លោកុ‌ប្បត្តិ 44:19-34

លោកុ‌ប្បត្តិ 44:19-34 គកស១៦

លោក​ម្ចាស់​បាន​សួរ​យើង​ខ្ញុំ​ប្រ​បាទ​ថា "តើ​អ្នក​រាល់​គ្នា​មាន​ឪពុក ឬ​មាន​‌ប្អូន​ឬ​ទេ?" នោះ​យើង​ខ្ញុំ​បាន​ជម្រាប​លោក​ម្ចាស់​ថា "យើង​ខ្ញុំ​មាន​ឪពុក​ចាស់ជរា ហើយ​មាន​ប្អូន​តូច​ម្នាក់ ដែល​កើត​មក​ក្នុង​ពេល​ឪពុក​មាន​វ័យ​ចាស់។ បង​វា​បាន​ស្លាប់​ទៅ​ហើយ ឯ​កូន​ពោះ​មួយ​នឹង​វា នៅ​សល់​តែ​វា​ម្នាក់​គត់ ហើយ​ឪពុក​ស្រឡាញ់​វាខ្លាំង​ណាស់" ពេល​នោះ លោក​ម្ចាស់​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ប្របាទ​ថា "ចូរ​នាំ​វា​ចុះ​មក​ជួប​ខ្ញុំ​កុំ​ខាន ដើម្បី​ឲ្យ​ខ្ញុំ​បាន​ឃើញ​វា​ផ្ទាល់​នឹង​ភ្នែក​ផង"។ យើង​ខ្ញុំ​បាន​ជម្រាប​លោក​ម្ចាស់​វិញ​ថា "ក្មេង​នោះ​មិន​អាច​ឃ្លាត​ចេញ​ពី​ឪពុកវា​បាន​ទេ ដ្បិត​បើ​វា​ឃ្លាត​ចេញ​ពីឪពុក នោះ​លោក​មុខ​ជា​ស្លាប់​មិន​ខាន"។ ប៉ុន្ដែ លោក​ម្ចាស់​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ប្របាទ​ថា "បើ​ប្អូន​ពៅ​របស់​អ្នក​រាល់​គ្នា​មិន​ចុះ​មក​ជា‌មួយ​ទេ នោះ​អ្នក​រាល់​គ្នា​មិន​អាច​ជួប​មុខ​ខ្ញុំ​ទៀត​បាន​ឡើយ"។ កាល​យើង​ខ្ញុំ​បាន​ទៅ​ជួប​ឪពុក ដែល​ជា​អ្នក​បម្រើ​របស់​លោក​ម្ចាស់ យើង​ខ្ញុំ​ក៏​បាន​ជម្រាប​លោក តាម​ពាក្យ​របស់​លោក​ម្ចាស់។ រួច​មក​ឪពុក​យើង​ខ្ញុំ​ប្រាប់​ថា "ចូរ​ទៅ​ទិញ​ស្បៀង​អាហារ​សម្រាប់​ពួក​យើង​ទៀតមក" យើង​ខ្ញុំ​បាន​ប្រកែក​ថា "យើង​ខ្ញុំ​មិន​អាច​ចុះ​ទៅ​បាន​ទេ ទាល់​តែអា​ពៅ​បាន​ទៅ​ជា‌មួយ នោះ​ទើប​យើង​ខ្ញុំ​ទៅ​បាន ដ្បិត​យើង​ខ្ញុំ​មិន​អាច​ជួប​មុខ​លោក​នោះ​បាន​ទេ លុះ​ត្រា​តែ​មាន​ប្អូន​ពៅ​ទៅ​ជា‌មួយ"។ ពេល​នោះ ឪពុក​យើង​ខ្ញុំ​ដែល​ជា​អ្នក​បម្រើ​លោក មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ថា "ឯង​រាល់​គ្នា​ដឹង​ហើយ​ថា ប្រពន្ធ​របស់​ពុក​បង្កើត​បាន​តែ​កូន​ប្រុស​ពីរ​នាក់​ប៉ុណ្ណោះ​ឲ្យ​ពុក ម្នាក់​បាន​ឃ្លាត​ចេញ​ពី​ពុក​ទៅ​បាត់​ហើយ ពុក​គិត​ថា ប្រាកដ​ជា​មាន​សត្វ​ហែក​វា​ស៊ី​មែន តាំង​ពី​ពេល​នោះ​មក ពុក​មិន​ដែល​ឃើញ​វា​ទេ។ ឥឡូវនេះ បើ​ឯង​រាល់​គ្នា​យក​កូន​នេះ​ពី​ពុក​ទៅ​ទៀត ហើយ​បើ​មាន​គ្រោះ​ថ្នាក់​អ្វី​មួយ​ដល់​វា នោះ​ឯង​រាល់​គ្នា​នឹង​នាំ​ឲ្យ​សក់​ស្កូវ​របស់​ពុក ចុះ​ទៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទាំង​ទុក្ខ​ព្រួយ​មិន​ខាន"។ ដូច្នេះ បើកាល​ណា​ខ្ញុំ​ប្របាទ​ត្រឡប់​ទៅ​ជួប​ឪពុក ជា​អ្នក​បម្រើ​របស់​លោក​ម្ចាស់ ហើយ​ក្មេង​នេះ​ដែល​គាត់​ស្រឡាញ់​ដូច​ជា​ដួង​ជីវិត មិន​បាន​ឃើញ​ទៅ​ជា‌មួយ​យើង​ខ្ញុំ​ទេ នោះ​គាត់​នឹង​ស្លាប់​មិនខាន​ដោយ​មិន​ឃើញ​កូន​នេះ ហើយ​យើង​ខ្ញុំ​ប្របាទ​ឈ្មោះ​ថា បាន​នាំ​ឲ្យ​សក់​ស្កូវ​របស់​ឪពុក​យើង​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​លោក​ម្ចាស់ ចុះ​ទៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទាំង​ទុក្ខ​ព្រួយ​ពិត​មែន។ ដ្បិត​ខ្ញុំ​ប្របាទ​បាន​ធានា​ពី​សុវត្ថិ‌ភាព​របស់​កូន​នេះ​ជូន​ឪពុក​ថា "ប្រសិន​បើ​ខ្ញុំ​មិន​បាន​នាំ​វា​មក​ជូន​លោក​ឪពុក​វិញ​ទេ នោះ​ខ្ញុំ​ត្រូវ​មាន​ទោស​ចំពោះ​លោក​ឪពុក​ជា​រៀង​រហូត"។ ដូច្នេះ សូម​ឲ្យ​ខ្ញុំ​ប្របាទ​នៅ​បម្រើ​លោក​ម្ចាស់​ជំនួស​ក្មេង​នេះ​ចុះ ដើម្បី​ឲ្យ​វា​ឡើង​ទៅ​វិញ​ជា‌មួយ​ពួក​បងៗ។ ដ្បិត​បើ​ក្មេង​នេះ​មិន​បាន​ទៅ​ជា‌មួយ​ទេ ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​ប្របាទ​ឡើង​ទៅ​ជួប​ឪពុក​វិញ​បាន? ខ្ញុំ​ប្របាទ​ខ្លាច​ក្រែង​ឃើញ​សេចក្ដី​អាក្រក់​ដែល​នឹង​កើត​ដល់​ឪពុក​ខ្ញុំ​ប្របាទ»។