លោកុប្បត្តិ 44:19-34
លោកុប្បត្តិ 44:19-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកម្ចាស់បានសួរយើងខ្ញុំថា “អ្នករាល់គ្នាមានឪពុក មានប្អូនឬទេ” យើងខ្ញុំបានជម្រាបលោកម្ចាស់វិញថា “យើងខ្ញុំមានឪពុកចាស់ជរា ហើយយើងខ្ញុំក៏មានប្អូនពៅម្នាក់ ដែលកើតមកក្នុងពេលឪពុកចាស់ហើយនោះដែរ បងរបស់វាបានស្លាប់បាត់ទៅហើយ ដូច្នេះ ក្នុងចំណោមកូនដែលកើតមកពីម្ដាយវា នៅសល់តែវាម្នាក់គត់។ ឪពុកស្រឡាញ់ប្អូនពៅនេះខ្លាំងណាស់”។ លោកម្ចាស់បានប្រាប់យើងខ្ញុំថា “ចូរនាំវាមកឲ្យយើងឃើញផ្ទាល់នឹងភ្នែកផង!”។ យើងខ្ញុំបានជម្រាបលោកម្ចាស់ថា “ប្អូនប្រុសរបស់យើងខ្ញុំពុំអាចឃ្លាតចេញពីឪពុកបានឡើយ បើវាឃ្លាតចេញនោះ ឪពុកយើងខ្ញុំមុខជាទទួលមរណភាពមិនខាន”។ លោកម្ចាស់មានប្រសាសន៍មកយើងខ្ញុំទៀតថា “បើប្អូនពៅរបស់អ្នករាល់គ្នាមិនមកទេនោះ អ្នករាល់គ្នាមិនអាចជួបមុខខ្ញុំបានទៀតឡើយ”។ ពេលយើងខ្ញុំវិលទៅជួបឪពុកវិញ យើងខ្ញុំបានយកប្រសាសន៍របស់លោកម្ចាស់ទៅរៀបរាប់ជម្រាបគាត់។ ឪពុកមានប្រសាសន៍មកយើងខ្ញុំថា “ចូរនាំគ្នាវិលទៅរកទិញស្បៀងអាហារសម្រាប់ក្រុមគ្រួសារយើងមក”។ យើងខ្ញុំតបវិញថា “កូនៗមិនអាចទៅបានទេ ទាល់តែអាពៅទៅជាមួយ ទើបកូនៗទៅបាន ដ្បិតកូនៗអាចជួបមុខលោកនោះបាន លុះត្រាណាតែមានប្អូនទៅជាមួយ”។ ឪពុករបស់យើងខ្ញុំមានប្រសាសន៍មកយើងខ្ញុំថា “កូនៗដឹងហើយថា ប្រពន្ធរបស់ពុកមានកូនប្រុសតែពីរនាក់ទេ។ ម្នាក់បានចាកចេញពីពុកទៅហើយ ប្រហែលមានសត្វព្រៃមកហែកវាស៊ី បានជាពុកលែងឃើញវារហូតមកទល់សព្វថ្ងៃ។ ឥឡូវនេះ កូនៗចង់យកអាពៅទៅទៀត! ប្រសិនបើវាជួបនឹងគ្រោះថ្នាក់អ្វីមួយនោះ កូនៗមុខជាធ្វើឲ្យពុកដែលចាស់ណាស់ហើយនេះ ត្រូវលាចាកលោកទៅ ទាំងវេទនាមិនខាន”។ ដូច្នេះ បើខ្ញុំប្របាទវិលទៅជួបឪពុកវិញ ដោយមិននាំប្អូនប្រុសដែលគាត់ជំពាក់ចិត្តយ៉ាងខ្លាំងនេះ ទៅជាមួយទេ ឪពុកយើងខ្ញុំប្រាកដជាស្លាប់មិនខាន នៅពេលមិនឃើញវា។ យើងខ្ញុំមុខតែធ្វើឲ្យឪពុកយើងខ្ញុំលាចាកលោកនេះទៅ ទាំងកើតទុក្ខយ៉ាងខ្លាំង។ ខ្ញុំប្របាទផ្ទាល់បានធានារ៉ាប់រងជូនឪពុកខ្ញុំប្របាទថា “បើកូនមិននាំប្អូនត្រឡប់មកជួបលោកឪពុកវិញទេនោះ កូននឹងមានទោសចំពោះលោកឪពុកអស់មួយជីវិត!”