ហូសេ 11:1-9
ហូសេ 11:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលអ៊ីស្រាអែលនៅក្មេងនៅឡើយ យើងបានស្រឡាញ់អ៊ីស្រាអែល ក៏បានហៅកូនរបស់យើងចេញពីស្រុកអេស៊ីព្ទ។ ប៉ុន្ដែ យើង កាន់តែហៅគេយ៉ាងណា គេក៏កាន់តែឃ្លាតឆ្ងាយពីយើង យ៉ាងនេះដែរ។ គេនៅតែថ្វាយយញ្ញបូជាដល់អស់ទាំងព្រះបាល ហើយដុតកំញានថ្វាយដល់រូបឆ្លាក់។ ប៉ុន្តែ យើងនេះហើយដែលបង្ហាត់ឲ្យអេប្រាអិមចេះដើរ យើងបានបីគេដោយដៃរបស់យើង តែគេមិនបានដឹងថា យើងបានប្រោសគេឲ្យជាទេ។ យើងបាននាំគេដោយ សេចក្ដីអាណិតអាសូរ ដោយចំណងនៃសេចក្ដីស្រឡាញ់ យើងបានធ្វើចំពោះគេ ដូចជាអ្នកដែលលើកកូនមកថើប យើងក៏ឱនទៅរកគេ ហើយបញ្ចុកចំណីដល់គេ។ គេនឹងមិនវិលទៅស្រុកអេស៊ីព្ទវិញឡើយ សាសន៍អាសស៊ើរនឹងធ្វើជាស្តេចលើគេ ព្រោះគេមិនព្រមត្រឡប់មករកយើងវិញទេ។ ដាវនឹងសម្ដែងកំហឹងទាស់នឹងទីក្រុងរបស់គេ វានឹងបំផ្លាញរនុកទ្វារក្រុងរបស់គេ ហើយលេបគេបាត់ ព្រោះតែគំនិតអាក្រក់របស់ខ្លួនគេ។ ប្រជារាស្ត្ររបស់យើង ចេះតែចង់បោះបង់ចោលយើង គេហៅយើងថាជាព្រះដ៏ខ្ពស់បំផុត តែគេមិនបានលើកតម្កើងយើងជាពិតទេ។ ឱអេប្រាអិមអើយ តើឲ្យយើងបោះបង់អ្នកម្ដេចបាន? ឱអ៊ីស្រាអែលអើយ តើឲ្យយើងប្រគល់អ្នកទៅគេម្ដេចបាន? តើឲ្យយើងធ្វើចំពោះអ្នក ដូចក្រុងអាត់ម៉ាម្ដេចបាន? តើឲ្យយើងប្រព្រឹត្តនឹងអ្នក ដូចក្រុងសេបោម្តេចបាន? យើងមិនដាច់ចិត្តធ្វើទៅកើតទេ សេចក្ដីអាណិតអាសូររបស់យើងបានរំជួលឡើង ហើយចិត្តយើងក៏ទន់ទៅ។ យើងនឹងមិនសម្រេចតាមកំហឹងដ៏សហ័សរបស់យើងទេ ក៏មិនវិលមកបំផ្លាញអេប្រាអិមដែរ ដ្បិតយើងនេះជាព្រះ មិនមែនជាមនុស្សទេ គឺជាព្រះដ៏បរិសុទ្ធនៅកណ្ដាលអ្នករាល់គ្នា យើងនឹងមិនមកដោយសេចក្ដីក្រោធឡើយ។
ហូសេ 11:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«កាលអ៊ីស្រាអែលនៅពីក្មេង យើងបានស្រឡាញ់អ៊ីស្រាអែល យើងហៅបុត្ររបស់យើងចេញពីស្រុកអេស៊ីប ។ យើង បានហៅគេមកយ៉ាងណា គេក៏ងាកចេញឆ្ងាយពីយើងយ៉ាងនោះដែរ។ ប្រជាជនរបស់យើងនាំគ្នាធ្វើយញ្ញបូជា សែនព្រះបាលទាំងឡាយ ហើយដុតគ្រឿងក្រអូបជាសក្ការៈបូជា ចំពោះរូបបដិមា។ យើងនេះហើយដែលបានកាន់ដៃ និងបង្ហាត់អេប្រាអ៊ីមឲ្យចេះដើរ តែគេមិនទទួលស្គាល់ថា យើងថែរក្សាគេទេ។ យើងបានណែនាំគេដោយចិត្តអាណិតអាសូរ និងដោយចិត្តស្រឡាញ់។ យើងបានថ្នាក់ថ្នមគេ ដូចឪពុកលើកកូនមកបីថើប ហើយយើងឱនកាយបញ្ចុកចំណីដល់គេ។ ពួកគេនឹងមិនវិលទៅស្រុកអេស៊ីបវិញឡើយ ជនជាតិអាស្ស៊ីរីនឹងគ្រប់គ្រងលើពួកគេ ដ្បិតពួកគេមិនព្រមវិលត្រឡប់មករក យើងវិញទេ។ សង្គ្រាមនឹងបំផ្លិចបំផ្លាញក្រុងរបស់ពួកគេ ព្រមទាំងរំលំកំពែងការពារក្រុង ហើយកម្ទេចអ្វីៗទាំងអស់។ នេះហើយជាលទ្ធផលនៃនយោបាយ របស់អ៊ីស្រាអែល។ ប្រជាជនរបស់យើងនៅតែរឹងចចេស បោះបង់ចោលយើងរហូត យើងហៅពួកគេឲ្យងើបមើលមកយើង តែគ្មាននរណារវីរវល់តម្កើងយើងទេ ។ អេប្រាអ៊ីមអើយ តើយើងត្រូវប្រព្រឹត្តចំពោះ អ្នកយ៉ាងដូចម្ដេច? អ៊ីស្រាអែលអើយ តើយើងអាចប្រគល់អ្នក ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងកើតឬ? តើយើងត្រូវប្រព្រឹត្តចំពោះអ្នកដូច ក្រុងអាដម៉ាឬ? តើយើងគួរធ្វើឲ្យអ្នកបានដូច ក្រុងសេបោឬ? ទេ! យើងមិនដាច់ចិត្តដាក់ទណ្ឌកម្មអ្នកទេ យើងរំជួលចិត្តអាណិតអ្នកខ្លាំងណាស់។ យើងមិនអាចប្រព្រឹត្ត តាមកំហឹងដ៏ខ្លាំងក្លារបស់យើង យើងមិនមែនមក ដើម្បីបំផ្លាញអេប្រាអ៊ីម ព្រោះយើងជាព្រះជាម្ចាស់ មិនមែនជាមនុស្សទេ! យើងជាព្រះដ៏វិសុទ្ធដែលស្ថិតនៅជាមួយអ្នក យើងមិនមែនមក ដោយកំហឹងឡើយ។
ហូសេ 11:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ក្នុងគ្រាដែលអ៊ីស្រាអែលនៅក្មេងនៅឡើយ នោះអញបានស្រឡាញ់វា ក៏បានហៅកូនអញចេញពីស្រុកអេស៊ីព្ទមក ពួកហោរាបានហៅគេជាច្រើនដងប៉ុណ្ណា នោះគេបានឃ្លាតឆ្ងាយទៅប៉ុណ្ណោះឯង គេបានថ្វាយយញ្ញបូជាដល់អស់ទាំងព្រះបាល ព្រមទាំងដុតកំញានថ្វាយដល់រូបឆ្លាក់ផង ប៉ុន្តែគឺអញដែលបង្ហាត់ឲ្យអេប្រាអិមចេះដើរ ក៏បានបីគេ តែគេមិនបានដឹងថា គឺអញដែលមើលគេឲ្យជាទេ អញបានទាញនាំគេដោយខ្សែជាសេចក្ដីទទូចរបស់មនុស្ស គឺដោយចំណងនៃសេចក្ដីស្រឡាញ់ អញបានធ្វើដល់គេ ដូចជាអ្នកដែលលើកបង្ហើបនឹម នៅកគោ ហើយដាក់ស្មៅនៅមុខវា។ គេនឹងមិនវិលទៅឯស្រុកអេស៊ីព្ទវិញឡើយ គឺអ្នកស្រុកអាសស៊ើរនឹងធ្វើជាស្តេចលើគេ ពីព្រោះគេមិនព្រមត្រឡប់មកឯអញទេ ដូច្នេះ ដាវនឹងធ្លាក់មកលើទីក្រុងរបស់គេ ព្រមទាំងបំផ្លាញអ្នកដ៏ជាកំពូលអស់ទៅ ហើយលេបពួកគេបាត់ផង ដោយព្រោះការប្រឹក្សារបស់ខ្លួនគេ រាស្ត្ររបស់អញ គេតែងតែរាថយចេញពីអញ ទោះបើមានអ្នកណាហៅគេមកឯព្រះដ៏ខ្ពស់បំផុតក៏ដោយ គង់តែឥតមានអ្នកណាមួយព្រមដំកើងទ្រង់ឡើយ។ ឱអេប្រាអិមអើយ ធ្វើដូចម្តេចឲ្យអញចោលឯងបាន ឱអ៊ីស្រាអែលអើយ ធ្វើដូចម្តេចឲ្យអញលះបង់ឯងបាន អញនឹងធ្វើដល់ឯង ដូចជាបានធ្វើដល់ក្រុងអាត់ម៉ាយ៉ាងណាបាន ឬប្រព្រឹត្តនឹងឯង ដូចជាបានប្រព្រឹត្តនឹងសេបោដូចម្តេចបាន ចិត្តរបស់អញបានប្រែប្រួលនៅក្នុងខ្លួន សេចក្ដីអាណិតអាសូររបស់អញបានរំជួលឡើងជាមួយគ្នា អញនឹងមិនសំរេចតាមសេចក្ដីកំហឹងដ៏សហ័សរបស់អញទេ ក៏មិនវិលមកបំផ្លាញអេប្រាអិមដែរ ដ្បិតអញនេះជាព្រះ មិនមែនជាមនុស្សទេ គឺជាព្រះដ៏បរិសុទ្ធនៅកណ្តាលឯងរាល់គ្នា អញនឹងមិនមកដោយសេចក្ដីក្រោធឡើយ