ហេប្រឺ 11:20-29

ហេប្រឺ 11:20-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដោយ​សារ​ជំនឿ លោក​អ៊ីសាក​បាន​ឲ្យ​ពរ​ដល់​យ៉ាកុប និង​អេសាវ អំពី​ដំណើរ​អនា‌គត ។ ដោយ​សារ​ជំនឿ កាល​លោក​យ៉ាកុប​ហៀប​នឹង​ស្លាប់ លោក​បាន​ឲ្យ​ពរ​ដល់​កូន​ទាំង​ពីរ​របស់​លោក​យ៉ូសែប ហើយ​លោក​ថ្វាយ​បង្គំ​ព្រះ ដោយ​បន្ទន់​ខ្លួន​លើ​ឈើ​ច្រត់ ។ ដោយ​សារ​ជំនឿ កាល​លោក​យ៉ូសែប​ហៀប​នឹង​ផុត​ដង្ហើម លោក​បាន​ថ្លែង​ប្រាប់​ពី​ដំណើរ​ចាក​ចេញ​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​បាន​ផ្តាំ​អំពី​ឆ្អឹង​របស់​លោក។ ដោយ​សារ​ជំនឿ កាល​លោក​ម៉ូសេ​កើត​មក ឪពុក‌ម្តាយ​របស់​លោក​បាន​លាក់​ទុក​អស់​បី​ខែ ព្រោះ​ពួក​គាត់​ឃើញ​ថាកូន​នោះស្អាត ហើយ​ពួក​គាត់​មិន​ខ្លាច​បញ្ញត្តិ​របស់​ស្តេច​ឡើយ។ ដោយ​សារ​ជំនឿ ពេល​លោក​ធំ​ហើយ លោក​មិន​ព្រម​ឲ្យ​គេ​ហៅ​លោក​ថា ជា​កូន​របស់​បុត្រី​ផារ៉ោន​ទេ លោក​ស៊ូ​រង​ទុក្ខ​លំបាក​ជា​មួយ​ប្រជា‌រាស្ត្រ​របស់​ព្រះ ជា​ជាង​មាន​អំណរ​ខាង​អំពើ​បាប ដែល​នៅ​តែ​មួយ​ភ្លែត ។ លោក​បាន​រាប់​ពាក្យ​ត្មះ​តិះ​ដៀល​ដោយ​ព្រោះ​ព្រះ‌គ្រីស្ទ ថា​ជា​សម្បត្តិ​ដែល​ប្រសើរ​ជាង​ទ្រព្យ‌សម្បិត្ត​ដ៏​វិសេស​នៅ​ស្រុក​អេស៊ីព្ទ​ទៅ​ទៀត ដ្បិត​លោក​សម្លឹង​ទៅ​ឯ​រង្វាន់​ដែល​នៅ​ខាង​មុខ។ ដោយ​សារ​ជំនឿ លោក​បាន​ចាក​ចេញ​ពី​ស្រុក​អេស៊ីព្ទ ដោយ​មិន​ខ្លាច​ស្តេច​ខ្ញាល់​ឡើយ ដ្បិត​លោក​សុខ​ចិត្ត​ស៊ូទ្រាំ ហាក់​ដូច​ជា​ឃើញ​ព្រះ ដែល​មនុស្ស​ពុំ​អាច​មើល​ឃើញ។ ដោយ​សារ​ជំនឿ លោក​បាន​ធ្វើ​ពិធី​បុណ្យ​រំលង ហើយ​ប្រោះ​ឈាម ដើម្បី​កុំ​ឲ្យ​មេ​បំផ្លាញពួក​កូន​ច្បង មក​ពាល់​ពួក​គេ​ឡើយ។ ដោយ​សារ​ជំនឿ ប្រជាជន​បាន​ឆ្លង​កាត់​សមុទ្រ​ក្រហម ដូច​ជា​ដើរ​លើ​ដី​គោក តែ​កាល​ពួក​សាសន៍​អេស៊ីព្ទ​ប៉ុន​ប៉ង​ឆ្លង​ដូច​គេ​ដែរ គេ​ក៏​ត្រូវ​ទឹក​លេប​អស់​ទៅ ។

