លោកុប្បត្តិ 41:46-57

លោកុប្បត្តិ 41:46-57 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​លោក​យ៉ូសែប​ចាប់‌ផ្ដើម​បម្រើ​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ លោក​មាន​អាយុ​សាមសិប​ឆ្នាំ​ហើយ។ លោក​យ៉ូសែប​ចាក​ចេញ​ពី​ផារ៉ោន ហើយ​ធ្វើ​ដំណើរ​ពាស​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ​ទាំង​មូល។ ក្នុង​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ​ដ៏​សម្បូរ​ហូរ​ហៀរ​នោះ ដី​បាន​ផ្ដល់​ភោគ​ផល​យ៉ាង​ច្រើន​បរិបូរ ហើយ​លោក​ក៏​ប្រមូល​ស្បៀង​អាហារ​នៅ​ស្រុក​អេស៊ីព្ទ​ទាំង​អស់ ក្នុង​រវាង​ប្រាំពីរ​ឆ្នាំ​នោះ ហើយ​បាន​រក្សា​ទុក​ស្បៀង​ទាំង​នោះ​នៅ​តាម​ទី​ក្រុង​ទាំង​ប៉ុន្មាន គឺ​លោក​ប្រមូល​ស្បៀង​ពី​ស្រែ​ចម្ការ​ដែល​នៅ​ជុំ‌វិញ មក​រក្សា​ទុក​នៅ​គ្រប់​ទី​ក្រុង​ទាំង​នោះ។ លោក​យ៉ូសែប​បាន​ប្រមូល​ស្រូវ​យ៉ាង​សន្ធឹក​ណាស់ ដូច​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ រហូត​ទាល់​តែ​លោក​លែង​រាប់ ដ្បិត​មាន​ច្រើន​ពេក​រាប់​មិន​អស់។ នៅ​មុន​ឆ្នាំ​កើត​មាន​អំណត់ លោក​យ៉ូសែប​មាន​កូន​ប្រុស​ពីរ ដែល​នាង​អាស‌ណាត់​ជា​កូន​របស់​លោក​ប៉ូទី-ផេរ៉ា ជា​សង្ឃ​នៅ​ក្រុង​អូន​បាន​បង្កើត​ឲ្យ​លោក។ លោក​យ៉ូសែប​ដាក់​ឈ្មោះ​កូន​ច្បង​ថា "ម៉ាណា‌សេ" ដ្បិត​លោក​ពោល​ថា៖ «ព្រះ‌ទ្រង់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ភ្លេច​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ និង​ក្រុម​គ្រួសារ​ទាំង​ប៉ុន្មាន​របស់​ឪពុក​ខ្ញុំ​ដែរ»។ កូន​មួយ​ទៀត​លោក​ដាក់​ឈ្មោះ​ថា "អេប្រាអិម" ដោយ​ពោល​ថា៖ «ព្រះ‌ទ្រង់​បាន​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កូន​នៅ​ក្នុង​ស្រុក​ដែល​ខ្ញុំ​បាន​រង​ទុក្ខ‌វេទនា»។ ប្រាំពីរ​ឆ្នាំ​ដែល​សម្បូរ​ហូរ​ហៀរ​នៅ​ស្រុក​អេស៊ីព្ទ ក៏​បាន​កន្លង​ផុត​ទៅ ហើយ​ប្រាំពីរ​ឆ្នាំ​ដែល​កើត​មាន​អំណត់​ក៏​ចូល​មក​ដល់ ដូច​លោក​យ៉ូសែប​មាន​ប្រសាសន៍​មែន។ ពេល​នោះ កើត​មាន​អំណត់​នៅ​គ្រប់​ស្រុក​ទាំង​អស់ តែ​នៅ​ស្រុក​អេស៊ីព្ទ​ទាំង​មូល​មាន​ស្បៀង​អាហារ​វិញ។ កាល​ប្រជា​ជន​ក្នុង​ស្រុក​អេស៊ីព្ទ​ទាំង​អស់​ចាប់​ផ្ដើម​អត់​ឃ្លាន គេ​ក៏​នាំ​គ្នា​ស្រែក​សុំ​អាហារ​ពី​ផារ៉ោន។ ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅ​កាន់​សាសន៍​អេស៊ីព្ទ​ទាំង​អស់​ថា៖ «ចូរ​ទៅ​ជួប​លោក​យ៉ូសែប ហើយ​ធ្វើ​តាម​អ្វី​ដែល​លោក​បង្គាប់​ចុះ»។ កាល​អំណត់​នោះ​បាន​រាល​ដាល​ពាស​ពេញ​ស្រុក លោក​យ៉ូសែប​ក៏​បើក​គ្រប់​ទាំង​ជង្រុក​ស្រូវ​លក់​ឲ្យ​សាសន៍​អេស៊ីព្ទ ដ្បិត​អំណត់​នោះ​កើត​មាន​កាន់​តែ​ខ្លាំង​ឡើងៗ​នៅ​ស្រុក​អេស៊ីព្ទ។ មនុស្ស​ម្នា​គ្រប់​ទិស​ទី​នៅ​លើ​ផែន​ដី នាំ​គ្នា​ចូល​មក​រក​លោក​យ៉ូសែប​នៅ​ស្រុក​អេស៊ីព្ទ ដើម្បី​ទិញ​ស្រូវ ព្រោះ​អំណត់​នោះ​ខ្លាំង​ណាស់​នៅ​ពាស​ពេញ​លើ​ផែន‌ដី​ទាំង​មូល។

លោកុប្បត្តិ 41:46-57 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​លោក​យ៉ូសែប​ចូល​ទៅ​គាល់​ព្រះចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប​នោះ លោក​មាន​អាយុ​សាម‌សិប​ឆ្នាំ​ហើយ។ លោក​យ៉ូសែប​បាន​ចាក​ចេញ​ពី​ព្រះចៅ​ផារ៉ោន ហើយ​ធ្វើ​ដំណើរ​ពាស‌ពេញ​ស្រុក​អេស៊ីប​ទាំង​មូល។ ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ​ដ៏​សម្បូណ៌​ហូរ‌ហៀរ​នោះ ដី​ស្រុក​អេស៊ីប​បាន​ផ្ដល់​ភោគ‌ផល​យ៉ាង​ច្រើន​បរិបូណ៌។ ក្នុង​អំឡុង​ពេល​ប្រាំ‌ពីរ​ឆ្នាំ​នោះ លោក​យ៉ូសែប​ប្រមូល​ស្បៀង​អាហារ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អេស៊ីប យក​ទៅ​ទុក​តាម​ក្រុង​នានា គឺ​យក​ស្បៀង​ដែល​ជា​ភោគ‌ផល​តាម​ស្រែ​ចម្ការ​ជុំ‌វិញ ទៅ​ដាក់​ក្នុង​ឃ្លាំង​របស់​ទីក្រុង។ លោក​យ៉ូសែប​ប្រមូល​ស្រូវ​បាន​យ៉ាង​ច្រើន ដូច​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ គឺ​មាន​ចំនួន​យ៉ាង​ច្រើន​ឥត​គណនា រហូត​ដល់​គេ​ឈប់​រាប់​ទៀត ព្រោះ​មាន​ចំនួន​ច្រើន​ពេក​មិន​អាច​រាប់​អស់​ឡើយ។ នៅ​ឆ្នាំ​មុន​កើត​ទុរ្ភិក្ស លោក​ស្រី​អាស‌ណាត់​ជា​កូន​របស់​លោក​ប៉ូទី‌ផេរ៉ា បូជា‌ចារ្យ​នៅ​ក្រុង​អូន