លោកុ‌ប្បត្តិ 44:19-34

លោកុ‌ប្បត្តិ 44:19-34 ពគប

លោក​ម្ចាស់​បាន​សួរ​យើង​ខ្ញុំ​ប្របាទ​ថា តើ​មាន​ឪពុក​មាន​បង​ប្អូន​ឬ​ទេ នោះ​យើង​ខ្ញុំ​បាន​ឆ្លើយ​ជំរាប​លោក​ម្ចាស់​ថា យើង​ខ្ញុំ​មាន​ឪពុក​ចាស់ ហើយ​នឹង​ប្អូន​តូច​១​ដែល​កើត​មក​ក្នុង​កាល​ដែល​គាត់​ចាស់​ដែរ បង​វា​បាន​ស្លាប់​ទៅ ហើយ​ក្នុង​កូន​ពោះ​មួយ​នឹង​វា នោះ​នៅ​សល់​តែ​វា​ម្នាក់​ឯង​ទេ ហើយ​ឪពុក​ស្រឡាញ់​វា​ណាស់ តែ​លោក​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ប្របាទ​ថា ចូរ​នាំ​វា​ចុះ​មក​ឯ​លោក​កុំ​ខាន ឲ្យ​លោក​បាន​ឃើញ​ផង យើង​ខ្ញុំ​ក៏​បាន​ជំរាប​លោក​ម្ចាស់​វិញ​ថា កូន​នោះ​នឹង​ឃ្លាត​ចេញ​ពី​ឪពុក​មក​មិន​បាន​ទេ ដ្បិត​បើ​វា​ឃ្លាត​ចេញ​ពី​គាត់ នោះ​គាត់​នឹង​ស្លាប់​ហើយ តែ​លោក​បាន​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ប្របាទ​ថា បើ​ប្អូន​ពៅ​មិន​ចុះ​មក​ជា​មួយ​ទេ នោះ​យើង​ខ្ញុំ​មិន​បាន​ឃើញ​មុខ​លោក​ទៀត ដូច្នេះ កាល​យើង​ខ្ញុំ​បាន​ឡើង​ទៅ​ដល់​ឪពុក​ដែល​ជា​អ្នក​បំរើ​លោក នោះ​យើង​ខ្ញុំ​ក៏​ជំរាប​គាត់​តាម​ពាក្យ​របស់​លោក​ម្ចាស់ រួច​មក​ឪពុក​យើង​ខ្ញុំ​ប្រាប់​ថា ចូរ​ទៅ​ទិញ​ស្បៀង​អាហារ​សំរាប់​យើង​ទៀត តែ​យើង​ខ្ញុំ​បាន​ប្រកែក​ថា យើង​ខ្ញុំ​ទៅ​ពុំ​បាន​ទេ បើ​ប្អូន​ពៅ​បាន​ទៅ​ជា​មួយ នោះ​ទើប​យើង​ខ្ញុំ​នឹង​ទៅ​បាន ដ្បិត​យើង​ខ្ញុំ​នឹង​ឃើញ​មុខ​លោក​នោះ​មិន​បាន​ទេ លើក​តែ​ប្អូន​ពៅ​បាន​ទៅ​ជា​មួយ​ផង ឪពុក​យើង​ខ្ញុំ​ដែល​ជា​អ្នក​បំរើ​លោក​គាត់​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ថា ឯង​រាល់​គ្នា​ដឹង​ថា ប្រពន្ធ​អញ​បាន​បង្កើត​កូន​ប្រុស​២​ឲ្យ​អញ មួយ​បាន​ឃ្លាត​ចាក​ពី​អញ​ទៅ​បាត់​ហើយ អញ​ក៏​គិត​ថា ប្រាកដ​ជា​មាន​សត្វ​ហែក​វា​ស៊ី​មែន អញ​មិន​ដែល​ឃើញ​វា​ទៀត​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ឥឡូវ​បើ​ឯង​រាល់​គ្នា​យក​កូន​នេះ​ពី​អញ​ទៅ​ទៀត ហើយ​ជួន​ជា​កើត​មាន​គ្រោះ​ថ្នាក់​យ៉ាង​ណា នោះ​ឯង​រាល់​គ្នា​នឹង​នាំ​ឲ្យ​សក់​ស្កូវ​របស់​អញ​ចុះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ដោយ​សេចក្ដី​ទុក្ខ​ព្រួយ​ហើយ ដូច្នេះ​បើ​កាល​ណា​ខ្ញុំ​ប្របាទ​ត្រឡប់​ទៅ​ឯ​ឪពុក​របស់​ខ្ញុំ​ប្របាទ​ជា​អ្នក​បំរើ​លោក ហើយ​ក្មេង​នេះ​ដែល​គាត់​ស្រឡាញ់​ដូច​ជា​ដួង​ជីវិត មិន​បាន​ឃើញ​ទៅ​ជា​មួយ​នឹង​យើង​ខ្ញុំ​ទេ នោះ​គាត់​នឹង​ស្លាប់​ជា​ពិត​ដោយ​មិន​ឃើញ​កូន​នេះ យ៉ាង​នោះ​យើង​ខ្ញុំ​ប្របាទ​ឈ្មោះ​ថា នឹង​នាំ​ឲ្យ​សក់​ស្កូវ​របស់​ឪពុក​យើង​ខ្ញុំ​ជា​អ្នក​បំរើ​លោក ចុះ​ទៅ​ឯ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ដោយ​សេចក្ដី​ទុក្ខ​ព្រួយ​ពិត​មែន ពី​ព្រោះ​ខ្ញុំ​ប្របាទ​បាន​និយាយ​ធានា​ពី​ដំណើរ​កូន​នេះ​នឹង​ឪពុក​ថា បើ​កាល​ណា​មិន​បាន​នាំ​វា​មក​ជូន​លោក​ឪពុក​វិញ​ទេ នោះ​ត្រូវ​ឲ្យ​ខ្ញុំ​ប្របាទ​មាន​ទោស​ចំពោះ​លោក​ឪពុក​ជា​ដរាប ដូច្នេះ​សូម​ឲ្យ​ខ្ញុំ​ប្របាទ​នៅ​បំរើ​លោក​ម្ចាស់​ជំនួស​កូន​កំឡោះ​នេះ​ចុះ ដើម្បី​ឲ្យ​ឡើង​ទៅ​វិញ​ជា​មួយ​នឹង​ពួក​បងៗ ដ្បិត​បើ​ក្មេង​នេះ​មិន​បាន​ទៅ​ជា​មួយ​ហើយ នោះ​ធ្វើ​ដូច​ម្តេច​ឡើយ​ឲ្យ​ខ្ញុំ​ប្របាទ​ឡើង​ទៅ​ឯ​ឪពុក​របស់​ខ្ញុំ​ប្របាទ​បាន ខ្លាច​ក្រែង​ខ្ញុំ​ឃើញ​សេចក្ដី​អាក្រក់​ដែល​នឹង​កើត​ដល់​ឪពុក​ខ្ញុំ​ប្របាទ។