ចែក​រំលែក
អាន ហេប្រឺ 11

ហេប្រឺ 11:20-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដោយ‌សារ​ជំនឿ លោក​អ៊ីសាក​បាន​ឲ្យ​ពរ​លោក​យ៉ាកុប និង​លោក​អេសាវ ទុក​សម្រាប់​អនាគត។ ដោយ‌សារ​ជំនឿ ពេល​លោក​យ៉ាកុប​ហៀប​នឹង​ទទួល​មរណ‌ភាព លោក​បាន​ឲ្យ​ពរ​ដល់​កូនៗ​របស់​លោក​យ៉ូសែប ហើយ​លោក​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់ ដោយ​បន្ទន់​ខ្លួន​លើ​ឈើ​ច្រត់។ ដោយ‌សារ​ជំនឿ ពេល​លោក​យ៉ូសែប​ជិត​លា​ចាក​លោក​នេះ​ទៅ លោក​បាន​ថ្លែង​ទុក​ថា កូន​ចៅ​អ៊ីស្រា‌អែល​នឹង​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ហើយ​លោក​ផ្ដាំ​គេ​ឲ្យ​ធ្វើ​យ៉ាង​ណាៗ​ចំពោះ​ធាតុ​របស់​លោក។ ដោយ‌សារ​ជំនឿ ពេល​លោក​ម៉ូសេ​កើត​មក ឪពុក​ម្ដាយ​បាន​លាក់​លោក​ទុក​ចំនួន​បី​ខែ ព្រោះ​ឃើញ​ទារក​ស្អាត ហើយ​គាត់​មិន​កោត​ខ្លាច​បញ្ជា​របស់​ស្ដេច​ទេ។ ដោយ‌សារ​ជំនឿ លុះ​ដល់​ម៉ូសេ​ធំ​ពេញ​វ័យ​ហើយ លោក​មិន​ព្រម​ឲ្យ​គេ​ហៅ​លោក​ថា​ជា​កូន​របស់​បុត្រី​ព្រះចៅ​ផារ៉ោន​ទេ។ លោក​សុខ​ចិត្ត​ស៊ូ​ទ្រាំ​រង‌ទុក្ខ​លំបាក​រួម​ជា​មួយ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌ជាម្ចាស់ ជា​ជាង​សប្បាយ​នឹង​អំពើ​បាប​តែ​មួយ‌ភ្លែត ។ លោក​យល់​ឃើញ​ថា លោក​រង​ការ​ប្រមាថ​មើល‌ងាយ​ដូច​ព្រះ‌គ្រិស្ត ប្រសើរ​ជាង​បាន​ទ្រព្យ​សម្បត្តិ​នានា​នៅ​ស្រុក​អេស៊ីប ដ្បិត​លោក​ជាប់​ចិត្ត​នឹង​រង្វាន់​ដែល​នៅ​ខាង​មុខ។ ដោយ‌សារ​ជំនឿ លោក​បាន​ចាក​ចេញ​ពី​ស្រុក​អេស៊ីប​ឥត​ខ្លាច​ស្ដេច​ខ្ញាល់​ឡើយ ដ្បិត​លោក​កាន់​ចិត្ត​រឹង‌ប៉ឹង​ហាក់​បី​ដូច​ជា​ឃើញ​ព្រះ‌ជាម្ចាស់ ដែល​មនុស្ស​ពុំ​អាច​មើល​ឃើញ។ ដោយ‌សារ​ជំនឿ លោក​បាន​ធ្វើ​ពិធី​បុណ្យ​ចម្លង* និង​ប្រោះ​ឈាម ដើម្បី​កុំ​ឲ្យ​មច្ចុរាជ ​បៀត‌បៀន​កូន​ច្បង​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ឡើយ។ ដោយ‌សារ​ជំនឿ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ឆ្លង​សមុទ្រ​ក្រហម​ដូច​ដើរ​លើ​ដី​គោក រីឯ​ជន‌ជាតិ​អេស៊ីប​ដែល​ខំ​ឆ្លង​មក​ដែរ ត្រូវ​ទឹក​សមុទ្រ​គ្រប​ពី​លើ ​ស្លាប់​អស់​ទៅ។

