ហេប្រឺ 4:4-12

ហេប្រឺ 4:4-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​មាន​កន្លែង​មួយ ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​អំ​ពី​ថ្ងៃ​ទី​ប្រាំពីរ​ដូច្នេះ​ថា៖ «ហើយ​ព្រះ‌ទ្រង់​សម្រាក ពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ នៅ​ថ្ងៃ​ទី​ប្រាំពីរ»។ ហើយ​នៅ​កន្លែង​នេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ម្តង​ទៀត​ថា៖ «ពួក​គេ​នឹង​មិន​បាន​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​របស់​យើង​ឡើយ»។ ដូច្នេះ ក្នុង​កាល​ដែល​នៅ​តែ​បើក​ឲ្យ​អ្នក​ខ្លះ​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​នោះ ហើយ​អស់​អ្នក​ដែល​ឮ​ដំណឹង​ល្អ​ពី​ដើម​មិន​បាន​ចូល ព្រោះ​គេ​មិន​ស្ដាប់​ប​ង្គាប់។ ព្រះ‌អង្គ​កំណត់ «ថ្ងៃ​នេះ» មួយ​ទៀត ដោយ​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ព្រះ​បាទ​ដាវីឌ​ក្រោយ​មក​ទៀត ដូច​មាន​សេចក្ដី​ដក​ស្រង់​រួច​មក​ហើយ​ថា «ថ្ងៃ​នេះ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ឮ​សំឡេង​ព្រះ‌អង្គ នោះ​មិន​ត្រូវ​តាំង​ចិត្ត​រឹង​រូស​ឡើយ»។ ដ្បិត ប្រសិន‌បើ​លោក​យ៉ូស្វេ​បាន​ឲ្យ​គេ​សម្រាក​មែន នោះ​ព្រះ​មិន​មាន​ព្រះ‌បន្ទូល​អំពី​ថ្ងៃ​មួយ​ផ្សេង​ទៀត​ឡើយ។ ដូច្នេះ នៅ​តែ​មាន​សប្ប័ទ ជា​ថ្ងៃ​សម្រាក​សម្រាប់​ប្រជា​រាស្ត្រ​របស់​ព្រះ​ដដែល ដ្បិត​អ្នក​ណា​ដែល​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​របស់​ព្រះ នោះ​ក៏​បាន​សម្រាក​ពី​ការ​នឿយ​ហត់​ទាំង​ប៉ុន្មាន ដូច​ជា​ព្រះ​បាន​សម្រាក​ពី​កិច្ច‌ការ​របស់​ព្រះ‌អង្គ​ដែរ។ ដូច្នេះ យើង​ត្រូវ​សង្វាត​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​នោះ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ម្នាក់ ដួល​ទៅ​តាម​ពួក​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់​នោះ​ឡើយ។ ដ្បិត​ព្រះ‌បន្ទូល​របស់​ព្រះ​រស់​នៅ ហើយ​ពូកែ ក៏​មុត​ជាង​ដាវ​មុខ​ពីរ ដែល​អាច​ចាក់​ទម្លុះ​ចូល​ទៅ​កាត់​ព្រលឹង និង​វិញ្ញាណ​ចេញ​ពី​គ្នា កាត់​សន្លាក់ និង​ខួរ​ឆ្អឹង​ចេញ​ពី​គ្នា ហើយ​ក៏​វិនិច្ឆ័យ​គំនិត និង​បំណង​ដែល​នៅ​ក្នុង​ចិត្ត។

