កាលលោកយ៉ូសែបចាប់ផ្ដើមបម្រើផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ លោកមានអាយុសាមសិបឆ្នាំហើយ។ លោកយ៉ូសែបចាកចេញពីផារ៉ោន ហើយធ្វើដំណើរពាសពេញក្នុងស្រុកអេស៊ីព្ទទាំងមូល។ ក្នុងរយៈពេលប្រាំពីរឆ្នាំដ៏សម្បូរហូរហៀរនោះ ដីបានផ្ដល់ភោគផលយ៉ាងច្រើនបរិបូរ ហើយលោកក៏ប្រមូលស្បៀងអាហារនៅស្រុកអេស៊ីព្ទទាំងអស់ ក្នុងរវាងប្រាំពីរឆ្នាំនោះ ហើយបានរក្សាទុកស្បៀងទាំងនោះនៅតាមទីក្រុងទាំងប៉ុន្មាន គឺលោកប្រមូលស្បៀងពីស្រែចម្ការដែលនៅជុំវិញ មករក្សាទុកនៅគ្រប់ទីក្រុងទាំងនោះ។ លោកយ៉ូសែបបានប្រមូលស្រូវយ៉ាងសន្ធឹកណាស់ ដូចខ្សាច់នៅឆ្នេរសមុទ្រ រហូតទាល់តែលោកលែងរាប់ ដ្បិតមានច្រើនពេករាប់មិនអស់។ នៅមុនឆ្នាំកើតមានអំណត់ លោកយ៉ូសែបមានកូនប្រុសពីរ ដែលនាងអាសណាត់ជាកូនរបស់លោកប៉ូទី-ផេរ៉ា ជាសង្ឃនៅក្រុងអូនបានបង្កើតឲ្យលោក។ លោកយ៉ូសែបដាក់ឈ្មោះកូនច្បងថា "ម៉ាណាសេ" ដ្បិតលោកពោលថា៖ «ព្រះទ្រង់បានធ្វើឲ្យខ្ញុំភ្លេចទុក្ខលំបាកទាំងប៉ុន្មានរបស់ខ្ញុំ និងក្រុមគ្រួសារទាំងប៉ុន្មានរបស់ឪពុកខ្ញុំដែរ»។ កូនមួយទៀតលោកដាក់ឈ្មោះថា "អេប្រាអិម" ដោយពោលថា៖ «ព្រះទ្រង់បានប្រទានឲ្យខ្ញុំមានកូននៅក្នុងស្រុកដែលខ្ញុំបានរងទុក្ខវេទនា»។ ប្រាំពីរឆ្នាំដែលសម្បូរហូរហៀរនៅស្រុកអេស៊ីព្ទ ក៏បានកន្លងផុតទៅ ហើយប្រាំពីរឆ្នាំដែលកើតមានអំណត់ក៏ចូលមកដល់ ដូចលោកយ៉ូសែបមានប្រសាសន៍មែន។ ពេលនោះ កើតមានអំណត់នៅគ្រប់ស្រុកទាំងអស់ តែនៅស្រុកអេស៊ីព្ទទាំងមូលមានស្បៀងអាហារវិញ។ កាលប្រជាជនក្នុងស្រុកអេស៊ីព្ទទាំងអស់ចាប់ផ្ដើមអត់ឃ្លាន គេក៏នាំគ្នាស្រែកសុំអាហារពីផារ៉ោន។ ផារ៉ោនមានរាជឱង្ការទៅកាន់សាសន៍អេស៊ីព្ទទាំងអស់ថា៖ «ចូរទៅជួបលោកយ៉ូសែប ហើយធ្វើតាមអ្វីដែលលោកបង្គាប់ចុះ»។ កាលអំណត់នោះបានរាលដាលពាសពេញស្រុក លោកយ៉ូសែបក៏បើកគ្រប់ទាំងជង្រុកស្រូវលក់ឲ្យសាសន៍អេស៊ីព្ទ ដ្បិតអំណត់នោះកើតមានកាន់តែខ្លាំងឡើងៗនៅស្រុកអេស៊ីព្ទ។ មនុស្សម្នាគ្រប់ទិសទីនៅលើផែនដី នាំគ្នាចូលមករកលោកយ៉ូសែបនៅស្រុកអេស៊ីព្ទ ដើម្បីទិញស្រូវ ព្រោះអំណត់នោះខ្លាំងណាស់នៅពាសពេញលើផែនដីទាំងមូល។
អាន លោកុប្បត្តិ 41
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 41:46-57
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