ហេប្រឺ 11:23-39

ហេប្រឺ 11:23-39 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដោយ‌សារ​ជំនឿ ពេល​លោក​ម៉ូសេ​កើត​មក ឪពុក​ម្ដាយ​បាន​លាក់​លោក​ទុក​ចំនួន​បី​ខែ ព្រោះ​ឃើញ​ទារក​ស្អាត ហើយ​គាត់​មិន​កោត​ខ្លាច​បញ្ជា​របស់​ស្ដេច​ទេ។ ដោយ‌សារ​ជំនឿ លុះ​ដល់​ម៉ូសេ​ធំ​ពេញ​វ័យ​ហើយ លោក​មិន​ព្រម​ឲ្យ​គេ​ហៅ​លោក​ថា​ជា​កូន​របស់​បុត្រី​ព្រះចៅ​ផារ៉ោន​ទេ។ លោក​សុខ​ចិត្ត​ស៊ូ​ទ្រាំ​រង‌ទុក្ខ​លំបាក​រួម​ជា​មួយ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌ជាម្ចាស់ ជា​ជាង​សប្បាយ​នឹង​អំពើ​បាប​តែ​មួយ‌ភ្លែត ។ លោក​យល់​ឃើញ​ថា លោក​រង​ការ​ប្រមាថ​មើល‌ងាយ​ដូច​ព្រះ‌គ្រិស្ត ប្រសើរ​ជាង​បាន​ទ្រព្យ​សម្បត្តិ​នានា​នៅ​ស្រុក​អេស៊ីប ដ្បិត​លោក​ជាប់​ចិត្ត​នឹង​រង្វាន់​ដែល​នៅ​ខាង​មុខ។ ដោយ‌សារ​ជំនឿ លោក​បាន​ចាក​ចេញ​ពី​ស្រុក​អេស៊ីប​ឥត​ខ្លាច​ស្ដេច​ខ្ញាល់​ឡើយ ដ្បិត​លោក​កាន់​ចិត្ត​រឹង‌ប៉ឹង​ហាក់​បី​ដូច​ជា​ឃើញ​ព្រះ‌ជាម្ចាស់ ដែល​មនុស្ស​ពុំ​អាច​មើល​ឃើញ។ ដោយ‌សារ​ជំនឿ លោក​បាន​ធ្វើ​ពិធី​បុណ្យ​ចម្លង* និង​ប្រោះ​ឈាម ដើម្បី​កុំ​ឲ្យ​មច្ចុរាជ ​បៀត‌បៀន​កូន​ច្បង​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ឡើយ។ ដោយ‌សារ​ជំនឿ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ឆ្លង​សមុទ្រ​ក្រហម​ដូច​ដើរ​លើ​ដី​គោក រីឯ​ជន‌ជាតិ​អេស៊ីប​ដែល​ខំ​ឆ្លង​មក​ដែរ ត្រូវ​ទឹក​សមុទ្រ​គ្រប​ពី​លើ ​ស្លាប់​អស់​ទៅ។ ដោយ‌សារ​ជំនឿ ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ដើរ​ជុំ‌វិញ​ក្រុង​យេរីខូ​ចំនួន​ប្រាំ‌ពីរ​ថ្ងៃ ហើយ​កំពែង​ក្រុង​ក៏​រលំ​អស់។ ដោយ‌សារ​ជំនឿ នាង​រ៉ាហាប ជា​ស្ត្រី​ពេស្យា ពុំ​បាន​វិនាស​អន្តរាយ​ជា​មួយ​ពួក​អ្នក​ដែល​ប្រឆាំង​នឹង​ព្រះ‌ជាម្ចាស់​ឡើយ ព្រោះ​នាង​បាន​ទទួល​ពួក​អ្នក​ស៊ើប‌ការណ៍​ដោយ​មេត្រី‌ភាព។ តើ​ខ្ញុំ​អាច​និយាយ​អ្វី​ទៀត? ខ្ញុំ​គ្មាន​ពេល​នឹង​និយាយ​អំពី​រឿង​លោក​គេឌាន លោក​បារ៉ាក់ លោក​សាំសុន លោក​យ៉ែប‌ថា ព្រះ‌បាទ​ដាវីឌ លោក​សាំយូ‌អែល