លុះដប់បួនឆ្នាំក្រោយមក ខ្ញុំបានឡើងទៅក្រុងយេរូសាឡិមម្តងទៀត ជាមួយលោកបាណាបាស ទាំងយកលោកទីតុសទៅជាមួយដែរ។ ខ្ញុំបានឡើងទៅតាមការបើកសម្តែង ហើយបានប្រាប់ពួកគេអំពីដំណឹងល្អ ដែលខ្ញុំបានប្រកាសក្នុងចំណោមសាសន៍ដទៃ (រីឯអស់អ្នកដែលទំនងជាអ្នកមុខអ្នកការវិញ ខ្ញុំបានប្រាប់ដាច់ដោយឡែក) ក្រែងលោការដែលខ្ញុំកំពុងរត់ ឬបានរត់រួចមកហើយ ត្រឡប់ទៅជាឥតប្រយោជន៍។ ប៉ុន្តែ សូម្បីតែលោកទីតុសដែលនៅជាមួយខ្ញុំ ទោះបីគាត់ជាសាសន៍ក្រិកក្តី ក៏គេមិនបានបង្ខំឲ្យគាត់កាត់ស្បែកដែរ។ តែដោយព្រោះពួកបងប្អូនក្លែងក្លាយបានជ្រៀតចូលមក ជាអ្នកដែលបានលបចូលមកអង្កេតមើលសេរីភាព ដែលយើងមាននៅក្នុងព្រះគ្រីស្ទយេស៊ូវ ដើម្បីឲ្យយើងត្រឡប់ជាទាសករវិញ យើងមិនព្រមចុះចូលនឹងពួកគេឡើយ សូម្បីតែមួយភ្លែត ដើម្បីឲ្យសេចក្ដីពិតនៃដំណឹងល្អ បាននៅស្ថិតស្ថេរជាប់ជាមួយអ្នករាល់គ្នា។ អស់អ្នកដែលគេរាប់ថាជាអ្នកមុខអ្នកការ (ទោះបើគេជាអ្វីក៏ដោយ ក៏មិនអំពល់អ្វីដល់ខ្ញុំដែរ ព្រោះព្រះមិនរើសមុខអ្នកណាទេ) អ្នកទាំងនោះ ដែលទំនងជាអ្នកមុខអ្នកការ មិនបានបន្ថែមអ្វីដល់ខ្ញុំឡើយ។ ផ្ទុយទៅវិញ កាលគេបានឃើញថា ព្រះបានប្រគល់ការងារផ្សាយដំណឹងល្អ សម្រាប់ពួកមិនកាត់ស្បែកដល់ខ្ញុំ ដូចព្រះអង្គបានប្រគល់ការងារផ្សាយដំណឹងល្អ សម្រាប់ពួកអ្នកកាត់ស្បែកដល់លោកពេត្រុសដែរ (ដ្បិតព្រះអង្គដែលបានធ្វើការតាមរយៈលោកពេត្រុស ដោយតាំងលោកជាសាវកសម្រាប់ពួកអ្នកកាត់ស្បែកយ៉ាងណា ព្រះអង្គក៏ធ្វើការតាមរយៈខ្ញុំ ដោយចាត់ខ្ញុំទៅឯសាសន៍ដទៃយ៉ាងនោះដែរ) កាលលោកយ៉ាកុប លោកកេផាស និងលោកយ៉ូហាន ដែលគេរាប់ថាជាសសរទ្រូង បានឃើញព្រះគុណដែលព្រះប្រទានមកខ្ញុំ ពួកលោកក៏បានលូកដៃស្តាំនៃការប្រកបមកទទួលខ្ញុំ និងលោកបាណាបាស ដើម្បីឲ្យយើងទៅឯសាសន៍ដទៃ ហើយពួកលោកទៅឯពួកអ្នកកាត់ស្បែកវិញ។ ពួកលោកគ្រាន់តែផ្តាំឲ្យយើងនឹកចាំពីអ្នកក្រ ជាកិច្ចការដែលខ្ញុំខ្នះខ្នែងធ្វើស្រាប់ហើយ។ ប៉ុន្តែ ពេលលោកកេផាសបានមកដល់ក្រុងអាន់ទីយ៉ូក ខ្ញុំបានជំទាស់នឹងលោកនៅចំពោះមុខ ព្រោះលោកគួរឲ្យបន្ទោសបាន។ ដ្បិតមុនពេលលោកយ៉ាកុបចាត់អ្នកខ្លះឲ្យមក លោកបានបរិភោគជាមួយពួកសាសន៍ដទៃ តែពេលពួកគេមកដល់ហើយ លោកក៏ដកខ្លួនថយចេញដោយឡែក ដោយខ្លាចពួកកាត់ស្បែក។ សាសន៍យូដាឯទៀតក៏ប្រព្រឹត្តដោយលាក់ពុតជាមួយលោកដែរ ហើយសូម្បីតែលោកបាណាបាស ក៏ត្រូវគេអូសទាញឲ្យលាក់ពុតដូចគេដែរ។ ប៉ុន្តែ ពេលខ្ញុំឃើញថា កិរិយារបស់គេមិនស្របតាមសេចក្ដីពិតនៃដំណឹងល្អ ខ្ញុំក៏សួរលោកកេផាសនៅមុខមនុស្សទាំងអស់ថា៖ «បើលោកដែលជាសាសន៍យូដា មិនប្រព្រឹត្តដូចសាសន៍យូដា តែប្រព្រឹត្តដូចសាសន៍ដទៃវិញ ហេតុអ្វីបានជាលោកបង្ខំឲ្យសាសន៍ដទៃប្រព្រឹត្តដូចជាសាសន៍យូដាដូច្នេះ?»
អាន កាឡាទី 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កាឡាទី 2:1-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