អេសាយ 1:1-17

អេសាយ 1:1-17 គកស១៦

នេះ​ជា​និមិត្ត​ដែល​លោក​អេសាយ ជា​កូន​អ័ម៉ូស បាន​ឃើញ​ពី​ដំណើរ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម ក្នុង​រាជ្យ​អ៊ូសៀស យ៉ូថាម អេហាស និង​ហេ‌សេ‌គា ជា​ស្តេច​ស្រុក​យូដា។ ឱ​ស្ថាន​សួគ៌​អើយ ចូរ​ស្តាប់ ហើយ​ផែនដី​អើយ ចូរ​ផ្ទៀង​ត្រចៀក​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ហើយ​ថា៖ យើង​បាន​ចិញ្ចឹម​បី‌បាច់​រក្សា​កូន តែ​រាល់​គ្នា​បាន​បះ‌បោរ​នឹង​យើង​វិញ។ ឯ​គោ​វា​ស្គាល់​ម្ចាស់ ហើយ​លា​ក៏​ស្គាល់​ស្នូក​របស់​ម្ចាស់​វា​ដែរ ប៉ុន្តែ អ៊ីស្រាអែល​មិន​ស្គាល់​សោះ រាស្ត្រ​យើង​មិន​ពិចារ‌ណា​ទេ»។ ឱ​ហ្ន៎ ប្រទេស​ដ៏​មាន​បាប ជា​សាសន៍​ផ្ទុក​ដោយ​អំពើ​ទុច្ចរិត ជា​ពូជ​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ ជា​ពួក​កូន​ចៅ​ដែល​ប្រព្រឹត្ត​វៀច​កោង គេ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា គេ​បាន​ប្រមាថ​មើល‌ងាយ​ដល់​ព្រះ ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល គេ​បាន​ត្រូវ​ព្រាត់​ថយ​ទៅ​ក្រោយ។ ហេតុ​អ្វី​អ្នក​រាល់​គ្នា​ចង់​ត្រូវ​រំពាត់? ហេតុ​អ្វី​ចេះ​តែ​បះ‌បោរ​កាន់​តែ​ច្រើន​ឡើង​ដូច្នេះ? ក្បាល​របស់​អ្នក​រាល់​គ្នា​ក៏​ឈឺ ហើយ​គ្រប់គ្នា​មាន​ចិត្ត​ល្វើយ​ហើយ។ ចាប់​តាំង​ពី​បាត​ជើង​រហូត​ដល់​កំពូល​ក្បាល នោះ​ឥត​មាន​កន្លែង​ណា​មាំ‌មួន​ឡើយ គឺ​មាន​សុទ្ធ​តែ​របួស និង​ជាំ ហើយ​ស្នាម​រំពាត់​ថ្មី ឥត​បាន​បិទ​ភ្ជិត ឬ​រុំ ឬ​ចាក់​ប្រេង​ឲ្យ​ធូរ​ស្រាក​ទេ។ ស្រុក​របស់​អ្នក​រាល់​គ្នា​បាន​ចោល​ស្ងាត់​ហើយ ទី​ក្រុង​អ្នក​ក៏​ត្រូវ​ដុត​បំផ្លាញ​អស់​ទៅ ពួក​សាសន៍​ដទៃ​គេ​ត្របាក់​លេប​ដី​របស់​អ្នក នៅ​ចំពោះ​អ្នក​ផង ហើយ​ដី​នោះ​ត្រូវ​ចោល​ស្ងាត់ ដោយ​ពួក​សាសន៍​ដទៃ​បំផ្លាញ។ កូន​ស្រី​របស់​ក្រុង​ស៊ីយ៉ូន ត្រូវ​លះ​ចោល ដូច​ជា​បង្ហា​ដែល​នៅ​ចម្ការ​ទំពាំង‌បាយ‌ជូរ ដូច​ជា​ជំរំ​នៅ​ចម្ការ​ត្រសក់ ដូច​ជា​ទី​ក្រុង​ដែល​ត្រូវ​ខ្មាំង​ឡោម‌ព័ទ្ធ​ហើយ។ ប្រសិន‌បើ​ព្រះ‌យេហូវ៉ាជា​ព្រះ​នៃ​ពួក​ពល‌បរិវារ មិន​បាន​ទុក​ឲ្យ​យើង​មាន​សំណល់​បន្តិច‌បន្តួច