ហេព្រើរ 11:9-19

ហេព្រើរ 11:9-19 គកស១៦

ដោយ​សារ​ជំនឿ លោក​បាន​ស្នាក់​នៅ​ក្នុង​ស្រុកដែល​ព្រះ‌អង្គ​បាន​សន្យា ទុក​ដូច​ជា​នៅ​ប្រទេស​ដទៃ ក៏​រស់​នៅ​ក្នុង​ជំរំ​ជា​មួយ​អ៊ីសាក និង​យ៉ាកុប ជា​អ្នកស្នង​សេចក្ដី​សន្យា​រួម​ជាមួយ​លោក ទុក​ជា​មត៌ក។ ដ្បិត​លោក​ទន្ទឹង​រង់​ចាំ​ក្រុង​មួយ ដែល​មាន​គ្រឹះ​រឹង​មាំ ដែល​ព្រះជា​អ្នក​គូរ​ប្លង់ និង​ជា​ជាង​សង់។ ដោយ​សារ​ជំនឿ លោក​ស្រី​សារ៉ាបាន​ទទួល​អំណាច​នឹង​មាន​គភ៌បាន ទោះ​ជា​គាត់​ហួស​អាយុ​នឹង​មាន​កូន​ក៏​ដោយ ព្រោះ​គាត់​បាន​រាប់​ព្រះ​អង្គ​ដែល​បាន​សន្យា​នោះ​ថា ទ្រង់​ស្មោះ​ត្រង់។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​មនុស្ស​ជា​ច្រើន ដូច​ផ្កាយ​នៅ​លើ​មេឃ និង​ដូច​គ្រាប់​ខ្សាច់​នៅ​មាត់​សមុទ្រ ដែល​រាប់​មិន​អស់ បាន​កើត​ចេញ​មក​ពី​មនុស្ស​តែ​ម្នាក់ ដែល​លោក​ទុក​ដូច​ជា​ស្លាប់​ទៅ​ហើយ។ អ្នក​ទាំង​អស់នេះ​បាន​ស្លាប់​ទៅ ទាំង​មាន​ជំនឿ ឥត​បាន​ទទួល​អ្វីៗ​តាម​ព្រះ‌បន្ទូល​សន្យា​ទេ តែ​អ្នក​ទាំង​នោះ​បាន​ឃើញ និង​បាន​អប​អរ​ចំពោះ​អ្វីៗ​ទាំង​នោះ​ពី​ចម្ងាយ ទាំង​បាន​ទទួល​ស្គាល់​ថា ខ្លួន​គេ​ជា​អ្នក​ដទៃ និង​ជា​អ្នក​ស្នាក់​នៅ លើ​ផែន​ដីនេះ​ប៉ុណ្ណោះ។ ដ្បិត​មនុស្ស​ដែល​និយាយ​ដូច្នេះ បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា គេ​កំពុង​តែ​ស្វែង​រក​ស្រុក​កំណើត​មួយ។ ប្រ​សិន​បើ​គេ​រឭក​ស្រុក​ដែល​គេ​ទើប​នឹង​ចេញ​មក គេ​មុខ​ជា​មាន​ឱកាស​ត្រឡប់​ទៅ​វិញ​បាន។ ប៉ុន្ដែ តាម​ពិត គេ​ប្រាថ្នា​ចង់​បាន​ស្រុក​មួយ​ដ៏​ប្រសើរ​ជាង គឺជា​ស្រុក​មួយ​នៅ​ស្ថាន‌សួគ៌។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ទ្រង់​មិន​ខ្មាសនឹងឲ្យ​គេ​ហៅ​ព្រះ‌អង្គ​ថា​ជា​ព្រះ​របស់​គេនោះ​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​រៀប​ចំ​ទី​ក្រុង​មួយ​សម្រាប់​គេរួច​ហើយ។ ដោយ​សារ​ជំនឿ នៅ​ពេល​ព្រះ‌ល្បង​ល លោក​អ័ប្រា‌ហាំ​បាន​ថ្វាយ​អ៊ីសាក គឺ​អ្នក​ដែល​បាន​ទទួល​សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន​នោះ លោក​បាន​ថ្វាយ​កូន​តែ​មួយ​របស់​លោក ដែល​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​កូន​នោះ​ថា «ពូជ​ពង្ស​របស់​អ្នក​នឹង​មាន​ឈ្មោះ​តាម​រយៈ​អ៊ីសាក» ។ លោក​បាន​រាប់​ថា ព្រះ‌ទ្រង់​អាច​នឹង​ប្រោស​កូន​នោះ​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​បាន ហើយ​លោក​ក៏​បាន​ទទួល​កូន​មក​វិញ​មែន ធៀប​ដូច​ជា​រស់​ពី​ស្លាប់​ឡើង​វិញ។

អាន ហេព្រើរ 11