ហូសេ 11

11
ការ​រមិល‌គុណ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល
1 «កាល​អ៊ីស្រា‌អែល​នៅ​ពី​ក្មេង
យើង​បាន​ស្រឡាញ់​អ៊ីស្រា‌អែល
យើង​ហៅ​បុត្រ​របស់​យើង​ចេញ​ពី​ស្រុក​អេស៊ីប ។
2យើង បាន​ហៅ​គេ​មក​យ៉ាង​ណា
គេ​ក៏​ងាក​ចេញ​ឆ្ងាយ​ពី​យើង​យ៉ាង​នោះ​ដែរ។
ប្រជា‌ជន​របស់​យើង​នាំ​គ្នា​ធ្វើ​យញ្ញ‌បូជា
សែន​ព្រះ​បាល​ទាំង‌ឡាយ
ហើយ​ដុត​គ្រឿង​ក្រអូប​ជា​សក្ការៈ​បូជា
ចំពោះ​រូប​បដិមា។
3យើង​នេះ​ហើយ​ដែល​បាន​កាន់​ដៃ
និង​បង្ហាត់​អេប្រាអ៊ីម​ឲ្យ​ចេះ​ដើរ
តែ​គេ​មិន​ទទួល​ស្គាល់​ថា យើង​ថែ‌រក្សា​គេ​ទេ។
4យើង​បាន​ណែ‌នាំ​គេ​ដោយ​ចិត្ត​អាណិត‌អាសូរ
និង​ដោយ​ចិត្ត​ស្រឡាញ់។
យើង​បាន​ថ្នាក់‌ថ្នម​គេ
ដូច​ឪពុក​លើក​កូន​មក​បី​ថើប
ហើយ​យើង​ឱន​កាយ​បញ្ចុក​ចំណី​ដល់​គេ។
5ពួក​គេ​នឹង​មិន​វិល​ទៅ​ស្រុក​អេស៊ីប​វិញ​ឡើយ
ជន‌ជាតិ​អាស្ស៊ីរី​នឹង​គ្រប់‌គ្រង​លើ​ពួក​គេ
ដ្បិត​ពួក​គេ​មិន​ព្រម​វិល​ត្រឡប់​មក​រក
យើង​វិញ​ទេ។
6សង្គ្រាម​នឹង​បំផ្លិច‌បំផ្លាញ​ក្រុង​របស់​ពួក​គេ
ព្រម​ទាំង​រំលំ​កំពែង​ការពារ​ក្រុង
ហើយ​កម្ទេច​អ្វីៗ​ទាំង​អស់។
នេះ​ហើយ​ជា​លទ្ធ‌ផល​នៃ​នយោ‌បាយ
របស់​អ៊ីស្រា‌អែល។
7ប្រជា‌ជន​របស់​យើង​នៅ​តែ​រឹង​ចចេស
បោះ​បង់​ចោល​យើង​រហូត
យើង​ហៅ​ពួក​គេ​ឲ្យ​ងើប​មើល​មក​យើង
តែ​គ្មាន​នរណា​រវី‌រវល់​តម្កើង​យើង​ទេ ។
8 អេប្រាអ៊ីម​អើយ តើ​យើង​ត្រូវ​ប្រព្រឹត្ត​ចំពោះ
អ្នក​យ៉ាង​ដូច​ម្ដេច?
អ៊ីស្រា‌អែល​អើយ តើ​យើង​អាច​ប្រគល់​អ្នក
ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​កើត​ឬ?
តើ​យើង​ត្រូវ​ប្រព្រឹត្ត​ចំពោះ​អ្នក​ដូច
ក្រុង​អាដម៉ា​ឬ?
តើ​យើង​គួរ​ធ្វើ​ឲ្យ​អ្នក​បាន​ដូច
ក្រុង​សេបោ​ឬ?
ទេ! យើង​មិន​ដាច់​ចិត្ត​ដាក់​ទណ្ឌ‌កម្ម​អ្នក​ទេ
យើង​រំជួល​ចិត្ត​អាណិត​អ្នក​ខ្លាំង​ណាស់។
9យើង​មិន​អាច​ប្រព្រឹត្ត
តាម​កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​យើង
យើង​មិន​មែន​មក ដើម្បី​បំផ្លាញ​អេប្រាអ៊ីម
ព្រោះ​យើង​ជា​ព្រះ‌ជាម្ចាស់
មិន​មែន​ជា​មនុស្ស​ទេ!
យើង​ជា​ព្រះ​ដ៏វិសុទ្ធ​ដែល​ស្ថិត​នៅ​ជា​មួយ​អ្នក
យើង​មិន​មែន​មក ដោយ​កំហឹង​ឡើយ។
10ពួក​គេ​នឹង​ដើរ​តាម​ព្រះ‌អម្ចាស់
ព្រះអង្គ​នឹង​បន្លឺ​ព្រះ‌សូរសៀង​ដូច​សត្វ​សិង្ហ
ពេល​ឮ​ព្រះអង្គ​បន្លឺ​ព្រះ‌សូរសៀង
កូន​ចៅ​របស់​ព្រះអង្គ​នឹង​ប្រញាប់​រត់​ចេញ
ពី​ស្រុក​ខាង​លិច​ទាំង​ញ័រ​រន្ធត់។
11ពួក​គេ​ប្រញាប់​រត់​ចេញ​ពី​ស្រុក​អេស៊ីប
ដូច​ហ្វូង​ចាប​ទាំង​ញ័រ​រន្ធត់
ហើយ​រត់​ចេញ​ពី​ស្រុក​អាស្ស៊ីរី​ដូច​ហ្វូង​ព្រាប
យើង​នឹង​នាំ​ពួក​គេ​មក​រស់​នៅ​ក្នុង​លំ‌នៅ‌ដ្ឋាន
របស់​ខ្លួន​វិញ»
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់

ទើបបានជ្រើសរើសហើយ៖

ហូសេ 11: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល