ហេប្រឺ 11:9-19

ហេប្រឺ 11:9-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដោយ​សារ​ជំនឿ លោក​បាន​ស្នាក់​នៅ​ក្នុង​ស្រុកដែល​ព្រះ‌អង្គ​បាន​សន្យា ទុក​ដូច​ជា​នៅ​ប្រទេស​ដទៃ ក៏​រស់​នៅ​ក្នុង​ជំរំ​ជា​មួយ​អ៊ីសាក និង​យ៉ាកុប ជា​អ្នកស្នង​សេចក្ដី​សន្យា​រួម​ជាមួយ​លោក ទុក​ជា​មត៌ក។ ដ្បិត​លោក​ទន្ទឹង​រង់​ចាំ​ក្រុង​មួយ ដែល​មាន​គ្រឹះ​រឹង​មាំ ដែល​ព្រះជា​អ្នក​គូរ​ប្លង់ និង​ជា​ជាង​សង់។ ដោយ​សារ​ជំនឿ លោក​ស្រី​សារ៉ាបាន​ទទួល​អំណាច​នឹង​មាន​គភ៌បាន ទោះ​ជា​គាត់​ហួស​អាយុ​នឹង​មាន​កូន​ក៏​ដោយ ព្រោះ​គាត់​បាន​រាប់​ព្រះ​អង្គ​ដែល​បាន​សន្យា​នោះ​ថា ទ្រង់​ស្មោះ​ត្រង់។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​មនុស្ស​ជា​ច្រើន ដូច​ផ្កាយ​នៅ​លើ​មេឃ និង​ដូច​គ្រាប់​ខ្សាច់​នៅ​មាត់​សមុទ្រ ដែល​រាប់​មិន​អស់ បាន​កើត​ចេញ​មក​ពី​មនុស្ស​តែ​ម្នាក់ ដែល​លោក​ទុក​ដូច​ជា​ស្លាប់​ទៅ​ហើយ។ អ្នក​ទាំង​អស់នេះ​បាន​ស្លាប់​ទៅ ទាំង​មាន​ជំនឿ ឥត​បាន​ទទួល​អ្វីៗ​តាម​ព្រះ‌បន្ទូល​សន្យា​ទេ តែ​អ្នក​ទាំង​នោះ​បាន​ឃើញ និង​បាន​អប​អរ​ចំពោះ​អ្វីៗ​ទាំង​នោះ​ពី​ចម្ងាយ ទាំង​បាន​ទទួល​ស្គាល់​ថា ខ្លួន​គេ​ជា​អ្នក​ដទៃ និង​ជា​អ្នក​ស្នាក់​នៅ លើ​ផែន​ដីនេះ​ប៉ុណ្ណោះ។ ដ្បិត​មនុស្ស​ដែល​និយាយ​ដូច្នេះ បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា គេ​កំពុង​តែ​ស្វែង​រក​ស្រុក​កំណើត​មួយ។ ប្រ​សិន​បើ​គេ​រឭក​ស្រុក​ដែល​គេ​ទើប​នឹង​ចេញ​មក គេ​មុខ​ជា​មាន​ឱកាស​ត្រឡប់​ទៅ​វិញ​បាន។ ប៉ុន្ដែ តាម​ពិត គេ​ប្រាថ្នា​ចង់​បាន​ស្រុក​មួយ​ដ៏​ប្រសើរ​ជាង គឺជា​ស្រុក​មួយ​នៅ​ស្ថាន‌សួគ៌។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ទ្រង់​មិន​ខ្មាសនឹងឲ្យ​គេ​ហៅ​ព្រះ‌អង្គ​ថា​ជា​ព្រះ​របស់​គេនោះ​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​រៀប​ចំ​ទី​ក្រុង​មួយ​សម្រាប់​គេរួច​ហើយ។ ដោយ​សារ​ជំនឿ នៅ​ពេល​ព្រះ‌ល្បង​ល លោក​អ័ប្រា‌ហាំ​បាន​ថ្វាយ​អ៊ីសាក គឺ​អ្នក​ដែល​បាន​ទទួល​សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន​នោះ លោក​បាន​ថ្វាយ​កូន​តែ​មួយ​របស់​លោក ដែល​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​កូន​នោះ​ថា «ពូជ​ពង្ស​របស់​អ្នក​នឹង​មាន​ឈ្មោះ​តាម​រយៈ​អ៊ីសាក» ។ លោក​បាន​រាប់​ថា ព្រះ‌ទ្រង់​អាច​នឹង​ប្រោស​កូន​នោះ​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​បាន ហើយ​លោក​ក៏​បាន​ទទួល​កូន​មក​វិញ​មែន ធៀប​ដូច​ជា​រស់​ពី​ស្លាប់​ឡើង​វិញ។

ចែក​រំលែក
អាន ហេប្រឺ 11

ហេប្រឺ 11:9-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដោយ‌សារ​ជំនឿ លោក​បាន​មក​រស់​នៅ​ជា​អាណិក‌ជន ក្នុង​ស្រុក ដែល​ព្រះ‌ជាម្ចាស់​បាន​សន្យា​ថា​នឹង​ប្រទាន​ឲ្យ គឺ​លោក​បាន​បោះ​ជំរំ​នៅ​ជា​មួយ​លោក​អ៊ីសាក និង​លោក​យ៉ាកុប ដែល​ត្រូវ​ទទួល​ទឹក​ដី​នោះ​ជា​មត៌ក​រួម​ជា​មួយ​លោក តាម​ព្រះ‌បន្ទូល​សន្យា​ដដែល។ លោក​អប្រាហាំ​ទន្ទឹង​រង់‌ចាំ​ទទួល​ក្រុង​មួយ​ដែល​នឹង​មាន​គ្រឹះ​រឹង‌មាំ‌មួន ជា​ក្រុង​ដែល​ព្រះ‌ជាម្ចាស់​បាន​ធ្វើ​គម្រោង និង​សង់​ឡើង។ ដោយ‌សារ​ជំនឿ លោក​ស្រី​សារ៉ា​អាច​ទទួល​សមត្ថ‌ភាព​នឹង​មាន​កូន​បន្ដ​ពូជ‌ពង្ស​បាន ថ្វី​ដ្បិត​តែ​គាត់​មាន​វ័យ​ចាស់​ណាស់​ហើយ​ក៏​ដោយ ព្រោះ​គាត់​យល់​ថា បើ​ព្រះ‌ជាម្ចាស់​សន្យា​យ៉ាង​ណា ព្រះអង្គ​មុខ​ជា​ធ្វើ​តាម​យ៉ាង​នោះ​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​មនុស្ស​ច្រើន ឥត​គណនា ដូច​ផ្កាយ​នៅ​លើ​មេឃ និង​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ កើត​ចេញ​មក​ពី​មនុស្ស​តែ​ម្នាក់ ដែល​ចាស់​ជិត​ស្លាប់​ទៅ​ហើយ​នោះ​ផង។ បុព្វបុរស​ទាំង​នេះ​បាន​ស្លាប់​ទៅ ទាំង​នៅ​មាន​ជំនឿ​ដដែល ពួក​លោក​ឥត​បាន​ទទួល​អ្វីៗ​តាម​ព្រះ‌បន្ទូល​សន្យា​ទេ តែ​បាន​ឃើញ និង​អបអរ​ទទួល​ពី​ចម្ងាយ ហើយ​ប្រកាស​ទទួល​ស្គាល់​ថា ពួក​លោក​គ្រាន់​តែ​ជា​ជន​បរទេស ដែល​ធ្វើ​ដំណើរ ​លើ​ផែនដី​នេះ​ប៉ុណ្ណោះ។ អ្នក​ណា​និយាយ​ដូច្នេះ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា គេ​ស្វែង​រក​មាតុ‌ភូមិ​មួយ។ ប្រសិន​បើ​បុព្វបុរស​ទាំង​នោះ​នឹក​ស្រុក​ដែល​លោក​បាន​ចាក​ចេញ​មក លោក​មុខ​ជា​មាន​ឱកាស​វិល​ត្រឡប់​ទៅ​វិញ​ពុំ‌ខាន។ តាម​ពិត ពួក​លោក​ចង់​បាន​មាតុ‌ភូមិ​មួយ​ដ៏​ល្អ​ប្រសើរ​ជាង គឺ​មាតុ‌ភូមិ​នៅ​ស្ថាន​បរម‌សុខ*​ឯ‌ណោះ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់ មិន​ខ្មាស​នឹង​ឲ្យ​គេ​ហៅ​ព្រះអង្គ​ថា ជា​ព្រះ​របស់​បុព្វបុរស​ទាំង​នោះ​ឡើយ ដ្បិត​ព្រះអង្គ​បាន​រៀបចំ​ក្រុង​មួយ សម្រាប់​ពួក​លោក​រួច​ទៅ​ហើយ។ ដោយ‌សារ​ជំនឿ លោក​អប្រាហាំ​បាន​យក​អ៊ីសាក​ទៅ​ថ្វាយ​ជា​យញ្ញ‌បូជា នៅ​ពេល​ព្រះ‌ជាម្ចាស់​ល្បង‌ល​មើល​ចិត្ត​លោក។ លោក​ថ្វាយ​កូន​តែ​មួយ​គត់​របស់​លោក ថ្វី‌ដ្បិត​តែ​លោក​បាន​ទទួល​ព្រះ‌បន្ទូល​សន្យា ហើយ​ថ្វី‌ដ្បិត​តែ​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា «អ៊ីសាក​នឹង​បន្ដ​ពូជ‌ពង្ស​ឲ្យ​អ្នក»​ក៏​ដោយ។ លោក​យល់​ឃើញ​ថា ព្រះ‌ជាម្ចាស់​មាន​ឫទ្ធា‌នុភាព​អាច​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​បាន។ ហេតុ​នេះ លោក​ក៏​បាន​ទទួល​កូន​មក​វិញ ដែល​ជា​និមិត្ត‌រូប​មួយ។

ចែក​រំលែក
អាន ហេប្រឺ 11

ហេប្រឺ 11:9-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​លោក​បាន​ស្នាក់​នៅ​ក្នុង​ស្រុក ដែល​ទ្រង់​សន្យា​ឲ្យ ដូច​ជា​នៅ​ប្រទេស​ដទៃ ក៏​នៅ​តែ​ក្នុង​ត្រសាល ជា​មួយ​នឹង​អ៊ីសាក ហើយ​នឹង​យ៉ាកុប ជា​អ្នក​គ្រង​សេចក្ដី​សន្យា​ដដែល ទុក​ជា​មរដក​ជា​មួយ​គ្នា ពី​ព្រោះ​លោក​រង់‌ចាំ​ក្រុង​១ ដែល​មាន​ឫស​ជញ្ជាំង ដែល​ព្រះ‌ទ្រង់​ជា​អ្នក​គូរ ហើយ​ជា​ជាង​សង់។ ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​នាង​សារ៉ា​ក៏​ទទួល​អំណាច ឲ្យ​មាន​គភ៌​បង្កើត​កូន​បាន ហើយ​នាង​បង្កើត​កូន​មក ក្នុង​កាល​ដែល​ហួស​អាយុ​ហើយ ពី​ព្រោះ​នាង​បាន​រាប់​ព្រះ​ដែល​សន្យា​នោះ ទុក​ជា​ស្មោះ‌ត្រង់ ដូច្នេះ ក៏​មាន​មនុស្ស​១​ហ្វូង ដូច​ផ្កាយ​នៅ​លើ​មេឃ ហើយ​ដូច​ខ្សាច់​នៅ​មាត់​សមុទ្រ ដែល​រាប់​មិន​ចេះ​អស់ បាន​កើត​មក​អំពី​មនុស្ស​តែ​ម្នាក់ ដែល​អ្នក​នោះ​ក៏​ទុក​ដូច​ជា​ស្លាប់​ហើយ​ដែរ។ ពួក​អ្នក​ទាំង​នោះ​បាន​ស្លាប់​ក្នុង​សេចក្ដី​ជំនឿ ឥត​ទទួល​សេចក្ដី​ដែល​បាន​សន្យា​ទាំង​ប៉ុន្មាន​ទេ តែ​គេ​បាន​ឃើញ​ពី​ចំងាយ ហើយ​ក៏​ទទួល​គំនាប់​ដែរ ទាំង​យល់​ព្រម​ថា ខ្លួន​គេ​ជា​អ្នក​ដទៃ ដែល​គ្រាន់​តែ​សំណាក់​នៅ​ផែនដី​ប៉ុណ្ណោះ ពួក​អ្នក​ដែល​និយាយ​ដូច្នោះ នោះ​សំដែង​ច្បាស់​ថា គេ​ជា​អ្នក​រក​ស្រុក​សំរាប់​ខ្លួន​គេ​ពិត ហើយ​បើ​សិន​ជា​គេ​រឭក​ស្រុក ដែល​គេ​ទើប​នឹង​ចេញ​មក​នោះ នោះ​គេ​នឹង​មាន​ឱកាស​ត្រឡប់​ទៅ​វិញ​បាន តែ​ឥឡូវ​នេះ គេ​សង្វាត​ចង់​បាន​ស្រុក​១​ដ៏​ប្រសើរ​ជាង គឺ​ខាង​ស្ថាន‌សួគ៌​វិញ បាន​ជា​ព្រះ‌ទ្រង់​គ្មាន​សេចក្ដី​ខ្មាស ដោយ​គេ​ហៅ​ទ្រង់​ជា​ព្រះ​នៃ​គេ​នោះ​ឡើយ ដ្បិត​ទ្រង់​បាន​រៀបចំ​ទី‌ក្រុង​១​ឲ្យ​គេ​ហើយ។ ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​អ័ប្រា‌ហាំ​បាន​ថ្វាយ​អ៊ីសាក ក្នុង​កាល​ដែល​ទ្រង់​ល្បង​ល​លោក គឺ​អ្នក​ដែល​បាន​ទទួល​សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន លោក​បាន​ថ្វាយ​កូន​លោក​តែ​មួយ ដែល​មាន​សេចក្ដី​ចែង​ទុក​ពី​ដំណើរ​កូន​នោះ​ថា «ពូជ​ឯង​នឹង​បាន​រាប់​តាម​អ៊ីសាក» លោក​បាន​រាប់​ថា ព្រះ‌ទ្រង់​អាច​នឹង​ប្រោស​កូន ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​បាន​ផង ហើយ​លោក​បាន​ទទួល​វា​មក​វិញ​មែន ធៀប​ដូច​ជា​រស់​ពី​ស្លាប់​ឡើង​វិញ។

ចែក​រំលែក
អាន ហេប្រឺ 11