ចែក​រំលែក
អាន ហេប្រឺ 11

ហេប្រឺ 11:20-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​អ៊ីសាក​បាន​ឲ្យ​ពរ​ដល់​យ៉ាកុប នឹង​អេសាវ ពី​ដំណើរ​ការ​ទៅ​ខាង​មុខ។ ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​យ៉ាកុប​បាន​ឲ្យ​ពរ​ដល់​កូន​យ៉ូសែប​ទាំង​២ ហើយ​ក៏​ថ្វាយ‌បង្គំ​ព្រះ ទាំង​ច្រត់​លើ​ចុង​ឈើ​ច្រត់ ក្នុង​កាល​ដែល​លោក​ហៀប​នឹង​ស្លាប់។ ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​យ៉ូសែប​បាន​ប្រាប់​ពី​ដំណើរ​ពួក​ជន‌ជាតិ​អ៊ីស្រាអែល ដើរ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ក៏​ផ្តាំ​ពី​ដំណើរ​សព​របស់​ខ្លួន ក្នុង​កាល​ដែល​ហៀប​នឹង​ផុត​ដង្ហើម​ទៅ​ផង។ ដោយ‌សារ​សេចក្ដី​ជំនឿ កាល​ម៉ូសេ​បាន​កើត​មក នោះ​ឪពុក​ម្តាយ​បាន​លាក់​លោក​ទុក​៣​ខែ ឥត​មាន​នឹក​ខ្លាច​ដល់​បញ្ញត្ត​របស់​ស្តេច​ឡើយ ពី​ព្រោះ​បាន​ឃើញ​ថា​ជា​កូន​ថ្លោស​ល្អ ដោយ‌សារ​សេចក្ដី​ជំនឿ លុះ​លោក​ធំ​ហើយ នោះ​លោក​មិន​ព្រម​ឲ្យ​គេ​ហៅ​ខ្លួន ជា​កូន​របស់​បុត្រី​ផារ៉ោន​ទេ លោក​ស៊ូ​រង​ទុក្ខ​លំបាក​ជា​មួយ​នឹង​រាស្ត្រ​របស់​ព្រះ ជា​ជាង​មាន​សេចក្ដី​អំណរ​ខាង​អំពើ​បាប ដែល​នៅ​តែ​១​ភ្លែត​នោះ​វិញ ដោយ​បាន​រាប់​សេចក្ដី​ដំនៀល​ដែល​គេ​តិះ‌ដៀល​ដល់​ព្រះ‌គ្រីស្ទ ទុក​ជា​ទ្រព្យ​សម្បត្តិ​ប្រសើរ​ជាង​អស់​ទាំង​របស់​ថ្លៃ​វិសេស​នៅ​ស្រុក​អេស៊ីព្ទ ដ្បិត​លោក​សំឡឹង​ចំ​ទៅ​ឯ​រង្វាន់​វិញ ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​លោក​ក៏​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ ឥត​កោត‌ខ្លាច​ដល់​សេចក្ដី​កំហឹង​នៃ​ស្តេច​ឡើយ ដ្បិត​លោក​បាន​កាន់​យ៉ាង​ខ្ជាប់‌ខ្ជួន ហាក់​ដូច​ជា​ឃើញ​ព្រះ​ដ៏​មើល​មិន​ឃើញ​ដែរ ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​លោក​បាន​ធ្វើ​បុណ្យ​រំលង ទាំង​រលាស់​ឈាម ដើម្បី​កុំ​ឲ្យ​មេ​បំផ្លាញ​ពួក​កូន​ច្បង បាន​មក​ពាល់​ដល់​គេ​ឡើយ។ ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​គេ​បាន​ដើរ​កាត់​សមុទ្រ​ក្រហម ដូច​ជា​ដើរ​លើ​ដី​គោក តែ​កាល​ពួក​សាសន៍​អេស៊ីព្ទ​បាន​ល្បង​ល នោះ​គេ​ក៏​ត្រូវ​លេប​បាត់​ទៅ

ចែក​រំលែក
អាន ហេប្រឺ 11