ចែក​រំលែក
អាន ហេប្រឺ 4

ហេប្រឺ 4:4-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដ្បិត​មាន​ចែង​ទុក​ត្រង់​វគ្គ​មួយ​ស្ដី​អំពី​ថ្ងៃ​ទី​ប្រាំ‌ពីរ​ថាៈ ព្រះ‌ជាម្ចាស់​បង្ហើយ​កិច្ចការ​ទាំង​អស់​នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ រួច​ព្រះអង្គ​ក៏​សម្រាក ។ ក្នុង​អត្ថ‌បទ​គម្ពីរ​ខាង​លើ​នេះ​មាន​ចែង​សា​ជា​ថ្មី​ថា: «ពួក​គេ​នឹង​មិន​បាន​ចូល​ទៅ​សម្រាក​ជា​មួយ​យើង​ជា​ដាច់​ខាត»។ ព្រះ‌ជាម្ចាស់​បាន​តម្រូវ​ឲ្យ​អ្នក​ខ្លះ​ចូល​ទៅ​សម្រាក ក៏​ប៉ុន្តែ ដោយ​អស់​អ្នក​ដែល​ទទួល​ដំណឹង‌ល្អ​ពី​មុន​មិន​បាន​ចូល ព្រោះ​គេ​មិន​ស្ដាប់​បង្គាប់ ព្រះអង្គ​ក៏​កំណត់​យក“ថ្ងៃ​នេះ”​មួយ​ទៀត គឺ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ព្រះ‌បាទ​ដាវីឌ​ជា​យូរ​អង្វែង​ក្រោយ​មក​ទៀត ដូច​មាន​ចែង​ទុក​នៅ​ខាង​លើ​នេះ​ស្រាប់​ថា: «ថ្ងៃ​នេះ ប្រសិន​បើ​អ្នក​រាល់​គ្នា​ឮ​ព្រះ‌សូរសៀង​របស់​ព្រះអង្គ មិន​ត្រូវ​មាន​ចិត្ត​រឹង‌រូស​ឡើយ»។ ប្រសិន​បើ​លោក​យ៉ូស្វេ​នាំ​ប្រជា‌រាស្ដ្រ​ឲ្យ​បាន​សម្រាក​មែន ក្រោយ​មក​ទៀត​នោះ ព្រះ‌ជាម្ចាស់​មុខ​ជា​ពុំ​មាន​ព្រះ‌បន្ទូល​អំពី​ថ្ងៃ​មួយ​ផ្សេង​ទៀត​ឡើយ។ ដូច្នេះ ព្រះ‌ជាម្ចាស់​បាន​តម្រូវ​ទុក​ឲ្យ​មាន​ថ្ងៃ​សម្រាក​មួយ​ទៀត សម្រាប់​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ ដូច​ព្រះអង្គ​សម្រាក​នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ​ដែរ ដ្បិត​អ្នក​ណា​ចូល​ទៅ​សម្រាក​ជា​មួយ​ព្រះ‌ជាម្ចាស់ អ្នក​នោះ​បាន​បង្ហើយ​កិច្ចការ របស់​ខ្លួន ដូច​ព្រះ‌ជាម្ចាស់​បង្ហើយ​កិច្ចការ​របស់​ព្រះអង្គ​ដែរ។ ហេតុ​នេះ យើង​ត្រូវ​តែ​ខ្នះ‌ខ្នែង​ចូល​ទៅ​រក​សម្រាក​ជា​មួយ​ព្រះអង្គ​នោះ​វិញ កុំ​ឲ្យ​មាន​នរណា​ម្នាក់​ធ្លាក់​ខ្លួន​ទៅ​យក​តម្រាប់​តាម​ពួក​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់​នោះ​ឡើយ ដ្បិត​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បន្ទូល​ដ៏​មាន​ជីវិត និង​មាន​មហិទ្ធិ‌ឫទ្ធិ​មុត​ជាង​ដាវ​មុខ​ពីរ​ទៅ​ទៀត។ ព្រះ‌បន្ទូល​នេះ​ចាក់​ទម្លុះ​ចូល​ទៅ​កាត់​ព្រលឹង និង​វិញ្ញាណ​ដាច់​ចេញ​ពី​គ្នា កាត់​សន្លាក់​ឆ្អឹង និង​ខួរ​ឆ្អឹង​ចេញ​ពី​គ្នា។ ព្រះ‌បន្ទូល​វិនិច្ឆ័យ​ឆន្ទៈ និង​គំនិត​នៅ​ក្នុង​ជម្រៅ​ចិត្ត​មនុស្ស។

