ហេប្រឺ 3:1-6

ហេប្រឺ 3:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​ដ៏វិសុទ្ធ*​អើយ ព្រះ‌ជាម្ចាស់​ក៏​បាន​ត្រាស់​ហៅ​បងប្អូន​ដែរ! ចូរ​គិត​ពិចារណា​មើល អំពី​ព្រះ‌យេស៊ូ ជា​ទូត​ដែល​ព្រះ‌ជាម្ចាស់​បាន​ចាត់​ឲ្យ​មក និង​ជា​មហា​បូជា‌ចារ្យ*​ដែល​នាំ​ឲ្យ​យើង​មាន​ជំនឿ​ដូច​យើង​ប្រកាស នោះ​ទៅ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់​ចំពោះ​ព្រះ‌ជាម្ចាស់ ដែល​បាន​តែង‌តាំង​ព្រះអង្គ ដូច​លោក​ម៉ូសេ​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​កិច្ចការ​ក្នុង​ព្រះ‌ដំណាក់​ដែរ។ អ្នក​សង់​ផ្ទះ​មាន​កិត្តិយស​ប្រសើរ​លើស​ផ្ទះ​យ៉ាង​ណា ព្រះ‌យេស៊ូ​ក៏​គួរ​នឹង​ទទួល​សិរី‌រុងរឿង​ប្រសើរ​លើស​លោក​ម៉ូសេ​យ៉ាង​នោះ​ដែរ ដ្បិត​ផ្ទះ​ទាំង‌ឡាយ​សុទ្ធ​តែ​មាន​គេ​បាន​សង់​ឡើង រីឯ​ព្រះ‌ជាម្ចាស់​វិញ ព្រះអង្គ​បាន​សង់​គ្រប់​អ្វីៗ​ទាំង​អស់។ ចំពោះ​លោក​ម៉ូសេ លោក​មាន​ចិត្ត​ស្មោះ​ត្រង់​នឹង​កិច្ចការ​ក្នុង​ព្រះ‌ដំណាក់​ទាំង​មូល ក្នុង​ឋានៈ​លោក​ជា​អ្នក​បម្រើ ដើម្បី​ផ្ដល់​សក្ខីភាព​ពី​ព្រះ‌បន្ទូល​ដែល​ព្រះ‌ជាម្ចាស់​នឹង​ថ្លែង។ រីឯ​ព្រះ‌គ្រិស្ត​វិញ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់ ក្នុង​ឋានៈ​ជា​ព្រះ‌បុត្រា ដែល​គ្រប់‌គ្រង​លើ​ព្រះ‌ដំណាក់​ផ្ទាល់​របស់​ព្រះអង្គ គឺ​យើង​ទាំង​អស់​គ្នា​ហ្នឹង​ហើយ​ជា​ព្រះ‌ដំណាក់​របស់​ព្រះអង្គ ប្រសិន​បើ​យើង​នៅ​កាន់​ចិត្ត​រឹង‌ប៉ឹង និង​ពឹង​ផ្អែក លើ​សេចក្ដី​សង្ឃឹម​របស់​យើង ​ជាប់​ជានិច្ច​មែន​នោះ។

ចែក​រំលែក
អាន ហេប្រឺ 3

ហេប្រឺ 3:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ បង‌ប្អូនដ៏​បរិសុទ្ធ ដែល​មាន​ចំណែក​ក្នុង​ការ​ត្រាស់​ហៅ​ពី​ស្ថាន‌សួគ៌​អើយ ចូរ​ពិចារណា​មើល​អំ​ពី​ព្រះ‌យេស៊ូវ ជា​សាវក និង​ជា​សម្តេច​សង្ឃ​នៃ​ជំនឿ​ដែល​យើង​ប្រកាស​នោះ​ទៅ ព្រះ‌អង្គ​ស្មោះ​ត្រង់​ចំពោះ​ព្រះ​ដែល​តែង​តាំង​ព្រះ‌អង្គ ដូច​លោក​ម៉ូសេ​មាន​ចិត្ត​ស្មោះ​ត្រង់ ក្នុង​ដំណាក់​ទាំង​មូល​របស់​ព្រះ​ដែរ។ អ្នក​សង់​ផ្ទះ​មាន​កិត្តិ‌យស​លើស​ជាង​ផ្ទះ​យ៉ាង​ណា ព្រះ‌យេស៊ូវ​ក៏​គួរ​នឹង​ទទួល​សិរីល្អ លើស​ជាង​លោក​ម៉ូសេ​យ៉ាង​នោះ​ដែរ។ (ដ្បិត​គ្រប់​ផ្ទះ​តែង​មាន​គេ​ធ្វើ តែ​អ្នក​ដែល​បាន​ធ្វើ​អ្វីៗ​ទាំង​អស់ គឺ​ជា​ព្រះ)។ លោក​ម៉ូសេ​ស្មោះ​ត្រង់​នៅ​ក្នុង​ដំណាក់​ព្រះ‌អង្គ​ទាំង​មូល ក្នុង​នាម​ជា​អ្នក​បម្រើ ដើម្បី​ធ្វើ​បន្ទាល់​ពី​សេចក្តី​ដែល​នឹង​ត្រូវ​ថ្លែង​មក​តាម​ក្រោយ។ ប៉ុន្តែ ព្រះ‌គ្រីស្ទ​ស្មោះ​ត្រង់ ក្នុង​ឋានៈ​ជា​ព្រះ‌រាជ‌បុត្រា ដែល​ត្រួត​លើ​ដំណាក់​ព្រះ‌អង្គ ហើយ​ប្រសិន‌បើ​យើង​កាន់​ចិត្ត​មោះ‌មុត និង​អាង​លើ​សេចក្តី​សង្ឃឹម​នេះ​យ៉ាង​ខ្ជាប់‌ខ្ជួន រហូត​ដល់​ចុង​បំផុត គឺ​យើង​នេះ​ហើយ​ជា​ដំណាក់​របស់​ព្រះ‌អង្គ។

ចែក​រំលែក
អាន ហេប្រឺ 3

ហេប្រឺ 3:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ បង​ប្អូន​បរិសុទ្ធ ដែល​មាន​ចំណែក​ក្នុង​ការ‌ងារ​ស្ថាន‌សួគ៌​អើយ ចូរ​ពិចារណា​ពី​ព្រះ‌យេស៊ូវ ជា​សាវក នឹង​ជា​សំដេច​សង្ឃ ដែល​យើង​ថា យើង​ជឿ​តាម​នោះ​ចុះ គឺ​ដែល​ទ្រង់​ស្មោះ‌ត្រង់​ដល់​ព្រះ​ដែល​តាំង​ទ្រង់ ដូច​ជា​លោក​ម៉ូសេ​ក៏​ស្មោះ‌ត្រង់ ក្នុង​ដំណាក់​នៃ​ព្រះ​ទាំង​មូល​ដែរ ដ្បិត​ដែល​មនុស្ស​សង់​ផ្ទះ​តែង​មាន​កេរ្តិ៍​ឈ្មោះ លើស​ជាង​ផ្ទះ​នោះ​យ៉ាង​ណា នោះ​ទ្រង់​ក៏​បាន​រាប់​ជា​គួរ​នឹង​សិរី‌ល្អ លើស​ជាង​លោក​ម៉ូសេ​យ៉ាង​នោះ​ដែរ ព្រោះ​គ្រប់​ទាំង​ផ្ទះ​តែង​មាន​គេ​ធ្វើ តែ​ឯ​អ្នក​ដែល​បាន​ធ្វើ​គ្រប់​របស់​ទាំង​អស់ នោះ​គឺ​ជា​ព្រះ​វិញ ហើយ​លោក​ម៉ូសេ​ក៏​ស្មោះ‌ត្រង់ នៅ​ក្នុង​ដំណាក់​នៃ​ទ្រង់​ទាំង​មូល​មែន ទុក​ដូច​ជា​អ្នក​បំរើ សំរាប់​ជា​ទី​បន្ទាល់ ពី​ការ​ដែល​ត្រូវ​ថ្លែង​ប្រាប់​មក​តាម​ក្រោយ តែ​ព្រះ‌គ្រីស្ទ ទ្រង់​ស្មោះ‌ត្រង់ ទុក​ដូច​ជា​ព្រះ‌រាជ‌បុត្រា ដែល​ត្រួត​លើ​ដំណាក់​ទ្រង់​វិញ គឺ​យើង​រាល់​គ្នា​នេះ​ជា​ដំណាក់​នោះ បើ​យើង​កាន់​ចិត្ត​មោះ‌មុត នឹង​សេចក្ដី​អំនួត ចំពោះ​សេចក្ដី​សង្ឃឹម​នេះ យ៉ាង​ខ្ជាប់‌ខ្ជួន​ដរាប​ដល់​ចុង​បំផុត​មែន។

ចែក​រំលែក
អាន ហេប្រឺ 3