។ ដូច្នេះ សូមលោកម្ចាស់មេត្តាអនុញ្ញាតឲ្យខ្ញុំប្របាទធ្វើជាទាសកររបស់លោកម្ចាស់នៅទីនេះ ជំនួសប្អូន។ សូមលោកម្ចាស់អនុញ្ញាតឲ្យវាវិលទៅវិញជាមួយបងៗ ដោយអនុគ្រោះផង។ ប្រសិនបើប្អូនពៅមិនទៅជាមួយ ខ្ញុំប្របាទមិនអាចទៅជួបមុខឪពុកវិញបានទេ ដ្បិតខ្ញុំប្របាទមិនចង់ឃើញឪពុកខ្ញុំប្របាទមានទុក្ខវេទនាឡើយ»។
លោកុប្បត្តិ 44:19-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកម្ចាស់បានសួរយើងខ្ញុំប្របាទថា "តើអ្នករាល់គ្នាមានឪពុក ឬមានប្អូនឬទេ?" នោះយើងខ្ញុំបានជម្រាបលោកម្ចាស់ថា "យើងខ្ញុំមានឪពុកចាស់ជរា ហើយមានប្អូនតូចម្នាក់ ដែលកើតមកក្នុងពេលឪពុកមានវ័យចាស់។ បងវាបានស្លាប់ទៅហើយ ឯកូនពោះមួយនឹងវា នៅសល់តែវាម្នាក់គត់ ហើយឪពុកស្រឡាញ់វាខ្លាំងណាស់" ពេលនោះ លោកម្ចាស់មានប្រសាសន៍មកយើងខ្ញុំប្របាទថា "ចូរនាំវាចុះមកជួបខ្ញុំកុំខាន ដើម្បីឲ្យខ្ញុំបានឃើញវាផ្ទាល់នឹងភ្នែកផង"។ យើងខ្ញុំបានជម្រាបលោកម្ចាស់វិញថា "ក្មេងនោះមិនអាចឃ្លាតចេញពីឪពុកវាបានទេ ដ្បិតបើវាឃ្លាតចេញពីឪពុក នោះលោកមុខជាស្លាប់មិនខាន"។ ប៉ុន្ដែ លោកម្ចាស់មានប្រសាសន៍មកយើងខ្ញុំប្របាទថា "បើប្អូនពៅរបស់អ្នករាល់គ្នាមិនចុះមកជាមួយទេ នោះអ្នករាល់គ្នាមិនអាចជួបមុខខ្ញុំទៀតបានឡើយ"។ កាលយើងខ្ញុំបានទៅជួបឪពុក ដែលជាអ្នកបម្រើរបស់លោកម្ចាស់ យើងខ្ញុំក៏បានជម្រាបលោក តាមពាក្យរបស់លោកម្ចាស់។ រួចមកឪពុកយើងខ្ញុំប្រាប់ថា "ចូរទៅទិញស្បៀងអាហារសម្រាប់ពួកយើងទៀតមក" យើងខ្ញុំបានប្រកែកថា "យើងខ្ញុំមិនអាចចុះទៅបានទេ ទាល់តែអាពៅបានទៅជាមួយ នោះទើបយើងខ្ញុំទៅបាន ដ្បិតយើងខ្ញុំមិនអាចជួបមុខលោកនោះបានទេ លុះត្រាតែមានប្អូនពៅទៅជាមួយ"។ ពេលនោះ ឪពុកយើងខ្ញុំដែលជាអ្នកបម្រើលោក មានប្រសាសន៍មកយើងខ្ញុំថា "ឯងរាល់គ្នាដឹងហើយថា ប្រពន្ធរបស់ពុកបង្កើតបានតែកូនប្រុសពីរនាក់ប៉ុណ្ណោះឲ្យពុក ម្នាក់បានឃ្លាតចេញពីពុកទៅបាត់ហើយ ពុកគិតថា ប្រាកដជាមានសត្វហែកវាស៊ីមែន តាំងពីពេលនោះមក ពុកមិនដែលឃើញវាទេ។ ឥឡូវនេះ បើឯងរាល់គ្នាយកកូននេះពីពុកទៅទៀត ហើយបើមានគ្រោះថ្នាក់អ្វីមួយដល់វា នោះឯងរាល់គ្នានឹងនាំឲ្យសក់ស្កូវរបស់ពុក ចុះទៅស្ថានឃុំព្រលឹងមនុស្សស្លាប់ទាំងទុក្ខព្រួយមិនខាន"។ ដូច្នេះ បើកាលណាខ្ញុំប្របាទត្រឡប់ទៅជួបឪពុក ជាអ្នកបម្រើរបស់លោកម្ចាស់ ហើយក្មេងនេះដែលគាត់ស្រឡាញ់ដូចជាដួងជីវិត មិនបានឃើញទៅជាមួយយើងខ្ញុំទេ នោះគាត់នឹងស្លាប់មិនខានដោយមិនឃើញកូននេះ ហើយយើងខ្ញុំប្របាទឈ្មោះថា បាននាំឲ្យសក់ស្កូវរបស់ឪពុកយើងខ្ញុំជាអ្នកបម្រើរបស់លោកម្ចាស់ ចុះទៅស្ថានឃុំព្រលឹងមនុស្សស្លាប់ទាំងទុក្ខព្រួយពិតមែន។ ដ្បិតខ្ញុំប្របាទបានធានាពីសុវត្ថិភាពរបស់កូននេះជូនឪពុកថា "ប្រសិនបើខ្ញុំមិនបាននាំវាមកជូនលោកឪពុកវិញទេ នោះខ្ញុំត្រូវមានទោសចំពោះលោកឪពុកជារៀងរហូត"។ ដូច្នេះ សូមឲ្យខ្ញុំប្របាទនៅបម្រើលោកម្ចាស់ជំនួសក្មេងនេះចុះ ដើម្បីឲ្យវាឡើងទៅវិញជាមួយពួកបងៗ។ ដ្បិតបើក្មេងនេះមិនបានទៅជាមួយទេ ធ្វើដូចម្តេចឲ្យខ្ញុំប្របាទឡើងទៅជួបឪពុកវិញបាន? ខ្ញុំប្របាទខ្លាចក្រែងឃើញសេចក្ដីអាក្រក់ដែលនឹងកើតដល់ឪពុកខ្ញុំប្របាទ»។
លោកុប្បត្តិ 44:19-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកម្ចាស់បានសួរយើងខ្ញុំថា “អ្នករាល់គ្នាមានឪពុក មានប្អូនឬទេ” យើងខ្ញុំបានជម្រាបលោកម្ចាស់វិញថា “យើងខ្ញុំមានឪពុកចាស់ជរា ហើយយើងខ្ញុំក៏មានប្អូនពៅម្នាក់ ដែលកើតមកក្នុងពេលឪពុកចាស់ហើយនោះដែរ បងរបស់វាបានស្លាប់បាត់ទៅហើយ ដូច្នេះ ក្នុងចំណោមកូនដែលកើតមកពីម្ដាយវា នៅសល់តែវាម្នាក់គត់។ ឪពុកស្រឡាញ់ប្អូនពៅនេះខ្លាំងណាស់”។ លោកម្ចាស់បានប្រាប់យើងខ្ញុំថា “ចូរនាំវាមកឲ្យយើងឃើញផ្ទាល់នឹងភ្នែកផង!”។ យើងខ្ញុំបានជម្រាបលោកម្ចាស់ថា “ប្អូនប្រុសរបស់យើងខ្ញុំពុំអាចឃ្លាតចេញពីឪពុកបានឡើយ បើវាឃ្លាតចេញនោះ ឪពុកយើងខ្ញុំមុខជាទទួលមរណភាពមិនខាន”។ លោកម្ចាស់មានប្រសាសន៍មកយើងខ្ញុំទៀតថា “បើប្អូនពៅរបស់អ្នករាល់គ្នាមិនមកទេនោះ អ្នករាល់គ្នាមិនអាចជួបមុខខ្ញុំបានទៀតឡើយ”។ ពេលយើងខ្ញុំវិលទៅជួបឪពុកវិញ យើងខ្ញុំបានយកប្រសាសន៍របស់លោកម្ចាស់ទៅរៀបរាប់ជម្រាបគាត់។ ឪពុកមានប្រសាសន៍មកយើងខ្ញុំថា “ចូរនាំគ្នាវិលទៅរកទិញស្បៀងអាហារសម្រាប់ក្រុមគ្រួសារយើងមក”។ យើងខ្ញុំតបវិញថា “កូនៗមិនអាចទៅបានទេ ទាល់តែអាពៅទៅជាមួយ ទើបកូនៗទៅបាន ដ្បិតកូនៗអាចជួបមុខលោកនោះបាន លុះត្រាណាតែមានប្អូនទៅជាមួយ”។ ឪពុករបស់យើងខ្ញុំមានប្រសាសន៍មកយើងខ្ញុំថា “កូនៗដឹងហើយថា ប្រពន្ធរបស់ពុកមានកូនប្រុសតែពីរនាក់ទេ។ ម្នាក់បានចាកចេញពីពុកទៅហើយ ប្រហែលមានសត្វព្រៃមកហែកវាស៊ី បានជាពុកលែងឃើញវារហូតមកទល់សព្វថ្ងៃ។ ឥឡូវនេះ កូនៗចង់យកអាពៅទៅទៀត! ប្រសិនបើវាជួបនឹងគ្រោះថ្នាក់អ្វីមួយនោះ កូនៗមុខជាធ្វើឲ្យពុកដែលចាស់ណាស់ហើយនេះ ត្រូវលាចាកលោកទៅ ទាំងវេទនាមិនខាន”។ ដូច្នេះ បើខ្ញុំប្របាទវិលទៅជួបឪពុកវិញ ដោយមិននាំប្អូនប្រុសដែលគាត់ជំពាក់ចិត្តយ៉ាងខ្លាំងនេះ ទៅជាមួយទេ ឪពុកយើងខ្ញុំប្រាកដជាស្លាប់មិនខាន នៅពេលមិនឃើញវា។ យើងខ្ញុំមុខតែធ្វើឲ្យឪពុកយើងខ្ញុំលាចាកលោកនេះទៅ ទាំងកើតទុក្ខយ៉ាងខ្លាំង។ ខ្ញុំប្របាទផ្ទាល់បានធានារ៉ាប់រងជូនឪពុកខ្ញុំប្របាទថា “បើកូនមិននាំប្អូនត្រឡប់មកជួបលោកឪពុកវិញទេនោះ កូននឹងមានទោសចំពោះលោកឪពុកអស់មួយជីវិត!”។ ដូច្នេះ សូមលោកម្ចាស់មេត្តាអនុញ្ញាតឲ្យខ្ញុំប្របាទធ្វើជាទាសកររបស់លោកម្ចាស់នៅទីនេះ ជំនួសប្អូន។ សូមលោកម្ចាស់អនុញ្ញាតឲ្យវាវិលទៅវិញជាមួយបងៗ ដោយអនុគ្រោះផង។ ប្រសិនបើប្អូនពៅមិនទៅជាមួយ ខ្ញុំប្របាទមិនអាចទៅជួបមុខឪពុកវិញបានទេ ដ្បិតខ្ញុំប្របាទមិនចង់ឃើញឪពុកខ្ញុំប្របាទមានទុក្ខវេទនាឡើយ»។
លោកុប្បត្តិ 44:19-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លោកម្ចាស់បានសួរយើងខ្ញុំប្របាទថា តើមានឪពុកមានបងប្អូនឬទេ នោះយើងខ្ញុំបានឆ្លើយជំរាបលោកម្ចាស់ថា យើងខ្ញុំមានឪពុកចាស់ ហើយនឹងប្អូនតូច១ដែលកើតមកក្នុងកាលដែលគាត់ចាស់ដែរ បងវាបានស្លាប់ទៅ ហើយក្នុងកូនពោះមួយនឹងវា នោះនៅសល់តែវាម្នាក់ឯងទេ ហើយឪពុកស្រឡាញ់វាណាស់ តែលោកមានប្រសាសន៍មកយើងខ្ញុំប្របាទថា ចូរនាំវាចុះមកឯលោកកុំខាន ឲ្យលោកបានឃើញផង