ហេព្រើរ 11:23-39

ហេព្រើរ 11:23-39 គកស១៦

ដោយ​សារ​ជំនឿ កាល​លោក​ម៉ូសេ​កើត​មក ឪពុក‌ម្តាយ​របស់​លោក​បាន​លាក់​ទុក​អស់​បី​ខែ ព្រោះ​ពួក​គាត់​ឃើញ​ថាកូន​នោះស្អាត ហើយ​ពួក​គាត់​មិន​ខ្លាច​បញ្ញត្តិ​របស់​ស្តេច​ឡើយ។ ដោយ​សារ​ជំនឿ ពេល​លោក​ធំ​ហើយ លោក​មិន​ព្រម​ឲ្យ​គេ​ហៅ​លោក​ថា ជា​កូន​របស់​បុត្រី​ផារ៉ោន​ទេ លោក​ស៊ូ​រង​ទុក្ខ​លំបាក​ជា​មួយ​ប្រជា‌រាស្ត្រ​របស់​ព្រះ ជា​ជាង​មាន​អំណរ​ខាង​អំពើ​បាប ដែល​នៅ​តែ​មួយ​ភ្លែត ។ លោក​បាន​រាប់​ពាក្យ​ត្មះ​តិះ​ដៀល​ដោយ​ព្រោះ​ព្រះ‌គ្រីស្ទ ថា​ជា​សម្បត្តិ​ដែល​ប្រសើរ​ជាង​ទ្រព្យ‌សម្បិត្ត​ដ៏​វិសេស​នៅ​ស្រុក​អេស៊ីព្ទ​ទៅ​ទៀត ដ្បិត​លោក​សម្លឹង​ទៅ​ឯ​រង្វាន់​ដែល​នៅ​ខាង​មុខ។ ដោយ​សារ​ជំនឿ លោក​បាន​ចាក​ចេញ​ពី​ស្រុក​អេស៊ីព្ទ ដោយ​មិន​ខ្លាច​ស្តេច​ខ្ញាល់​ឡើយ ដ្បិត​លោក​សុខ​ចិត្ត​ស៊ូទ្រាំ ហាក់​ដូច​ជា​ឃើញ​ព្រះ ដែល​មនុស្ស​ពុំ​អាច​មើល​ឃើញ។ ដោយ​សារ​ជំនឿ លោក​បាន​ធ្វើ​ពិធី​បុណ្យ​រំលង ហើយ​ប្រោះ​ឈាម ដើម្បី​កុំ​ឲ្យ​មេ​បំផ្លាញពួក​កូន​ច្បង មក​ពាល់​ពួក​គេ​ឡើយ។ ដោយ​សារ​ជំនឿ ប្រជាជន​បាន​ឆ្លង​កាត់​សមុទ្រ​ក្រហម ដូច​ជា​ដើរ​លើ​ដី​គោក តែ​កាល​ពួក​សាសន៍​អេស៊ីព្ទ​ប៉ុន​ប៉ង​ឆ្លង​ដូច​គេ​ដែរ គេ​ក៏​ត្រូវ​ទឹក​លេប​អស់​ទៅ ។ ដោយ​សារ​ជំនឿ កំផែង​ក្រុង​យេរីខូរ​បាន​ដួល​រលំ ក្រោយ​ពី​ពួក​កូន​ចៅ​អ៊ី​ស្រាអែល​បាន​ដើរ​ព័ទ្ធ​ជុំ​វិញ​អស់​ប្រាំពីរ​ថ្ងៃ ។ ដោយ​សារ​ជំនឿ នាង​រ៉ាហាប​ជា​ស្ត្រី​ពេស្យា មិន​បាន​វិនាស​ជា​មួយ​ពួក​អ្នក​មិន​ស្ដាប់​បង្គាប់​ឡើយ ព្រោះ​នាង​បាន​ទទួល​ពួក​អ្នក​ស៊ើប​ការណ៍​ដោយ​មេត្រីភាព ។ តើ​ខ្ញុំ​ត្រូវ​និយាយ​អ្វី​ទៀត? ដ្បិត​គ្មាន​ពេល​នឹង​ថ្លែង​ប្រាប់​ពី​រឿង​លោក​គេឌាន លោក​បារ៉ាក លោក​សាំសុន លោក​យែបថា ព្រះ​បាទ​ដាវីឌ លោក​សាំយូ‌អែល និង​ពួក​ហោរា​ទេ ដោយ​សារ​ជំនឿ អ្នក​ទាំង​នោះ​បាន​ច្បាំង​ឈ្នះ​នគរ​ផ្សេងៗ បាន​ប្រព្រឹត្ត​អំពើ​សុចរិត បាន​ទទួល​សេចក្ដី​សន្យា បាន​បិទ​មាត់​សិង្ហ បាន​ពន្លត់​ភ្លើងដែល​ឆេះ​ពេញ​អំណាច បានគេច​ផុត​ពី​មុខ​ដាវ មាន​កម្លាំង​នៅ​ពេល​កំពុង​តែទន់​ខ្សោយ ត្រឡប់​ជា​ពូកែ​ក្នុង​ចម្បាំង កម្ចាត់​ពល​ទ័ពសាសន៍​ដទៃ។ ស្ត្រីៗ​បាន​ជួប​មនុស្ស​របស់​ខ្លួន​ដែល​ស្លាប់​ទៅ​ហើយ​នោះ​ឡើង​វិញ ដោយ​បាន​រស់​ពី​ស្លាប់។ ខ្លះ​ត្រូវ​ទទួល​រង​ទារុណ​កម្ម មិន​ព្រម​ទទួល​ការ​ដោះ​លែង ដើម្បី​ឲ្យ​គេបាន​រស់​ឡើង​វិញ ជា​ជីវិត​មួយ​ដែល​ប្រសើរ​ជាង។ ខ្លះ​ទៀត​ទទួល​រង​ការ​ចំអកឡក​ឡើយ ការ​វាយ​ដំ ហើយ​ថែម​ទាំង​ជាប់​ច្រវាក់ និង​ជាប់​ឃុំ​ឃាំង​ទៀត​ផង។ ត្រូវ​គេចោល​សម្លាប់​នឹងដុំ​ថ្ម ត្រូវ​គេ​អារ​ផ្ដាច់​ជា​ពីរ ត្រូវ​គេ​សម្លាប់​ដោយ​មុខ​ដាវ ត្រូវ​ដើរ​រសាត់​អណ្ដែត​ទាំង​ស្លៀក​ស្បែក​ចៀម ស្បែក​ពពែ ត្រូវ​ខ្វះ​ខាត​សព្វ​គ្រប់ ត្រូវ​គេ​សង្កត់​សង្កិន ហើយ​ធ្វើ​បាប។ គេ​ដើរ​រសាត់​អណ្ដែត​តាម​ទី​រហោ‌ស្ថាន តាម​ភ្នំ តាម​រអាង និង​តាម​រូង​ភ្នំ។ លោកីយ៍មិន​ស័ក្ដិ‌សម​នឹង​អ្នក​ទាំង​នោះ​ទេ។ អ្នក​ទាំង​អស់​នោះ ទោះ​បើ​មាន​គេ​សរសើរ ដោយ​ព្រោះ​ជំនឿ​របស់​គេ​ក៏​ដោយ តែ​គេ​មិន​បាន​ទទួល​អ្វីៗ​ដែល​ព្រះ​បាន​សន្យា​នោះ​ទេ

អាន ហេព្រើរ 11

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ហេព្រើរ 11:23-39