ហេព្រើរ 3:1-6

ហេព្រើរ 3:1-6 គកស១៦

ដូច្នេះ បង‌ប្អូនដ៏​បរិសុទ្ធ ដែល​មាន​ចំណែក​ក្នុង​ការ​ត្រាស់​ហៅ​ពី​ស្ថាន‌សួគ៌​អើយ ចូរ​ពិចារណា​មើល​អំ​ពី​ព្រះ‌យេស៊ូវ ជា​សាវក និង​ជា​សម្តេច​សង្ឃ​នៃ​ជំនឿ​ដែល​យើង​ប្រកាស​នោះ​ទៅ ព្រះ‌អង្គ​ស្មោះ​ត្រង់​ចំពោះ​ព្រះ​ដែល​តែង​តាំង​ព្រះ‌អង្គ ដូច​លោក​ម៉ូសេ​មាន​ចិត្ត​ស្មោះ​ត្រង់ ក្នុង​ដំណាក់​ទាំង​មូល​របស់​ព្រះ​ដែរ។ អ្នក​សង់​ផ្ទះ​មាន​កិត្តិ‌យស​លើស​ជាង​ផ្ទះ​យ៉ាង​ណា ព្រះ‌យេស៊ូវ​ក៏​គួរ​នឹង​ទទួល​សិរីល្អ លើស​ជាង​លោក​ម៉ូសេ​យ៉ាង​នោះ​ដែរ។ (ដ្បិត​គ្រប់​ផ្ទះ​តែង​មាន​គេ​ធ្វើ តែ​អ្នក​ដែល​បាន​ធ្វើ​អ្វីៗ​ទាំង​អស់ គឺ​ជា​ព្រះ)។ លោក​ម៉ូសេ​ស្មោះ​ត្រង់​នៅ​ក្នុង​ដំណាក់​ព្រះ‌អង្គ​ទាំង​មូល ក្នុង​នាម​ជា​អ្នក​បម្រើ ដើម្បី​ធ្វើ​បន្ទាល់​ពី​សេចក្តី​ដែល​នឹង​ត្រូវ​ថ្លែង​មក​តាម​ក្រោយ។ ប៉ុន្តែ ព្រះ‌គ្រីស្ទ​ស្មោះ​ត្រង់ ក្នុង​ឋានៈ​ជា​ព្រះ‌រាជ‌បុត្រា ដែល​ត្រួត​លើ​ដំណាក់​ព្រះ‌អង្គ ហើយ​ប្រសិន‌បើ​យើង​កាន់​ចិត្ត​មោះ‌មុត និង​អាង​លើ​សេចក្តី​សង្ឃឹម​នេះ​យ៉ាង​ខ្ជាប់‌ខ្ជួន រហូត​ដល់​ចុង​បំផុត គឺ​យើង​នេះ​ហើយ​ជា​ដំណាក់​របស់​ព្រះ‌អង្គ។

អាន ហេព្រើរ 3