យើងខ្ញុំក៏បានជំរាបលោកម្ចាស់វិញថា កូននោះនឹងឃ្លាតចេញពីឪពុកមកមិនបានទេ ដ្បិតបើវាឃ្លាតចេញពីគាត់ នោះគាត់នឹងស្លាប់ហើយ តែលោកបានមានប្រសាសន៍មកយើងខ្ញុំប្របាទថា បើប្អូនពៅមិនចុះមកជាមួយទេ នោះយើងខ្ញុំមិនបានឃើញមុខលោកទៀត ដូច្នេះ កាលយើងខ្ញុំបានឡើងទៅដល់ឪពុកដែលជាអ្នកបំរើលោក នោះយើងខ្ញុំក៏ជំរាបគាត់តាមពាក្យរបស់លោកម្ចាស់ រួចមកឪពុកយើងខ្ញុំប្រាប់ថា ចូរទៅទិញស្បៀងអាហារសំរាប់យើងទៀត តែយើងខ្ញុំបានប្រកែកថា យើងខ្ញុំទៅពុំបានទេ បើប្អូនពៅបានទៅជាមួយ នោះទើបយើងខ្ញុំនឹងទៅបាន ដ្បិតយើងខ្ញុំនឹងឃើញមុខលោកនោះមិនបានទេ លើកតែប្អូនពៅបានទៅជាមួយផង ឪពុកយើងខ្ញុំដែលជាអ្នកបំរើលោកគាត់មានប្រសាសន៍មកយើងខ្ញុំថា ឯងរាល់គ្នាដឹងថា ប្រពន្ធអញបានបង្កើតកូនប្រុស២ឲ្យអញ មួយបានឃ្លាតចាកពីអញទៅបាត់ហើយ អញក៏គិតថា ប្រាកដជាមានសត្វហែកវាស៊ីមែន អញមិនដែលឃើញវាទៀតដរាបដល់សព្វថ្ងៃនេះ ឥឡូវបើឯងរាល់គ្នាយកកូននេះពីអញទៅទៀត ហើយជួនជាកើតមានគ្រោះថ្នាក់យ៉ាងណា នោះឯងរាល់គ្នានឹងនាំឲ្យសក់ស្កូវរបស់អញចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ដោយសេចក្ដីទុក្ខព្រួយហើយ ដូច្នេះបើកាលណាខ្ញុំប្របាទត្រឡប់ទៅឯឪពុករបស់ខ្ញុំប្របាទជាអ្នកបំរើលោក ហើយក្មេងនេះដែលគាត់ស្រឡាញ់ដូចជាដួងជីវិត មិនបានឃើញទៅជាមួយនឹងយើងខ្ញុំទេ នោះគាត់នឹងស្លាប់ជាពិតដោយមិនឃើញកូននេះ យ៉ាងនោះយើងខ្ញុំប្របាទឈ្មោះថា នឹងនាំឲ្យសក់ស្កូវរបស់ឪពុកយើងខ្ញុំជាអ្នកបំរើលោក ចុះទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់ដោយសេចក្ដីទុក្ខព្រួយពិតមែន ពីព្រោះខ្ញុំប្របាទបាននិយាយធានាពីដំណើរកូននេះនឹងឪពុកថា បើកាលណាមិនបាននាំវាមកជូនលោកឪពុកវិញទេ នោះត្រូវឲ្យខ្ញុំប្របាទមានទោសចំពោះលោកឪពុកជាដរាប ដូច្នេះសូមឲ្យខ្ញុំប្របាទនៅបំរើលោកម្ចាស់ជំនួសកូនកំឡោះនេះចុះ ដើម្បីឲ្យឡើងទៅវិញជាមួយនឹងពួកបងៗ ដ្បិតបើក្មេងនេះមិនបានទៅជាមួយហើយ នោះធ្វើដូចម្តេចឡើយឲ្យខ្ញុំប្របាទឡើងទៅឯឪពុករបស់ខ្ញុំប្របាទបាន ខ្លាចក្រែងខ្ញុំឃើញសេចក្ដីអាក្រក់ដែលនឹងកើតដល់ឪពុកខ្ញុំប្របាទ។