ហូសេ 11:1-9

ហូសេ 11:1-9 គកស១៦

កាល​អ៊ីស្រា‌អែល​នៅ​ក្មេង​នៅ​ឡើយ យើង​បាន​ស្រឡាញ់​អ៊ីស្រា‌អែល ក៏​បាន​ហៅ​កូន​របស់​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ។ ប៉ុន្ដែ យើង កាន់​តែ​ហៅ​គេ​យ៉ាង​ណា គេ​ក៏​កាន់​តែ​ឃ្លាត​ឆ្ងាយ​ពី​យើង យ៉ាង​នេះ​ដែរ។ គេ​នៅ​តែ​ថ្វាយ​យញ្ញ‌បូជា​ដល់​អស់​ទាំង​ព្រះ​បាល ហើយ​ដុត​កំញាន​ថ្វាយ​ដល់​រូបឆ្លាក់។ ប៉ុន្តែ យើង​នេះ​ហើយ​ដែល​បង្ហាត់​ឲ្យ​អេប្រាអិម​ចេះ​ដើរ យើង​បាន​បី​គេ​ដោយ​ដៃ​របស់​យើង តែ​គេ​មិន​បាន​ដឹង​ថា យើង​បាន​ប្រោស​គេ​ឲ្យ​ជា​ទេ។ យើង​បាន​នាំ​គេ​ដោយ សេចក្ដី​អាណិត​អាសូរ ដោយ​ចំណង​នៃ​សេចក្ដី​ស្រឡាញ់ យើង​បាន​ធ្វើ​ចំពោះ​គេ ដូច​ជា​អ្នក​ដែល​លើក​កូន​មក​ថើប យើង​ក៏​ឱន​ទៅ​រក​គេ ហើយ​បញ្ចុក​ចំណី​ដល់​គេ។ គេ​នឹង​មិន​វិល​ទៅ​ស្រុក​អេស៊ីព្ទ​វិញ​ឡើយ សាសន៍​អាស‌ស៊ើរ​នឹង​ធ្វើ​ជា​ស្តេច​លើ​គេ ព្រោះ​គេ​មិន​ព្រម​ត្រឡប់​មក​រក​យើង​វិញ​ទេ។ ដាវ​នឹង​សម្ដែង​កំហឹង​ទាស់​នឹង​ទី​ក្រុង​របស់​គេ វា​នឹង​បំផ្លាញ​រនុក​ទ្វារ​ក្រុង​របស់​គេ ហើយ​លេប​គេ​បាត់ ព្រោះ​តែ​គំនិត​អាក្រក់​របស់​ខ្លួន​គេ។ ប្រជា‌រាស្ត្រ​របស់​យើង ចេះ​តែ​ចង់​បោះ​បង់​ចោល​យើង គេ​ហៅ​យើង​ថា​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត តែ​គេ​មិន​បាន​លើក​តម្កើង​យើង​ជា​ពិត​ទេ។ ឱ​អេប្រាអិម​អើយ តើ​ឲ្យ​យើង​បោះ​បង់​អ្នក​ម្ដេច​បាន? ឱ​អ៊ីស្រា‌អែល​អើយ តើ​ឲ្យ​យើង​ប្រគល់​អ្នក​ទៅ​គេ​ម្ដេច​បាន? តើ​ឲ្យ​យើង​ធ្វើ​ចំពោះ​អ្នក ដូច​ក្រុង​អាត់ម៉ា​ម្ដេច​បាន? តើ​ឲ្យ​យើង​ប្រព្រឹត្ត​នឹង​អ្នក ដូច​ក្រុង​សេ​បោ​ម្តេច​បាន? យើង​មិន​ដាច់​ចិត្ត​ធ្វើ​ទៅ​កើត​ទេ សេចក្ដី​អាណិត​អាសូរ​របស់​យើង​បាន​រំជួល​ឡើង ហើយ​ចិត្ត​យើង​ក៏​ទន់​ទៅ។ យើង​នឹង​មិន​សម្រេច​តាម​កំហឹង​ដ៏​សហ័ស​របស់​យើង​ទេ ក៏​មិន​វិល​មក​បំផ្លាញ​អេប្រាអិម​ដែរ ដ្បិត​យើង​នេះ​ជា​ព្រះ មិន​មែន​ជា​មនុស្ស​ទេ គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៅ​កណ្ដាល​អ្នក​រាល់​គ្នា យើង​នឹង​មិន​មក​ដោយ​សេចក្ដី​ក្រោធ​ឡើយ។

អាន ហូសេ 11