កាឡាទី 2:1-14

កាឡាទី 2:1-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លុះ​ដប់‌បួន​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម​ម្តង​ទៀត ជា​មួយ​លោក​បាណា‌បាស ទាំង​យក​លោក​ទីតុស​ទៅ​ជា​មួយ​ដែរ។ ខ្ញុំ​បាន​ឡើង​ទៅ​តាម​ការ​បើក​សម្តែង ហើយ​បាន​ប្រាប់​ពួក​គេ​អំពី​ដំណឹង​ល្អ ដែល​ខ្ញុំ​បាន​ប្រកាស​ក្នុង​ចំណោម​សាសន៍​ដទៃ (រី​ឯ​អស់​អ្នក​ដែល​ទំនង​ជា​អ្នក​មុខ​អ្នក​ការ​វិញ ខ្ញុំ​បាន​ប្រាប់​ដាច់​ដោយ​ឡែក) ក្រែងលោ​ការ​ដែល​ខ្ញុំ​កំពុង​រត់ ឬ​បាន​រត់​រួច​មក​ហើយ ត្រឡប់​ទៅ​ជា​ឥត​ប្រយោជន៍។ ប៉ុន្តែ សូម្បី​តែ​លោក​ទីតុស​ដែល​នៅ​ជា​មួយ​ខ្ញុំ ទោះ​បី​គាត់​ជា​សាសន៍​ក្រិក​ក្តី ក៏​គេ​មិន​បាន​បង្ខំ​ឲ្យ​គាត់​កាត់​ស្បែក​ដែរ។ តែ​ដោយ​ព្រោះ​ពួក​បង‌ប្អូន​ក្លែង‌ក្លាយ​បាន​ជ្រៀត​ចូល​មក ជា​អ្នក​ដែល​បាន​លប​ចូល​មក​អង្កេត​មើល​សេរី‌ភាព ដែល​យើង​មាន​នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ដើម្បី​ឲ្យ​យើង​ត្រឡប់​ជា​ទាសករ​វិញ យើង​មិន​ព្រម​ចុះ​ចូល​នឹង​ពួក​គេ​ឡើយ សូម្បី​តែ​មួយ​ភ្លែត ដើម្បី​ឲ្យ​សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ បាននៅ​ស្ថិត‌ស្ថេរ​ជាប់​ជាមួយ​អ្នក​រាល់​គ្នា។ អស់​អ្នក​ដែល​គេ​រាប់​ថា​ជា​អ្នក​មុខ​អ្នក​ការ (ទោះ​បើ​គេ​ជា​អ្វី​ក៏​ដោយ ក៏​មិន​អំពល់​អ្វី​ដល់​ខ្ញុំ​ដែរ ព្រោះ​ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ) អ្នក​ទាំង​នោះ ដែល​ទំនង​ជា​អ្នក​មុខ​អ្នកការ មិន​បាន​បន្ថែម​អ្វី​ដល់​ខ្ញុំ​ឡើយ។ ផ្ទុយ​ទៅ​វិញ កាល​គេ​បាន​ឃើញ​ថា ព្រះ​បាន​ប្រគល់​ការងារ​ផ្សាយ​ដំណឹង​ល្អ សម្រាប់​ពួក​មិន​កាត់​ស្បែក​ដល់​ខ្ញុំ ដូច​ព្រះ‌អង្គ​បាន​ប្រគល់​ការងារ​ផ្សាយ​ដំណឹង​ល្អ សម្រាប់​ពួក​អ្នក​កាត់​ស្បែក​ដល់​លោក​ពេត្រុស​ដែរ (ដ្បិត​ព្រះ‌អង្គ​ដែល​បាន​ធ្វើ​ការ​តាម​រយៈ​លោក​ពេត្រុស ដោយ​តាំង​លោក​ជា​សាវក​សម្រាប់​ពួក​អ្នក​កាត់​ស្បែក​យ៉ាង​ណា ព្រះ‌អង្គ​ក៏​ធ្វើ​ការ​តាម​រយៈ​ខ្ញុំ ដោយ​ចាត់​ខ្ញុំ​ទៅឯ​សាសន៍​ដទៃ​យ៉ាង​នោះ​ដែរ) កាល​លោក​យ៉ាកុប លោក​កេផាស និង​លោក​យ៉ូហាន ដែល​គេ​រាប់​ថា​ជា​សសរ​ទ្រូង បាន​ឃើញ​ព្រះ‌គុណ​ដែល​ព្រះ​ប្រទាន​មក​ខ្ញុំ ពួក​លោក​ក៏​បាន​លូក​ដៃ​ស្តាំ​នៃ​ការ​ប្រកប​មក​ទទួល​ខ្ញុំ និង​លោក​បាណា‌បាស ដើម្បី​ឲ្យ​យើង​ទៅ​ឯ​សាសន៍​ដទៃ ហើយ​ពួក​លោក​ទៅឯ​ពួក​អ្នក​កាត់​ស្បែក​វិញ។ ពួក​លោក​គ្រាន់​តែ​ផ្តាំ​ឲ្យ​យើង​នឹក​ចាំ​ពី​អ្នក​ក្រ ជាកិច្ច​ការ​ដែល​ខ្ញុំ​ខ្នះខ្នែង​ធ្វើ​ស្រាប់​ហើយ។ ប៉ុន្តែ ពេល​លោក​កេផាស​បាន​មក​ដល់​ក្រុង​អាន់‌ទី‌យ៉ូក ខ្ញុំ​បានជំ​ទាស់​នឹង​លោក​នៅ​ចំពោះ​មុខ ព្រោះ​លោក​គួរ​ឲ្យ​បន្ទោស​បាន។ ដ្បិត​មុន​ពេល​លោក​យ៉ាកុប​ចាត់​អ្នក​ខ្លះ​ឲ្យ​មក លោក​បាន​បរិ‌ភោគ​ជា​មួយ​ពួក​សាសន៍​ដទៃ តែ​ពេល​ពួក​គេ​មក​ដល់​ហើយ លោក​ក៏​ដក​ខ្លួន​ថយ​ចេញ​ដោយ​ឡែក ដោយ​ខ្លាច​ពួក​កាត់​ស្បែក។ សាសន៍​យូដា​ឯ​ទៀត​ក៏​ប្រព្រឹត្ត​ដោយ​លាក់​ពុត​ជា​មួយ​លោក​ដែរ ហើយ​សូម្បី​តែ​លោក​បាណា‌បាស ក៏​ត្រូ​វ​គេ​អូស​ទាញឲ្យ​លាក់​ពុត​ដូច​គេ​ដែរ។ ប៉ុន្តែ ពេល​ខ្ញុំ​ឃើញ​ថា កិរិយា​របស់​គេ​មិន​ស្រប​តាម​សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ ខ្ញុំ​ក៏​សួរ​លោក​កេផាស​នៅ​មុខ​មនុស្ស​ទាំង​អស់​ថា៖ «បើ​លោក​ដែល​ជា​សាសន៍​យូដា មិន​ប្រព្រឹត្ត​ដូច​សាសន៍​យូដា តែ​ប្រព្រឹត្ត​ដូច​សាសន៍​ដទៃ​វិញ ហេតុ​អ្វី​បាន​ជា​លោក​បង្ខំ​ឲ្យ​សាសន៍​ដទៃ​ប្រព្រឹត្ត​ដូច​ជា​សាសន៍​យូដា​ដូច្នេះ?»

ចែក​រំលែក
អាន កាឡាទី 2

កាឡាទី 2:1-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដប់‌បួន​ឆ្នាំ​ក្រោយ​មក ខ្ញុំ​ក៏​បាន​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម​ម្ដង​ទៀត​ជា​មួយ​លោក​បារ‌ណា‌បាស ទាំង​នាំ​លោក​ទីតុស​ទៅ​ជា​មួយ​ដែរ។ ខ្ញុំ​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម​ដូច្នេះ មក​ពី​ព្រះ‌ជាម្ចាស់​បំភ្លឺ​ចិត្ត​ឲ្យ​ដឹង​ថា ខ្ញុំ​ត្រូវ​ទៅ។ ខ្ញុំ​បាន​រៀប​រាប់​ប្រាប់​បងប្អូន​នៅ​ទី​នោះ​អំពី​ដំណឹង‌ល្អ ដែល​ខ្ញុំ​ប្រកាស​ដល់​សាសន៍​ដទៃ ហើយ​ខ្ញុំ​ក៏​បាន​រៀប​រាប់​ប្រាប់​អស់​លោក ជា​អ្នក​ដឹក​នាំ​ដាច់​ឡែក​ពី​គេ​ដែរ ដើម្បី​កុំ​ឲ្យ​កិច្ចការ​ដែល​ខ្ញុំ​កំពុង​តែ​ធ្វើ ឬ​បាន​ធ្វើ​រួច​មក​ហើយ ត្រឡប់​ទៅ​ជា​អសារ​ឥត​ការ​វិញ។ រីឯ​លោក​ទីតុស​ដែល​ទៅ​ជា​មួយ​ខ្ញុំ ទោះ​បី​គាត់​ជា​សាសន៍​ក្រិក​ក្ដី ក៏​គេ​ពុំ​បាន​បង្ខំ​គាត់​ឲ្យ​ទទួល​ពិធី​កាត់​ស្បែក*​ដែរ ថ្វី‌ដ្បិត​តែ​មាន​ពួក​បងប្អូន​ក្លែង‌ក្លាយ​ជ្រៀត​ខ្លួន​ចូល​មក​ក្នុង​ចំណោម​យើង ដើម្បី​ឈ្លប​មើល​សេរី‌ភាព​ដែល​យើង​មាន​ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​យើង​ធ្លាក់​ទៅ​ជា​ទាសករ វិញ។ យើង​ពុំ​បាន​សុខ​ចិត្ត​ធ្វើ​តាម​ពួក​គេ​ឡើយ សូម្បី​តែ​មួយ‌ភ្លែត​ក៏​មិន​ធ្វើ​តាម​ផង ដើម្បី​រក្សា​ការពារ​សេចក្ដី​ពិត​នៃ​ដំណឹង‌ល្អ​សម្រាប់​បងប្អូន។ រីឯ​បងប្អូន​ដែល​គេ​គោរព​ទុក​ជា​អ្នក​ដឹក​នាំ​នោះ​វិញ (នៅ​ពេល​នោះ គេ​មាន​ឋានៈ​ជា​អ្វី​ក៏​ដោយ ក៏​ខ្ញុំ​មិន​រវល់​ដែរ ដ្បិត​ព្រះ‌ជាម្ចាស់​មិន​រើស​មុខ​នរណា​ទេ) អ្នក​ដឹក​នាំ​ទាំង​នោះ​ពុំ​បាន​បង្ខំ​ខ្ញុំ​ឲ្យ​ធ្វើ​អ្វី​ផ្សេង​ទៀត​ឡើយ។ ផ្ទុយ​ទៅ​វិញ គេ​បាន​ឃើញ​ថា ព្រះ‌ជាម្ចាស់​ប្រគល់​មុខងារ​ផ្សព្វ​ផ្សាយ​ដំណឹង‌ល្អ*​ដល់​សាសន៍​ដទៃ​មក​ឲ្យ​ខ្ញុំ ដូច​ព្រះអង្គ​បាន​ប្រគល់​មុខងារ​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​ដល់​សាសន៍​យូដា​ឲ្យ​លោក​ពេត្រុស​ដែរ ដ្បិត​ព្រះ‌ជាម្ចាស់​ដែល​ប្រោស​ប្រទាន​ឲ្យ​លោក​ពេត្រុស​អាច​បំពេញ​មុខងារ​ជា​សាវ័ក*​សម្រាប់​សាសន៍​យូដា​យ៉ាង​ណា ព្រះអង្គ​ក៏​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​អាច​បំពេញ​មុខងារ​ជា​សាវ័ក​សម្រាប់​សាសន៍​ដទៃ​យ៉ាង​នោះ​ដែរ។ កាល​លោក​យ៉ាកុប លោក​កេផាស និង​លោក​យ៉ូហាន ដែល​ពួក​បងប្អូន​ចាត់​ទុក​ដូច​ជា​បង្គោល​របស់​ក្រុម‌ជំនុំ បាន​ទទួល​ស្គាល់​ថា ព្រះ‌ជាម្ចាស់​ប្រណី‌សន្ដោស ដល់​ខ្ញុំ​ដូច្នេះ អស់​លោក​ក៏​បាន​ចាប់​ដៃ​ខ្ញុំ និង​ចាប់​ដៃ​លោក​បារ‌ណា‌បាស ទុក​ជា​សញ្ញា​ថា យើង​រួប‌រួម​គ្នា គឺ​លោក​បារ‌ណា‌បាស និង​ខ្ញុំ​ទៅ​ផ្សាយ​ដំណឹង‌ល្អ​ដល់​សាសន៍​ដទៃ រីឯ​ពួក​លោក​វិញ លោក​ទៅ​ផ្សាយ​ដំណឹង‌ល្អ​ដល់​សាសន៍​យូដា។ ពួក​លោក​គ្រាន់​តែ​សុំ​ឲ្យ​យើង​គិត‌គូរ​ដល់​ជន​ក្រីក្រ ជា​កិច្ចការ​ដែល​ខ្ញុំ​ខ្នះ‌ខ្នែង​បំពេញ​ស្រាប់​ហើយ។ ប៉ុន្តែ នៅ​ពេល​លោក​ពេត្រុស​បាន​មក​ដល់​ក្រុង​អន់‌ទី‌យ៉ូក ខ្ញុំ​ក៏​បាន​ជំទាស់​នឹង​លោក​នៅ​មុខ​គេ​ឯង​ទាំង​អស់​គ្នា ព្រោះ​លោក​បាន​ធ្វើ​ខុស។ លោក​យ៉ាកុប​បាន​ចាត់​អ្នក​ខ្លះ​ឲ្យ​មក ហើយ​មុន​ពេល​ដែល​អ្នក​ទាំង​នោះ​មក​ដល់ លោក​ពេត្រុស​តែង​បរិភោគ​រួម​ជា​មួយ​ពួក​បងប្អូន​សាសន៍​ដទៃ តែ​ពេល​អ្នក​ទាំង​នោះ​មក​ដល់ លោក​បែរ​ជា​ដក​ខ្លួន​ថយ​ចេញ​ដាច់​ឡែក​ពី​បងប្អូន​សាសន៍​ដទៃ ព្រោះ​លោក​ខ្លាច​បងប្អូន​សាសន៍​យូដា ។ បងប្អូន​សាសន៍​យូដា​ឯ​ទៀតៗ​នាំ​គ្នា​លាក់​ពុត​ដូច​លោក គឺ​សូម្បី​តែ​លោក​បារ‌ណា‌បាស​ផ្ទាល់​ក៏​ត្រូវ​គេ​អូស​ទាញ​ឲ្យ​លាក់​ពុត​ដូច​គេ​ដែរ។ ពេល​ខ្ញុំ​ឃើញ​បងប្អូន​ទាំង​នោះ​លែង​ដើរ​ត្រង់​តាម​សេចក្ដី​ពិត​នៃ​ដំណឹង‌ល្អ​ហើយ​នោះ ខ្ញុំ​ក៏​ជម្រាប​លោក​ពេត្រុស​នៅ​មុខ​គេ​ឯង​ទាំង​អស់​គ្នា​ថា: “បើ​លោក​ដែល​ជា​សាសន៍​យូដា​លែង​ប្រព្រឹត្ត​តាម​របៀប​សាសន៍​យូដា​ទៀត តែ​បែរ​ជា​ប្រព្រឹត្ត​តាម​របៀប​សាសន៍​ដទៃ​ដូច្នេះ តើ​លោក​អាច​បង្ខំ​សាសន៍​ដទៃ​ឲ្យ​ធ្វើ​ដូច​សាសន៍​យូដា​ម្ដេច​កើត?”។

ចែក​រំលែក
អាន កាឡាទី 2

កាឡាទី 2:1-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​កន្លង​ក្រោយ​មក​១៤​ឆ្នាំ នោះ​ខ្ញុំ​បាន​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​ម្តង​ទៀត ជា​មួយ​នឹង​បាណា‌បាស ក៏​យក​ទីតុស​ទៅ​ជា​មួយ​ដែរ ខ្ញុំ​បាន​ឡើង​ទៅ តាម​សេចក្ដី​ដែល​បើក​សំដែង​មក ហើយ​បាន​បង្ហាញ​ដំណឹង​ល្អ ដែល​ខ្ញុំ​ថ្លែង​ប្រាប់​នៅ​ក្នុង​ពួក​សាសន៍​ដទៃ ឲ្យ​ពួក​អ្នក​មុខ​បាន​ស្គាល់​ដោយ‌ឡែក ក្រែង​ខ្ញុំ​កំពុង​តែ​រត់ ឬ​បាន​រត់​ពី​ដើម​នោះ ជា​បែប​ឥត​ប្រយោជន៍​យ៉ាង​ណា (តែ​គេ​មិន​បង្ខំ​ឲ្យ​ទីតុស ជា​សាសន៍​ក្រេក ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ បាន​កាត់​ស្បែក​ទេ) ដែល​បង្ហាញ​គេ​ដូច្នេះ គឺ​ដោយ​ព្រោះ​ពួក​បង​ប្អូន​ក្លែង‌ក្លាយ ដែល​បាន​ស៊ក​សៀត​ចូល​មក ដោយ​លួច​លាក់ គេ​បាន​លួច​ចូល ដើម្បី​នឹង​លប​មើល​សេរី‌ភាព​នៃ​យើង​ខ្ញុំ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ដោយ​ចង់​នាំ​ឲ្យ​យើង​ខ្ញុំ​ជាប់​ចំណង​វិញ តែ​យើង​ខ្ញុំ​មិន​ព្រម​ចុះ​ចូល​នឹង​ពួក​នោះ សូម្បី​តែ​១​ភ្លែត​ផង ដើម្បី​ឲ្យ​សេចក្ដី​ពិត​របស់​ដំណឹង​ល្អ បាន​នៅ​ស្ថិត‌ស្ថេរ​ជាប់​នឹង​អ្នក​រាល់​គ្នា តែ​ពួក​អ្នក ដែល​គេ​រាប់​ទុក​ជា​ប្រសើរ ទោះ​បើ​គេ​ជា​អ្វី​ក៏​ដោយ នោះ​ឥត​មាន​អំពល់​អ្វី​ដល់​ខ្ញុំ​ទេ ព្រោះ​ព្រះ‌ទ្រង់​មិន​រើស​មុខ​អ្នក​ណា​ឡើយ ពួក​អ្នក​មុខ​នោះ​មិន​បាន​បន្ថែម​ចំណេះ​អ្វី​ឲ្យ​ខ្ញុំ​សោះ តែ​កាល​គេ​បាន​ឃើញ​ថា ដំណឹង​ល្អ​សំរាប់​ពួក​មិន​កាត់​ស្បែក បាន​ផ្ញើ​ទុក​នឹង​ខ្ញុំ ដូច​ជា​ដំណឹង​ល្អ​សំរាប់​ពួក​កាត់​ស្បែក បាន​ផ្ញើ​ទុក​នឹង​លោក​ពេត្រុស​ដែរ (ដ្បិត​ព្រះ ដែល​បណ្តាល​ឲ្យ​លោក​ពេត្រុស ធ្វើ​ជា​សាវក​ដល់​ពួក​កាត់​ស្បែក នោះ​បាន​បណ្តាល​ឲ្យ​ខ្ញុំ ធ្វើ​ជា​សាវក​ដល់​ពួក​សាសន៍​ដទៃ​ដែរ) ហើយ​កាល​បាន​ឃើញ​ព្រះ‌គុណ ដែល​ទ្រង់​ប្រទាន​មក​ខ្ញុំ នោះ​លោក​យ៉ាកុប លោក​កេផាស នឹង​លោក​យ៉ូហាន ដែល​គេ​រាប់​ទុក​ជា​សសរ​ទ្រូង លោក​បាន​លូក​ដៃ​ស្តាំ​មក​ទទួល​ខ្ញុំ នឹង​បាណា‌បាស ក្នុង​សេចក្ដី​ប្រកប​គ្នា ដើម្បី​ឲ្យ​យើង​ខ្ញុំ​ទៅ​ឯ​សាសន៍​ដទៃ ហើយ​លោក​ទៅ​ឯ​ពួក​កាត់​ស្បែក​វិញ លោក​ផ្តាំ​ឲ្យ​តែ​យើង​ខ្ញុំ​នឹង​ចាំ​ពី​ពួក​អ្នក​ក្រ ជា​ការ​ដែល​ខ្ញុំ​ឧស្សាហ៍​ខំ​ធ្វើ​ដែរ។ ប៉ុន្តែ កាល​លោក​ពេត្រុស​បាន​មក​ដល់​អាន់‌ទី‌យ៉ូក នោះ​ខ្ញុំ​បាន​ទាស់​ទទឹង​នឹង​លោក​នៅ​ប្រទល់​មុខ ពី​ព្រោះ​លោក​គួរ​ឲ្យ​បន្ទោស​បាន ដ្បិត​មុន​ដែល​មាន​អ្នក​ខ្លះ​មក​ពី​លោក​យ៉ាកុប នោះ​លោក​បាន​បរិភោគ​ជា​មួយ​នឹង​ពួក​សាសន៍​ដទៃ តែ​លុះ​គេ​មក​ដល់​ហើយ នោះ​លោក​ដក​ខ្លួន​ថយ​ចេញ ដោយ​កោត‌ខ្លាច​ដល់​ពួក​កាត់​ស្បែក ឯ​ពួក​សាសន៍​យូដា​ឯ​ទៀត ក៏​ធ្វើ​ជា​ពើ​ជា​មួយ​នឹង​លោក​ដែរ ដល់​ម៉្លេះ​បាន​ជា​បាណា‌បាស ត្រូវ​បណ្តោយ​តាម​អំពើ​កំពុត​របស់​គេ​ទៀត កាល​ខ្ញុំ​ឃើញ​ថា គេ​មិន​ដើរ​ត្រង់​តាម​សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ​ទេ នោះ​ខ្ញុំ​ក៏​សួរ​លោក​ពេត្រុស នៅ​មុខ​មនុស្ស​ទាំង​អស់​ថា បើ​លោក ដែល​ជា​សាសន៍​យូដា មិន​ប្រព្រឹត្ត​តាម​ទំនៀម‌ទំលាប់​របស់​សាសន៍​យូដា​ទេ គឺ​ប្រព្រឹត្ត​តាម​ទំនៀម‌ទំលាប់​សាសន៍​ដទៃ​វិញ នោះ​ហេតុ​អ្វី​បាន​ជា​បង្ខំ​ឲ្យ​សាសន៍​ដទៃ ប្រព្រឹត្ត​ដូច​ជា​សាសន៍​យូដា​ដូច្នេះ

ចែក​រំលែក
អាន កាឡាទី 2