កាឡា‌ទី 2:1-14

កាឡា‌ទី 2:1-14 ពគប

លុះ​កន្លង​ក្រោយ​មក​១៤​ឆ្នាំ នោះ​ខ្ញុំ​បាន​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​ម្តង​ទៀត ជា​មួយ​នឹង​បាណា‌បាស ក៏​យក​ទីតុស​ទៅ​ជា​មួយ​ដែរ ខ្ញុំ​បាន​ឡើង​ទៅ តាម​សេចក្ដី​ដែល​បើក​សំដែង​មក ហើយ​បាន​បង្ហាញ​ដំណឹង​ល្អ ដែល​ខ្ញុំ​ថ្លែង​ប្រាប់​នៅ​ក្នុង​ពួក​សាសន៍​ដទៃ ឲ្យ​ពួក​អ្នក​មុខ​បាន​ស្គាល់​ដោយ‌ឡែក ក្រែង​ខ្ញុំ​កំពុង​តែ​រត់ ឬ​បាន​រត់​ពី​ដើម​នោះ ជា​បែប​ឥត​ប្រយោជន៍​យ៉ាង​ណា (តែ​គេ​មិន​បង្ខំ​ឲ្យ​ទីតុស ជា​សាសន៍​ក្រេក ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ បាន​កាត់​ស្បែក​ទេ) ដែល​បង្ហាញ​គេ​ដូច្នេះ គឺ​ដោយ​ព្រោះ​ពួក​បង​ប្អូន​ក្លែង‌ក្លាយ ដែល​បាន​ស៊ក​សៀត​ចូល​មក ដោយ​លួច​លាក់ គេ​បាន​លួច​ចូល ដើម្បី​នឹង​លប​មើល​សេរី‌ភាព​នៃ​យើង​ខ្ញុំ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ដោយ​ចង់​នាំ​ឲ្យ​យើង​ខ្ញុំ​ជាប់​ចំណង​វិញ តែ​យើង​ខ្ញុំ​មិន​ព្រម​ចុះ​ចូល​នឹង​ពួក​នោះ សូម្បី​តែ​១​ភ្លែត​ផង ដើម្បី​ឲ្យ​សេចក្ដី​ពិត​របស់​ដំណឹង​ល្អ បាន​នៅ​ស្ថិត‌ស្ថេរ​ជាប់​នឹង​អ្នក​រាល់​គ្នា តែ​ពួក​អ្នក ដែល​គេ​រាប់​ទុក​ជា​ប្រសើរ ទោះ​បើ​គេ​ជា​អ្វី​ក៏​ដោយ នោះ​ឥត​មាន​អំពល់​អ្វី​ដល់​ខ្ញុំ​ទេ ព្រោះ​ព្រះ‌ទ្រង់​មិន​រើស​មុខ​អ្នក​ណា​ឡើយ ពួក​អ្នក​មុខ​នោះ​មិន​បាន​បន្ថែម​ចំណេះ​អ្វី​ឲ្យ​ខ្ញុំ​សោះ តែ​កាល​គេ​បាន​ឃើញ​ថា ដំណឹង​ល្អ​សំរាប់​ពួក​មិន​កាត់​ស្បែក បាន​ផ្ញើ​ទុក​នឹង​ខ្ញុំ ដូច​ជា​ដំណឹង​ល្អ​សំរាប់​ពួក​កាត់​ស្បែក បាន​ផ្ញើ​ទុក​នឹង​លោក​ពេត្រុស​ដែរ (ដ្បិត​ព្រះ ដែល​បណ្តាល​ឲ្យ​លោក​ពេត្រុស ធ្វើ​ជា​សាវក​ដល់​ពួក​កាត់​ស្បែក នោះ​បាន​បណ្តាល​ឲ្យ​ខ្ញុំ ធ្វើ​ជា​សាវក​ដល់​ពួក​សាសន៍​ដទៃ​ដែរ) ហើយ​កាល​បាន​ឃើញ​ព្រះ‌គុណ ដែល​ទ្រង់​ប្រទាន​មក​ខ្ញុំ នោះ​លោក​យ៉ាកុប លោក​កេផាស នឹង​លោក​យ៉ូហាន ដែល​គេ​រាប់​ទុក​ជា​សសរ​ទ្រូង លោក​បាន​លូក​ដៃ​ស្តាំ​មក​ទទួល​ខ្ញុំ នឹង​បាណា‌បាស ក្នុង​សេចក្ដី​ប្រកប​គ្នា ដើម្បី​ឲ្យ​យើង​ខ្ញុំ​ទៅ​ឯ​សាសន៍​ដទៃ ហើយ​លោក​ទៅ​ឯ​ពួក​កាត់​ស្បែក​វិញ លោក​ផ្តាំ​ឲ្យ​តែ​យើង​ខ្ញុំ​នឹង​ចាំ​ពី​ពួក​អ្នក​ក្រ ជា​ការ​ដែល​ខ្ញុំ​ឧស្សាហ៍​ខំ​ធ្វើ​ដែរ។ ប៉ុន្តែ កាល​លោក​ពេត្រុស​បាន​មក​ដល់​អាន់‌ទី‌យ៉ូក នោះ​ខ្ញុំ​បាន​ទាស់​ទទឹង​នឹង​លោក​នៅ​ប្រទល់​មុខ ពី​ព្រោះ​លោក​គួរ​ឲ្យ​បន្ទោស​បាន ដ្បិត​មុន​ដែល​មាន​អ្នក​ខ្លះ​មក​ពី​លោក​យ៉ាកុប នោះ​លោក​បាន​បរិភោគ​ជា​មួយ​នឹង​ពួក​សាសន៍​ដទៃ តែ​លុះ​គេ​មក​ដល់​ហើយ នោះ​លោក​ដក​ខ្លួន​ថយ​ចេញ ដោយ​កោត‌ខ្លាច​ដល់​ពួក​កាត់​ស្បែក ឯ​ពួក​សាសន៍​យូដា​ឯ​ទៀត ក៏​ធ្វើ​ជា​ពើ​ជា​មួយ​នឹង​លោក​ដែរ ដល់​ម៉្លេះ​បាន​ជា​បាណា‌បាស ត្រូវ​បណ្តោយ​តាម​អំពើ​កំពុត​របស់​គេ​ទៀត កាល​ខ្ញុំ​ឃើញ​ថា គេ​មិន​ដើរ​ត្រង់​តាម​សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ​ទេ នោះ​ខ្ញុំ​ក៏​សួរ​លោក​ពេត្រុស នៅ​មុខ​មនុស្ស​ទាំង​អស់​ថា បើ​លោក ដែល​ជា​សាសន៍​យូដា មិន​ប្រព្រឹត្ត​តាម​ទំនៀម‌ទំលាប់​របស់​សាសន៍​យូដា​ទេ គឺ​ប្រព្រឹត្ត​តាម​ទំនៀម‌ទំលាប់​សាសន៍​ដទៃ​វិញ នោះ​ហេតុ​អ្វី​បាន​ជា​បង្ខំ​ឲ្យ​សាសន៍​ដទៃ ប្រព្រឹត្ត​ដូច​ជា​សាសន៍​យូដា​ដូច្នេះ

អាន កាឡា‌ទី 2