ្នា ប្រព្រឹត្ត​ពី​ចំពោះ​ភ្នែក​យើង​ចេញ ហើយ​លែង​ប្រព្រឹត្ត​អំពើ​អាក្រក់​ត​ទៅ​ទៀត។ ចូរ​ហាត់​រៀន​ធ្វើ​ការ​ល្អ​វិញ ចូរ​ស្វែង​រក​ឲ្យ​បាន​សេចក្ដី​យុត្តិ‌ធម៌ ចូរ​ជួយ​ការពារ​ចំពោះ​មនុស្ស ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ចូរ​កាត់​ក្តី​ដល់​ពួក​កំព្រា ហើយ​កាន់​ក្តី​ជំនួស​ពួក​ស្ត្រី​មេម៉ាយ​ចុះ។

ចែក​រំលែក
អាន អេសាយ 1

អេសាយ 1:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នេះ​ជា​ការ​ជាក់‌ស្តែង​ដែល​អេសាយ ជា​កូន​អ័ម៉ូស​បាន​ឃើញ​ពី​ដំណើរ​ស្រុក​យូដា នឹង​ក្រុង​យេរូ‌សាឡិម ក្នុង​រាជ្យ​អ៊ូសៀស យ៉ូថាម អេហាស ហើយ​នឹង​ហេសេគា ជា​ស្តេច​ស្រុក​យូដា។ ឱ​ស្ថាន​សួគ៌​អើយ ចូរ​ស្តាប់ ហើយ​ផែនដី​អើយ ចូរ​ផ្ទៀង​ត្រចៀក​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​ហើយ​ថា អញ​បាន​ចិញ្ចឹម​បី‌បាច់‌រក្សា​កូន តែ​វា​រាល់​គ្នា​បាន​បះ‌បោរ​នឹង​អញ​វិញ ឯ​គោ​វា​ស្គាល់​ម្ចាស់ ហើយ​លា​ក៏​ស្គាល់​ស្នូក​របស់​ម្ចាស់​វា​ដែរ ប៉ុន្តែអ៊ីស្រាអែល​មិន​ស្គាល់​សោះ រាស្ត្រ​អញ​មិន​ពិចារណា​ទេ ឱ​ហ្ន៎ ប្រទេស​ដ៏​មាន​បាប ជា​សាសន៍​ផ្ទុក​ដោយ​អំពើ​ទុច្ចរិត ជា​ពូជ​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ ជា​ពួក​កូន​ចៅ​ដែល​ប្រព្រឹត្ត​វៀច​កោង គេ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា គេ​បាន​ប្រមាថ​មើល‌ងាយ​ដល់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល គេ​បាន​ត្រូវ​ព្រាត់​ថយ​ទៅ​ក្រោយ ឯង​រាល់​គ្នា​ចង់​ត្រូវ​រំពាត់​ទៀត​ធ្វើ​អី បាន​ជា​ចេះ​តែ​បះ‌បោរ​កាន់​តែ​ច្រើន​ឡើង​ដូច្នេះ គ្រប់​ទាំង​ក្បាល​ក៏​ឈឺ គ្រប់​ទាំង​ចិត្ត​បាន​ល្វើយ​ផង​ហើយ ចាប់​តាំង​ពី​បាត​ជើង​រហូត​ដល់​កំពូល​ក្បាល នោះ​ឥត​មាន​កន្លែង​ណា​មាំ‌មួន​ឡើយ គឺ​មាន​សុទ្ធ​តែ​របួស នឹង​ជាំ ហើយ​ស្នាម​រំពាត់​ថ្មី ឥត​បាន​បិទ​ភ្ជិតឬ​រុំ ឬ​ចាក់​ប្រេង​ឲ្យ​ធូរ​ស្រាក​ទេ ស្រុក​របស់​ឯង​រាល់​គ្នា​បាន​ចោល​ស្ងាត់​ហើយ ទី​ក្រុង​ឯង​ក៏​ត្រូវ​ដុត​បំផ្លាញ​អស់​ទៅ ពួក​សាសន៍​ដទៃ​គេ​ត្របាក់​លេប​ដី​របស់​ឯង នៅ​ចំពោះ​ឯង​ផង ហើយ​ដី​នោះ​ត្រូវ​ចោល​ស្ងាត់​ដោយ​ពួក​សាសន៍​ដទៃ​បំផ្លាញ កូន​ស្រី​របស់​ក្រុង​ស៊ីយ៉ូន នាង​ត្រូវ​លះ​ចោល​ដូច​ជា​បង្ហា​ដែល​នៅ​ចំការ​ទំពាំង‌បាយ‌ជូរ ដូច​ជា​ជំរំ​នៅ​ចំការ​ត្រសក់ ដូច​ជា​ទី​ក្រុង