ចែក​រំលែក
អាន ហេប្រឺ 4

ហេប្រឺ 4:4-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​នៅ​កន្លែង​ណា​មួយ នោះ​ទ្រង់​មាន​បន្ទូល​ពី​ថ្ងៃ​ទី​៧​ដូច្នេះ​ថា «ព្រះ‌ទ្រង់​បាន​ឈប់​សំរាក ពី​អស់​ទាំង​ការ​របស់​ទ្រង់​នៅ​ថ្ងៃ​ទី​៧» ហើយ​នៅ​កន្លែង​នេះ​ទៀត​ថា «វា​រាល់​គ្នា​មិន​ត្រូវ​ចូល ទៅ​ក្នុង​សេចក្ដី​សំរាក​របស់​អញ​សោះ​ឡើយ» ដូច្នេះ ដែល​នៅ​តែ​បើក​ឲ្យ​អ្នក​ខ្លះ​បាន​ចូល​ទៅ​ក្នុង​សេចក្ដី​សំរាក​នោះ ហើយ​ពួក​អ្នក​ដែល​ឮ​ដំណឹង​ល្អ​ពី​ដើម គេ​មិន​បាន​ចូល​ទេ ដោយ​ព្រោះ​មិន​ជឿ នោះ​បាន​ជា​ទ្រង់​ដាក់​កំណត់​ថ្ងៃ​១​ទៀត​ថា «នៅ​ថ្ងៃ​នេះ» ដូច្នេះ​វិញ ទាំង​មាន​បន្ទូល​ដោយ‌សារ​ហ្លួង​ដាវីឌ ជា​យូរ​ក្រោយ​មក តាម​ពាក្យ​អម្បាញ់‌មិញ ដែល​ថា «នៅ​ថ្ងៃ​នេះ បើ​ឯង​រាល់​គ្នា​ឮ​សំឡេង​ទ្រង់ នោះ​កុំ​ឲ្យ​តាំង​ចិត្ត​រឹង‌រូស​ឡើយ» បើ​សិន​ជា​លោក​យ៉ូស្វេ​បាន​ឲ្យ​គេ​ឈប់​សំរាក នោះ​ក្រោយ​មក ទ្រង់​មិន​មាន​បន្ទូល​ពី​ថ្ងៃ​១​ទៀត​ទេ ដូច្នេះ មាន​សេចក្ដី​ឈប់​សំរាក ទុក​សំរាប់​រាស្ត្រ​របស់​ព្រះ​នៅ​ខាង​មុខ ដ្បិត​អ្នក​ណា​ដែល​ចូល​ទៅ​ក្នុង​សេចក្ដី​សំរាក​របស់​ទ្រង់​ហើយ នោះ​ក៏​បាន​ឈប់​សំរាក ពី​ការ​ខ្លួន​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន ដូច​ជា​ព្រះ​បាន​ឈប់ ពី​ការ​ដែល​ទ្រង់​ធ្វើ​ដែរ ដូច្នេះ ត្រូវ​ឲ្យ​យើង​រាល់​គ្នា​សង្វាត​នឹង​ចូល ទៅ​ក្នុង​សេចក្ដី​សំរាក​នោះ ក្រែង​លោ​អ្នក​ណា​ដួល​ទៅ តាម​ក្បួន​មិន​ជឿ ដូច​ជា​គេ​ដែរ ពី​ព្រោះ ឯ​ព្រះ‌បន្ទូល​នៃ​ព្រះ​នោះ​រស់​នៅ ហើយ​ពូកែ​ផង ក៏​មុត​ជាង​ដាវ​ណា​មាន​មុខ​២ ទាំង​ធ្លុះ​ចូល​ទៅ ទាល់​តែ​កាត់​ព្រលឹង​នឹង​វិញ្ញាណ ហើយ​សន្លាក់ នឹង​ខួរ​ឆ្អឹង​ដាច់​ពី​គ្នា ទាំង​ពិចារណា​អស់​ទាំង​គំនិត​ដែល​ចិត្ត​គិត ហើយ​ដែល​សំរេច​ដែរ

ចែក​រំលែក
អាន ហេប្រឺ 4