នោះ​យើង​រាល់​គ្នា​នឹង​ដូច​ជា​ក្រុង​សូដុម ហើយ​ដូច​ក្រុង​កូម៉ូរ៉ា​ដែរ។ ឱ​ពួក​គ្រប់‌គ្រង​លើក្រុង​សូដុម​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ម្នាល​ពួក​ក្រុង​កូម៉ូរ៉ា​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ក្រឹត្យ‌វិន័យ របស់​ព្រះ​នៃ​យើង​រាល់​គ្នា​ចុះ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ យញ្ញ‌បូជា​យ៉ាង​ច្រើន​របស់​អ្នក​រាល់​គ្នា តើ​ជា​អ្វី​ដល់​យើង? យើង​ធុញ​ទ្រាន់​ចំពោះ​ចៀម​ឈ្មោល និង​ខ្លាញ់​សត្វ​បំប៉ន ដែល​អ្នក​ដុត​ថ្វាយ​ណាស់ យើង​ក៏​មិន​ចូល​ចិត្ត ចំពោះ​ឈាម​គោ​ឈ្មោល ឬ​កូន​ចៀម ឬ​ពពែ​នោះ​ទេ។ កាល​ណា​អ្នក​រាល់​គ្នា​ចូល​មក​ចំពោះ​យើង តើ​អ្នក​ណា​បាន​បង្គាប់​អ្នក​រាល់​គ្នា ឲ្យ​ចូល​មក​ជាន់​ទី‌លាន​របស់​យើង​ដូច្នេះ? កុំ​យក​តង្វាយ​ឥត​ប្រយោជន៍​មក​ទៀត​ឡើយ ឯ​កំញាន​ជា​របស់​ស្អប់​ខ្ពើម​ដល់​យើង ឯ​បុណ្យ​ចូល​ខែ និង​ថ្ងៃ​ឈប់​សម្រាក ព្រម​ទាំង​ការ​ប្រជុំ​ជំនុំ យើង​ទ្រាំ​មិន​បាន​ទេ សូម្បី​តែ​បុណ្យ​ប្រជុំ​ជំនុំ​មុត‌មាំ ក៏​ជា​អំពើ​ទុច្ចរិត​ដែរ។ ចិត្ត​យើង​ស្អប់​ចំពោះ​បុណ្យ​ចូល​ខែ និង​បុណ្យ​មាន​កំណត់​ទាំង​ប៉ុន្មាន របស់​អ្នក​រាល់​គ្នា​ណាស់ ពិធី​ទាំង​នោះ​ជា​បន្ទុក​សង្កត់​លើ​យើង​ជា​ខ្លាំង យើង​ក៏​នឿយ​ណាយ ដោយ​ទ្រាំ​ចំពោះ​ការ​ទាំង​នោះ។ កាល​ណា​អ្នក​រាល់​គ្នា​ប្រទូល​ដៃ​ឡើង នោះ​យើង​នឹង​បែរ​ភ្នែក​ចេញ​ពី​អ្នក បើ​កាល​ណា​អ្នក​អធិ‌ស្ឋាន​ជា​ច្រើន នោះ​យើង​នឹង​មិន​ស្តាប់​ឡើយ ដ្បិត​ដៃ​អ្នក​រាល់​គ្នា​ប្រឡាក់​ពេញ​ដោយ​ឈាម។ ចូរ​លាង​ចេញ ចូរ​ជម្រះ​ខ្លួន​ឲ្យ​ស្អាត​ចុះ ចូរ​បំបាត់​អំពើ​អាក្រក់​ដែល​អ្នក​រាល់​គ្នា ប្រព្រឹត្ត​ពី​ចំពោះ​ភ្នែក​យើង​ចេញ ហើយ​លែង​ប្រព្រឹត្ត​អំពើ​អាក្រក់​ត​ទៅ​ទៀត។ ចូរ​ហាត់​រៀន​ធ្វើ​ការ​ល្អ​វិញ ចូរ​ស្វែង​រក​ឲ្យ​បាន​សេចក្ដី​យុត្តិ‌ធម៌ ចូរ​ជួយ​ការពារ​ចំពោះ​មនុស្ស ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ចូរ​កាត់​ក្តី​ដល់​ពួក​កំព្រា ហើយ​កាន់​ក្តី​ជំនួស​ពួក​ស្ត្រី​មេម៉ាយ​ចុះ។

អាន អេសាយ 1