ដែល​ត្រូវ​ខ្មាំង​ឡោម‌ព័ទ្ធ​ហើយ បើ‌សិន​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ មិន​បាន​ទុក​ឲ្យ​យើង​មាន​សំណល់​បន្តិច‌បន្តួច​នៅ នោះ​យើង​រាល់​គ្នា​នឹង​បាន​ដូច​ជា​ក្រុង​សូដុំម ហើយ​ដូច​ក្រុង​កូម៉ូរ៉ា​ដែរ។ ឱ​ពួក​គ្រប់‌គ្រង​លើ​ក្រុង​សូដុំម​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ម្នាល​ពួក​ក្រុង​កូម៉ូរ៉ា​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ក្រឹត្យ‌វិន័យ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា​ចុះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា យញ្ញ‌បូជា​ដ៏​មាន​ច្រើន​ម៉្លេះ​របស់​ឯង​រាល់​គ្នា តើ​ជា​អ្វី​ដល់​អញ អញ​ធុញ‌ទ្រាន់​ចំពោះ​ចៀម​ឈ្មោល នឹង​ខ្លាញ់​នៃ​សត្វ​បំប៉ន ដែល​ឯង​ដុត​ថ្វាយ​ណាស់ អញ​ក៏​មិន​ចូល​ចិត្ត ចំពោះ​ឈាម​នៃ​គោ​ឈ្មោល ឬ​កូន​ចៀម ឬ​ពពែ​នោះ​ទេ កាល​ណា​ឯង​រាល់​គ្នា​លេច​មក​នៅ​ចំពោះ​អញ នោះ​តើ​អ្នក​ណា​បាន​បង្គាប់​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​បាន​ចូល​មក​ជាន់​ទីលាន​របស់​អញ​នេះ កុំ​ឲ្យ​យក​ដង្វាយ​ដ៏​ឥត​ប្រយោជន៍​មក​ទៀត​ឡើយ ឯ​កំញាន​ជា​របស់​ស្អប់​ខ្ពើម​ដល់​អញ ឯ​បុណ្យ​ចូល​ខែ នឹង​ថ្ងៃ​ឈប់​សំរាក ព្រម​ទាំង​ការ​ប្រជុំ​ជំនុំ នោះ​អញ​ទ្រាំ​មិន​បាន​ទេ សូម្បី​តែ​បុណ្យ​ប្រជុំ​ជំនុំ​មុត‌មាំ ក៏​ជា​អំពើ​ទុច្ចរិត​ដែរ ចិត្ត​អញ​ស្អប់​ចំពោះ​បុណ្យ​ចូល​ខែ នឹង​បុណ្យ​មាន​កំណត់​ទាំង​ប៉ុន្មាន​របស់​ឯង​រាល់​គ្នា​ណាស់ ពិធី​ទាំង​នោះ​ជា​បន្ទុក​សង្កត់​លើ​អញ​ជា​ខ្លាំង អញ​ក៏​នឿយ​ណាយ ដោយ​ទ្រាំ​ចំពោះ​ការ​ទាំង​នោះ កាល​ណា​ឯង​រាល់​គ្នា​ប្រទូល​ដៃ​ឡើង នោះ​អញ​នឹង​បែរ​ភ្នែក​ពី​ឯង​ចេញ អើ បើ​កាល​ណា​ឯង​អធិ‌ស្ឋាន​ជា​ច្រើន នោះ​អញ​នឹង​មិន​ស្តាប់​ឡើយ ដ្បិត​ដៃ​ឯង​រាល់​គ្នា​ប្រឡាក់​ពេញ​ដោយ​ឈាម ចូរ​លាង​ចេញ ចូរ​ជំរះ​ខ្លួន​ឲ្យ​ស្អាត​ចុះ ចូរ​បំបាត់​អំពើ​អាក្រក់​ដែល​ឯង​រាល់​គ្នា​ប្រព្រឹត្ត​ពី​ចំពោះ​ភ្នែក​អញ​ចេញ ហើយ​លែង​ប្រព្រឹត្ត​អំពើ​អាក្រក់​ត​ទៅ ចូរ​ហាត់​រៀន​ធ្វើ​ការ​ល្អ​វិញ ចូរ​ស្វែង​រក​ឲ្យ​បាន​សេចក្ដី​យុត្តិ‌ធម៌ ចូរ​ជួយ​ការ‌ពារ​ចំពោះ​មនុស្ស​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ចូរ​កាត់​ក្តី​ដល់​ពួក​កំព្រា ហើយ​កាន់​ក្តី​ជំនួស​ពួក​ស្រី​មេម៉ាយ​ចុះ។

ចែក​រំលែក
អាន អេសាយ 1