បាន​បង្កើត​កូន​ប្រុស​ពីរ​ជូន​លោក​យ៉ូសែប។ លោក​យ៉ូសែប​ដាក់​ឈ្មោះ​កូន​បង​ថា “ម៉ា‌ណាសេ” ដ្បិត​លោក​ពោល​ថា “ព្រះ‌ជាម្ចាស់​បាន​ប្រោស​ឲ្យ​ខ្ញុំ​ភ្លេច​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន និង​ភ្លេច​ញាតិ‌សន្ដាន​ទាំង​ប៉ុន្មាន​របស់​ឪពុក​ខ្ញុំ​ដែរ”។ លោក​បាន​ដាក់​ឈ្មោះ​កូន​បន្ទាប់​ថា “អេប្រាអ៊ីម” ដ្បិត​លោក​ពោល​ថា “ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កូន​ចៅ​ក្នុង​ស្រុក​ដែល​ខ្ញុំ​បាន​រង​ទុក្ខ​វេទនា​នេះ”។ លុះ​ស្រុក​អេស៊ីប​បាន​សម្បូណ៌​ហូរ‌ហៀរ​គម្រប់​ប្រាំ‌ពីរ​ឆ្នាំ​ហើយ ទុរ្ភិក្ស​ប្រាំ‌ពីរ​ឆ្នាំ​ក៏​ចាប់​ផ្ដើម​កើត​មាន ដូច​លោក​យ៉ូសែប​មាន​ប្រសាសន៍​មែន។ នៅ​គ្រា​នោះ មាន​កើត​ទុរ្ភិក្ស​គ្រប់​ប្រទេស​ទាំង​អស់ តែ​នៅ​ស្រុក​អេស៊ីប​ទាំង​មូល​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់។ ក្រោយ​មក ប្រជា‌ជន​នៅ​ស្រុក​អេស៊ីប​ចាប់​ផ្ដើម​ខ្វះ​ខាត គេ​ក៏​នាំ​គ្នា​ទាម‌ទារ​សុំ​ស្បៀង​អាហារ​ពី​ព្រះចៅ​ផារ៉ោន ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ជន‌ជាតិ​អេស៊ីប​ទាំង​អស់​ថា៖ «ចូរ​ទៅ​ជួប​លោក​យ៉ូសែប បើ​លោក​ប្រាប់​ឲ្យ​ធ្វើ​អ្វី ចូរ​ធ្វើ​តាម​ពាក្យ​លោក​ចុះ»។ ពេល​នោះ ទុរ្ភិក្ស​បាន​រាល‌ដាល​ពាស‌ពេញ​ស្រុក​អេស៊ីប​ទាំង​មូល។ លោក​យ៉ូសែប​បាន​បើក​ឃ្លាំង​ទាំង​ប៉ុន្មាន​នៅ​តាម​ក្រុង​នានា លក់​ស្រូវ​ឲ្យ​ជន‌ជាតិ​អេស៊ីប ប៉ុន្តែ​ទុរ្ភិក្ស​កើត​មាន​រឹត​តែ​ខ្លាំង​ឡើងៗ​ក្នុង​ស្រុក​អេស៊ីប។ មនុស្ស‌ម្នា​ពី​គ្រប់​ប្រទេស​នាំ​គ្នា​ធ្វើ​ដំណើរ​មក​ស្រុក​អេស៊ីប ដើម្បី​រក​ទិញ​ស្រូវ​ពី​លោក​យ៉ូសែប ដ្បិត​ទុរ្ភិក្ស​រាល‌ដាល​កាន់​តែ​ខ្លាំង​ឡើងៗ គ្រប់​ប្រទេស​នៅ​លើ​ផែនដី​ទាំង​មូល។

លោកុប្បត្តិ 41:46-57 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​យ៉ូសែប​ឈរ​នៅ​ចំពោះ​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ នោះ​គាត់​មាន​អាយុ​៣០​ឆ្នាំ​ហើយ គាត់​ក៏​ចេញ​ពី​ចំពោះ​ផារ៉ោន ដើរ​ទៅ​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ​ទាំង​អស់ នៅ​ក្នុង​ឆ្នាំ​សម្បូរ​ទាំង​៧​នោះ ដី​បាន​បង្កើត​ផល​ជា​បរិបូរ គាត់​ក៏​ប្រមូល​ស្បៀង​អាហារ​នៅ​ស្រុក​អេស៊ីព្ទ​ទាំង​អស់​ក្នុង​រវាង​៧​ឆ្នាំ​នោះ ហើយ​បាន​ទុក​ស្បៀង​ទាំង​នោះ​នៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន គឺ​ថា ស្បៀង​ពី​ស្រែ​ចំការ​ដែល​នៅ​ជុំវិញ​ទី​ក្រុង​ណា នោះ​គាត់​បាន​ប្រមូល​ទុក​ក្នុង​ដី​ក្រុង​នោះ​ឯង យ៉ូសែប​បាន​ប្រមូល​ស្រូវ​យ៉ាង​សន្ធឹក​ណាស់ ដូច​ជា​ខ្សាច់​នៅ​នា​សមុទ្រ ទាល់​តែ​គាត់​លែង​រាប់ ពី​ព្រោះ​រាប់​មិន​បាន គ្រា​មុន​ដែល​កើត​មាន​ឆ្នាំ​អំណត់ នោះ​យ៉ូសែប​មាន​កូន​ប្រុស​២ ដែល​នាង​អាស‌ន៉ាត់​ជា​កូន​ប៉ូទី-ផេរ៉ា​ជា​សង្ឃ​នៅ​ក្រុង​អូន​បាន​បង្កើត​ឲ្យ យ៉ូសែប​ឲ្យ​កូន​ច្បង​ឈ្មោះ​ថា ម៉ាន៉ាសេ ដោយ​គិត​ថា ព្រះ‌ទ្រង់​បាន​ធ្វើ​ឲ្យ​អញ​ភ្លេច​សេចក្ដី​ទុក្ខ​លំបាក​របស់​អញ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពួក​គ្រួ​ឪពុក​អញ​ផង ហើយ​កូន​១​ទៀត​គាត់​ឲ្យ​ឈ្មោះ​ថា អេប្រា‌អិម ដោយ​គិត​ថា ព្រះ‌ទ្រង់​បាន​ប្រទាន​ឲ្យ​អញ​មាន​កូន នៅ​ក្នុង​ស្រុក​នៃ​សេចក្ដី​ទុក្ខ​ព្រួយ​របស់​អញ។ គ្រា​នោះ ឆ្នាំ​សម្បូរ​ទាំង​៧​នៅ​ស្រុក​អេស៊ីព្ទ​ក៏​កន្លង​ផុត​ទៅ ឯ​ឆ្នាំ​អំណត់​ទាំង​៧​ក៏​ចាប់​តាំង​ផ្តើម​ឡើង ដូច​ជា​យ៉ូសែប​បាន​ទាយ​មែន ក៏​មាន​អំណត់​នៅ​គ្រប់​ស្រុក​ទាំង​អស់ តែ​នៅ​ស្រុក​អេស៊ីព្ទ​ទាំង​មូល​មាន​ស្បៀង​អាហារ​វិញ កាល​ជន​ក្នុង​ស្រុក​អេស៊ីព្ទ​ទាំង​អស់​បាន​អត់‌ឃ្លាន ហើយ​គេ​ស្រែក​សូម​អាហារ​ពី​ផារ៉ោន នោះ​ទ្រង់​មាន​បន្ទូល​ទៅ​ពួក​សាសន៍​អេស៊ីព្ទ​ទាំង​អស់​ថា ចូរ​ទៅ​ឯ​យ៉ូសែប​ទៅ ហើយ​ធ្វើ​តាម​ដែល​លោក​បង្គាប់​ចុះ នោះ​មាន​អំណត់​អត់​នៅ​ពេញ​លើ​ផែនដី រួច​យ៉ូសែប​គាត់​បើក​គ្រប់​ទាំង​ជង្រុក​ស្រូវ​លក់​ទៅ​ពួក​សាសន៍​អេស៊ីព្ទ អំណត់​នោះ​កាន់​តែ​ខ្លាំង​ឡើង​នៅ​ស្រុក​អេស៊ីព្ទ គ្រប់​ទាំង​ស្រុក​ក៏​នាំ​គ្នា​ចូល​មក​ឯ​យ៉ូសែប​នៅ​ស្រុក​អេស៊ីព្ទ ដើម្បី​នឹង​ទិញ​ស្រូវ ពី​ព្រោះ​អំណត់​នោះ​ជា​ខ្លាំង​ណាស់​នៅ​ពេញ​លើ​ផែនដី។