និង​ព្យាការី​នានា​ទេ។ ដោយ‌សារ​ជំនឿ លោក​ទាំង​នោះ​បាន​ច្បាំង​នឹង​នគរ​ផ្សេងៗ បាន​ប្រព្រឹត្ត​អំពើ​សុចរិត បាន​ទទួល​អ្វីៗ​ដែល​ព្រះ‌ជាម្ចាស់​សន្យា​ប្រទាន​ឲ្យ បាន​បិទ​មាត់​សិង្ហ បាន​ពន្លត់​ភ្លើង​ដែល​ឆេះ​សន្ធោ‌សន្ធៅ បាន​គេច​ផុត​ពី​មុខ​ដាវ មាន​កម្លាំង​ឡើង​វិញ​នៅ​ពេល​ធ្លាក់​ខ្លួន​ឈឺ ខ្លាំង​ពូកែ​នៅ​ពេល​ច្បាំង ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​បាក់​ទ័ព។ ស្ត្រីៗ​បាន​ឃើញ​ក្រុម​គ្រួសារ​របស់​ខ្លួន​ដែល​ស្លាប់​ទៅ​ហើយ​នោះ មាន​ជីវិត​រស់​ឡើង​វិញ។ អ្នក​ខ្លះ​សុខ​ចិត្ត​ឲ្យ​គេ​ធ្វើ​ទារុណ‌កម្ម មិន​ព្រម​ឲ្យ​នរណា​ដោះ​លែង​ឡើយ ដើម្បី​ឲ្យ​បាន​ជីវិត​រស់​ឡើង​វិញ​ដ៏​ប្រសើរ​ជាង។ អ្នក​ខ្លះ​ទៀត​សុខ​ចិត្ត​ឲ្យ​គេ​ចំអក​ឡក‌ឡឺយ ឲ្យ​គេ​វាយ‌ដំ ហើយ​ថែម​ទាំង​ឲ្យ​គេ​ដាក់​ច្រវាក់​ឃុំ‌ឃាំង​ថែម​ទៀត​ផង។ អ្នក​ខ្លះ​ត្រូវ​គេ​យក​ដុំ​ថ្ម​គប់​សម្លាប់ ត្រូវ​គេ​សម្លាប់​ដោយ​អារ​នឹង​រណារ ត្រូវ​គេ​សម្លាប់​ដោយ​មុខ​ដាវ ត្រូវ​រសាត់​អណ្ដែត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ មាន​តែ​ស្បែក​ចៀម និង​ស្បែក​ពពែ​បិទ‌បាំង​ខ្លួន ខ្វះ​ខាត​សព្វ​គ្រប់​ទាំង​អស់ ហើយ​ត្រូវ​គេ​ជិះ‌ជាន់​សង្កត់‌សង្កិន​ធ្វើ​បាប​ថែម​ទៀត​ផង។ លោកីយ៍​ពុំ​ស័ក្ដិ‌សម​នឹង​ឲ្យ​អ្នក​នោះ​រស់​នៅ​ជា​មួយ​ឡើយ ដូច្នេះ គេ​ទៅ​រស់​នៅ​តែល​តោល​តាម​វាល​រហោ‌ស្ថាន តាម​ភ្នំ តាម​រូង​ភ្នំ និង​តាម​រអាង​ភ្នំ។ ទោះ​បី​អ្នក​ទាំង​នោះ​ទទួល​សក្ខីភាព​ល្អ ព្រោះ​តែ​ជំនឿ​របស់​ខ្លួន​ក្ដី ក៏​គេ​ពុំ​បាន​ទទួល​អ្វីៗ​តាម​ព្រះ‌បន្ទូល​សន្យា​ដែរ។

ចែក​រំលែក
អាន ហេប្រឺ 11

ហេប្រឺ 11:23-39 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដោយ​សារ​ជំនឿ កាល​លោក​ម៉ូសេ​កើត​មក ឪពុក‌ម្តាយ​របស់​លោក​បាន​លាក់​ទុក​អស់​បី​ខែ ព្រោះ​ពួក​គាត់​ឃើញ​ថាកូន​នោះស្អាត ហើយ​ពួក​គាត់​មិន​ខ្លាច​បញ្ញត្តិ​របស់​ស្តេច​ឡើយ។ ដោយ​សារ​ជំនឿ ពេល​លោក​ធំ​ហើយ លោក​មិន​ព្រម​ឲ្យ​គេ​ហៅ​លោក​ថា ជា​កូន​របស់​បុត្រី​ផារ៉ោន​ទេ លោក​ស៊ូ​រង​ទុក្ខ​លំបាក​ជា​មួយ​ប្រជា‌រាស្ត្រ​របស់​ព្រះ ជា​ជាង​មាន​អំណរ​ខាង​អំពើ​បាប ដែល​នៅ​តែ​មួយ​ភ្លែត ។ លោក​បាន​រាប់​ពាក្យ​ត្មះ​តិះ​ដៀល​ដោយ​ព្រោះ​ព្រះ‌គ្រីស្ទ ថា​ជា​សម្បត្តិ​ដែល​ប្រសើរ​ជាង​ទ្រព្យ‌សម្បិត្ត​ដ៏​វិសេស​នៅ​ស្រុក​អេស៊ីព្ទ​ទៅ​ទៀត ដ្បិត​លោក​សម្លឹង​ទៅ​ឯ​រង្វាន់​ដែល​នៅ​ខាង​មុខ។ ដោយ​សារ​ជំនឿ លោក​បាន​ចាក​ចេញ​ពី​ស្រុក​អេស៊ីព្ទ ដោយ​មិន​ខ្លាច​ស្តេច​ខ្ញាល់​ឡើយ ដ្បិត​លោក​សុខ​ចិត្ត​ស៊ូទ្រាំ ហាក់​ដូច​ជា​ឃើញ​ព្រះ ដែល​មនុស្ស​ពុំ​អាច​មើល​ឃើញ។ ដោយ​សារ​ជំនឿ លោក​បាន​ធ្វើ​ពិធី​បុណ្យ​រំលង ហើយ​ប្រោះ​ឈាម ដើម្បី​កុំ​ឲ្យ​មេ​បំផ្លាញពួក​កូន​ច្បង មក​ពាល់​ពួក​គេ​ឡើយ។ ដោយ​សារ​ជំនឿ ប្រជាជន​បាន​ឆ្លង​កាត់​សមុទ្រ​ក្រហម ដូច​ជា​ដើរ​លើ​ដី​គោក តែ​កាល​ពួក​សាសន៍​អេស៊ីព្ទ​ប៉ុន​ប៉ង​ឆ្លង​ដូច​គេ​ដែរ គេ​ក៏​ត្រូវ​ទឹក​លេប​អស់​ទៅ ។ ដោយ​សារ​ជំនឿ កំផែង​ក្រុង​យេរីខូរ​បាន​ដួល​រលំ ក្រោយ​ពី​ពួក​កូន​ចៅ​អ៊ី​ស្រាអែល​បាន​ដើរ​ព័ទ្ធ​ជុំ​វិញ​អស់​ប្រាំពីរ​ថ្ងៃ ។ ដោយ​សារ​ជំនឿ នាង​រ៉ាហាប​ជា​ស្ត្រី​ពេស្យា មិន​បាន​វិនាស​ជា​មួយ​ពួក​អ្នក​មិន​ស្ដាប់​បង្គាប់​ឡើយ ព្រោះ​នាង​បាន​ទទួល​ពួក​អ្នក​ស៊ើប​ការណ៍​ដោយ​មេត្រីភាព ។ តើ​ខ្ញុំ​ត្រូវ​និយាយ​អ្វី​ទៀត? ដ្បិត​គ្មាន​ពេល​នឹង​ថ្លែង​ប្រាប់​ពី​រឿង​លោក​គេឌាន លោក​បារ៉ាក លោក​សាំសុន លោក​យែបថា ព្រះ​បាទ​ដាវីឌ លោក​សាំយូ‌អែល និង​ពួក​ហោរា​ទេ ដោយ​សារ​ជំនឿ អ្នក​ទាំង​នោះ​បាន​ច្បាំង​ឈ្នះ​នគរ​ផ្សេងៗ បាន​ប្រព្រឹត្ត​អំពើ​សុចរិត បាន​ទទួល​សេចក្ដី​សន្យា បាន​បិទ​មាត់​សិង្ហ បាន​ពន្លត់​ភ្លើងដែល​ឆេះ​ពេញ​អំណាច បានគេច​ផុត​ពី​មុខ​ដាវ មាន​កម្លាំង​នៅ​ពេល​កំពុង​តែទន់​ខ្សោយ ត្រឡប់​ជា​ពូកែ​ក្នុង​ចម្បាំង កម្ចាត់​ពល​ទ័ពសាសន៍​ដទៃ។ ស្ត្រីៗ​បាន​ជួប​មនុស្ស​របស់​ខ្លួន​ដែល​ស្លាប់​ទៅ​ហើយ​នោះ​ឡើង​វិញ ដោយ​បាន​រស់​ពី​ស្លាប់។ ខ្លះ​ត្រូវ​ទទួល​រង​ទារុណ​កម្ម មិន​ព្រម​ទទួល​ការ​ដោះ​លែង ដើម្បី​ឲ្យ​គេបាន​រស់​ឡើង​វិញ ជា​ជីវិត​មួយ​ដែល​ប្រសើរ​ជាង។ ខ្លះ​ទៀត​ទទួល​រង​ការ​ចំអកឡក​ឡើយ ការ​វាយ​ដំ ហើយ​ថែម​ទាំង​ជាប់​ច្រវាក់ និង​ជាប់​ឃុំ​ឃាំង​ទៀត​ផង។ ត្រូវ​គេចោល​សម្លាប់​នឹងដុំ​ថ្ម ត្រូវ​គេ​អារ​ផ្ដាច់​ជា​ពីរ ត្រូវ​គេ​សម្លាប់​ដោយ​មុខ​ដាវ ត្រូវ​ដើរ​រសាត់​អណ្ដែត​ទាំង​ស្លៀក​ស្បែក​ចៀម ស្បែក​ពពែ ត្រូវ​ខ្វះ​ខាត​សព្វ​គ្រប់ ត្រូវ​គេ​សង្កត់​សង្កិន ហើយ​ធ្វើ​បាប។ គេ​ដើរ​រសាត់​អណ្ដែត​តាម​ទី​រហោ‌ស្ថាន តាម​ភ្នំ តាម​រអាង និង​តាម​រូង​ភ្នំ។ លោកីយ៍មិន​ស័ក្ដិ‌សម​នឹង​អ្នក​ទាំង​នោះ​ទេ។ អ្នក​ទាំង​អស់​នោះ ទោះ​បើ​មាន​គេ​សរសើរ ដោយ​ព្រោះ​ជំនឿ​របស់​គេ​ក៏​ដោយ តែ​គេ​មិន​បាន​ទទួល​អ្វីៗ​ដែល​ព្រះ​បាន​សន្យា​នោះ​ទេ

ចែក​រំលែក
អាន ហេប្រឺ 11

ហេប្រឺ 11:23-39 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដោយ‌សារ​សេចក្ដី​ជំនឿ កាល​ម៉ូសេ​បាន​កើត​មក នោះ​ឪពុក​ម្តាយ​បាន​លាក់​លោក​ទុក​៣​ខែ ឥត​មាន​នឹក​ខ្លាច​ដល់​បញ្ញត្ត​របស់​ស្តេច​ឡើយ ពី​ព្រោះ​បាន​ឃើញ​ថា​ជា​កូន​ថ្លោស​ល្អ ដោយ‌សារ​សេចក្ដី​ជំនឿ លុះ​លោក​ធំ​ហើយ នោះ​លោក​មិន​ព្រម​ឲ្យ​គេ​ហៅ​ខ្លួន ជា​កូន​របស់​បុត្រី​ផារ៉ោន​ទេ លោក​ស៊ូ​រង​ទុក្ខ​លំបាក​ជា​មួយ​នឹង​រាស្ត្រ​របស់​ព្រះ ជា​ជាង​មាន​សេចក្ដី​អំណរ​ខាង​អំពើ​បាប ដែល​នៅ​តែ​១​ភ្លែត​នោះ​វិញ ដោយ​បាន​រាប់​សេចក្ដី​ដំនៀល​ដែល​គេ​តិះ‌ដៀល​ដល់​ព្រះ‌គ្រីស្ទ ទុក​ជា​ទ្រព្យ​សម្បត្តិ​ប្រសើរ​ជាង​អស់​ទាំង​របស់​ថ្លៃ​វិសេស​នៅ​ស្រុក​អេស៊ីព្ទ ដ្បិត​លោក​សំឡឹង​ចំ​ទៅ​ឯ​រង្វាន់​វិញ ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​លោក​ក៏​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ ឥត​កោត‌ខ្លាច​ដល់​សេចក្ដី​កំហឹង​នៃ​ស្តេច​ឡើយ ដ្បិត​លោក​បាន​កាន់​យ៉ាង​ខ្ជាប់‌ខ្ជួន ហាក់​ដូច​ជា​ឃើញ​ព្រះ​ដ៏​មើល​មិន​ឃើញ​ដែរ ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​លោក​បាន​ធ្វើ​បុណ្យ​រំលង ទាំង​រលាស់​ឈាម ដើម្បី​កុំ​ឲ្យ​មេ​បំផ្លាញ​ពួក​កូន​ច្បង បាន​មក​ពាល់​ដល់​គេ​ឡើយ។ ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​គេ​បាន​ដើរ​កាត់​សមុទ្រ​ក្រហម ដូច​ជា​ដើរ​លើ​ដី​គោក តែ​កាល​ពួក​សាសន៍​អេស៊ីព្ទ​បាន​ល្បង​ល នោះ​គេ​ក៏​ត្រូវ​លេប​បាត់​ទៅ ដោយ‌សារ​សេចក្ដី​ជំនឿ លុះ​គេ​ដើរ​ព័ទ្ធ​ជុំ‌វិញ​ក្រុង​យេរីខូរ អស់​៧​ថ្ងៃ​ហើយ នោះ​កំផែង​ទី​ក្រុង​ក៏​រលំ​ទៅ ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​នាង​រ៉ាហាប ជា​ស្រី​សំផឹង មិន​បាន​វិនាស​ទៅ ជា​មួយ​នឹង​ពួក​អ្នក​រឹង‌ចចេស​ឡើយ ពី​ព្រោះ​នាង​បាន​ទទួល​ពួក​ឈ្លប​លប ដោយ​មេត្រី​ចិត្ត។ តើ​ត្រូវ​ឲ្យ​ខ្ញុំ​និយាយ​អ្វី​ទៀត ដ្បិត​គ្មាន​ពេល​វេលា​នឹង​ថ្លែង​ប្រាប់​រឿង​ពី​គេឌាន បារ៉ាក សាំសុន យែបថា ដាវីឌ សាំយូ‌អែល នឹង​ពួក​ហោរា​ទេ ដែល​ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​គេ​បាន​ឈ្នះ​នគរ​ដទៃ បាន​សំរេច​ការ​សុចរិត បាន​ទទួល​សេចក្ដី​សន្យា បាន​បិទ​មាត់​សិង្ហ បាន​ពន្លត់​អំណាច​ភ្លើង បាន​រួច​ពី​មុខ​ដាវ បាន​មាន​កំឡាំង​ក្នុង​កាល​ដែល​កំពុង​តែ​ខ្សោយ ក៏​ត្រឡប់​ជា​ពូកែ​ក្នុង​ចំបាំង ទាំង​កំចាត់​ពល​ទ័ព​សាសន៍​ដទៃ​ផង ពួក​ស្រីៗ បាន​ទទួល​មនុស្ស​ស្លាប់​របស់​ខ្លួន​មក ដោយ​រស់​ពី​ស្លាប់​ឡើង​វិញ ខ្លះ​ត្រូវ​គេ​ធ្វើ​ទុក្ខ​វេទនា ឥត​ទទួល​ការ​ប្រោស​លោះ​ឲ្យ​រួច​ឡើយ គឺ​ដើម្បី​ឲ្យ​បាន​រស់​ឡើង​វិញ​បែប​ប្រសើរ​ជាង ខ្លះ​ទៀត​ត្រូវ​សេចក្ដី​ល្បង ដោយ​មាន​គេ​ចំអក​ឲ្យ ទាំង​វាយ​នឹង​រំពាត់ ក៏​ទ្រាំ​ទាំង​ជាប់​ចំណង នឹង​ជាប់​គុក​ផង ត្រូវ​គេ​ចោល​នឹង​ថ្ម ល្បួង ហើយ​អារ​បណ្តាច់ ក៏​ត្រូវ​ស្លាប់​នឹង​ដាវ ត្រូវ​ដើរ​វីម‌វាម ទាំង​ស្លៀក​ស្បែក​ចៀម នឹង​ស្បែក​ពពែ ត្រូវ​កំសត់​ទុគ៌ត ត្រូវ​គេ​សង្កត់‌សង្កិន ហើយ​ធ្វើ​បាប ក៏​ដើរ​សាត់​ព្រាត់​នៅ​ក្នុង​ទី​រហោ‌ស្ថាន ហើយ​នៅ​ទី​ភ្នំ ទាំង​នៅ​ក្នុង​រអាង ហើយ​នឹង​រូង​ក្នុង​ដី លោកីយ​មិន​គួរ​នឹង​ពួក​អ្នក​ទាំង​នោះ​ទេ ពួក​អ្នក​ទាំង​នោះ ទោះ​បើ​មាន​សេចក្ដី​បន្ទាល់​ពី​គេ​ថា គេ​មាន​សេចក្ដី​ជំនឿ​ក៏​ដោយ គង់​តែ​គេ​មិន​បាន​ទទួល​សេចក្ដី ដែល​បាន​សន្យា​នោះ​ទេ

ចែក​រំលែក
អាន ហេប្រឺ 11